ភរិយា​របស់​សកម្មជន​លោក នី ណាក់ ស្នើ​សុំ​ឱ្យ​ផ្ទេរ​ស្វាមី​ពី​ពន្ធនាគារ​នៅ​ខេត្ត​ត្បូងឃ្មុំ

១៤ ឧសភា ២០២៤
ស៊ន់ លីនដា
ចិត្ត ស្រីយ៉ា
វីអូអេខ្មែរ

រូបឯកសារ៖ លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​​វីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)
រូបឯកសារ៖ លោក នី ណាក់ ផ្តល់​បទសម្ភាសន៍​ដល់​អ្នកសារព័ត៌មាន​​វីអូអេ នៅ​ក្បែរ​រូប​សំណាក​យាយ​ពេញ ក្បែរ​វត្ត​ភ្នំ ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។ (លាស់ លីបលីប/វីអូអេ)

ភ្នំពេញ — ភរិយា​សកម្មជន​លោក នី ណាក់ ស្នើ​សុំ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ផ្លាស់ប្តូរ​ស្វាមី​ខ្លួន​ពី​មណ្ឌល​អប់រំ​កែប្រែ​ទី ៣ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ​មក​មណ្ឌល​អប់រំ​កែ​ប្រែ​ទី ១ ព្រៃស រាជធានី​ភ្នំពេញ​វិញដោយ​ហេតុផល​ទីតាំង​ឆ្ងាយ​ពិបាក​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ។ នេះ​បើ​តាម​ភរិយា​លោក នី ណាក់ និង​លោក​មេធាវី ជួង ជូងី។


អ្នកស្រី សុខ ស៊ីណែត ភរិយា​របស់​លោក នី ណាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ បាន​បង្ហោះ​សារ​ជា​វីដេអូ​នៅ​លើ​គណនី​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន ដោយស្នើ​សុំ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ​ផ្លាស់​ប្តូរ​ស្វាមីអ្នកស្រី​ពី​មណ្ឌល​អប់រំ​កែប្រែ​ទី ៣ ត្រពាំង​ផ្លុង ក្នុង​ខេត្ត​ត្បូងឃ្មុំ មក​មណ្ឌល​អប់រំ​កែ​ប្រែ​ទី១នៅ​ព្រៃសវិញ។

អ្នក​ស្រី​ប្រាប់​វីអូអេ​បន្ថែម​ថា ​មណ្ឌល​អប់រំ​កែប្រែ​ទី ៣ ត្រពាំង​ផ្លុង​នោះ​មាន​ចម្ងាយ​ឆ្ងាយ​រហូត​ដល់​ទៅ​ជាង ​២០០ ​គីឡូម៉ែត្រ​ពី​ផ្ទះ​អ្នកស្រី​នៅ​រាជធានី​ភ្នំពេញ ដែល​ត្រូវ​ប្រើប្រាស់​ពេលវេលា និង​ចំណាយ​ថវិកា​ច្រើន​ក្នុង​ពេល​ទៅ​សួរ​សុខ​ទុក្ខ​ម្តងៗ។ អ្នក​ស្រី​ឱ្យ​ដឹង​ទៀត​ថា មេធាវី​ក៏​ពិបាក​ក្នុង​ការ​ទៅ​ជួប​ជជែក​ជាមួយ​ស្វាមី​របស់​អ្នកស្រី រួម​ទាំង​ការ​ដឹក​ជញ្ជូន​មក​សវនាការ​នៅ​រាជធា​នី​ភ្នំពេញ​ដែរ។

អ្នកស្រី​ សុខ ស្រីណែត ថ្លែង​ថា៖ «មណ្ឌល​កែប្រែ​ទី ៣ ម៣ ត្រពាំង​ផ្លុង​វា​នៅ​ឆ្ងាយ​ពី​ផ្ទះ​យើង​អូន ឆ្ងាយ​ចង់​ ២០០ ​គីឡូ​អ៊ីចឹងវា​បង្ក​ផល​លំបាក។ ពេក​ដែល​បង​ទៅ​សួរ​សុខទុក្ខ​គាត់ អ៊ីចឹងវា​ឆ្ងាយ និយាយ​ទៅ​ឆ្ងាយ​ហើយ​យើង​ចំណាយ​ថវិកា​ច្រើន ហើយ​វា​មាន​ផល​វិបាក​ច្រើន។ មួយ​ទៀត​ហ្នឹង​មេធាវី​ដែល​គាត់​ត្រូវ​ឡើង​ទៅ​ជួប​ប្តី​បង​ក៏​គាត់​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​អ៊ីចឹង»

អ្នកស្រី សុខ ស៊ីណែត បង្ហាញ​ក្តី​សង្ឃឹម​ថា​នឹង​មាន​ដំណោះ​ស្រាយ និង​សុំ​ការ​យោគ យល់​ពី​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ ដើម្បីឱ្យ​ស្វាមី​អាច​ផ្ទេរមក​មណ្ឌល​អប់រំ​កែ​ប្រែ​ទី ១ ព្រៃស ដូច្នេះ​អ្នកស្រី​អាច​កាត់​បន្ថយ​ថ្លៃ​ចំណាយ និង​ងាយ​ស្រួល​ក្នុង​ការ​ទៅ​សួរសុខ​ទុក្ខ។

សកម្មជន​សង្គម ​លោក ​នី ណាក់ ​ត្រូវ​បាន​បញ្ជូន​ចេញ​ពី​ពន្ធនាគារ​ព្រៃ​ស​ក្នុង​រាជធានី​ភ្នំពេញ ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូង​ឃ្មុំ ​ជាប់​ព្រំដែន​វៀត​ណាម កាល​ពី​ថ្ងៃ​ទី​ ២៨ ​ខែ​មករា​ ឆ្នាំ ២០២៤។ មន្រ្តី​ពន្ធនាគារ​បញ្ជាក់​ថា​ការ​បញ្ជូន​លោក នី ណាក់ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុង ដោយ​សារ​មាន​កំណើន​ជន​ជាប់​ឃុំ​ច្រើន​នៅ​ពន្ធនាគារ​ព្រៃ​ស។

ការ​បញ្ជូន​លោក ​នី ណាក់ ​និង​អ្នក​ជាប់​ឃុំ​ផ្សេង​ទៀត​ចេញ​គឺ​ដើម្បី​សម្រួល​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ​ព្រៃស។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក នុត សវនា ​អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ពេល​កន្លង​ទៅ។

លោក​មេធាវី ជួង ជូងី មេធាវី​ការពារ​ក្ដី លោក នី ណាក់ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ លោក​បាន​សរសេរ​លិខិត​ ស្នើ​សុំ​ទៅ​កាន់​ប្រធាន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ កាល​ពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ​ ២០២៤ ដោយ​ស្នើសុំ​ផ្ទេរ​កូន​ក្ដី​របស់​ខ្លួន​ពី​មណ្ឌល​អប់រំ​កែប្រែ​ ៣ ត្រពាំង​ផ្លុង ម​ក​មណ្ឌល​អប់រំ​កែប្រែ​១ ព្រៃស​វិញ ដោយ​សារ​បញ្ហា​ទីតាំង​ឆ្ងាយ​លំបាក​ក្នុង​ការ​ធ្វើ​ដំណើរ។ លោក​បញ្ជាក់​ថា​ មក​ទល់​នឹង​ពេល​នេះ​នៅ​មិន​ទាន់​មាន​ការឆ្លើយ​តប​អ្វី​នៅ​ឡើយ​ទេ។

លោក ជួង ជូងី ថ្លែង​ថា៖ «ប្រពន្ធ​គាត់​ក៏​ពិបាក​ធ្វើ​ដំណើរ​ទៅ​សួរ​សុខ​ទុក្ខ​គាត់ ខ្ញុំ​ជា​មេធាវី​ក៏​ពិបាក​ធ្វើ​ដំណើរ​ទៅ អញ្ចឹង​ខ្ញុំ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​អគ្គ​នាយក​ដ្ឋាន​ពន្ធនាគារ តាំង​ពី​ថ្ងៃ​ទី ​១ ខែ ​៤ (មេសា)​មក​ម្ល៉េះ។ ប៉ុន្ដែ​មក​ដល់​ឥឡូវ​ហ្នឹង​អត់​មាន​ទទួល​ដំណឹង​អ្វី​សោះ​ពី​អគ្គនាយកដ្ឋាន​ពន្ធនាគារ»

យ៉ាងណាមិញ លោក ​នុត សវនា ​អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ការ​ស្នើ​សុំ​ភរិយា​របស់​លោក នី ណាក់ ជា​សិទ្ធិ​បុគ្គល និង​មិន​ខុស​ច្បាប់​អ្វី​ឡើយ។ លោក​បន្ត​ថា​ការ​សម្រេច​អនុញ្ញាត​ក្នុង​ការផ្ទេរ​មក​ពន្ធនាគារ​មណ្ឌល​អប់រំ​កែ​ប្រែ តាម​ការ​ស្នើ​សុំ​របស់​ភរិយា​លោក នី ណាក់ អាស្រ័យ​លើ​ការ​សម្រេច​របស់​តុលាការ។

លោក នុត សវនា ថ្លែង​ថា៖ «បាទ​! ការ​ស្នើ​នេះ​វា​ជា​សិទ្ធិ​របស់​គាត់ អត់​មាន​ខុស​ច្បាប់​អីទេ​ គាត់​ស្នើ​បាន​[…]​រឿង​ការ​សម្រេច​នេះ​គឺ​ស្ថិត​នៅ​លើ​ស្ថាប័ន​តុលាការ ព្រោះ​គាត់​ជា​ម្ចាស់​សំណុំ​រឿង»

​បើ​តាម​លោក​មេធាវី ជួង ជូងី ស្ថានភាព​របស់​លោក នី ណាក់ នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង មាន​ភាព​លំបាក​ជាង​ពេល​ស្ថិត​នៅ​ពន្ធនាគារ​ព្រៃ​ស។ លោក​មេធាវី​បន្ថែម​ថា​លោក​កំពុង​ព្យាយាម​ស្នើ​សុំ​ឱ្យ​កូន​ក្ដី​របស់​លោក​អាច​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន និង​កំពុង​រង់​ចាំ​ការ​សម្រេច​ពី​តុលាការ។

គួរ​បញ្ជាក់​ថាលោក នី ណាក់ ​អាយុ ​៤៦ ​ឆ្នាំ ​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី ​៥ ​ខែ​មករា​ ឆ្នាំ​ ២០២៤ ​ក្រោម​បទ​ចោទ​ «ការ​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម បន្ទាប់​ពី​ការ​ផ្តន្ទាទោស​បទ​មជ្ឈិម​បរិហារ​កេរ្តិ៍​ជា​សាធារណៈ​ និង​ញុះញង់​ឱ្យមាន​ការ​រើស​អើង» ដែល​ប្តឹង​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ការងារ លោក ​ហេង សួរ ពាក់ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​នៅ​លើ​ហ្វេស​ប៊ុក​របស់​លោក។

លោក នី ណាក់ ​ម្ចាស់​គណនី​សង្គម​ហ្វេសប៊ុក​ឈ្មោះ ​IMan-KH ​ដែល​មាន​ជំនាញ​ក្នុង​វិស័យ​កសិកម្ម​តែង​តែ​រិះគន់​ចំណុច​អវិជ្ជ​មាន​នានា​នៅ​ក្នុង​សង្គម ​ជា​ពិសេស ពាក់​ព័ន្ធ​នឹង​វិស័យ​កសិកម្ម តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក។

លោក នី ណាក់ ​ធ្លាប់​ជាប់​ពន្ធនាគារ ១៨ ​ខែ ​ពី​បទ​ «ជេរ​ប្រមាថ​ជា​សាធារណៈ និង​បទ​ញុះញង់​ឱ្យប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជាអាទិ៍»​ កាល​ពី​ចុង​ឆ្នាំ​ ២០២០ ​ពាក់​ព័ន្ធ​នឹង​ការ​បង្ហោះ​សារ​លើ​បណ្តាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​ក្នុង​លក្ខណៈ​កំប្លែង​ រឿង​ទិញ​ម៉ាស់​ពាក់​ឱ្យ​មាន់​ អំឡុង​ពេល​មាន​ការ​ឆ្លង​រាត​ត្បាត​ជំងឺ​កូវីដ​១៩៕

What Next?

Recent Articles

Leave a Reply

Submit Comment