ដោយ មាន ឫទ្ធិ
2024.05.14
RFA

តារាតិកតុកជនជាតិ ឈ្មោះ បាហ្វីដូ (Ba Fido) គឺលោក ហ្វូ ចុងហ័រ (Fu Zhong Hua) (ឆ្វេង) ថតជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បង្ហោះលើហ្វេសប៊ុករបស់ខ្លួន កាលពីថ្ងៃទី៩ ឧសភា ២០២៤។ រូប៖ ហ្វេសប៊ុកលោក បាហ្វីដូ
មន្ត្រីសង្គមស៊ីវិល និងអ្នកតាមដានសង្គមលើកឡើងថា តុលាការបានអនុវត្តច្បាប់ស្តង់ដារពីរខុសគ្នា រវាងការផ្ដន្ទាទោសជនជាតិចិនម្នាក់ដែលបានបើកឡានសេរីទំនើបបុកពលរដ្ឋស្លាប់កាលពីខែកុម្ភៈនោះ ខុសពីការផ្ដន្ទាទោសសកម្មជន និងសហជីព។ ពួកគេរិះគន់ទៀតថា ការអនុវត្តស្តង់ដារពីរដូច្នេះ នឹងធ្វើឱ្យសាធារណជនរិះគន់បន្ថែមទៀតថា តុលាការកាត់ក្ដីមិនឈរលើគោលការណ៍ ឯករាជ្យ និងយុត្តិធម៌។
ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា ច្រាក់ (CHRAC) លោក រស់ សុដ្ឋា យល់ឃើញថា ការសម្រេចរបស់តុលាការផ្ដន្ទាទោសជនជាតិចិនម្នាក់ដែលបុកពលរដ្ឋខ្មែរស្លាប់ឱ្យជាប់គុក ២ឆ្នាំ គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ប៉ុន្តែការសម្រេចបែបនេះហាក់ទំនងមិនអាចធ្វើឱ្យជនបង្ករាងចាល និងមិនអាចទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរបាននោះទេ។
លោក រស់ សុដ្ឋា បន្ថែមថា ពលរដ្ឋសាមញ្ញ រួមទាំងក្រុមមន្ត្រី និងអ្នកមានអំណាច សុទ្ធតែជាអ្នកប្រឈមរងគ្រោះតាមដងផ្លូវដោយសារតែជនបើកបរដោយស្ថានភាពស្រវឹង ដូច្នេះតុលាការគួរប្រើសិទ្ធសម្រេច ក្នុងការផ្ដន្ទាទោសជនបើកបរបុកមនុស្សស្លាប់ឱ្យបានធ្ងន់ធ្ងរ ដើម្បីជាការព្រមានដល់ជនផ្សេងទៀតដែលបើកបរទាំងស្ថានភាពស្រវឹងប្រមាថជីវិតពលរដ្ឋ។
លោក រស់ សុដ្ឋា៖ «ដើម្បីធានានីតិរដ្ឋ យើងត្រូវអនុវត្តឱ្យស្មើៗគ្នាកុំឱ្យគិតថា ជនជាតិនេះ សាសន៍នោះ អ៊ីចឹងបានយើងត្រូវតែមានច្បាប់ ហើយការអនុវត្តច្បាប់មិនថា អ្នកណាទេត្រូវគោរពឱ្យបានល្អប្រសើរ ហើយច្បាប់គឺធ្វើឡើង ដើម្បីធានាបញ្ចៀសនូវបញ្ហា កើតឡើងក្នុងសង្គម។ ប្រសិនជាយើងអនុវត្តច្បាប់បានល្អប្រសើរ មិនរើសមុខធ្វើមនុស្សក្នុងសង្គមមានការភ័យខ្លាចក្នុងការប្រព្រឹត្តបទល្មើស»។
ប្រតិកម្មរបស់មន្ត្រីសិទ្ធិមនុស្សបែបនេះ ស្ដែងឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី១០ ខែឧសភា បានសម្រេចផ្ដន្ទាទោសជនជាតិចិនដែលជាបក្ខពួកតារាតិកតុក ឈ្មោះ បាហ្វីដូ (Ba Fido) គឺលោក ហ្វូ ចុងហ័រ (Fu Zhong Hua) ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ ពីបទបើកបរធ្វេសប្រហែសបណ្ដាលឱ្យអ្នកដទៃស្លាប់ និងរត់គេចខ្លួន បន្ទាប់ពីលោក និងបក្ខពួកបើកឡានក្នុងល្បឿនលឿនបណ្ដាលឱ្យបុកពលរដ្ឋម្នាក់ស្លាប់ភ្លាមៗក្នុងថ្លុកឈាម នៅខណ្ឌពោធិ៍សែនជ័យ កាលពីថ្ងៃទី២៣ ខែកុម្ភៈ កន្លងទៅ។
ទោះជាយ៉ាងណា តុលាការបានសម្រេចឱ្យពិរុទ្ធជន ហ្វូ ចុងហ័រ អនុវត្តទោសក្នុងពន្ធនាគាររយៈពេល ៦ខែប៉ុណ្ណោះ និងត្រូវដោះលែងឱ្យនៅក្រៅឃុំវិញ ហើយទោសនៅសល់ត្រូវព្យួរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសាកសួរបន្ថែមបញ្ហានេះបានទេ នៅថ្ងៃទី១៣ ខែឧសភា។
ការសម្រេចរបស់តុលាការបែបនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា ការអនុវត្តច្បាប់លើក្រុមអ្នកមានលុយមានអំណាច និងលើក្រុមអ្នកធ្វើកិច្ចការងារសង្គមដែលកំពុងជាប់ពន្ធនាគារដូចជា សកម្មជនសិទ្ធិមនុស្ស កញ្ញា សេង ធារី និងប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ជាដើមមានស្តង់ដារពីរ បើទោះបីជាពួកគាត់ប្រើសិទ្ធិជាមូលដ្ឋានរិះគន់បញ្ហាសង្គម និងការពារប្រយោជន៍កម្មករ ហើយត្រូវបានរងការចោទប្រកាន់រហូតតុលាការសម្រេចកាត់ទោសឱ្យជាប់ពន្ធនាគារ ក៏តុលាការមិនយោគយល់ឱ្យនៅក្រៅឃុំដែរ។
ពាក់ព័ន្ធរឿងនេះ អ្នកសិក្សាកិច្ចការសង្គម និងនយោបាយ លោក ប៉ោ មករា យល់ឃើញថា ការអនុវត្តច្បាប់ចំពោះជនល្មើស ជាពិសេសជនបរទេសដែលបង្កអសន្តិសុខសង្គម ស្ថាប័នតុលាការគួរធ្វើឡើងឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយយុត្តិធម៌។
លោក ប៉ោ មករា៖ «មួយទៀតវាអាចថា កម្ពុជានៅពេលអនុវត្តច្បាប់ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌ត្រឹមត្រូវវាបង្ហាញពីនីតិរដ្ឋកម្ពុជាហ្នឹងត្រូវបានចាក់គ្រឹះឱ្យរឹងមាំ សម្រាប់ពង្រឹងសង្គមប្រជាធិបតេយ្យ។ តែបើសិនជាអ្នកអនុវត្តច្បាប់ ឬតួអង្គអ្នកអនុវត្តច្បាប់ហ្នឹង ប្រកាន់បក្ខពួកនិយម អ្នកនេះជាសកម្មជន អ្នកនេះជាអ្នកប្រឆាំង នៅពេលអនុវត្តទៅធ្វើឱ្យចេញស្តង់ដារនៃការអនុវត្តហ្នឹងពីរ អ៊ីចឹងវាអត់ស្មើភាពគ្នា អត់មានភាពយុត្តិធម៌ក្នុងសង្គម»។
ក្រុមអ្នកតាមដានសង្គមចង់ឃើញតុលាការអនុវត្តច្បាប់តឹងរ៉ឹងលើជនល្មើស ឬជនបង្កបើកបរក្នុងស្ថានភាពស្រវឹងបណ្ដាលឱ្យមនុស្សស្លាប់ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ និងដើម្បីព្រមានដល់ជនផ្សេងទៀតឱ្យគោរពច្បាប់ និងអាយុជីវិតពលរដ្ឋធ្វើដំណើរតាមដងផ្លូវ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។