ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រែកតាហ៊ីង ស្រុកកោះធំ បារម្ភ​បាត់បង់​ដី និង​ផ្ទះ​ពី​ការ​ជីក​ព្រែកហ្វូណន​តេជោ

ដោយ មាន ឫទ្ធិ
2024.05.13
RFA

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រែកតាហ៊ីង ស្រុកកោះធំ បារម្ភ​បាត់បង់​ដី និង​ផ្ទះ​ពី​ការ​ជីក​ព្រែកហ្វូណន​តេជោ

ផែនទីបង្ហាញគម្រោងព្រែកជីកហ្វូណន តាមព្រែកតាហ៊ីង ស្រុក​កោះធំ ខេត្ត​កណ្ដាល។ Google Map/Screenshot


ពលរដ្ឋ​រស់​នៅ​អម​សងខាង​ព្រែកតាហ៊ីង ខេត្ត​កណ្ដាល ភាគ​ច្រើន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​ថា ពួកគាត់​កំពុង​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដី និង​ផ្ទះ ខណៈ​ដែល​រដ្ឋាភិបាល​ប្រកាស​ចាប់​ផ្ដើម​សាង​សង់​ព្រែក​ជីក​ហ្វូណន នៅ​ចុង​ឆ្នាំ២០២៤។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​រដ្ឋាភិបាល​គួរ​ធានា​អំពី​ការ​ទូទាត់​សំណង​ដល់​ប្រជាពលរដ្ឋ​ឱ្យ​បាន​សមរម្យ មុន​នឹង​ចាប់​ផ្ដើម​សាងសង់​ព្រែក​ជីក​ហ្វូណន ដើម្បី​បញ្ចៀស​ការ​រំលោភ​សិទ្ធិមនុស្ស។

អ្នក​ភូមិ​ព្រែក​តាហ៊ីង ក្នុង​ឃុំព្រែកថ្មី ស្រុកកោះធំ កំពុង​ខ្វល់ខ្វាយ​ទាក់ទង​នឹង​រឿង​ប្រាក់​សំណង ខណៈ​ពួកគាត់​ត្រូវ​ប្រឈម​នឹង​ការ​បង្ខំ​ឱ្យ​ផ្លាស់​ប្ដូរ​ទី​លំនៅ នៅ​ពេល​រដ្ឋាភិបាល​ចាប់​ផ្ដើម​សាងសង់​ព្រែក​ជីកហ្វូណន នៅ​ពេល​ខាង​មុខ។

កំពុង​រវល់​ធ្វើ​កិច្ច​ការងារ​ផ្ទះ និង​មាន​ទឹកមុខ​ព្រួយ​បារម្ភ លោកស្រី គួយ ផៃ និយាយ​ថា គ្រួសារ​របស់​លោកស្រី​មាន​ដី​ភូមិ​២កន្លែង និង​ដី​ចម្ការ​មួយ​កន្លែង នៅ​ស្រប​តាម​មាត់​ព្រែក​តាហ៊ីង ដែល​បូក​បញ្ចូល​គ្នា​មាន​តម្លៃ​ប្រមាណ ២០ម៉ឺនដុល្លារ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​មិន​មាន​ឈ្មួញ​ណា​ម្នាក់​ហ៊ាន​ទិញ​ដី​ពី​លោកស្រី​នោះ​ឡើយ។ លោកស្រី​បន្ត​ថា តាំង​ពី​ប្រមុខ​រដ្ឋាភិបាល​ប្រកាស​កសាង​ព្រែក​ជីក​ហ្វូណន​មក លោកស្រី​មិន​ដែល​សម្រាន្ត​លក់​ស្រួល​មួយ​យប់​ណា​ឡើយ ពី​ព្រោះ​លោកស្រី​ព្រួយ​បារម្ភ​ខ្លាច​ប្រាក់​សំណង​មិន​គ្រប់​សម្រាប់​ឱ្យ​លោកស្រី​ទិញ​ដី និង​សាងសង់​ផ្ទះ​សមរម្យ​មួយ​ឡើង​វិញ។

លោក គួយ ផៃ៖ «សុំ​ឱ្យ​សំណង​ហ្នឹង​ឱ្យ​បាន​ច្រើនៗ​បន្តិច​មក​ក្រែង​បាន​មាន​កន្លែង​នៅ តា​អ៊ីចឹង​ខ្ញុំ​អត់​កន្លែង​នៅ​ទេ ហើយ​មួយ​ទៀត ពេល​ដែល​ភ្លៀង​មក​ដេក​នឹក​ឃើញ ដេក​អត់​លក់ នឹក​ឃើញ​ថា​ពេល​ដែល​យើង​នៅ​ផ្ទះ មាន​ផ្ទះ​នៅ​មាន​ផ្លេកបន្ទោរ​មាន​អី យើង​ដេក​ផ្ទះ ដល់​តែ​ពេល​យើង​រុះ​អត់​មាន​កន្លែង​នៅ យើង​នៅ​ឯណាមាន​ភ្លៀង​មាន​អី​មក​នេះ វា​អត់​មាន​អី​តែ​ម្ដង បង​ឯង​មើល​ខ្ញុំ​មាន​តែ​ដី​ផ្ទះ​ប៉ុណ្ណឹង ទៅ​អស់​តែ​ម្ដង អត់​មាន​នៅ​ក្រោយ​នៅ​មុខ​អី​ហ្នឹង​គេ​ទៀត​ទេ មាន​តែ​ប្រលោះ​ហ្នឹង»។

រីឯ​ពលរដ្ឋ​ម្នាក់​ទៀត​ដែល​មាន​ផ្ទះ និង​ដី នៅ​មាត់​ព្រែកតាហ៊ីង តាំង​ពី​ដូនតា​មក គឺ​លោកស្រី ស៊្រន បញ្ញា លើក​ឡើង​ថា ដោយសារ​តែ​មិន​មាន​ព័ត៌មាន​ច្បាស់លាស់​ពី​អាជ្ញាធរ អំពី​ការ​ផ្ដល់​សំណង​ដល់​ប្រជាពលរដ្ឋ ដូច្នេះ​លោកស្រី និង​ប្រជាពលរដ្ឋ​រស់នៅ​អម​សងខាង​ភូមិ​ព្រែកតាហ៊ីង​ប្រមាណ​៣០០គ្រួសារ នៅ​តែ​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី និង​ផ្ទះ​សម្បែង​ដោយ​មិន​អាច​ទទួល​បាន​ប្រាក់​សំណង​សមរម្យ។ លោកស្រី​បន្ត​ថា រដ្ឋាភិបាល​គួរ​តែ​ផ្ដល់​សំណង​ឱ្យ​ស្មើ​នឹង​តម្លៃ​ទីផ្សារ ព្រោះ​ប្រជាពលរដ្ឋ នឹង​មិន​ត្រឹម​តែ​ត្រូវ​ចំណាយ​ពេល​វេលា​ទិញ​ដី និង​សង់​ផ្ទះ​ឡើង​វិញ​នោះ​ទេ ពោល​គឺ​ពលរដ្ឋ​ថែម​ទាំង​រង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ដែល​ត្រូវ​បាត់បង់​ទី​កន្លែង​ធ្លាប់​រស់នៅ​ដែល​មាន​អនុស្សាវរីយ៍​តាំង​ពី​តូច​មក។

លោកស្រី ស៊្រន បញ្ញា៖ «ចេញ​ជា​សំណង សុំ​ឱ្យ​រាជ​រដ្ឋាភិបាល​សង​ដោយ គឺថា​ប្រជាពលរដ្ឋ​ទាំង​អស់​ពេញ​ចិត្ត មិន​ឱ្យ​ដូច​ថា​តិច​តួច​ពេក ឬ​ក៏​ហួស​សមត្ថភាព​ដែល​ខាង​រាជរដ្ឋាភិបាល​ផ្ដល់​ឱ្យ​អ៊ីចឹង​ទៅ។ បាន​ជា​ផ្ទះ​នៅ​មួយ​សមរម្យ​វិញ​អ៊ីចឹង​ទៅ ព្រោះ​អី​ប្រជាពលរដ្ឋ​មាន​អ្នក​ខ្លះ ក៏​អស់​ដី អស់​ផ្ទះ​ដែរ»។

ស្រដៀង​គ្នា​នេះ​ដែរ ពលរដ្ឋ​ដែល​ទើប​សាងសង់​ផ្ទះ​រួច​រាល់ លោកស្រី អ៊ិច ណាំអេង លើក​ឡើង​ថា បើ​ទោះបីជា​លោក​ស្រី​ត្រូវ​បាត់បង់​ដី និង​ផ្ទះ​ដែល​លោកស្រី និង​គ្រួសារ​ធ្លាប់​រស់​នៅ​ក្ដី ក៏​លោកស្រី​មិន​ប្រឆាំង​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នោះ​ទេ។ ទោះ​ជា​យ៉ាង​ណា លោកស្រី​បញ្ជាក់​ថា ដោយសារ​មិន​មាន​ព័ត៌មាន​អំពី​សំណង​ច្បាស់លាស់ ដូច្នេះ​ហើយ​លោកស្រី និង​អ្នក​ភូមិ​រស់នៅ​អម​សង​ខាង​ព្រែក​តាហ៊ីង​ភាគ​ច្រើន បារម្ភ​ខ្លាំង​ពី​ការ​មិន​មាន​លទ្ធភាព​ទិញ​ដី និង​ផ្ទះ​រស់​នៅ​សមរម្យ​ដូច​ដើម​ឡើង​វិញ។

លោកស្រី អ៊ិច ណាំអេង៖ «រដ្ឋាភិបាល​ឱ្យ​សំណង​ឱ្យ​វា​គ្រាន់​បើ​មក បាន​ថា​ដូចជា​ខ្ញុំ បងប្អូន​ដែល​ខ្វះ​ខាត​ហ្នឹង​បាន​សំណង​ច្រើន​មក អាច​ថា​យើង​រុះរើ​ទៅ​វា​មាន​ថា​យើង​ទៅ​ធ្វើ​កន្លែង​មួយ​ទៀត បាន​គ្រាន់​មាន​លុយ​កាក់​អី​ទៅ បាន​ធ្វើ​ស្រួល​ណា​ក្មួយ ហើយ​បើ​ថា សំណង​តិច​អត់​មាន​កន្លែង​នៅ វេទនា​ហើយ គ្រាន់​តែ​សុំ​តែ​ប៉ុណ្ណឹង​ទេ»។

ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​អនុម័ត​គម្រោង​ព្រែក​ជីក​ហ្វូណន កាល​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា ឆ្នាំ២០២៣ ក្រុមហ៊ុន​គ្រប់​គ្រង​ដោយ​រដ្ឋ​អំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) ត្រូវ​គេ​រំពឹង​ថា នឹង​ចាប់​ផ្ដើម​សាងសង់​ព្រែក​ជីក​ហ្វូណន ដែល​មាន​តម្លៃ ១ពាន់ ៧រយលានដុល្លារ នៅ​ចុង​ឆ្នាំ២០២៤ ហើយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ២០២៨។ តាមរយៈ​កិច្ច​ព្រមព្រៀង​នេះ ក្រុមហ៊ុន CRBC និង​ទទួល​សាងសង់ គ្រប់គ្រង​ដំណើរ​ការ​ប្រើប្រាស់ ឬ​ធ្វើ​អាជីវកម្ម​លើ​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ​រយៈពេល ៥០ឆ្នាំ ទើប​ផ្ទេរ​ព្រែក​ជីក​មក​ឱ្យ​រដ្ឋាភិបាល​គ្រប់គ្រង​វិញ។

ព្រែកជីក​ហ្វូណន​តេជោ មាន​ប្រវែង ១៨០​គីឡូម៉ែត្រ ចាប់​ផ្ដើម​ពី​ដៃ​ទន្លេ​មេគង្គ​ខាងត្បូង​រាជធានី​ភ្នំពេញ កាត់​តាម​ខេត្ត​ចំនួន៤ រួមមាន ខេត្តកណ្ដាល តាកែវ កំពត និងខេត្ត កែប។ ព្រែក​ជីក​នេះ​មាន​ទទឹង​មុខ​កាត់​ទឹក​ផ្នែក​ខាង​លើ ១០០ម៉ែត្រ ផ្នែក​ខាង​ក្រោម​ប្រមាណ ៨០​ម៉ែត្រ និង​ផ្លូវ​៥០ម៉ែត្រ​នៅ​អម​សង​ខាង​ព្រែក។

នៅ​ក្នុង​បទ​បង្ហាញ​ព័ត៌មាន​លំអិត​ពាក់ព័ន្ធ​គម្រោង​ព្រែក​ជីក​ហ្វូនណន កាល​ពី​ថ្ងៃទី​៣ ខែ​ឧសភា ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ហៅ​កាត់​ថា CDC លោក ស៊ុន ចាន់ថុល អះអាង​ថា គម្រោង​នេះ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ជាង​១ពាន់​៥រយ​ខ្នង (១,៥៨៥) ដី​លំនៅឋាន​ប្រមាណ ១៥០ហិកតារ (១៤៩.៥) និង​ដី​ស្រែ​ចម្ការ​ប្រមាណ ៣ពាន់​ហិកតារ ។ ទោះ​ជា​យ៉ាង​ណា​ក្ដី មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ មិន​បាន​និយាយ​អំពី​ការ​ទូទាត់​សំណង​សមរម្យ​ដល់​ប្រជាពលរដ្ឋ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​លោក​បែរ​ជា​ប្រៀបធៀប​ដី​ស្រែ​ចម្ការ​ប្រមាណ​៣ពាន់​ហិកតារ មាន​ទំហំ​តូច​ធៀប​នឹង​ការ​ធ្វើ​សម្បទាន​ដីធ្លី​ដែល​រដ្ឋាភិបាល​ធ្លាប់​ផ្ដល់​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ទៅ​វិញ។

លោក ស៊ុន ចាន់ថុល៖ «អ៊ីចឹង​អត់​មាន​ផល​ប៉ះពាល់​អី​ធ្ងន់ធ្ងរ​ទេ​គម្រោង​នេះ ផ្ទុយ​ទៅ​វិញ​ប៉ះពាល់​តិច​ណាស់​បើ​ប្រៀបធៀប​ផ្លូវ​ល្បឿន​លឿន​ក្រុង​ភ្នំពេញ ព្រះសីហនុ ភ្នំពេញ បាវិត ប៉ះពាល់​តិច​ដោយ​សារ​សុទ្ធ​តែ​វាលស្រែ សុទ្ធ​បឹង​បួរ​ធម្មជាតិ»។

វិទ្យុអាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ្ឌ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃទី១២ ខែ​ឧសភា។

គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​នេះ ត្រូវ​មតិ​ទូទៅ​មើល​ឃើញ​ថា អាច​លើក​ស្ទួយ​សេដ្ឋកិច្ច​កម្ពុជា តាម​រយៈ​ផ្លូវ​នាវាចរណ៍​ដែល​អាច​ដឹក​ផលិត​ផល និង​ទំនិញ​ទៅ​វិញ​ទៅ​មក​តាម​ផ្លូវ​ទឹក​សមុទ្រ ដោយ​ផ្ទាល់​មក​ដល់​កំពង់​ផែ​ទឹក​សាប​នៅ​រាជធានី​ភ្នំពេញ ពោល​គឺ​ជួយ​ឱ្យ​កម្ពុជា​កាត់​បន្ថយ​ការ​ពឹង​ពាក់​លើ​វៀតណាម។ ទោះ​ជា​យ៉ាងណា​ក្ដី អ្នក​ជំនាញ​តំបន់​ទន្លេ​មេគង្គ និង​វិទ្យាសាស្ត្រ​នយោបាយ​យល់​ឃើញ​ថា យ៉ាងហោចណាស់​ហានិភ័យ​ធំៗ​ចំនួន​៤​អាច​នឹង​កើត​ឡើង​តាម​រយៈ​ការ​ជីក​ផ្លូវ​ទឹក​ចេញ​ពី​ទន្លេមេគង្គ ទៅ​កាន់​សមុទ្រ​នេះ។ ហានិភ័យ​ទាំង​នេះ​រួម​មាន ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន លំហូរទឹក និង​ប្រព័ន្ធ​អេកូឡូស៊ី​នៃ​ទន្លេ​មេគង្គ លទ្ធភាព​ដែល​ចិន​អាច​ប្រើប្រាស់​ព្រែក​ជីក​នេះ សម្រាប់​បម្រើ​ឱ្យ​ផល​ប្រយោជន៍​យោធា​របស់​ខ្លួន និង​ជាពិសេស​ការ​បម្លាស់ទី​របស់​ពលរដ្ឋ ដែល​រស់​នៅ​ជុំវិញ​តំបន់​គម្រោង​នេះ។ រដ្ឋាភិបាល​អះអាង​ថា ពលរដ្ឋ​រស់នៅ​ជុំវិញ​គម្រោង​នេះ​យ៉ាង​ហោច​ណាស់ ជាង​១លាន៦សែននាក់ នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​គម្រោង​នេះ។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព លោក យង់ គិមអេង យល់​ឃើញ​ថា ដោយសារ​តែ​គម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ អាច​នឹង​ក្លាយ​ទៅ​ជា​សមិទ្ធផល​ប្រវត្តិសាស្ត្រ​របស់​រដ្ឋាភិបាល ដូច្នេះ​ហើយ​រដ្ឋាភិបាល​គួរ​ផ្ដល់​សំណង​ឱ្យ​បាន​សមរម្យ​ទៅ​ដល់​ប្រជាពលរដ្ឋ។ លោក​បន្ត​ថា ក្រៅ​ពី​បញ្ចៀស​មិន​ឱ្យ​ប្រជាពលរដ្ឋ​រងគ្រោះ​ពី​ការ​អភិវឌ្ឍ​ហើយ​នោះ ការ​ផ្ដល់​សំណង​សមរម្យ​ដល់​ពលរដ្ឋ​ក៏​អាច​ធានា​អំពី​ដំណើរការ​សាងសង់​ព្រែកជីក​នេះ ដោយ​មិន​មាន​ការ​រំខាន​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ​ផង​ដែរ។

លោក យង់ គិមអេង៖ «គម្រោង​នេះ យើង​ហៅថា​គម្រោង​ធំ ហើយ​ជា​គម្រោង​ដែល​អាច​ចារ​ទុក​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ដែរ អ៊ីចឹង​បើសិនជា​ការ​ដោះស្រាយ​ផល​ប៉ះពាល់​នេះ ឱ្យ​ប្រជាពលរដ្ឋ​បាន​សប្បាយ​ចិត្ត ឱ្យ​បាន​អស់​នៅ​ក្នុង​ចិត្ត ខ្ញុំ​យល់​ថា ជា​រឿង​មួយ​សំខាន់​ណាស់ ហើយ​ក៏​ដើម្បី​បង្ហាញ​អំពី​គំរូ​នៃ​ការ​អភិវឌ្ឍ​នៃ​គម្រោង​ធំៗ​នេះ អាច​ទុក​ជា​មេរៀន ជា​បទពិសោធន៍​កម្ពុជា​ទៅ​ថ្ងៃ​អនាគត»។

អ្នក​ភូមិ​ព្រែកតាហ៊ីង​លើក​ឡើង​ថា ដោយសារ​តែ​ព្រែក​ជីក​ហ្វូនណន​នឹង​ចាប់​ផ្ដើម​ជីក​នៅ​ចុង​ឆ្នាំ២០២៤ ដូច្នេះ​រដ្ឋាភិបាល​គួរ​ចាប់​ផ្ដើម​ផ្ដល់​សំណង​ឱ្យ​ពលរដ្ឋ​ឱ្យ​បាន​លឿន ដើម្បី​ពលរដ្ឋ​មាន​ពេល​វេលា​គ្រប់គ្រាន់​សាងសង់​ផ្ទះ ឬ​រក​ទី​ស្នាក់​អាស្រ័យ​ថ្មី​ឱ្យ​បាន​ឆាប់​រហ័ស។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រំពឹង​ថា រដ្ឋាភិបាល​នឹង​មិន​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ដីធ្លី​របស់​ពួកគាត់ ដោយ​មិន​បាន​ផ្ដល់​សំណង​សមរម្យ ដូច​ដែល​បាន​ធ្វើ​កន្លង​មក​នៅ​តំបន់​ផ្សេងៗ​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles