បក្សភ្លើងទៀន៖ ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ប្រចាំខេត្តបាត់ដំបងជាការគំរាមកំហែងនយោបាយ

កម្ពុជា
កម្ពុជា-នយោបាយ
14/05/2024 – 14:12
ដោយ៖ ម៉ុន ចាន់
RFI

ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបង លោក ភូ សុវណ្ណថា ត្រូវបានអយ្យការអមសាលាដំបូងខេត្តបាត់ដំបងសម្រេចឃាត់ខ្លួននៅថ្ងៃទី១៣ឧសភា ក្រោយពីមានពាក្យបណ្តឹងពីលោក ឌឹម សារឿន ដែលចោទលោក ភូ សុវណ្ណថា បានញុះញង់បង្កឱ្យមានការរើសអើងជាសាធារណៈនៅតាមបណ្តាញសង្គម។ ការឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់បក្សក្រៅរដ្ឋាភិបាលរូបនេះត្រូវបានអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបញ្ជាក់ថា គឺដើម្បីបង្ការកុំឲ្យមានបទល្មើស និងមានភាពវឹកវរកើតឡើងជាថ្មី។ តែបក្សភ្លើងទៀនចាត់ទុកការឃាត់ខ្លួនលោក ភូ សុវណ្ណថា ជាការគំរាមកំហែងនយោបាយ ខណៈកម្ពុជាត្រៀមរៀបចំបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌ។

បក្សភ្លើងទៀន៖ ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ប្រចាំខេត្តបាត់ដំបងជាការគំរាមកំហែងនយោបាយ


 តាមសេចក្តីប្រកាសរបស់អយ្យការអមសាលាដំបូងខេត្តបាត់ដំបងថ្ងៃទី១៣ឧសភា ឆ្នាំ២០២៤ លោក ភូ សុវណ្ណថា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនត្រូវឃាត់ខ្លួន ព្រោះអាជ្ញាធរបានស្រាវជ្រាវឃើញថា លោកភូ សុវណ្ណថាពិតជាអ្នកផ្សាយបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុកក្នុងចេតនាញុះញង់បង្កឱ្យមានការរើសអើង ស្អប់ខ្ពើម គុំកួនដល់លោកឌឹម សាវឿន។ លោក ឌឹម សារឿន ដែលជាដើមបណ្តឹង គឺជាអតីតមន្ត្រីបក្សភ្លើងទៀនដែលសុំចុះចូលជាមួយគណបក្សកាន់អំណាច។ ការចាកចេញរបស់លោក ឌឹម សារឿន នេះត្រូវបានលោក ភូ សុវណ្ណថា យកទៅបង្ហោះក្នុងហ្វេសប៊ុកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានសរសេរខ្លឹមសារ និងភ្ជាប់ជាមួយនូវរូបភាពដែលចាត់ទុកជាការប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរលោក ឌឹម សារឿន។

 ជុំវិញការឃាត់ខ្លួនប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនប្រចាំខេត្តបាត់ដំបងរូបនេះត្រូវបានអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបាត់ដំបងបញ្ជាក់ថា គឺដើម្បីធានាសិទ្ធិស្របច្បាប់របស់បុគ្គល បង្ការបទល្មើសកុំឱ្យកើតឡើងជាថ្មី និងកុំឱ្យមានភាពវឹកវរ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សន្តិសុខសង្គម។ តែបក្សភ្លើងទៀន តាមរយៈអគ្គលេខាធិការគណបក្សភ្លើងទៀនលោក លី សុធារ៉ាយុត្តិ យល់ថា ការឃាត់ខ្លួនលោកភូ សុវណ្ណថាជារឿងមិនសមហេតុផល ព្រោះសំណុំរឿងនេះមិនមែនជារឿងក្តីព្រហ្មទណ្ឌរហូតឈានដល់ការឃាត់ខ្លួនឡើយ ពោលវាត្រឹមជារឿងក្តីបទបរិហាកេរ្តិ៍ រវាងបុគ្គលនិងបុគ្គលតែប៉ុណ្ណោះ។

បក្សភ្លើងទៀន៖ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ប្រចាំខេត្តបាត់ដំបងជាការគំរាមកំហែងនយោបាយ
បក្សភ្លើងទៀន៖ការចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ប្រចាំខេត្តបាត់ដំបងជាការគំរាមកំហែងនយោបាយ © គណបក្សភ្លើងទៀន

 ទន្ទឹមគ្នានេះ លោក លី សុធារ៉ាយុត្តិ ក៏បានចាត់ទុកចំណាត់ការច្បាប់លើលោកភូ វណ្ណថាជាការគំរាមកំហែងនយោបាយ ខណៈការបោះឆ្នោតក្រុមប្រឹក្សារាជធានីខេត្តក្រុង ស្រុកខណ្ឌត្រៀមធ្វើឡើងនៅប៉ុន្មានថ្ងៃខាងមុខ។ គួររម្លឹកថា សកម្មជន និងអ្នកនយោបាយគណបក្សប្រឆាំងត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ក្រោយគណបក្សភ្លើងទៀនមិនអាចចូលរួមបោះឆ្នោតកាលពីឆ្នាំ២០២៣។ ជាក់ស្តែង លោក គង់ ថារ៉េត អនុប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនក្រុងកំពង់ចាមត្រូវបានអាជ្ញាធរចាប់ខ្លួននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ គួរជម្រាបជូនថាចាប់តាំងពីដើម ឆ្នាំ២០២៣រហូតដល់ខែមេសា ឆ្នាំ២០២៤ មន្ត្រីសំខាន់ៗនៅតាមមូលដ្ឋានរបស់គណបក្សភ្លើទានជាង២០នាក់ ត្រូវបានអាជ្ញាធរឃាត់ខ្លួន និងឃុំខ្លួននៅក្នុងពន្ធធនាគារ៕

What Next?

Recent Articles