តុលាការ​ឃុំ​ខ្លួន​មន្ត្រី​បក្ស​ភ្លើង​ទៀន​ខេត្ត​បាត់ដំបង តាម​បណ្តឹង​មន្រ្តី​បក្ស​កាន់​អំណាច

១៤ ឧសភា ២០២៤
ស៊ឹម ចាន់សំណាង
វីអូអេខ្មែរ

រូបឯកសារ៖ លោក ភូ សុវណ្ណថា ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់​ដំបង របស់​គណបក្ស​ភ្លើង​ទៀន ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ​ កាលពីកន្លងទៅ។ (ស៊ុន ណារិន/វីអូអេ)
រូបឯកសារ៖ លោក ភូ សុវណ្ណថា ប្រធាន​ប្រតិបត្តិ​ប្រចាំ​ខេត្ត​បាត់​ដំបង របស់​គណបក្ស​ភ្លើង​ទៀន ផ្តល់​បទ​សម្ភាសន៍​ដល់​វីអូអេ​ កាលពីកន្លងទៅ។ (ស៊ុន ណារិន/វីអូអេ)

ភ្នំពេញ — ប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​ភ្លើងទៀន​ខេត្ត​បាត់​ដំបង លោក ភូ សុវណ្ណថា ត្រូវ​បាន​តុលាការ​ខេត្ត​បាត់ដំបង​សម្រេច​ឃុំ​ខ្លួន ក្រោម​បទ​ចោទ​ប្រកាន់«បរិហារកេរ្តិ៍​ជាសាធារណៈ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ដល់​សន្តិសុខ​សង្គម» តាម​បណ្តឹង​របស់​មន្រ្តី​ម្នាក់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ នេះ​បើតាម​ដីកា​កោះ​ហៅ​របស់​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង ចុះ​ថ្ងៃទី ​៦ ខែ​ឧសភា ឆ្នាំ ​២០២៤ ដែល​វីអូអេ​ទទួល​បាន។

លោក ភូ សុវណ្ណថា គឺ​ជា​បេក្ខជន​លេខ​រៀង​ទី​ ១ ​ខេត្ត​បាត់ដំបង ​មក​ពី​គណបក្ស​ឆន្ទៈ​ខ្មែរ ដែល​ជា​បក្ស​សម្ពន្ធរបស់​គណបក្ស​ភ្លើង​ទៀន​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណតិ្ត​ទី​ ៤ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃទី ​២៦ ខែ​ឧសភា ខាង​មុខ​នេះ។


សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចេញ​ផ្សាយ កាល​ពី​ថ្ងៃទី​ ១៣ ខែ​ឧសភា​ បញ្ជាក់​ថា​ការ​ឃាត់​ខ្លួន និង​ឃុំ​ខ្លួន លោក ភូ សុវណ្ណថា ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​បាន​ទទួល​ពាក្យ​បណ្តឹង​របស់​លោក ឌឹម សារឿន អតីត​មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ដែល​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពីឆ្នាំ​មុន។ តុលាការ​បន្ថែម​ថា ​ខ្លួន​មាន​ភស្តុតាង​គ្រប់​គ្រាន់ និង​ស៊ីចង្វាក់​ដែល​អាច​សន្និដ្ឋាន​បាន​ថា​លោក ភូ សុវណ្ណថា ពិត​ជា​អ្នក​យក​រូបថត​របស់​លោក ឌឹម សារឿន ទៅ​បង្ហោះ​ជា​សាធារណៈ តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន ដោយ​បាន​សរសេរ​នូវ​ខ្លឹមសារ​ក្នុង​ចេតនា​ញុះញង់​បង្ក​ឱ្យ​មាន​ការ​រើស​អើង ស្អប់​ខ្ពើម និង​គុំកួន​ដល់​លោក ឌឹម សារឿន។

តុលាការ​ខេត្ត​បាត់ដំបង​បញ្ជាក់​ថា៖ «ដើម្បី​ធានា​នូវ​សិទ្ធិ​ស្របច្បាប់​របស់​បុគ្គល និង​ដើម្បី​បង្ការ​បទ​ល្មើស​កុំ​ឱ្យ​កើត​ឡើង​ជា​ថ្មី ព្រមទាំង​ដើម្បី​កុំ​ឱ្យ​មាន​វឹកវរ​ដែល​នាំ​ឱ្យ​ប៉ះពាល់​ទៅ​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ សន្តិសុខ​សង្គម និង​ភាព​ថ្លៃថ្នូរ​របស់​បុគ្គល​ដែល​កើត​ចេញ​ពី​បទ​ល្មើស​ដែល​បាន​ប្រព្រឹត្ត អយ្យការ​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​បាន​សម្រេច​ឃុំ​ខ្លួន​ជន​នេះ និង​ធ្វើការ​ចោទ​ប្រកាន់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ​ចាត់​ការ​តាម​ច្បាប់»។

វីអូអេ​បាន​ទាក់ទង​ទៅ​លោក ឌឹម សារឿន អតីត​មេដឹកនាំ​គណបក្ស​ភ្លើងទៀន​ខេត្ត​បាត់​ដំបង និង​បច្ចុប្បន្ន​ជា​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​ដើម​បណ្តឹង​ ប៉ុន្តែ​លោក​បដិសេដ​មិន​ផ្តល់ការ​អត្ថាធិប្បាយ។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​ថា​តើ​លោក ភូ សុវណ្ណថា បាន​បង្ហោះ​សារ​បែប​ណា​នៅ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក រហូត​ដល់​មាន​ការ​ប្តឹង​ផ្តល់​ពី​លោក ឌឹម សារឿន នៅ​ឡើយ​ទេ។

កាលពី​ចុង​ខែ​មេសា ឆ្នាំ ​២០២៤ លោក ភូ សុវណ្ណថា ធ្លាប់​ចូល​បំភ្លឺ​នៅ​តុលាការ​ខេត្ត​បាត់ដំបង​ម្តង​ហើយ នៅ​ក្នុង​ករណី​ប្តឹង​ផ្តល់​នេះ។ នេះ​បើ​តាម​ដីកា​កោះ​របស់​តុលាការ​ខេត្ត​បាត់ដំបង ចុះ​ថ្ងៃ​ទី​ ១៨ ខែ​មីនា ដែល​វីអូអេ​ទទួល​បាន។

អ្នកនាំពាក្យសាលាដំបូង​ខេត្ត​បាត់​ដំបង​លោក ដួង សារ៉េន ប្រាប់​វីអូអេ​ថា​លោក ភូ សុវណ្ណថា ត្រូវ​បាន​តំណាង​អយ្យការ​ចោទ​ប្រកាន់​ពីបទ «ញុះញង់ឲ្យ​មានការ​រើសអើង» តាម​បញ្ញាតិ​នៃ​មាត្រា​ ៤៩៦ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​រួចហើយ។

អ្នកនាំពាក្យ​គណបក្ស​ឆន្ទៈខ្មែរ លោក គីមសួរ ភិរិទ្ធ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​លោក​ក៏​ទើប​តែ​ទទួល​បាន​ដំណឹង​ពី​ការ​ឃាត់ខ្លួន​លោក ភូ សុវណ្ណថា កាល​ពី​ថ្ងៃ​ចន្ទ។ លោក​បន្ត​ថា​ ការ​ឃាត់​ខ្លួន​បេក្ខជន​ឈរ​ឈ្មោះ​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​សម្រាប់​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ខាង​មុខ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ដំណើរ​ការ​បោះ​ឆ្នោត និង​បរិយាកាស​នយោបាយ ដោយ​សារ​តែ​ការ​វាយ​តម្លៃ​គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​មុន និង​ក្រោយ​ការ​បោះ​ឆ្នោត។

លោក​ថ្លែង​ថា៖ «អ៊ីចឹង​យើង​ឃើញ​ថា ​ការ​ឃាត់​ខ្លួន​លោក ភូ សុវណ្ណ​ថា ​នេះ ទោះបីជា​រឿង​បណ្តឹង​តាម​ផ្លូវ​តុលាការ​ពីបទ​ចោទ​បណ្តឹង​បរិហាកេរ្តិ៍​យ៉ាង​ណាក៏ដោយ​ ខ្ញុំ​គិត​ថា​ វា​អត់​សម​នឹង​ធ្វើការ​ឃាត់​ខ្លួន​គាត់​នៅ​ពេល​ជិត​ដំណើរការ​ការ​ឃោសនា​ការ​បោះ​ឆ្នោត​ទេ ពីព្រោះ​ហេតុផល​ទី​ ១ ​គឺ​បរិយាកាស​នយោបាយ​ដោយសារ​ខ្លួន​គាត់​ជា​អ្នកនយោបាយ​ ជា​បេក្ខជន​ដែល​ឈរ​ទី ​១ ​នៅ​ក្នុង​បញ្ជី​ខេត្ត​បាត់ដំបង»

បើ​តាម​លោក គីមសួរ ភិរិទ្ធ ការ​ឃាត់​ខ្លួន​លោក ភូ សុវណ្ណថា ក៏​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​អង្គ​បោះឆ្នោត​ផង​ដែរ ដោយ​សារ​តែ​អង្គ​បោះឆ្នោត​គឺ​ត្រូវ​ការ​បរិយាកាស​ដំណើរការ​បោះឆ្នោត​មួយ​ដែល​ស្ងប់​ស្ងាត់ និង​គ្មាន​ការ​គំរាមកំហែង​បំភិតបំភ័យ​ណា​មួយ​នោះ​ទេ។

លោក គីមសួរ ភិរិទ្ធ បន្ថែម​ថា​គណបក្ស​ឆន្ទៈខ្មែរ​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​បង្ហាញ​ការ​សោកស្តាយ​ចំពោះ​ការ​ឃាត់​ខ្លួន​សមាជិក​គណបក្ស​ខ្លួន​ជា​បន្ត​បន្ទាប់​ទាំង​នៅ​ថ្នាក់​ខេត្ត និង​ថ្នាក់​ស្រុក​ ក៏​ដូចជា​ស្នើ​ឱ្យ​រដ្ឋាភិបាល​រក្សា​បរិយាកាស​នយោបាយ​ស្ងប់​ស្ងាត់​សិន មុន​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ។

លោក​ថ្លែង​ថា៖ «អ្វីៗ​យើង​ចង់​ឱ្យ​គិត​ទៅ​ដល់​ក្រោយ​បោះ​ឆ្នោត ហើយ​រឿង​នេះ​ខ្ញុំ​គិត​ថា ​វា​មិន​មែន​ជា​បទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់​ស្តែង​ ហើយ​លោក ផូ សុវណ្ណថា​ជា​បេក្ខជន យើង​ដឹង​ថា​គាត់​ឈរ​ឈ្មោះ​នៅ​ហ្នឹង​ មាន​ផ្ទះ​សម្បែង​ មាន​គ្រួសារ​មួយ​ច្បាស់លាស់​ ហើយ​ធ្លាប់​អញ្ជើញ​គាត់​ទៅ​បំភ្លឺ​គាត់​ទៅ​បំភ្លឺ​។ ពិសេស​បើ​តាម​នីតិវិធី​តុលាការ​វា​ត្រូវ​តែ​ឃាត់​ខ្លួន​យ៉ាង​ណា​នៅ​ពេល​កាត់​ក្តី​នៅ​ពេល​ក្រោយ​ ហ្នឹង​យើង​ធ្វើ​ក្រោយ​ការ​បោះ​ឆ្នោត​ហ្នឹង​ទៅ​ វា​ល្អ​ប្រសើរ​ជាង​មុន​បោះ​ឆ្នោត​ ប៉ុន្តែ​វា​ធ្វើ​ឱ្យ​អាប់អួ​ដល់​បរិយាកាស​នៃ​ការ​បោះឆ្នោត»

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ​លោក អំ សំអាត យល់​ឃើញ​ថា ​នៅ​ពេល​ដែល​មុន​ការ​បោះ​ឆ្នោត​ខិត​ជិត​មក​ដល់​ម្តងៗ​ តែង​តែ​មាន​ករណី​នៅ​ក្នុង​ការ​ចាប់​ខ្លួន​ទៅ​លើ​សកម្មជន​គណបក្ស​នយោបាយ​ ឬ​មេដឹកនាំ​គណបក្ស​នយោបាយ​ជាដើម ដែល​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​ពុំ​សូវ​ល្អ និង​រង​ការ​រិះគន់។

លោក​ថ្លែង​ថា៖ «អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​ផ្នែក​សិទ្ធិ​មនុស្ស​ លទ្ធិ​ប្រជាធិប​តេយ្យ និង​ការ​បោះឆ្នោត​ហ្នឹង​យើង​តែងតែ​សង្កេត​ឃើញ​ថា​មុន​ការ​បោះឆ្នោត​ម្តងៗ​ តែងតែ​មាន​ករណី​នៅ​ក្នុង​ការ​ចាប់​ខ្លួន​ទៅ​លើ​សកម្មជន​គណបក្ស​នយោបាយ​ ឬ​ក៏​អ្នក​នយោ​បាយ​ឬក៏​មេដឹកនាំ​នៃ​គណបក្ស​នយោបាយ​ដែល​បង្ក​ឱ្យ​បរិយា​កាស​មុន​ការបោះ​ឆ្នោត​ហ្នឹង​វា​អត់​សូវ​ល្អ​ទាក់ទង​នឹង​ស្ថានភាព និង​បរិយា​កាស​នយោបាយ​ ហើយ​មាន​ការ​រិះគន់​ច្រើន​ផងដែរ​ទៅ​លើ​ករណី​ទាំង​អស់​នេះ​ថា ​សេរី​ភាព​ជា​មូលដ្ឋាន​ ឬ​ក៏​សេរី​ភាព​នយោ​បាយ​នេះ​មាន​ការ​រួមតូច​អីជាដើម»

គិត​ចាប់​តាំង​ពី​ឆ្នាំ ​២០២៣ ​មក សកម្មជន​គណបក្ស​ភ្លើង​ទៀន​ប្រមាណ​ជាង ​២០ ​នាក់ត្រូវ​បាន​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​ក្រោម​បទ​ចោទ​ផ្សេងៗ​។ នេះ​បើ​តាម​អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ៕

What Next?

Recent Articles

Leave a Reply

Submit Comment