សមត្ថកិច្ច​ខេត្តបាត់ដំបង​ចាប់ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ទៀត

ដោយ ខាន់ លក្ខិណា
2024.05.13
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សមត្ថកិច្ច​ខេត្តបាត់ដំបង​ចាប់ខ្លួន​សកម្មជន​គណបក្ស​ភ្លើង​ទៀន​ម្នាក់​ទៀត

លោក ភូ សុវណ្ណថា អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្តបាត់ដំបង និង​បច្ចុប្បន្ន​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ខេត្តបាត់ដំបង​នៅ​គណបក្ស​ឆន្ទៈ​ខ្មែរ​។ រូប៖ ហ្វេសប៊ុកគណបក្ស​ភ្លើងទៀន/2023-08-27


សមត្ថកិច្ច​ខេត្តបាត់ដំបង បាន​ចាប់ខ្លួន​អតីត​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្តបាត់ដំបង និង​បច្ចុប្បន្ន​ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ខេត្តបាត់ដំបង​នៅ​គណបក្ស​ឆន្ទៈ​ខ្មែរ​លោក ភូ សុវណ្ណថា នៅ​ព្រឹក​ថ្ងៃ​ទី១៣ ខែឧសភា បន្ទាប់​ពី​លោក​ចូល​បំភ្លឺ​នៅ​តុលាការ។

មន្រី្ត​ជាន់ខ្ពស់​គណបក្ស​ភ្លើង​ទៀន​ចាត់​ទុកការ​ចាប់ខ្លួន​នេះ​ថា ជា​សញ្ញា​មិន​ល្អ​ សម្រាប់​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ខណៈ​សង្គម​ស៊ីវិល​ស្នើ​ទៅ​ អ្នក​នយោបាយ​ងាក​មក​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ដើម្បី​ប្រយោជន៍​ប្រទេស​ជាតិ​និង​បញ្ជៀស​ការ​រិះគន់​ពី​សហគមន៍​អន្តរជាតិ។

ក្នុង​ដីកា​កោះ​របស់​ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង​ចុះ​ថ្ងៃ​ទី៦ ខែឧសភា តម្រូវ​ឱ្យ​លោក ភូ សុវណ្ណថា ចូល​បំភ្លឺ​នៅ​តុលាការ ដើម្បី​សាក សួរ​ក្នុង​ដំណើរ​រឿង«បរិហាកេរ្តិ៍ជា​សាធារណៈ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»តាម​បណ្ដឹង​របស់​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា លោក ឌឹម សារឿន។

លោក ភូ សុវណ្ណថា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ និង​ឃុំខ្លួន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង។ ការ​ចាប់ខ្លួន​នេះ គឺ​បន្ទាប់​ពី​លោក​ចូល​បំភ្លឺ​នៅ​សាលាដំបូង​ខេត្ត បាត់ដំបង នៅ​ថ្ងៃទី១៣ ខែឧសភា។

អ្នក​នាំ​ពាក្យ​សាលាដំបូង​ខេត្តបាត់ដំបង លោក ភី កុសល ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៣ ខែឧសភា​ថា តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​លោក ភូ សុវណ្ណថា នៅ​ពន្ធនាគារ​ពី​បទ«ញុះញង់»។

លោក ភី កុសល៖ «សូម​ជម្រាប​ថា តែ​កាលណា​តុលាការ​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន  ហើយ​បាន​ន័យ​ថា បញ្ជូន​ទៅ​ពន្ធនាគារ​ហើយ»។

អគ្គលេខាធិការ​គណបក្ស​ភ្លើង​ទៀន លោក លី សុធារ៉ាយុត្តិ ចាត់​ទុក​ការ​ចាប់ខ្លួន​ជា​បន្ត​បន្ទាប់​នេះ ថា​ជា​សញ្ញា​មិន​ល្អ​សម្រាប់​ការ​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ ជា​ពិសេស​ក្នុង​ដំណាក់​ការ​នៃ​ដំណើរ​ការ​ឆ្ពោះ​ទៅ​រក​ការ​បោះឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នា​ពេល​ខាង​មុខ​នេះ។

លោក​ស្នើ​ឱ្យ​មាន​ការ​ដោះលែង​លោក ភូ សុវណ្ណថា និង​ប្រគល់​សេរីភាព​ជូន​គាត់​វិញ ដើម្បី​ឱ្យ​គាត់​មក​បំពេញ​តួនាទី​ជា​បេក្ខជន និង​សម្រួល​ដល់​បរិយាកាស​មុន​ការ​បោះ​ឆ្នោត​ផង​ដែរ។

លោក លី សុធារ៉ាយុត្តិ៖ «គាត់​ក៏​ជា​បេក្ខជន​នាំ​សម្រាប់​ការ​បោះឆ្នោត នា​ពេល​ខាង​មុខ​ដែរ ជា​បេក្ខជន​ដែល​ទទួល​ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត។ ស្នើ​ឱ្យ​មាន​ការ​ដោះលែង​គាត់ ដើម្បី​ឱ្យ​គាត់​បំពេញ ជា​បេក្ខជន​សម្រាប់​ការ​បោះឆ្នោត នា​ពេល​ខាង​មុខ។ ស្នើ​សុំ​សមត្ថកិច្ច​មាន​ការ​យោគយល់ មាន​ការ​អធ្យាស្រ័យ ហើយ​មាន​ភាព​អត់ធ្មត់ ហើយ​ក៏​ស្នើ​សុំ​ឱ្យ​មាន​ការ​អនុវត្ត​តាម​នីតិវិធី​នៃ​ច្បាប់​ដែរ»

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូ លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី១៣ ខែឧសភា​ថា នៅ​មុន​ពេល​បោះឆ្នោត តែង​តែ​មាន​ការ​រិះគន់​អំពី​បរិយាកាស​នយោបាយ​ជា​បន្តបន្ទាប់ ដោយសារ​តែ​មាន​ ការ​ចាប់ខ្លួន និង​ចោទ​ប្រកាន់​ទៅ​លើ​មេ​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស និង​សហជីព​ជា​ដើម។

លោក​ថា ទោះបី​ជា​កន្លងមក អាជ្ញាធរ​និង​តុលាការ​មាន​ការ​បកស្រាយ​ចំណាត់​ការ​ចាប់​ខ្លួន​លើ​មេ​ដឹក​នាំ និង​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិ​មនុស្ស សហជីព ថា​ជា​ការ​អនុវត្ត​ច្បាប់​ក៏ដោយ ប៉ុន្តែ សហគមន៍​អន្តរជាតិ​នៅ​តែ​ចាត់​ទុក​ករណី​នេះ​ថា ជា​ការ​រឹតត្បិត​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

លោក​ស្នើ​ទៅ​អ្នក​នយោបាយ​ឱ្យ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ ហើយ​ងាក​មក​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី។

លោក អំ សំអាត៖ «អ៊ីចឹង​យើង​ចង់​អ្នក​នយោបាយ​ទាំង​អស់​ហ្នឹង តម្កល់​នូវ​ឧត្ដម​ប្រយោជន៍​ជាតិ  ឧត្ដម​ប្រយោជន៍​ពលរដ្ឋ​ជា​ធំ ហើយ​ការ​ដោះ​ស្រាយ​គ្នា​ដោយ​សន្តិវិធី តាម​ផ្នែក​រឿង​នយោបាយ ហើយ​ការ​ចូលរួម​ការ​ប្រកួត​ប្រជែង ការ​បោះ​ឆ្នោត​ហ្នឹង គឺ​តាម​បែប​បទ​នៃ​ប្រទេស​យើង ដែល​ប្រកាន់​លទ្ធិ​ប្រជាធិបតេយ្យ សេរី ពហុបក្ស។ យើង​ក៏​មិន​ចង់​ឃើញ​សហគមន៍​អន្តរជាតិ ឬ​ក៏​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស ដែល​គេ​លើក​ឡើង​អំពី​លំហ​សេរីភាព​នយោបាយ ត្រូវ​បាន​រួម​តូច​ក៏​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ហ្នឹង ត្រូវ​មាន​ការ​រឹតត្បិត»

រយៈ​ពេល ៩ខែ ក្រោម​អំណាច​ដឹក​នាំ​ដោយ​លោក ហ៊ុន ម៉ាណែត មាន​មេ​ដឹក​នាំ និង​សកម្មជន​របស់​គណបក្ស​ប្រឆាំង​ជិត ៣០នាក់ ត្រូវ​បាន​អាជ្ញាធរ​ចាប់ខ្លួន បន្ទាប់​ពី​ពួក​គេ​មិន​ព្រម​ចុះចូល​ជាមួយ​បក្ស​កាន់​អំណាច។ មេ​ដឹក​នាំ និង​សកម្មជន​របស់​គណបក្ស​ប្រឆាំង ដែល​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភាគ​ច្រើន​ត្រូវ​បាន​ចោទ​ ប្រកាន់​ពី​បទ «បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​ វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment