ដោយ សុ ជីវី
2024.05.22
RFA

កុមារា ក្នុងចំណោមបុរសស្ត្រីមានវ័យ ចន្លោះពី ៨ ដល់ ៦០ឆ្នាំ បួសជាព្រះសង្ឃនៅវត្ត សុរិយារាម ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្នុងអំឡុងបុណ្យវិសាខបូជា នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ពីពលរដ្ឋ
ជាធម្មតានៅមុន ឬអំឡុងពេលបុណ្យវិសាខបូជា គេសង្កេតឃើញ មានពុទ្ធបរិស័ទខ្លះ នាំគ្នាត្រៀមទៅវត្ត ដើម្បីធ្វើបុណ្យទាន។ រីឯពលរដ្ឋខ្លះទៀត បានស្ម័គ្រចិត្តបួសជាព្រះសង្ឃ និងដូនជី ក្នុងសំណាក់ព្រះពុទ្ធសាសនា ដើម្បីរៀនសូត្រព្រះធម៌របស់ព្រះពុទ្ធ និងអប់រំចិត្ត ដោយពួកគាត់យល់ថា ព្រះធម៌ គឺជាថ្នាំព្យាបាលបញ្ហាផ្លូវចិត្តដ៏ល្អ។
ជាក់ស្ដែង ព្រះសង្ឃគង់នៅវត្ត «សុរិយារាម» ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង តែងតែបំបួសកុលបុត្រ កុលធីតាខ្មែរ រាប់រយនាក់ជារៀងរាល់ឆ្នាំ នៅក្នុងឱកាសបុណ្យវិសាខបូជា។ ការបំបួសនេះ គឺ ដើម្បីផ្សារភ្ជាប់ ការអប់រំតាមគន្លងព្រះធម៌របស់ព្រះពុទ្ធ ស្របពេលដែលបុណ្យវិសាខបូជានេះ ត្រូវបានពុទ្ធបរិស័ទ នៅជុំវិញពិភពលោកប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃ ដែលព្រះពុទ្ធទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន។
ព្រះចៅអធិការវត្តសុរិយារាម ព្រះតេជព្រះគុណ ទុយ សុឃីម ប្រាប់វិទ្យុអាស៊ីសេរីថា ការរៀបចំពិធីបំបួសកុលបុត្រ កុលធីតាខ្មែរនៅវត្តអារាមរបស់ព្រះអង្គ រហូតមកដល់ពេលនេះ បាន ៨លើកមកហើយ ចាប់តាំងពីឆ្នាំ២០១៦។ នៅឆ្នាំនេះ មានយុវជន និងយុវតីជិត ២០០នាក់ បានស្ម័គ្រចិត្តមកបួសជាព្រះសង្ឃ និងដូនជី រយៈពេលមួយសប្ដាហ៍។ ព្រះអង្គ មានថេរដីកាថា ការបំបួសនេះ ដើម្បីអប់រំផ្នែកផ្លូវចិត្ត និងក្រមសីលធម៌ ដល់យុវជនជាសំខាន់។
ព្រះតេជព្រះគុណ ទុយ សុឃីម៖ «ការធ្វើនេះ គោលបំណងគឺ បញ្ជ្រាបព្រះពុទ្ធសាសនាចូលទៅស្រទាប់យុវវ័យ ដោយសារតែបច្ចុប្បន្ននេះ នៅក្នុងប្រទេសកម្ពុជាយើង ឃើញថា ព្រះពុទ្ធសាសនា ជ្រាបទៅលើវ័យចាស់ៗ។ អ៊ីចឹង បង្កើតបុណ្យបំបួសនេះឡើង បានប្រយោជន៍ពីរ។ ទី១ យើងអាចជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលពួកគាត់ មានជីវភាពក្រីក្រ ដែលគ្មានលទ្ធភាពបួស គាត់មានឱកាសបួស គឺនៅទីនេះចេញឱ្យទាំងអស់។ ទី២ យើងអាចផ្សារភ្ជាប់រវាងព្រះសង្ឃ និងយុវវ័យបានល្អ។ អ្វីដែលសំខាន់នោះគឺ យើងកែស្រទាប់យុវវ័យយើងឱ្យមានសីលធម៌ គុណធម៌ និងកតញ្ញូ»។
ពិធីបំបួសព្រះសង្ឃ និងដូនជី នេះមានរយៈពេល ៨ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ទី២៤ ខែឧសភា។ រីឯ ព្រះសង្ឃ និងដូនជី គេឃើញមានភាគច្រើនជាយុវជន និងក្មេងៗ សុទ្ធសឹងតែ ជាសិស្សានុសិស្ស កំពុងសិក្សានៅថ្នាក់បឋមសិក្សា រហូតដល់សាកលវិទ្យាល័យ។ ចំណែកមនុស្សវ័យចំណាស់ មានតិចតួចប៉ុណ្ណោះ។
ព្រះតេជព្រះគុណ សឿម ពៅ ជាព្រះសង្ឃទើបតែបួសថ្មី៖ «អាត្មាស្រឡាញ់ព្រះពុទ្ធសាសនា ក៏មកបួស។ តែមកបួសនេះ ក៏អត់បានយូរទេ បួសបាន ៨ថ្ងៃ ដើម្បីថ្ងៃពិសាខបូជា។ បួសនេះ គឺដើម្បីលាបំណន់។ តាមអាត្មាយល់ថា ពេលណាយើងធ្វើបុណ្យទៅ ក្រែងលោយើងជាតិក្រោយ អនាគត យើងបានសេចក្ដីសុខ និងរុងរឿងថ្ងៃក្រោយរហូត។»
ព្រះតេជព្រះគុណ សឿម ពៅ ធ្លាប់មានក្ដីស្រមៃចង់បួសជាព្រះសង្ឃជាច្រើនលើកមកហើយ ប៉ុន្តែ ពុំដែលបានសម្រេច។ ដោយឡែក នៅឆ្នាំនេះ ព្រះអង្គមានព្រះជន្ម ៥៧ឆ្នាំ ទើបតែមានឱកាសមកបួស ដើម្បីរៀនសូត្រពីព្រះពុទ្ធសាសនា។
រីឯយុវតីម្នាក់ទៀត កញ្ញា គង់ ស្រីណេ លើកឡើងថា ការបួសជាដូនជី រក្សាសីល តាមប្រពៃណី ព្រះពុទ្ធសាសនា គឺ ដើម្បីតបគុណដល់ឪពុកម្ដាយ និងអប់រំផ្លូវចិត្ត។ កញ្ញាបន្តថា នៅពេលបានបួសជាដូនជី ធ្វើឱ្យអារម្មណ៍ស្ងប់ ពុំសូវគិតច្រើន ព្រោះបានធ្វើសមាធិ។
កញ្ញា គង់ ស្រីណេ ពៅ យុវតីបួសជាដូនជី៖ «សម្រេចមកបួស ដើម្បីសងគុណដល់អ្នកទាំងពីរ ហើយអ្វីដែលកូនបានធ្វើកន្លងមក ដែលពាក្យមិនល្អមកលើឪពុកម្ដាយ។ កូនសុំមកលាងបាប ក៏បួសជូនម្ដាយ និងឪពុក។ ចំណែកការមកបួសនេះ ក៏ចង់ឱ្យចិត្តស្ងប់ ព្រោះបានដំណឹងថា កាលណាយើងបានមកបួសជាដូនជី គឺព្រះសង្ឃបានបង្រៀនគ្រប់យ៉ាងឱ្យចិត្តរបស់យើងស្ងប់បាន ហើយអ្វីដែលយើងគិតអត់ដល់ ព្រះសង្ឃអាចឱ្យយោបល់យើងបាន ដូចជាការសមាធិជាដើម»។
វត្តអារាមមួយចំនួន នៅក្នុងប្រទេសកម្ពុជា បានរៀបចំពិធីបំបួស ប្រជាពលរដ្ឋ ជាពិសេស ក្នុងពិធីបុណ្យ ព្រះពុទ្ធសាសនា ធំៗ ដូចជា ពិធីបុណ្យមាឃបូជា វិសាខបូជា និងអាសាឍបូជា (អាសាឡ្ហបូជា) ជាដើម។ ពលរដ្ឋទាំងនោះ ភាគច្រើន មានវ័យ ចន្លោះ ពី៨ឆ្នាំ ដល់៦០ឆ្នាំ។ ពលរដ្ឋភាគច្រើនលើកឡើងថា ពួកគាត់ឆ្លៀតពេលចូលបួសរយៈពេលខ្លីនេះ គឺដើម្បីសិក្សាពាក្យធម៌ ដែលជាពាក្យប្រៀនប្រដៅរបស់ព្រះពុទ្ធ និង ដើម្បីអប់រំផ្លូវចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។