គ្រួសារ និង​មេធាវី​ស្នើ​តុលាការ​ខេត្ត​តាកែវ​ដោះលែង​ជនពិការ​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​វិញ

ដោយ ច័ន្ទ ដារ៉ូ
2024.05.14
RFA

គ្រួសារ និង​មេធាវី​ស្នើ​តុលាការ​ខេត្ត​តាកែវ​ដោះលែង​ជនពិការ​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​វិញ

អ្នកគាំទ្រ​គណបក្ស​ប្រឆាំង ដែល​ជា​ជនពិការ​លោក ភុន យុទ្ធ កាលពីសមត្ថកិច្ច​ឃុំខ្លួន​នាពេលកន្លងទៅ។ រូប៖ ហ្វេសប៊ុក ខ្ញុំ ចង់បានអ្នក ដឹកនាំថ្មីៗ


ប្រពន្ធ និង​មេធាវី​របស់​ជន​ពិការ​ដែល​និយាយ​រិះគន់​មេដឹកនាំ​ក្រុង​ភ្នំពេញ​ស្នើ​តុលាការ​ខេត្តតាកែវ​ដោះលែង​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​វិញ​នៅ​ពេល​សវនាការ។ មន្ត្រី​សិទ្ធិមនុស្ស​ចង់​ឃើញ​តុលាការ​កំណត់​ពេល​សវនាការ​ជំនុំជម្រះ​ក្តី​ឱ្យ​បាន​ឆាប់ ប្រកប​ដោយ​យុត្តិធម៌​សម្រាប់​ជន​ពិការ​រូប​នេះ។

គ្រួសារ​ជន​ពិការ​ដែល​ជាប់ពន្ធនាគារ​ដោយសារ​ការ​បញ្ចេញមតិ​រិះគន់​រដ្ឋាភិបាល​នៅ​លើ​បណ្ដាញ​សង្គម​លើកឡើង​ថា ការ​ឃុំខ្លួន​ប្តី​ដាក់​ពន្ធនាគារ​មក​ដល់​ពេលនេះ​គឺជា​រឿង​អយុត្តិធម៌​ចំពោះ​ជន​ពិការ​ដែល​មិន​អាច​ធ្វើ​អ្វី​បាន ហើយ​ស្នើ​យ៉ាង​ទទូច​ដល់​តុលាការ​ខេត្ត​តាកែវ​ដោះលែង​ប្តី​នៅ​ពេល​សវនាការ​ខាងមុខ។

ប្រពន្ធ​របស់​លោក ភុន យុទ្ធ គឺ​លោកស្រី មុំ វិត ប្រាប់​វិទ្យុ​អាស៊ីសេរី​ក្រោយ​ចូល​សួរសុខទុក្ខ​ប្តី​នៅ​ពន្ធនាគារ​ខេត្ត​តាកែវ​ថា លោកស្រី និង​កូនស្រី​យំ​អាណិត​ប្តី​ដែល​ជា​ជន​ពិការ​និយាយ​រឿង​បញ្ហា​សង្គម​ត្រូវ​ជាប់គុក​ព្រាត់​ប្រាស់​ពី​ប្រពន្ធ​កូន ។ លោកស្រី​ឱ្យ​ដឹង​ថា ក្រៅពី​មាន​ជំងឺ​ប្រចាំ​កាយ​ច្រើន​មុខ​បណ្តាល​ឱ្យ​សុខភាព​ទ្រុឌទ្រោម និង​រាងកាយ​ស្គមស្គាំង​ហើយ​នោះ បច្ចុប្បន្ន​លោក ភុន យុទ្ធ ពិបាក​រស់នៅ​ក្នុង​ពន្ធនាគារ​ដោយសារ​គាត់​មាន​ជំងឺ​ពោះវៀន​ត្រូវ​បត់​ជើងធំ​បញ្ចេញ​តាម​រន្ធ​ចោះ​ពី​ពោះ​មក​ខាងក្រៅ​។ លោកស្រី មុំ វិត បារម្ភ​ខ្លាច​ថា ប្រសិនបើ​តុលា​ការ​បន្ត​ឃុំខ្លួន​ប្តី​នៅ​ពន្ធនាគារ​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​កាន់តែ​ខ្លាំង។

លោកស្រី មុំ វិត៖ «និយាយ​ទៅ​គាត់​និយាយ​អ្វី​និយាយ​ទៅ​មិន​គួរ​ចាប់​គាត់​អ៊ីចឹង​ដែរ គាត់​ពិការ​ជើង​ហើយ តើ​គាត់​ធ្វើ​អ្វី​កើត តស៊ូ​អ្វី​កើត ខ្លាច​គាត់​ធ្វើ​អ្វី មិន​សម​យក​គាត់​ទៅ​ដាក់គុក​ទេ ដាក់​គាត់​ឃុំ​យូរ​ទៅ​អាណិត​គាត់​ដែរ ពិការ​ផង ណាមួយ​គាត់​បែក​ប្រពន្ធ​កូន ណាមួយ​កូន​យំ​នឹក​ឪពុក ដោះលែង​គាត់​ទៅ​ពិការ​រស់នៅ​ទីនោះ​លំបាក​វេទនាណាស់»។

លោកស្រី មុំ វិត រៀបរាប់​ថា ការ​រស់នៅ​របស់​គ្រួសារ​លោកស្រី​កាន់តែ​ប្រឈម​នឹង​ជីវភាព​លំបាក ដោយសារ​តាំងពី​ប្ដី​ជាប់​ពន្ធនាគារ​មក លោកស្រី​មិន​អាច​រក​ចំណូល​សម្រាប់​ថ្លៃ​អាហារ​ប្រចាំថ្ងៃ និង​ឱ្យ​កូន​ទៅ​រៀន​នោះ​ឡើយ។

ចំណែក​មេធាវី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ដែល​ការពារ​ក្តី​ឱ្យ​លោក ភុន យុទ្ធ គឺ​លោក សំ ទិត្យសីហា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា លោក​កំពុង​រង់ចាំ​តុលាការ​ខេត្តតាកែវ​កំណត់​ថ្ងៃ​ហៅ​ចូលរួម​សវនាការ បន្ទាប់ពី​ចៅក្រម​បាន​ជូនដំណឹង​ពី​ការ​បិទ​ការ​ស៊ើបសួរ ហើយ​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ជំនុំជម្រះ​ដែរ​។ លោក​សង្ឃឹម​ថា សវនាការ​ខាងមុខនេះ​តុលាការ​ទម្លាក់​ចោលការ​ចោទ​ប្រកាន់ និង​ដោះលែង​លោក ភុន យុទ្ធ ឱ្យ​មាន​សេរីភាព​ជួបជុំ​គ្រួសារ​វិញ ពីព្រោះ​ការ​បញ្ចេញមតិ​របស់​លោក ភុន យុទ្ធ នៅ​លើ​បណ្ដាញ​សង្គម​កន្លង​មក ពុំ​បាន​ធ្វើ​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សង្គម ឬ​ប៉ះពាល់​ដល់​បុគ្គល​នោះ​ទេ ខណៈ​កូន​ក្តី​របស់​លោក​ជា​ជន​ពិការ គ្រួសារ​មាន​ជីវភាព​ក្រីក្រ និង​មាន​ជំងឺ​ប្រចាំ​កាយ​ថែម​ទៀត​នោះ។

លោក សំ ទិត្យសីហា៖ «បើសិន​បន្ត​ឃុំខ្លួន​ទៀត​ហាក់បីដូចជា​ដាក់បន្ទុក​បន្ថែម​ទៀត​ពីលើ​ក្រុម​គ្រួសារ​គាត់ អ៊ីចឹង​ក្នុង​នាម​មេធាវី​ការពារ​ក្តី សង្ឃឹម​ថា សាលាដំបូង​ខេត្តតាកែវ​នឹង​សម្រេច​ឱ្យ​លោក ភុន យុទ្ធ ហ្នឹង​បាន​រួចផុត​ពី​បទ​ចោទ និង​ដោះលែង​ឱ្យ​មាន​សេរីភាព​ឡើង​វិញ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តតាកែវ​លោក ង៉ែត ដាវុធ ដើម្បី​បញ្ជាក់​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៣ ខែ​ឧសភា។

លោក ភុន យុទ្ធ ត្រូវ​បាន​សមត្ថកិច្ច​ខេត្តតាកែវ​ចូលចាប់​ខ្លួន​ដល់​ផ្ទះ កាល​ពី​ថ្ងៃ​ទី១៩ ខែ​មីនា។ តុលាការ​ខេត្ត​នេះ​បាន​ចោទប្រកាន់​លោក ពី​បទ​ញុះញង់​ឲ្យ​មានការ​រើសអើង ហើយ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​តាកែវ​មក​ទល់​ពេល​នេះ​។ តែ​យ៉ាង​ណាក្តី​ករណីនេះ​ត្រូវ​បាន​សាធារណជន​ទូទៅ​រិះគន់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា​គ្មាន​គុណធម៌​ដោយ​ភ័យខ្លាច​សូម្បីតែ​ជន​ពិការ​បញ្ចេញមតិ។

លោក ភុន យុទ្ធ ថ្វី​ត្បិត​ជា​ជនពិការ​ស្វិតជើង​ពី​កំណើត ប៉ុន្តែ​លោក​តែងតែ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​លើ​ហ្វេ​ស​ប៊ុ​ក​។ ការចាប់​ឃុំខ្លួន​ជា​លើក​ទី​ពីរ​នេះ បន្ទាប់ពី​លោក​បាន​បង្ហោះ និង​ចែករំលែក​សារ​ជា​បន្តបន្ទាប់​នៅ​លើ​ហ្វេសប៊ុក​ផ្ទាល់ខ្លួន ឈ្មោះ​«​ខ្ញុំ​ចង់បាន​អ្នកដឹកនាំ​ថ្មីៗ​» ដោយ​រិះគន់​ទៅ​លើ​រដ្ឋាភិបាល​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ព្រមទាំង​លំហូរ​ពលរដ្ឋ​វៀតណាម​រស់នៅ​កម្ពុជា​ខុស​ច្បាប់ និង​ការ​បញ្ចេញមតិ​ទាក់ទង​ករណី​ឧកញ៉ា​ដើរ​បោក​យក​លុយ​របស់​ពលរដ្ឋ​ជាដើម។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (LICADO) លោក អំ សំអាត យល់​ថា តុលា​ការគួរ​អនុញ្ញាត​ឱ្យ​ជនពិការ​រូប​នេះ​ដែល​មាន​ជំងឺ​ប្រចាំ​កាយ​ឱ្យ​បាន​នៅ​ក្រៅ​ឃុំ​ដោយ​តម្រូវ​ឱ្យ​ផ្តល់​កិច្ចសហការ​តាម​នីតិវិធី​ជាមួយ​សមត្ថកិច្ច និង​តុលាការ​ជា​ធម្មតា។ លោក អំ សំអាត ក៏​ស្នើ​ដល់​តុលាការ​ពន្លឿន​ការ​ជំនុំជម្រះ​ក្តី​ក្នុង​សំណុំ​រឿង​នេះ​ឱ្យ​បាន​ឆាប់​ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​ជាប់ឃុំ​ផង​ដែរ។

លោក អំ សំអាត៖ «តុលាការ​គួរ​ពិនិត្យ ពិចារណា ទីមួយ​គាត់​ជា​ជន​ពិការ ទី​ពីរ​បញ្ហា​សុខភាព​របស់​គាត់​ត្រូវ​ថែទាំ​បាទ អាហ្នឹង​ជា​ជម្រើស​ដែល​ត្រូវ​ពិចារណា​ផង​ដែរ​ទៅលើ​លក្ខខណ្ឌ​ទាំងអស់ មិនមែន​ជា​ជម្រើស​មួយ​ដែល​ជន​ត្រូវ​ចោទ​ត្រូវ​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​រង់ចាំ​ស៊ើបអង្កេត និង​សវនាការ​នោះ​ទេ»។

មន្ត្រី​សិទ្ធិមនុស្ស​លើកឡើង​ថា ថ្នាក់ដឹកនាំ​ប្រទេស​គឺជា​បុគ្គល​សាធារណៈ​គួរតែ​បើក​ចិត្ត​ឲ្យ​ទូលាយ​ទទួល​យក​ការរិះគន់​ពី​គ្រប់​និន្នាការ​ទាំងអស់ ដោយ​មិន​គួរ​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​ពលរដ្ឋ ដែល​ហ៊ាន​ចេញមុខ​រិះគន់​បញ្ហា​សង្គម​នោះ​ឡើយ​។ ពួកគេ​ស្នើ​ឱ្យ​តុលាការ​ដោះលែង​លោក ភុន យុទ្ធ និង​អ្នក​ជាប់ឃុំ​ដោយសារ​ការអនុវត្ត​សិទ្ធិ​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ឥត​លក្ខខណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles