លោក ហ៊ុន ម៉ាណែត ចាត់លោក គី តិច ឱ្យ​ការពារក្តីជនរងគ្រោះដោយ ឡេង ចាន់ណា

កម្ពុជា
កម្ពុជា-ច្បាប់
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅព្រឹកថ្ងៃទី១៥ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់លោក គី តិច ប្រធានក្រុមមេធាវីរបស់រដ្ឋាភិបាលកម្ពុជាឱ្យដោះស្រាយសំណុំរឿងបោកប្រាស់របស់អតីតឧកញ៉ា ឡេង ចាន់ណា។ ការចាត់តាំងលោក គី តិច ឱ្យ​ដោះស្រាយសំណុំរឿងមួយនេះត្រូវបានលោក ហ៊ុន ម៉ាណែត ពន្យល់ថា  គឺមកពីរដ្ឋមន្ត្រីក្រសួងដែនដី លោក សាយ សំអាល និងអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ្ឌ រួមនឹងជំនួយការច្បាប់របស់លោកមិនអាចដោះស្រាយបាន។

លោក ហ៊ុន ម៉ាណែត ចាត់លោក គី តិច ឱ្យ​ការពារក្តីជនរងគ្រោះដោយ ឡេង ចាន់ណា


លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសម្រេចប្រគល់សិទ្ធិឱ្យលោក គី តិច ប្រធានក្រុមមេធាវីរដ្ឋាភិបាលកម្ពុជាដោះស្រាយសំណុំរឿងបោកប្រាសរបស់អតីតឧកញ៉ា ឡេង ចាន់ណា ម្ចាស់ក្រុមហ៊ុនប្រ៊ីលានស៊ីធី។ ក្នុងសិទ្ធិប្រទានចុះថ្ងៃទី១៣ឧសភា ឆ្នាំ២០២៤ លោក គី តិច មានសិទ្ធិពេញលេញ ក្នុងការប្រតិបត្តិរៀបចំចាត់តាំងមេធាវីរដ្ឋាភិបាលជាមេធាវីតំណាងការពារសិទ្ធិ និងផលប្រយោជន៍ពលរដ្ឋរងគ្រោះ នៅតាមគ្រប់ស្ថាប័ន  និងសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់រហូតដល់សំណុំរឿងបិទបញ្ចប់។ ជុំវិញសេចក្តីសម្រេចនេះត្រូវបានលោកហ៊ុន ម៉ាណែតអះអាងក្នុងសំណេរហ្វេសប៊ុកថ្ងៃទី១៥ឧសភានេះថា គឺដើម្បីស្វែងរកដំណោះស្រាយសមស្របឱ្យពលរដ្ឋ តាមនីតិវិធីច្បាប់កម្ពុជា។ 

លោក ហ៊ុន ម៉ាណែត បានពន្យល់បន្ថែមថា  ការចាត់តាំងលោក គី តិច ឱ្យដោះស្រាយរឿងក្តីក្តាំបោកប្រាស់ពលរដ្ឋរបស់ឧកញ៉ាគ្រាក់ៗដែលអូសបន្លាយពេល៤ខែទៅហើយនេះក៏ព្រោះតែរដ្ឋមន្ត្រីក្រសួងដែនដីលោក សាយ សំអាល និងអភិបាលខេត្តសៀមរាបលោក ប្រាក់ សោភ័ណ្ឌ រួមនឹងជំនួយការច្បាប់របស់លោកនៅមិនអាចដោះស្រាយបាន។ ក្នុងសំណេរដដែល លោក ហ៊ុន ម៉ាណែត ក៏បានអះអាងបន្តតាមដានសំណុំរឿងនេះ និងក៏ស្នើឱ្យមេធាវី  និងស្ថាប័នពាក់ព័ន្ធត្រូវខិតខំយកចិត្តទុកដាក់ការពារផលប្រយោជន៍ពលរដ្ឋរងគ្រោះដោយការបោកប្រាស់របស់ ឡេង ចាន់ណា និងធានាឱ្យបាននូវការអនុវត្តច្បាប់ម៉ឺតម៉ាត់។

ជុំវិញចំណាត់ការថ្មីនេះ អ្នកឃ្លាំមើលសង្គមលោកសន ជ័យសាទរ និងរំពឹងថា រដ្ឋាភិបាលអាចពន្លឿនការដោះស្រាយឱ្យបានឆាប់។ តែក្នុងអំឡុងពេលនៃការដោះស្រាយ  លោកសន ជ័យឱ្យជាយោបល់ថា រដ្ឋាភិបាលគួរដាក់ចេញនូវយន្តការថ្មីមួយទៀតដោយជួយសម្របសម្រួលឱ្យ​មានការដោះស្រាយលើការខាតបង់ការប្រាក់នៅធនាគាររបស់ពលរដ្ឋរងគ្រោះដែលភាគច្រើនកំពុងជាប់បំណុលវ័ណ្ឌករ។

លោកហ៊ុន ម៉ាណែតចាត់លោកគី តិចឱ្យការពារក្តីជនរងគ្រោះដោយឡេង ចាន់ណា
លោកហ៊ុន ម៉ាណែតចាត់លោកគី តិចឱ្យការពារក្តីជនរងគ្រោះដោយឡេង ចាន់ណា © Ky Tech – គី តិច

សូមរម្លឹកថា នៅក្នុងសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុនប្រ៊ីលានស៊ីធីរបស់អតីតឧកញ៉ា ឡេង ចាន់ណា នេះ មានពលរដ្ឋជាង ៥០០០គ្រួសារបានដាក់ពាក្យប្តឹងក្រុមហ៊ុនពីបទបានឆបោកទឹកប្រាក់វិនិយោគរបស់ពួកគេទាំងការ និងដើមសរុបជាង ៣០០លានដុល្លារ។ គិតត្រឹមថ្ងៃទី១៧មេសា តុលាការខេត្តសៀមរាបបានបង្កកគណនីធនាគារ ១៨៣ និងទ្រព្យសម្បតិ្តមួយចំនួនរបស់ក្រុមឆបោកនេះ ដែលមិនដឹងពីទំហំទឹកប្រាក់សរុបឡើយ។ និងគិតត្រឹមថ្ងៃទី៧ឧសភា មនុស្ស ៧នាក់ត្រូវឃុំខ្លួន ក្នុងនោះមាន ឡេង ចាន់ណា ជាអគ្គនាយិកាក្រុមហ៊ុន ២នាក់ជា​អគ្គនាយករង និងអ្នកពាក់ព័ន្ធចំនួន២នាក់ទៀត៕

What Next?

Recent Articles

Leave a Reply

Submit Comment