លោក ហ៊ុន សែន បញ្ជា​ឱ្យ​បង្ក្រាប​​ចលនា​បដិវត្តន៍​ពណ៌ ទាំង​ដែល​កម្ពុជា​គ្មាន​សញ្ញា​បដិវត្តន៍​ពណ៌

ដោយ សេក​ បណ្ឌិត
2024.05.22
RFA

លោក ហ៊ុន សែន បញ្ជា​ឱ្យ​បង្ក្រាប​​ចលនា​បដិវត្តន៍​ពណ៌ ទាំង​ដែល​កម្ពុជា​គ្មាន​សញ្ញា​បដិវត្តន៍​ពណ៌

លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា​ ថ្លែងក្នុងកម្មវិធីសន្និសីទស្ដីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ កាលពីថ្ងៃទី២២ ឧសភា ២០២៤។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បញ្ជា​ឱ្យ​កងកម្លាំង​នគរបាល​ជាតិ និង​ទាហាន​បង្ក្រាប​រាល់​បុគ្គល ឬ​ក្រុម​ដែល​ហ៊ាន​ធ្វើ​បដិវត្តន៍​ពណ៌​។ មន្ត្រី​សង្គម​ស៊ីវិល​ចាត់ទុក​ថា ការ​ថ្លែង​សារ​នេះ​គឺជា​ការ​គំរាមកំហែង​ពលរដ្ឋ​នៅ​មុន​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ហើយ​កម្ពុជា​ក៏​គ្មាន​អ្នកធ្វើ​បដិវត្តន៍​ពណ៌​នោះ​ដែរ។

ប្រធាន​ព្រឹទ្ធសភា និង​ជា​ប្រធាន​បក្ស​កាន់អំណាច លោក ហ៊ុន សែន នៅ​ទី​២២ ខែ​ឧសភា បាន​ថ្លែង ក្នុង​សន្និសីទ​ស្ដីពី​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យពូជសាសន៍​ថា បុគ្គល​ឬ​ក្រុម​មួយចំនួន​នឹង​អាច​ប្រើប្រាស់​វិធីសាស្ត្រ​បដិវត្ត​ពណ៌​ដែល​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​សង្គ្រាម ឬ​ឈាន​ដល់​មាន​អំពើ​ប្រល័យ​ពូជសាសន៍​ឡើងវិញ។

អតីត​នាយករដ្ឋមន្ត្រី​ដែល​ធ្លាប់​បាន កាន់អំណាច​នៅ​កម្ពុជា​ជិត​៤០​ឆ្នាំមុន​ប្រគល់​អំណាច​ទៅ​ឱ្យ​កូនប្រុស​គ្រប់គ្រង​បន្ត​រូប​នេះ​បញ្ជា​ទៅកាន់​កងកម្លាំងប្រដាប់អាវុធ​ឱ្យ​បង្ក្រាប​រាល់​ក្រុម ឬ​បុគ្គល ដែល​លោក​ចាត់ទុកថា​ជា​អ្នកធ្វើ​បដិវត្ត​ពណ៌ ដើម្បី​ការពារ​សន្តិភាព​។ លោក ថា គន្លឹះ​របស់​បដិវត្ត​ពណ៌ គឺជា​ការ​បំបែក​អព្យាក្រឹត្យ​កងកម្លាំងប្រដាប់អាវុធ និង​រដ្ឋបាល​ស៊ីវិល​ដែល​ធ្លាប់​កើតឡើង​ម្ដង​រួច​ទៅ​ហើយ​កាល​ពី​ឆ្នាំ​២០១៣។

លោក ហ៊ុន សែន៖ «នេះ​គឺជា​ទីបញ្ជាការ​កងទ័ព​ជើងគោក មេបញ្ជាការ​កងទ័ពជើងគោក រដ្ឋមន្ត្រី​ការពារ​ជាតិ អគ្គបញ្ជាការ ចាំ​ឱ្យ​ច្បាស់ មេ​ប៉ូលិស ចាំ​ឱ្យ​ច្បាស់ អព្យាក្រឹត្យ​បានតែ​រវាង​បក្ស និង​បក្ស បើ​យើង​ជំពាក់​ការពារ​ឱ្យ​បក្សនយោបាយ​ណា​ត្រូវតែ​ការពារ​បក្សនយោបាយ​ដទៃ​ដូចគ្នា ប៉ុន្តែ​រវាង​បក្សនយោបាយ និង​រដ្ឋាភិបាល​អត់​មាន​អព្យាក្រឹត្យ​ទេ​សុំទោស ហែង​ចេញ​មក​ចង់​ផ្ដួលរំលំ​ដាក់​ហែង​ក្រវាត់​ចោល និយាយ​ឱ្យ​ច្បាស់​តែម្ដង»។

នេះ​មិនមែន​ជា​លើកទីមួយ​ទេ​ដែល​អតីត​កម្មាភិបាល​ខ្មែរក្រហម លោក ហ៊ុន សែន បាន​ចេញ​បញ្ជា​ឱ្យ​អ្នកក្រោមបង្គាប់​របស់​លោក​បង្ក្រាប​ទៅ​លើ​ក្រុម​ពលរដ្ឋ​ក្រោម​ហេតុផល​ធ្វើ​បដិវត្តន៍​ពណ៌ បើ​ទោះបីជា​នៅ​កម្ពុជា​គ្មាន​សញ្ញា​នៃ​ការ​ធ្វើ​បដិវត្តន៍​ក្តី។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ដែល​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​ដោយសារតែ​ការពារ​ធនធានធម្មជាតិ​កត់សម្គាល់​ថា កន្លងមក​ពលរដ្ឋ​ដែល​ជា​អ្នករងគ្រោះ​ដីធ្លី អ្នក​ធ្វើ​ការងារ​សង្គម ឬ​សកម្មជន​បរិស្ថាន​បែរជា​ត្រូវ​បាន​រដ្ឋាភិបាល​ចោទ​ប្រកាន់​ថា ពួកគាត់​ជា​អ្នកធ្វើ​បដិវត្តន៍​ពណ៌​ទៅវិញ​។ លោក​ថា​ការចោទប្រកាន់​ពលរដ្ឋ​ខ្មែរ ដោយ​គ្រាន់តែ​ពួកគាត់​ជា​អ្នក​នយោបាយ​ប្រឆាំង ឬ​អ្នកមាន​មតិផ្ទុយ​ពី​រដ្ឋាភិបាល ថា ជា​អ្នកធ្វើ​បដិវត្តន៍​ពណ៌​នោះ គឺ​វា​ហាក់​ស្រដៀង​នឹង​មេដឹកនាំ​កាលពី​សម័យ​ខ្មែរក្រហម​ដែរ​ដែល​តែង​បាន​ចោទប្រកាន់​ពលរដ្ឋ​ខ្លួន​ជា​ខ្មាំង​ទោះជា​ពលរដ្ឋ​មិន​បាន​ប្រព្រឹត្ត​កំហុស​អ្វី​ក៏ដោយ។

លោក លី ចាន់ដារ៉ាវុត៖ «យើង​មាន​កាលពី​សម័យ​ខ្មែរក្រហម មេដឹកនាំ​ខ្មែរក្រហម​តែងតែ​ចោទប្រកាន់​ប្រជាជន​ថា ស៊ីអាយអេ (CIA) ខេហ្សីប៊ី (KGB) អ្នកនេះ​ថា គិញ​យួន គិញ​ស៊ី​រូង​ផ្ទៃក្នុង​អី​ជាដើម ហើយ​ទីបំផុត​ទៅ​យើង​សម្លាប់​គ្នា ហើយ​នៅ​លើ​ផ្នូរ​របស់​យើង​សុទ្ធតែ​ខ្មែរ​ឆ្អឹង​ខ្មោច​ខ្មែរ ខ្មែរ​ស្លាប់​អស់​ពាក់​កណ្ដាល​ប្រទេស ហ្នឹង​ដោយសារតែ​យើង​លាប​ពណ៌​គ្នា»។

មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លោក យី សុខសាន្ត មាន​ប្រសាសន៍​ថា កម្ពុជា​មិន​មាន​អ្នក​ធ្វើ​សកម្មភាព​បដិវត្តន៍​ពណ៌ ឬ​ផ្ដួលរំលំ​រដ្ឋាភិបាល​អ្វី​នោះ​ទេ ខណៈ​លោក​យល់​ថា ការ​លើកឡើង​នេះ​គឺជា​សារ​គំរាមកំហែង​របស់​អ្នកនយោបាយ​នៅ​មុន​ការ​បោះឆ្នោត​ប៉ុណ្ណោះ​។ មន្ត្រី​សិទ្ធិមនុស្ស​រូប​នេះ​អំពាវនាវ​ឱ្យ​អ្នក​នយោបាយ​ងាក​មក​រួបរួម​គ្នា និង​ធ្វើ​ឱ្យ​បរិយាកាស​នយោបាយ​ល្អ​ប្រសើរ​នៅមុន​ការ​បោះឆ្នោត។

លោក យី សុខសាន្ត៖ «យើង​មើល​ស្ថានភាព​នៅ​ស្រុក​យើង​ឱ្យតែ​ជិត​បោះឆ្នោត​អីហ្នឹង​តែងតែមាន​វោហារសាស្ត្រ​នៃ​ការ​គំរាមកំហែង​ជារឿយៗ ពី​សំណាក់​អ្នកនយោបាយ អាហ្នឹង​ដែល​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​យើង​ហាក់ដូចជា​មិន​មាន​សេរីភាព​ក្នុង​ការ​ចូលរួម​នយោបាយ​ហាក់​នៅ​មាន​កម្រិត»។

លោក ហ៊ុន សែន ដែល​ធ្លាប់​ប្រកាស​ចង់​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​អស់​មួយ​ជីវិត កំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ផ្ទេរ​ដំណែង​សំខាន់ៗ​ទៅ​ឱ្យ​កូនៗ​និង​សែស្រឡាយ​របស់​លោក រួមមាន កូនប្រុស​ច្បង​របស់​លោក​គឺ លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​នាយករដ្ឋមន្ត្រី និង​មិនយូរប៉ុន្មាន​ថែមទាំង​បាន​លើក​លោក ហ៊ុន ម៉ាណែត ឱ្យ​ធ្វើ​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ ចំណែក​កូនប្រុស​លោក​ម្នាក់​ទៀត​គឺ លោក ហ៊ុន ម៉ានិត ក៏​ត្រូវ​បាន​ដំឡើង​តំណែង​ថ្មី​មួយទៀត ជា​មេ​បញ្ជាការ​រង​នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក ខណៈ​ដែល​កូនប្រុស​ពៅ​ដែល​ទើបនឹង​ទទួល​បាន​ដំណែង​ជា​រដ្ឋមន្ត្រី​មុខងារ​សាធារណៈ ក៏​ត្រូវ​បាន​តែងតាំង​ឱ្យ​ក្លាយជា​ឧបនាយករដ្ឋមន្ត្រី​ផង​ដែរ​។ ទោះជា​យ៉ាងណា លោក ហ៊ុន សែន ហាក់​នៅតែ​ព្រួយបារម្ភ​ពី​ការ​ការពារ​អំណាច​ត្រកូល​ហ៊ុន​របស់​លោក ដោយ​ជារឿយៗ​លោក​តែង​ចោទ​ក្រុម​អ្នកនយោបាយ​ប្រឆាំង និង​អ្នកមាន​មតិផ្ទុយ ជា​ក្រុម​បដិវត្តន៍​ពណ៌ និង​ចាប់​ពួកគេ​ដាក់​ពន្ធនាគារ​ទាំង​បំពាន​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment