ជនជាតិ​ដើម​កួយ​ខេត្តកំពង់ធំ ជាង​៣០​គ្រួសារ ប្រឈម​វិបត្តិ​ខ្វះ​ដី​ធ្វើស្រែ​ឆ្នាំ​នេះ ដោយសារ​អ្នក​មាន​អំណាច​រំលោភ​យក​ដី​អស់

ដោយ ជីវិតា
2024.05.14
RFA

ជនជាតិ​ដើម​កួយ​ខេត្តកំពង់ធំ ជាង​៣០​គ្រួសារ ប្រឈម​វិបត្តិ​ខ្វះ​ដី​ធ្វើស្រែ​ឆ្នាំ​នេះ ដោយសារ​អ្នក​មាន​អំណាច​រំលោភ​យក​ដី​អស់

ស្រី្តជនជាតិ​ដើម​ភាគតិច អ្នកស្រី រស់ រៀម លុតជង្គង់​សំពះ​អង្វរ​កម្មករ​របស់​អ្នកស្រី កែវ លក្ខិណា ឱ្យ​ឈប់​ឈូស​ឆាយ​ដី​ចម្ការ​ពួកគាត់ កាល​ពី​អំឡុង​ខែ​មិថុនា ២០២១។ រូប៖ ពលរដ្ឋ​ផ្តល់​ឱ្យជនជាតិ​ដើម​ភាគតិច អ្នកស្រី រស់ រៀម លុតជង្គង់​សំពះ​អង្វរ​កម្មករ​របស់​អ្នកស្រី កែវ លក្ខិណា ឱ្យ​ឈប់​ឈូស​ឆាយ​ដី​ចម្ការ​ពួកគាត់ កាល​ពី​អំឡុង​ខែ​មិថុនា ២០២១។ រូប៖ ពលរដ្ឋ​ផ្តល់​ឱ្យ


អាជ្ញាធរ​ខេត្ត​ព្រះវិហារ​បន្ត​ពន្យារពេល​មិន​ដោះស្រាយ​វិវាទ​ដីធ្លី​ករណី​បុគ្គល​មានអំណាច​ស្និទ្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា រំលោភ​យក​ដីស្រែ​ចម្ការ​របស់​ជនជាតិ​ដើម​ភាគតិច​កួយ ៣៣​គ្រួសារ​អស់ទាំង​ស្រុង។

ជនជាតិ​ដើម​កួយ​ទាំងនេះ​រស់នៅ​ខេត្ត​កំពង់ធំ​ដែល​មាន​ដីស្រែ​ចម្ការ​ក្នុង​ខេត្ត​ព្រះវិហារ នៅតែ​ប្រឈម​វិបត្តិ​ខ្វះ​ដី​ធ្វើស្រែ​ឆ្នាំនេះ​បន្ត​ទៀត ដែល​អាច​ធ្វើ​ឱ្យ​ពួកគាត់​ខ្វះ​ខាត​ស្បៀង​ចិញ្ចឹមជីវិត។

ភ្លៀង​កក់ខែ​ធ្លាក់​មក​ជា​បន្តបន្ទាប់​ក្នុង​ខែឧសភា​នេះ ជា​សញ្ញា​មួយ​បង្ហាញថា រដូវ​ធ្វើស្រែ​ចូល​មក​ដល់​ហើយ ប៉ុន្តែ​វា​បែរជា​ធ្វើ​ឱ្យ​ជនជាតិ​ដើម​ភាគតិច​កួយ​មួយចំនួន​ស្រក់​ទឹកភ្នែក ដោយសារ​នៅតែ​ស្តាយស្រណោះ​ដីស្រែ​ចម្ការ​កេរ​ឪពុកម្ដាយ និង​ដីចម្ការ​វិល​ជុំ​ទំហំ​ជាង ៧០​ហិកតារ ត្រូវ​បុគ្គល​មាន​លុយ​មាន​អំណាច​រំលោភ​យក​អស់ទាំង​ស្រុង​នៅ​រយៈពេល ៤ ឆ្នាំ​កន្លង​ទៅ​នេះ។

ជនជាតិ​ដើម​ភាគតិច​កួយ​ទាំងនោះ រស់នៅ​ភូមិ​តាឡែក ឃុំ​សាលាវិស័យ ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ ជាប់​ព្រំដែន​ខេត្តព្រះវិហារ។

តំណាង​ពលរដ្ឋ លោកស្រី ងួន ហៀង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១៣ ឧសភា ថា មក​ទល់​ពេល​នេះ​ជាង ៤ ឆ្នាំ​ហើយ ដែល​អ្នកភូមិ​ទន្ទឹងរង់ចាំ​ដំណោះស្រាយ​វិវាទ​ដីធ្លី ពី​សំណាក់​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​ថ្នាក់​ជាតិ តែ​គ្មាន​បាន​ផល​ឡើយ​។ រីឯ​ភាគី​ម្ខាង​ទៀត ជា​អ្នកមាន​ឥទ្ធិពល គឺ​អ្នកស្រី កែវ លក្ខិណា ដែល​ជា​ភរិយា​ឧកញ៉ា ហាក់ ប៊ុនថា (​បច្ចុប្បន្ន​ឧកញ៉ា​រូប​នេះ​បាន​ស្លាប់​ហើយ) ដែល​រំលោភ​យក​ដី​អ្នកភូមិ នៅតែ​បន្ត​អាស្រ័យ​ផល និង​កាន់កាប់ លើ​ដី​ក្នុង​នោះ​ដដែលៗ​តាំង​ពី​ឆ្នាំ​២០២០។

លោកស្រី ងួន ហៀង៖ «ជនជាតិ​ដើម​ភាគតិច​ពួក​ខ្ញុំ​អយុត្តិធម៌ អត់​មាន​ដី​ព្រៃ​សម្រាប់​អាស្រ័យ​ផល អត់​មាន​ការពារ​ធ្វើ ទៅ​ស៊ីឈ្នួល​គេ​រាល់ថ្ងៃ ហើយ​ជំពាក់​ធនាគារ ពិបាក​មែនទែន អត់​មាន​ដំណោះស្រាយ​ជូន​ពលរដ្ឋ​ពួក​ខ្ញុំ»។

ស្ត្រី​ដដែល​បន្ថែម​ថា គ្រួសារ​លោកស្រី មាន​ដីស្រែ​ចម្ការ ៦ ហិកតារ ដែល​ជា​ដី​កេរ​ឪពុកម្ដាយ ត្រូវ​កម្មករ របស់​អ្នកស្រី កែវ លក្ខិណា ឈូស​ឆាយ​បំផ្លាញ​រំលោភ​យក​ទាំងស្រុង​ជាង ៤ ឆ្នាំ​មក​ហើយ។ រីឯ​ដីចម្ការ​វិល​ជុំ​ដែល​ជា​តំបន់​ប្រតិបត្តិ​ប្រពៃណី​វប្បធម៌​ជនជាតិ​ដើម​កួយ​បន្សល់​ចុងក្រោយ​ក៏​ត្រូវ​អ្នក​មាន​អំណាច​រូប​នេះ​រំលោភ​យក​ទាំងស្រុង​ដែរ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​អ្នកស្រី កែវ លក្ខិណា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​នៅឡើយ​ទេ នៅ​ថ្ងៃទី ១៣ ឧសភា ។ ចំណែក​អភិបាលខេត្ត​ព្រះវិហារ លោក គីម រិទ្ធី និង​អ្នកនាំពាក្យ​សាលាខេត្ត​នេះ​លោក យង់ គឹមហឿង ក៏​មិនអាច​សុំ​ការ​បំភ្លឺ​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ចំណែក​មេឃុំ​រមណី លោក ឃុត រី បដិសេធ​មិន​បំភ្លឺ​រឿង​នេះ​ទេ ដោយ​លោក​ថា ហួស​ពី​ភារកិច្ច​អាជ្ញាធរ​ឃុំ​ហើយ។ តែ​យ៉ាងណា​លោក​ថា កន្លង​ទៅ​លោក​បាន​លើកយក​បញ្ហា​នេះ ថ្លែង​ក្នុង​កិច្ចប្រជុំ ដើម្បី​ស្នើ​ឱ្យ​ថ្នាក់លើ​ជួយ​អន្តរាគមន៍ ដោះស្រាយ​ដែរ។

លោក ឃុត រី៖ «ខ្ញុំ​បាន​ឡើង​ទៅ​ប្រជុំ​នៅ​ខេត្ត​មន្ទីរ​ដែនដី លោក​អភិបាលស្រុក​ថ្លែង​ថា អត់​អី​ទេ​ឥលូវ​ដីធ្លី​ហ្នឹង ស្ងាត់ស្ងៀម​អស់​ហើយ»។

ជុំវិញ​រឿង​នេះ នាយក​ប្រតិបត្តិ​អង្គការ​ពន្លក​ខ្មែរ លោក ប៉ឹក សោភ័ណ បន្ត​ទទូច​ឱ្យ​រដ្ឋាភិបាល​ពន្លឿន​កាត់​ឆ្វៀល​ដី​នៅ​តំបន់​នោះ ជូន​ជនជាតិ​ដើម​ភាគតិច​ដើម្បី​ផ្តល់​លទ្ធភាព​ឱ្យ​ពួកគាត់​មាន​ដីស្រែ​ចម្ការ បង្ក​បង្កើន​ផល​ចិញ្ចឹម​ជីវិត។

លោក ប៉ឹក សោភ័ណ៖ «រដ្ឋាភិបាល​បើ​គាត់​បានដឹង​ទំនាស់​ដីធ្លី​នេះ គួរតែ​ដោះស្រាយ​ឱ្យ​ពួកគាត់​ទៅ​បាទ ព្រោះ​ដី​ហ្នឹង​មិនមែន​ធំធេង​ណា រហូតដល់​រាប់ពាន់​ហិកតារ​ដូច​ការ​ផ្តល់​ឱ្យ​ក្រុមហ៊ុន​ទេ​។ ដូច្នេះ​បើ​គាត់​កាត់​ឆ្វៀល តាម​អ្វី​ពលរដ្ឋ​ស្នើ​សុំ​ត្រូវការ​ទៅ ហើយ​ដី​ហ្នឹង​ក៏​ជា​ដី​ប្រពៃណី​របស់​ពួកគាត់​ដែរ»។

តំណាង​ជនជាតិ​ដើម​ភាគតិច លោកស្រី ងួន ហៀង បន្ថែម​ថា មក​ទល់ ពេល​នេះ កុមារ​ជិត ១០​នាក់​បាន​បោះបង់​ការសិក្សា ហើយ​ងាក​មក​ធ្វើ​ជា​កម្មករ​កៅស៊ូ​ឱ្យ​ក្រុមហ៊ុន​ឯកជន ដោយសារតែ​ជម្លោះដីធ្លី​នេះ​។ រីឯ​អ្នកភូមិ ១៥​គ្រួ​សារបាន​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ និង​ខ្លះទៀត​ទៅ​ធ្វើ​ការ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​ប្រាក់​ដោះបំណុល ដោយ​ទុក​កូនៗ​ផ្ញើ​នឹង​បងប្អូន។ពលរដ្ឋ​អះអាង​ថា អ្នកស្រី កែវ លក្ខិណា បាន​រំលោភ​យក​ទឹក​ត្រពាំង ទីទួល​បុរាណ ទឹកអូរ​ធម្មជាតិ ព្រៃរបោះ​ជម្រក​សត្វព្រៃ ដីចម្ការ​វិល​ជុំ និង​ដី​កសិកម្ម​របស់​អ្នកភូមិ ហើយ​បច្ចុប្បន្ន​ដី​តំបន់​នោះ​ត្រូវ​បាន​ស្ត្រី​រូប​នេះ គ្រប់គ្រង​ស្ទើរ​ទាំងស្រុង​ជិត ៤ ឆ្នាំ​មក​ហើយ ។ រីឯ​ដើមឈើ​ធំៗ រាប់​រយ​ដើម ដុះ​នៅ​តំបន់​ទួល​បុរាណ ក៏​ត្រូវ​បាន​អ្នក​មាន​អំណាច​រូប​នេះ​បំផ្លាញ​អស់ទាំង​ស្រុង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles