ពលរដ្ឋ​មួយ​ចំនួន​នៅ​ឃុំ​សំរោង​ក្នុង​ខេត្ត​បាត់ដំបង បន្ត​ដុត​ក្រឡាន​លក់ ដើម្បី​ថែរក្សា​មុខ​របរ​ដូនតា និង​ដោះស្រាយ​ជីវភាព

ដោយ​ សេក បណ្ឌិត
2024.05.23
RFA


ពលរដ្ឋ​ចំនួន​ជាង ១០​គ្រួសារ នៅ​ឃុំ​សំរោងក្នុង ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង នៅ​បន្ត​ថែរក្សា​មុខរបរ​ដែល​បន្សល់​ទុក​តាំងពី​ដូនតា គឺ​ការ​ដុត​ក្រឡាន​លក់ ដែល​បាន​ក្លាយ​ជា​អត្តសញ្ញាណ​នៅ​តំបន់​នោះ។ របរ​នេះ ក៏​បាន​ជួយ​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួកគាត់​ឱ្យ​ល្អ​ប្រសើរ​ផង​ដែរ។

នៅ​វេលា​ម៉ោង​៣​ទៀបភ្លឺ ជា​ពេល​ដែល​ពលរដ្ឋ​ទូទៅ​កំពុង​សម្រាក​លង់លក់​ក្នុង​ដំណេក ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​នៅ ឃុំ​សំរោង​ក្នុង គឺជា​ពេល ដែល​ពួកគាត់ ក្រោក​លាយ​អង្ករ និង​រៀបចំ​បង្កាត់ភ្លើង​ដុត​ក្រឡាន ដើម្បី​ឱ្យ​ឆ្អិន​ក្ដៅៗ ទាន់​អ្នក​ទិញ​នៅ​ព្រឹក​ព្រលឹម។

អ្នកធ្វើ​ក្រឡាន លោកស្រី នូ ចាន់ ត្រូវ​ក្រោក​តាំងពី​ម៉ោង​២​យប់ ដើម្បី​លាយ​អង្ករដំណើប ជាមួយ​ខ្ទិះដូង ដោយសារ​មាន​អ្នក​កុម្ម៉ង់​ច្រើន​។ ទោះបី​របរ​ដុត​ក្រឡាន​នេះ មាន​ភាព​ហត់នឿយ អត់ងងុយ និង​ក្ដៅ យ៉ាងណាក៏ដោយ មុខរបរ​ដូនតា​មួយ​នេះ បាន​ផ្ដល់​ប្រាក់កម្រៃ​សមរម្យ​ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ជាពិសេស គឺ​បាន​ចូលរួម​ចំណែក​ថែរក្សា​មុខរបរ​ប្រពៃណី ដែល​បន្សល់ទុក​តាំងពី​សម័យ​សង្គមរាស្ត្រនិយម​មក​ម្ល៉េះ។

លោកស្រី នូ ចាន់៖ «មាន​ចាស់ៗ​ពី​ដើម ដូច​ថា​ខ្មោច​យាយ (​គាត់​ធ្វើ​ដូច​ពេល​ច្រូតស្រូវ​គេ​ធ្វើ​ហូប អ្នកខ្លះ​គេ​ធ្វើ​លក់​។ ខ្ញុំ​ឮ​ម៉ែ​ខ្ញុំ ខាង​(​ភូមិ​)​តា​កុក ខ្មោច​យាយ មល ហ្នឹង​គាត់​ខូច​ហើយ ល្បី​ណាស់​កាល​ហ្នឹង យាយ មល​ហ្នឹង​ល្បី​ដល់​ស្ដេច»។

គ្រឿងផ្សំ​ធ្វើ​នំក្រឡាន មាន​រូបមន្ត​ស្រដៀង​គ្នា នឹង​គ្រឿងផ្សំ​នំអន្សម​ដូង​ដែរ គ្រាន់តែ​នំក្រឡាន គេ​ដុត​នឹង​បំពង់​ឫស្សី រីឯ​នំអន្សមដូង គេ​វេច​នឹង​ស្លឹកចេក ហើយ​យក​ទៅ​ស្ងោរ​។ ដំណាក់កាល​ដំបូង គេ​យក​អង្ករ​ដំណើប ដែល​ត្រាំ​រីក លាយ​ជាមួយ​ខ្ទិះដូង សណ្ដែកខ្មៅ ស្ករស និង​អំបិល​។ បន្ទាប់មក គេ​ច្រក​គ្រឿង​ទាំងនោះ ទៅ​ក្នុង​បំពង់​ឫស្សី រួច​យក​ទៅ​ដាក់​តម្រៀប​គ្នា​នៅ​លើ​ថ្នាល​ចង្ក្រាន ហើយ​ដុត​រហូត​ដល់​ឆ្អិន។

ជាទូទៅ​គេ​មិន​ដុត​ក្រឡាន​ក្បែរ​ផ្ទះ​អ្នកភូមិ​ទេ ព្រោះ​មាន​ផ្សែង​ខ្លាំង ដោយ​គេ​ជញ្ជូន​ក្រឡាន យក​ទៅ​ដុត​នៅ​តាម​បណ្ដោយ​ផ្លូវ ជាប់​របង​វត្ត​សំរោង​ក្នុង ព្រោះ​នៅ​ទីនោះ ឆ្ងាយ​ពី​ផ្ទះ​អ្នកភូមិ និង​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​។ ទិដ្ឋភាព​ដុត​ក្រឡាន បង្កើត​បាន​ជា​ផ្សែង​ហុយ​ទ្រលោម លាយឡំ​ជាមួយ​ភាព​ស្ងាត់​ជ្រងំ​នៅ​ម៉ោង ៤​យប់ អម​ជាមួយ​ដើមឈើ​ធំៗ ក្បែរ​វត្ត​សំរោង​ក្នុង ហាក់ជា​ទិដ្ឋភាព​មួយ ដ៏​ព្រឺព្រួច ប៉ុន្តែ​នៅពេល​ព្រះអាទិត្យ​រះ​ឡើង អ្នកដំណើរ​នឹង​ឃើញ​ក្រឡាន ដែល​ទើប​សក​រួច មាន​ក្លិន​ឈ្ងុយ ដាក់​លក់​ត្រៀបត្រា​តាម​ដងផ្លូវ។

ជាទូទៅ ពលរដ្ឋ​ប្រកប​របរ​ដុត​ក្រឡាន​លក់ នៅ​ឃុំ​សំរោង​ក្នុង ប្រើ​អង្ករដំណើប​អស់ពី ៦ ទៅ ៧​គីឡូក្រាម​ក្នុង​មួយថ្ងៃ ដោយ​ចំណាយ​ថ្លៃដើម​អស់​ប្រហែល ១៤​ម៉ឺន​រៀល ហើយ​លក់​បាន​ប្រាក់​ចំណេញ​ប្រមាណ ៣​ទៅ ៤​ម៉ឺន​រៀល។

អ្នកធ្វើ​ក្រឡាន នៅ​ឃុំ​សំរោង​ក្នុង ម្នាក់ទៀត គឺ លោកស្រី វឿត សុផា ឱ្យ​ដឹង​ថា គ្រួសារ​លោកស្រី​ចាប់​យក​មុខរបរ​នេះ អស់​រយៈកាល ៤​ជំនាន់​មក​ហើយ​។ លោកស្រី​បន្ត​ថា ទោះបីជា​កន្លែង​ដុត​ក្រឡាន ក្លាយជា​តំបន់​ទេសចរណ៍ មាន​ភ្ញៀវ​បរទេស​មកលេង​ក្ដី ប៉ុន្តែ​ម៉ូយ​ពិសេស​របស់​ក្រឡាន នៅតែ​ជា​ពលរដ្ឋ​ខ្មែរ ដែល​ជា​អ្នកដំណើរ ព្រោះ​ភ្ញៀវ​បរទេស​ភាគច្រើន មិន​ទម្លាប់​ទទួល​ទាន​ក្រឡាន​នោះ​ទេ។

លោកស្រី វឿត សុផា៖ «ភាគច្រើន​មានតែ​ខ្មែរ បរទេស​គេ​មក​មើល​ហ្នឹង មក​ថត ភ្លក់​មួយ​គ្នា​១០​នាក់​អី​ទៅ ភ្លក់​ម្នាក់​មួយ​ម៉ាត់​។ ភាគច្រើន​ខ្មែរ​យើង​អ្នកដំណើរ អ្នក​ទៅ​ភ្នំពេញ​អី​អ៊ីចឹង ទិញ​ច្រើនៗ ទិញ​ផ្ញើ​បងប្អូន​។ គ្មាន​បរទេស​ទិញ​ទេ បរទេស​មក​តែ​មើល​។ ទិញ​តែមួយ គេ​ភ្លក់​គេ​ចង់​ដឹង​របស់​ខ្មែរ​យើង​ហ្នឹង​ណា»។

ចំពោះ​តម្លៃ​ក្រឡាន គឺ​បែងចែក​ទៅតាម​ទំហំ​ដើម​ឫស្សី ដោយ​ចាប់ពី​គល់​ធំ​ជាង​គេ មាន​តម្លៃ ៤​ពាន់​រៀល រហូត​ដល់​ចុង​មាន​តម្លៃ ១​ពាន់​រៀល។

អ្នកដំណើរ ដែល​បាន​ចូល​ទិញ​ក្រឡាន កញ្ញា ស៊ុន ស្រីនិច ប្រាប់​ថា កញ្ញា​តែងតែ​ឆៀង​ចូល​ទិញ​ក្រឡាន​របស់​អ្នកភូមិ​សំរោង​ក្នុង ដោយ​ក្រឡាន​នៅ​ភូមិ​មួយ​នេះ មាន​រសជាតិ​ឆ្ងាញ់ ធ្វើ​ឡើង​ពី​អង្ករ​ដំណើប​សុទ្ធ និង​ដុត​ថ្មីៗ។

កញ្ញា ស៊ុន ស្រីនិច៖ «ខ្ញុំ​ចូលចិត្ត​ជិះ​កាត់​តាមផ្លូវ​នេះ ហើយ​ឧស្សាហ៍​ឈប់​ទិញ​ក្រឡាន​ហូប ដោយសារ​ឆ្ងាញ់ គាត់​ធ្វើ​បែប​ធម្មជាតិ ដាក់​ខ្ទិះដូង​ច្រើន ហើយ​ក្រឡាន​ថ្មីៗ អ៊ីចឹង ឆ្ងាញ់​ជាង​ក្រឡាន​លក់​នៅ​បេនឡាន»។

ពលរដ្ឋ​ប្រកប​របរ​ដុត​ក្រឡាន​លក់ នៅ​ឃុំ​សំរោង​ក្នុង ប្រាប់​ថា បច្ចុប្បន្ន​ក្នុង​ឃុំ​សំរោង​ក្នុង​មាន​អ្នក​ដុត​ក្រឡាន​លក់​កាន់តែ​ច្រើន ជាពិសេស​នៅ​ភូមិ​សំរោង​ក្នុង​សំរោងស្នោ សំរោង​អូរទ្រា និង​សំរោង​តាកុក ជាដើម ប៉ុន្តែ​ពួកគាត់​មិនទាន់​រួមគ្នា​បង្កើត​ជា​សហគមន៍​នៅឡើយ។

ពលរដ្ឋ​ប្រកប​របរ​ដុត​ក្រឡាន នៅ​ឃុំ​សំរោង​ក្នុង អំពាវនាវ​ឱ្យ​អតិថិជន​បន្ត​គាំទ្រ ក្រឡាន​របស់​ពួកគាត់ ដើម្បី​អភិរក្ស​មុខរបរ ដែល​បន្សល់ទុក​ពី​ដូនតា មួយ​នេះ កុំឱ្យ​បាត់បង់ ឬ​លែង​មាន​អ្នកធ្វើ ដែល​នាំ​ឱ្យ​បាត់បង់​នូវ​អត្តសញ្ញាណ​ផលិតផល​ក្នុង​តំបន់​ឃុំ​សំរោង​ក្នុង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles