ក្រុម​យុវជន​ព្រួយ​បារម្ភ​ថា កម្ពុជា​នឹង​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ

ដោយ យ៉ង ចាន់តារា
2024.05.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​យុវជន​ព្រួយ​បារម្ភ​ថា កម្ពុជា​នឹង​រង​ទណ្ឌកម្ម​សេដ្ឋកិច្ច​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែង​កាលពីថ្ងៃទី៥ ឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ក្រុម​យុវជន​ព្រួយ​បារម្ភ​ថា កម្ពុជា​នឹង​រង​ទណ្ឌកម្មសេដ្ឋកិច្ច​បន្ថែម​ទៀត​ពី​សហគមន៍​អន្តរជាតិ ដោយសារ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត បង្កើន​ការ​ចាប់ខ្លួន​សកម្មជន​នយោបាយ និង​សកម្មជន​សិទ្ធិមនុស្ស​ដាក់​ពន្ធនាគារ​ឥត​ស្រាកស្រាន្ត​។ ពួកគាត់​យល់​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ដើរ​ផ្ទុយ​ពី​ស្មារតី​រដ្ឋធម្មនុញ្ញ និង​មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​បម្រើ​ផលប្រយោជន៍​ជាតិ​ឡើយ។

ក្រុម​យុវជន​រិះគន់​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់ លោក ហ៊ុន ម៉ាណែត ថា មិន​គិតគូរ​ពី​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ធ្លាក់ខ្លួន​ក្រីក្រ​ដោយសារ​បំណុល​ទេ ប៉ុន្តែ​បែរ​ជា​រំលោភសិទ្ធិ​មនុស្ស​កាន់​ធ្ងន់ធ្ងរ ដែល​បញ្ហា​នេះ​អាច​ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​សម្ពាធ​អន្តរជាតិ។

ព្រះសង្ឃ​សកម្ម​ការងារ​សង្គម​ព្រះតេជព្រះគុណ ធូ វ៉ាឃីម ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ប្រសិនបើ​រដ្ឋាភិបាល​នៅតែ​មិន​ព្រម​កែ​លម្អ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ឡើងវិញ​ទេ​នោះ កម្ពុជា​ចៀស​មិន​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​ពី​បណ្ដា​ប្រទេស​លោក​សេរី​ឡើយ​។ ព្រះអង្គ​បារម្ភ​ថា កម្មករ កសិករ និង​អាជីវករ​នឹង​គ្រោះ​ខ្លាំង​ជា​គេ​ពី​បញ្ហា​សេដ្ឋកិច្ច​នេះ ពីព្រោះ​ពួកគាត់​សុទ្ធសឹងតែ​ជា​អ្នក​ប្រើ​កម្លាំង​ធ្វើ​ការងារ​ដើម្បី​ចិញ្ចឹម​ជីវិត។

ព្រះតេជព្រះគុណ ធូ វ៉ាឃីម៖ «ក្នុងនាម​គាត់​ជា​រដ្ឋាភិបាល​ជា​អ្នកតំណាងរាស្ត្រ​មួយ​ខែ​៥​ពាន់​ដុល្លារ​ហើយ​បែរជា​គំរាមកំហែង​គ្រាន់តែ​តវ៉ា​អី​ផ្សេងៗ បែរជា​ចាប់​អី​ផ្សេងៗ វា​មិន​ពិបាក​ទេ​បើក​ចិត្ត​ឱ្យ​ទូលាយ​ទៅ​គោរព​សិទ្ធិមនុស្ស​។ រដ្ឋាភិបាល​មាន​៣​ចំណុច គោរព ការពារ និង​បំពេញ នៅពេល​ពលរដ្ឋ​ខ្វះ​អី​មួយ​ត្រូវ​បំពេញ យើង​ត្រូវ​គោរព​ប្រជាពលរដ្ឋ​ការពារ និង​បំពេញ​បន្ថែម​អាហ្នឹង​តាម​អាត្មា​យល់​ឃើញ​វា​អត់​ពិបាក​ទេ»។

ពលករ​ខ្មែរ​មួយ​រូប​ធ្វើការ​នៅ​ទីក្រុង​បាងកក (Bangkok) ប្រទេស​ថៃ កញ្ញា រឿយ ស៊ីន ថ្លែង​ថា ប្រសិនបើ​កម្ពុជា​រង​ទណ្ឌកម្ម​ពី​អន្តរជាតិ​បន្ថែម​ទៀត​នោះ ឪពុកម្ដាយ​របស់​កញ្ញា​ក៏​រងគ្រោះ​ដែរ ពីព្រោះ​ពួកគាត់​សុទ្ធតែ​ជា​កសិករ​។ កញ្ញា​បន្ត​ថា លោក ហ៊ុន ម៉ាណែត ត្រូវតែ​ទទួល​ខុសត្រូវ​ចំពោះ​ពលរដ្ឋ​រងគ្រោះ​ដោយសារ​ការ​ច្បាម​យក​អំណាច​របស់​គ្រួសារ​ត្រកូល​«​ហ៊ុន​» ហើយ​ធ្វើ​ឱ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ។

កញ្ញា រឿយ ស៊ីន៖ «សូម​អំពាវនាវ​ដល់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត ឱ្យ​គោរព​សិទ្ធិមនុស្ស​នៅក្នុង​កម្ពុជា ដូច​ថ្ងៃនេះ​ប្រជាពលរដ្ឋ​យើង​កំពុង​រង​ទុក្ខ​លំបាក​ធ្វើ​ការ​ចំណាកស្រុក​មក​នៅ​ប្រទេស​គេ មិន​ស្រួល​នោះ​ទេ»។

រីឯ​យុវជន​សកម្ម​នៅ​ខេត្ត​បាត់ដំបង កញ្ញា ញាម មុនីរស្មី វិញ កញ្ញា​យល់​ថា ការ​ចាប់ខ្លួន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​ដាក់​ពន្ធនាគារ​ជា​បន្តបន្ទាប់​នេះ គឺជា​ការ​ធ្វើ​ឱ្យ​កម្ពុជា​ធ្លាក់​ចូលក្នុង​វិបត្តិ​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ។

កញ្ញា ញាម មុនីរស្មី៖ «កាលណា​ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ប្រជាធិបតេយ្យ ប៉ុន្តែ​អត់​មាន​ការ​គោរព​សិទ្ធិមនុស្ស ឬមួយ​ក៏​ដើរ​ផ្ទុយ​ពី​ច្បាប់​នោះ​ខ្ញុំ​គិត​ថា អន្តរជាតិ​គេ​នឹង​ថ្កោលទោស ហើយ​និង​ដាក់​ទណ្ឌកម្ម​មក​លើ​ប្រទេស​កម្ពុជា​។ អ៊ីចឹង​អាច​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​អាច​និយាយ​បាន​ថា អាប់ឱន​នូវ​កិត្តិយស មិន​ថា​ខ្ញុំ ឬ​មិន​ថា​យុវជន​ដទៃ​ទេ​តែងតែ​ចង់​ឃើញ​តែងតែ​ចង់​បាន​ឱ្យ​រដ្ឋាភិបាល​គោរព​សិទ្ធិមនុស្ស»។

ក្ដី​បារម្ភ​របស់​ក្រុម​យុវជន​ដូច្នេះ​គឺ ក្រោយពី​តុលាការ​ដែល​រង​ការ​រិះគន់​ថា ធ្វើ​តាម​ខ្សែ​ញាក់​របស់​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន» បាន​កាត់ទោស​ឱ្យ​កញ្ញា ឈឹម ស៊ីថរ ជាប់​ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​សមាជិក​សហជីព​ចំនួន​៨​នាក់​ផ្សេង​ទៀត​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល​១៨​ខែ ពី​បទ​«​ញុះញង់​»​។ ក្រៅ​ពី​នេះ​នៅ​មាន​ប្រធាន​សហជីព​លោក ម៉ម រិទ្ធី និង​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ក៏​ត្រូវ​បាន​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​ដែរ ក្រោយពី​ពួកគាត់​ប្រើប្រាស់​សិទ្ធិ​ការពារ​កម្មករ និង​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ឱ្យ​គេច​ចេញពី​ការ​យាយី​របស់​អាជ្ញាធរ​។ ករណី​ចុង​ក្រោយនេះ គឺ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​ចាប់​បញ្ជូន​ទៅ​ដាក់​ពន្ធនាគារ​នៅ​ខេត្ត​ពោធិ៍សាត់​បន្ទាប់ពី​លោក​វិលត្រឡប់​មក​ពី​ជួប​អ្នកគាំទ្រ​នៅ​ប្រទេស​ជប៉ុន​វិញ និង​មាន​សកម្មជន​បក្ស​ប្រឆាំង​មួយ​ចំនួន​ទៀត​រង​ការ​ធ្វើទុក្ខបុកម្នេញ​ជា​បន្ត​បន្ទាប់ពី​មន្ត្រី​រដ្ឋាភិបាល។ភ្លាមៗ​ក្រោយ​តុលាការ​កាត់ទោស​មេដឹកនាំ​សហជីព អ្នកការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​បក្ស​ប្រឆាំង​ដាក់​ពន្ធនាគារ អង្គការ​ការពារ​សិទ្ធិ​មនុស្សជាតិ និង​អន្តរជាតិ បាន​ចេញ​សេចក្ដីថ្លែងការណ៍​ជា​បន្តបន្ទាប់​ទទូច​ឱ្យ​តុលាការ​កម្ពុជា​ដោះលែង​អ្នកទោស​មនសិការ​ទាំង​អស់​ឱ្យ​មាន​សេរីភាព និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ស្ដារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត គឺ លោក មាស សុភ័ណ្ឌ និង​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី១៤ ខែ​ឧសភា។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ព្រួយបារម្ភ​ថា កម្ពុជា​អាច​រង​សម្ពាធ​ពី​សហភាព​អឺរ៉ុប​បន្ថែម​ទៀត ដោយសារតែ​កម្ពុជា​បរាជ័យ​ក្នុង​ការ​លើកកម្ពស់​សិទ្ធិ​មនុស្ស​។ លោក​បន្ត​ថា សំណើ​របស់​អង្គការ​អន្តរជាតិ និង​សហភាព​អឺរ៉ុប ដែល​ជំរុញ​ឱ្យ​កម្ពុជា​មាន​ការគោរព​សិទ្ធិមនុស្ស និង​ងាក​មក​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​វិញ​នោះ មិន​ប៉ះពាល់​ដល់​អធិបតេយ្យ​ជាតិ​ឡើយ។

លោក នី សុខា៖ «ប្រសិនជា​រដ្ឋាភិបាល​មាន​ឆន្ទៈ​ពិតប្រាកដ​នូវ​ការ​ស្ដារ​ឡើងវិញ​នូវ​បញ្ហា​សិទ្ធិមនុស្ស បញ្ហា​ប្រជាធិបតេយ្យ​ធ្វើការ​ស្រុះស្រួល​គ្នា រៀបចំ​ឱ្យ​មាន​ការ​ពិភាក្សា​គ្នា​រវាង​អ្នកដឹកនាំ​នយោបាយ​។ ទាំង​នយោបាយ​ជំទាស់ ទាំង​នយោបាយ​មិន​ជំទាស់​ទាំង​ហ្នឹង​ធ្វើ​ការ​ជជែក​គ្នា​ដើម្បី​ស្រុះស្រួល​ដើម្បី​ឯកភាព​ជាតិ​មួយ។ ហើយ​ងាក​ទៅ​រក​ការ​ស្ដារ​ឡើងវិញ​នៅ​បញ្ហា​សិទ្ធិមនុស្ស​ជាពិសេស​រៀបចំ​ដំណើរការ​បោះឆ្នោត ប្រកួតប្រជែង​តាមរយៈ​ការបោះឆ្នោត​មួយ​ប្រកប​ទៅ​ដោយ​ភាព​សេរី ត្រឹមត្រូវ និង​យុត្តិធម៌»។

ទន្ទឹម​នឹង​យុវជន​បារម្ភ​ពី​ការ​ដាក់​ទណ្ឌកម្ម​ពី​អន្តរជាតិ ក្នុង​កិច្ចប្រជុំ​ការ​ត្រួតពិនិត្យ​ឡើងវិញ​ជា​សាកល​តាម​កាលកំណត់ (UPR) ជុំ​ទី​៤​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) កាលពី​ថ្ងៃទី​០៨ ខែឧសភា បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​បន្ត​រិះគន់ និង​សម្ដែង​ការ​ព្រួយបារម្ភ​ជុំវិញ​ការណ៍​ដែល​កម្ពុជា​នៅតែ​បន្ត​រឹតត្បិត​លើ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ សិទ្ធិ​សេរីភាព​បញ្ចេញមតិ ជាពិសេស​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​រឹតត្បិត​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សំឡេង​ប្រឆាំង​។ ក្រុម​បណ្ដា​ប្រទេស​ប្រជាធិបតេយ្យ​ទាំងនោះ​ជំរុញ​ឱ្យ​កម្ពុជា លើកកម្ពស់​សិទ្ធិ​សេរីភាព​បញ្ចេញមតិ ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត និង​ច្បាប់​គណបក្ស​នយោបាយ​ដែល​រឹតត្បិត​ដល់​ការ​ចូលរួម​បោះឆ្នោត និង​ដោះលែង​មេ​បក្ស​ប្រឆាំង​លោក កឹម សុខា និង​សកម្មជន​សិទ្ធិមនុស្ស​កញ្ញា សេង ធារី ឱ្យ​មាន​សេរីភាព។

កាលពី​ទី​១២ ខែ​សីហា ឆ្នាំ​២០២០ សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ២០% ម្ដង​រួចហើយ​ក្រោយ គណៈកម្មការ​អឺរ៉ុប​រក​ឃើញ​ថា កម្ពុជា​មានការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ជា​ប្រព័ន្ធ​ដោយ​មិនអាច​ប្រកែក​បាន។

ក្រុម​យុវជន​ព្រមាន​ថា ប្រសិនបើ​លោក ហ៊ុន ម៉ាណែត មិន​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ​ដូចដែល​សហគមន៍​អន្តរជាតិ​បាន​លើកឡើង​ទេ​នោះ អឺរ៉ុប​និង​ប្រទេស​លោក​សេរី នឹង​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​បន្ថែម​ទៀត ដែល​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ខ្លាំង​ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment