លោក ហ៊ុន សែន «នៅ​ពី​ក្រោយខ្នង​កូនប្រុស» ដើម្បី​រក្សា​ការដឹកនាំ​កម្ពុជា​ទៅជា​របប​ផ្ដាច់ការ

ដោយ ទីន ហ្សាការីយ៉ា
2024.05.22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

លោក ហ៊ុន សែន «នៅ​ពី​ក្រោយខ្នង​កូនប្រុស» ដើម្បី​រក្សា​ការដឹកនាំ​កម្ពុជា​ទៅជា​របប​ផ្ដាច់ការ

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ថ្លែងក្នុងកម្មវិធីសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ កាលពីថ្ងៃទី២២ ឧសភា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន​ សែន


ត្រកូល​ហ៊ុន​កំពុងតែ​ដឹកនាំ​កម្ពុជា​ឆ្ពោះ​ទៅ​រក​របប​ផ្ដាច់ការ​ក្រោម​រូបភាព​ប្រជាធិបតេយ្យ​ក្លែងក្លាយ​។ អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ដាក់​ផែនការ​កម្ទេច​អ្នក​ដែល​មិន​គាំទ្រ​ខ្លួន​មិន​ខុសពី​របប​ខ្មែរក្រហម​ឡើយ។

កម្ពុជា​ក្រោម​ការដឹកនាំ​របស់​ត្រកូល ​ហ៊ុន បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ជា​ឧបករណ៍​ផ្ដាច់មុខ​សម្រាប់​ចាប់ចង​អ្នក​រិះគន់​ និង​មន្ត្រី​គណបក្សប្រឆាំង ដោយ​គ្មាន​ត្រា​ប្រណី។

ក្រុម​អ្នក​តាមដាន​កិច្ចការ​នយោបាយ​លើកឡើង​ថា លោក ហ៊ុន ម៉ាណែត គ្រាន់តែ​ជា​នាយករដ្ឋមន្ត្រី​និមិត្តរូប​ទេ តែ​ជាក់ស្ដែង​អ្នក​ដែល​កាច់ចង្កូត​ការដឹកនាំ​កម្ពុជា​នៅតែ​លោក ហ៊ុន សែន ដដែល។ លោក ហ៊ុន សែន បាន​ទាញ​កម្ពុជា​ទៅជា​របប​ផ្ដាច់ការ​ក្រោម​ផ្លាក​ប្រជាធិបតេយ្យ​ក្លែងក្លាយ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​លោក សេង វណ្ណលី មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​ដាក់​ទិសដៅ​សំឡេង​ប្រឆាំង ឬ​អ្នក​មិន​គាំទ្រ​ខ្លួន​ ដើម្បី​ត្រួស​ត្រាយ​ផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ដឹកនាំ​ប្រទេស​ទៅមុខ​ដោយ​គ្មាន​ឧបសគ្គ។

លោក ហ៊ុន ម៉ាណែត៖ «រដ្ឋាភិបាល​ព្យាយាម​បង្ក្រាប អាច​កម្ទេច​គណបក្សប្រឆាំង​នៅក្នុង​ស្រុក​។ មូលហេតុ​ដោយសារ​តែ​អតីត​នាយករដ្ឋមន្ត្រី​គិត​ថា ជា​ពេលវេលា​ល្អ ត្រួសត្រាយ​ផ្លូវ​សម្រាប់​ឱ្យ នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​ ហើយ​ឥឡូវ​នេះ ជា​ការ​ក្ដោបក្ដាប់​អំណាច​ទាំងស្រុង»។

រដ្ឋាភិបាល​ដឹកនាំ​ប្រទេស​ដោយ​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ និង​កម្លាំង​ប្រដាប់អាវុធ​បង្ក្រាប​ចាប់ចង​មនុស្ស​ដាក់​ពន្ធនាគារ​មិន​ថា អ្នក​រិះគន់​អ្នកប្រឆាំង សហជីព ស្ត្រី ឬ​យុវជន​ឥត​ត្រា​ប្រណី​។ ការ​ធ្វើ​ដូច្នេះ​ ដើម្បី​ជា​ស្ពាន​ចម្លង​លោក ហ៊ុន ម៉ាណែត ឱ្យ​ឡើង​កាន់​អំណាច​បន្ត។ ទោះបីជា​ពេលនេះ លោក ហ៊ុន ម៉ាណែត ក្ដោបក្ដាប់​អំណាច​បន្ត​ពី​លោក ហ៊ុន សែន បាន​ជោគជ័យ​ហើយក៏​ដោយ ក៏​រដ្ឋាភិបាល​ដឹកនាំ​ដោយ ហ៊ុន ម៉ាណែត នេះ​មិន​បន្ធូរដៃ​ពី​ការ​ចាប់ចង​អ្នក​មិន​គាំទ្រ​ខ្លួន​ឡើយ។

ចាប់តាំងពី​លោក ហ៊ុន ម៉ាណែត បាន​ឡើង​កាន់​អំណាច​មិន​ទាន់​បាន​មួយឆ្នាំ​ផង តុលាការ​បាន​ចាប់ខ្លួន​មនុស្ស​ជិត ៣០​នាក់​ហើយ​។ ករណី​ចាប់ខ្លួន​ចុងក្រោយ​មេដឹកនាំ​សហជីព លោក ម៉ម រិទ្ធី និង​ករណី​ចាប់ខ្លួន​លោក ស៊ុន ចន្ធី ប្រធាន​គណបក្ស​កម្លាំង​ជាតិ​ជាដើម។

អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​កាល​ពី​ឆ្នាំ​២០២២​ នៅមុន​ពេល​លោក​ផ្ទេរ​អំណាច​ឱ្យ​លោក ហ៊ុន ម៉ាណែត ថា ​លោក​នឹង​រក​វិធី ​ដើម្បី​កម្ចាត់​ ឬ​កម្ទេច​គណបក្សប្រឆាំង ​ដែល​លោក​ចោទ​ថា ជា​ក្រុម​ជ្រុលនិយម​ឱ្យ​អស់​ពី​កម្ពុជា។

លោក ហ៊ុន សែន «យើង​ក៏​កំពុង​រិះរក​ ដើម្បី​កម្ចាត់​ក្រុម​នេះ​ចោល (​ក្រុម​បក្ស​ប្រឆាំង​)​ ឱ្យ​អស់ពី​កម្ពុជា​។ និយាយ​ឱ្យចំ​គឺ ​ក្រុម​ជ្រុលនិយម​នៅ​កម្ពុជា»។

លោក ហ៊ុន សែន ចោទ​ប្រកាន់​គណបក្សប្រឆាំង​នេះ ​ហាក់​មិន​ខុសពី​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​ឡើយ។ ខ្មែរក្រហម​ច្រើន​យក​ពាក្យ សេអ៊ីអា (CIA) ស៊ី​អាយ​អេ) កាហ្សេបេ (KGB) ខេហ្ជីប៊ី) គិញ​យួន ​ទាហាន លន់ នល់ ឬ​នាយទុន ជាដើម ហើយ​ចោទ​ថា ជា​ខ្មាំង​។ នរណា​ម្នាក់ ​ដែល​ត្រូវ​គេ​ចោទ​ដូច្នេះ គឺ​ត្រូវ​កម្មាភិបាល​ខ្មែរក្រហម​យក​ទៅ​សម្លាប់​ភ្លាម ដោយ​គ្មាន​ការស៊ើបអង្កេត​រក​ខុសត្រូវ​អ្វី​ឡើយ។ ​ជួនកាល​ ការ​ចោទ​នោះ ធ្វើឡើង​ដោយ​ការ​សង​សឹក ចំពោះ​គំនុំគំកួន​ផ្ទាល់ខ្លួន ឬ​ដើម្បី​បិទបាំង​អំពើអាក្រក់​របស់​ខ្លួន​ជាដើម។

ខ្មែរក្រហម​ក៏បាន​អនុវត្ត​នយោបាយ «​ទឹក​ឡើង ត្រី​ស៊ី​ស្រមោច ទឹក​ហោច ស្រមោច​ស៊ី​ត្រី​» ដោយ​បាន​សម្លាប់​ទាហាន និង​មន្ត្រីរាជការ ព្រមទាំង​បញ្ញវន្ត​នៃ​របប​មុនៗ ​ដើម្បី​បន្សុទ្ធ​របប​ថ្មី ដែល​ពួកគេ​ថា ចេញ​ពី​វណ្ណៈ​កសិករ​។ ខ្មែរក្រហម​បាន​ជំរុញ​វិស័យ​កសិកម្ម​ជាធំ ​ក្នុង​ការ​ដឹកនាំ​ប្រទេស ដោយ​បង្ខំ​ពលរដ្ឋ​ទូទាំង​ប្រទេស​ឱ្យ​រស់នៅ​បែកខ្ញែក​ព្រាត់ប្រាស​ពី​ក្រុម​គ្រួសារ ទៅ​រស់​នៅ​តាម​ទី​ជនបទ​ ទៅ​ធ្វើ​ស្រែចម្ការ ដោយ​គ្មាន​គិតគូរ​អំពី​មនោសញ្ចេតនា និង​សុខុមាលភាព​របស់​ពួកគេ​ឡើយ​។ អ្នកប្រឆាំង ឬ​អ្នក​ដែល​ជាប់​សង្ស័យ​ថា មាន​និន្នាការ​ផ្សេង​ពី​អង្គការ​បដិវត្តន៍ ឬ​បក្ស​កុម្មុយនិស្ត​កម្ពុជា ត្រូវ​ចាត់ទុកជា​ខ្មាំង ដែល​ត្រូវ​កម្ទេច ឬ​សម្លាប់ចោល ​ដោយ​គ្មាន​ការ​វិនិច្ឆ័យ​ត្រឹមត្រូវ។

សម្រាប់​ការដឹកនាំ​របស់​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត វិញ​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ដែរ​។ អ្នក​មិន​យល់​ស្រប​តាម​គណបក្ស​ប្រជាជន ឬ​សកម្មជន​គណបក្សប្រឆាំង​មួយចំនួន​ត្រូវ​គេ​បាញ់សម្លាប់​រួមមាន​អ្នក​កាសែត​មេដឹកនាំ​សហជីព សកម្មជន​បរិស្ថាន​លោក ឈុត វុទ្ធី លោក ជា វិជ្ជា និង​បណ្ឌិត កែម ឡី ជាដើម​។ ក្រៅពី​នេះ​អាជ្ញាធរ​នៅក្នុង​ត្រកូល​ហ៊ុន​ចាប់​ដាក់គុក និង​មួយចំនួន​រត់​ភៀសខ្លួន ព្រាត់​ប្រាស់​ប្រពន្ធ​កូន​ និង​ក្រុម​គ្រួសារ ។ល។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ចេញ​ផ្សាយ​កាលពី​ឆ្នាំ​២០២៣ រក​ឃើញ​ថា កម្ពុជា​គឺជា​ប្រទេស​ធ្វើទុក្ខបុកម្នេញ​លើ​ប្រជាពលរដ្ឋ​ ដែល​រត់​ភៀសខ្លួន​នៅ​ក្រៅ​ប្រទេស​ធ្ងន់ធ្ងរ​ជាងគេ ក្នុង​ចំណោម​ប្រទេស​នៅ​លើ​ពិភពលោក ដែល​រួមមាន ប្រទេស​រុស្សី (Russia) ប្រទេស​ចិន (China) និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា (Myanmar) ជាដើម។

ទាក់ទង​នឹង​បញ្ហា​នេះ​ អ្នក​អត្ថាធិប្បាយ​នយោបាយ​លោក គឹម សុខ មាន​ប្រសាសន៍​ថា របប​ដឹកនាំ​ដោយ​ឪពុក​និង​កូន​នេះ កំពុងតែ​ដើរ​លើ​គន្លង​ខ្មែរក្រហម ​ដើម្បី​ការពារ​អំណាច ​និង​បក្ខពួក​។

លោក គឹម សុខ៖ «យុទ្ធសាស្ត្រ​របស់​ខ្មែរក្រហម ​និង​យុទ្ធសាស្ត្ររបស់​លោក ហ៊ុន សែន ដូចគ្នា​ស្ទើរតែ​ទាំងស្រុង​ខុសគ្នា​តែមួយ​ទេ គឺ​របប​ហ៊ុន សែន ចាយ​លុយ​ប្រព្រឹត្តិ​អំពើពុករលួយ​ ដើម្បី​លួង​ចិត្ត​ក្រុម​បក្ខពួក​របស់​ខ្លួន​ ដើម្បី​ឱ្យ​ការពារ​អំណាច​ខ្លួន​តែ​ប៉ុណ្ណឹង។ របប​លោក ហ៊ុន សែន នេះ ជា​របប​ខ្មែរក្រហម​ទី​ពីរ មិនអាច​សង្កត់​ទឹកចិត្ត​ប្រជាពលរដ្ឋ​បាន​ឡើយ»។

ទោះបីជា​បែបនេះ​ក្ដី​ ក្រុម​អ្នកវិភាគព្យាករថា អំណាច​ផ្ដាច់ការ​របស់​ត្រកូល ​ហ៊ុន នេះ​ នឹង​មិនអាច​បន្ត​ទៅ​មុខ​យូរ​ទៀត​ឡើយ​។ លោក​បញ្ជាក់​ថា ដ្បិតតែ​អាជ្ញាធរ​អាច​គាបសង្កត់​ពលរដ្ឋ​មិន​អាច​រើ​បម្រាស់​បាន​នៅ​ពេល​នេះ​ក្ដី តែ​ពលរដ្ឋ​កំពុងតែ​ធ្វើបាតុកម្ម​ក្នុង​ចិត្ត​មិន​ពេញចិត្ត​ទង្វើ​គាប​សង្កត់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​របស់​ត្រកូល​ហ៊ុន​នេះ​ទេ ដោយ​គេ​រង់ចាំ​តែ​ពេល​ផ្ទុះ​តែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment