គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​អាសនៈ​ក្រុម​ប្រឹក្សា​លើស​លប់ ខណៈ​គណបក្ស​ជំទាស់​ឈ្នះ​បាន​៣៥០​អាសនៈ

២៧ ឧសភា ២០២៤
មាស​ ដា
ស៊ុន ណារិន
វីអូអេខ្មែរ

ប្រធាន​ការិយាល័យ​បោះឆ្នោត​នៃ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ឬស្សីកែវ បង្ហាញ​សន្លឹក​ដែល​បាន​គូស​ចំ​គណបក្ស​ឆន្ទៈខ្មែរ នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)
ប្រធាន​ការិយាល័យ​បោះឆ្នោត​នៃ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ឬស្សីកែវ បង្ហាញ​សន្លឹក​ដែល​បាន​គូស​ចំ​គណបក្ស​ឆន្ទៈខ្មែរ នៅ​មណ្ឌល​បោះឆ្នោត​វិទ្យាល័យ​ឬស្សីកែវ ខណ្ឌ​ឬស្សីកែវ ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៤។ (ស៊ឹម ចាន់សំណាង/វីអូអេ)

ភ្នំពេញ — មន្រ្តី​គណបក្ស​ឆន្ទៈ​ខ្មែរ​ឱ្យ​ដឹង​ថា​ គណបក្ស​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ ​សរុប​ប្រមាណ​ ៣៥០ ​អាសនៈ ​ដែល​សំឡេង​គាំទ្រ​មាន​ប្រមាណ​ ១១% ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ​ក្រុង​ស្រុក​ខណ្ឌ ​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អាទិត្យ។​ គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​កាន់​អំណាច​បាន​ឈ្នះ​អាសនៈ​លើស​លប់​ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ប្រមាណ ​៨៦%។​

លោក ​គង់ មុនីកា ​អគ្គ​លេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ ​និង​ជា​សមាជិក​ព្រឹទ្ធ​សភា​មួយ​រូប ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ​លទ្ធផល​បឋម​បង្ហាញ​ថា​ គណបក្ស​ទទួល​បាន​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត ​សរុប​ប្រមាណ​ ៥០ ​អាសនៈ ​ខណៈ​ទទួល​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​ ជាង ​៣០០។​ លោក​បន្ថែម​ថា​ តួលេខ​នេះ​មិន​ខុស​ពី​ការ​ប៉ាន់​ស្មាន​ក្រោយ​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​ដែល​គណបក្ស​ឆន្ទៈ​ខ្មែរ​ឈ្នះ​បាន ​៣ ​អាសនៈ។ ​ទោះ​ជា​យ៉ាង​ណា ​លោក​មើល​ឃើញ​ថា ​នៅ​មុន​ដំណើរ​ការ​បោះ​ឆ្នោត​មាន​រូបភាព​នៃ​ការ​បំភិត​បំភ័យ ​ទិញ​ទឹក​ចិត្ត​ ហើយ​បេក្ខ​ជន​និង​អង្គ​បោះ​ឆ្នោត​ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន ​នៅ​មុន​ការ​បោះ​ឆ្នោត ​ដែល​លោក​ថា ​ប៉ះពាល់​បរិយាកាស​នៃ​ការ​បោះ​ឆ្នោត។​


បើ​តាម​លោក ​គង់ មុនីកា ​គណបក្ស​របស់​លោក​មិន​អាច​ដូរ​អង្គ​បោះ​ឆ្នោត​មួយ​ចំនួន ​ដែល​ជា​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ ដែល​នេះ​ប៉ះ​ពាល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ផង​ដែរ។​

លោក ​គង់ មុនីកា ​បន្ថែម​ថា​ ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ​ក្នុង​ឆ្នាំ​ ២០១៧​ លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី​ពហុបក្ស​មិន​មាន​ឡើយ​ ជា​ពិសេស​នៅ​ថ្នាក់​ក្រោម​ជាតិ។ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ​គ្រប់​លំដាប់​ថ្នាក់​នៃ​ការ​ដឹកនាំ​មាន​វត្តមាន​នៃ​គណបក្ស​ជំទាស់​ឡើង​វិញ។​

លោក​ថ្លែង​ថា៖​ «ខ្ញុំ​ជឿ​ជាក់​ថា​ បង​ប្អូន​ដែល​ទទួល​បាន​នូវ​ការ​ជាប់​ឆ្នោត​នេះ​នឹង​អនុវត្ត​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ឱ្យ​បាន​ត្រឹម​ត្រូវ ​តម្កល់​ផល​ប្រយោជន៍​របស់​ប្រជា​ពលរដ្ឋ ​ក៏​ដូច​ជា​ផល​ប្រយោជន៍​របស់​ប្រទេស​ជាតិ​ ឬ​ក៏​ខេត្ត ​ឬ​ក៏​ស្រុក​របស់​ខ្លួន​ឱ្យ​បាន​ខ្ពស់ ​ដើម្បី​ធានា​ថា​ កម្ពុជា​មាន​ការ​អភិវឌ្ឍ​មួយ​ដែល​ត្រឹម​ត្រូវ ​ស្រប​តាម​គោល​ការណ៍​លទ្ធិ​ប្រជា​ធិបតេយ្យ ​សេរី​ពហុ​បក្ស»។​

លោក ​គង់ មុនីកា ​ក៏​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​រើស​អើង​នយោបាយ​ផង​ដែរ។​

លទ្ធផល​បឋម​ដែល​ផ្តល់​ដោយ​លោក ​សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​បង្ហាញ​ថា​ គណបក្ស​កាន់​អំណាច​ទទួល​បាន​សំឡេង​គាំទ្រ​សរុប​ចំនួន​ ៩.៩៨៦​សំឡេង ​ស្មើ​នឹង​ ៨៦% ​នៃ​អង្គ​បោះ​ឆ្នោត​សរុប។ ​ចំណែក​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​ ១.២៨៦​ សំឡេង​ស្មើ​នឹង ​១១% ​នៃ​អង្គបោះ​ឆ្នោត​សរុប។​

អ្នក​នាំ​ពាក្យ​រូប​នេះ​បន្ថែម​ថា​ គណបក្ស​កាន់​អំណាច​នៅ​តែ​បន្ត​ធ្វើ​កិច្ចការងារ​របស់​ខ្លួន​ដូច​ធម្មតា ​និង​ស្រប​តាម​គោល​ការណ៍​នៃ​គណបក្ស ​បើ​ទោះ​បី​មាន​វត្តមាន​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ​ចូល​រួម​ក្នុង​ក្រុម​ប្រឹក្សា​ក៏​ដោយ។​

លោក​ថ្លែង​ថា៖ ​«ធ្វើ​ការ​ធម្មតា​តើ​ក្មួយ! ​[ធ្វើ​ការ]​ទៅ​តាម​គោល​ការណ៍​គណបក្ស​នីមួយៗ»។​

បើ​តាម​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ហៅកាត់​ថា​ គ.ជ.ប​ តួលេខ​បណ្តោះ​អាសន្ន​នៃ​អ្នក​បោះ​ឆ្នោត​សរុប​មាន​ចំនួន​ ១១.៥៩៨ ​នាក់​ ស្មើ​នឹង ​៩៩,៧៩% ​នៃ​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ចំនួន​សរុប​ចំនួន​ ១១.៦២២ ​នាក់​ ពោល​គឺ​ ២៤ ​នាក់​អវត្តមាន។​

លោក ​ប្រាជ្ញ ចន្ទ ​ប្រធាន ​គ.ជ.ប​ បាន​វាយ​តម្លៃ​ជា​រួម​ថា​ បរិយាកាស​ទូទៅ​ជុំវិញ​ការ​បោះ​ឆ្នោត​មាន ​«សភាព​ល្អ​ប្រសើរ ​ដែល​បង្ក​លក្ខណៈ​ដល់​ការ​បោះ​ឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​គ្មាន​អំពើ​ហិង្សា ​គ្មាន​ការ​គំរាម​កំហែង ​និង​ពុំមាន​សកម្ម​ភាព​ធ្វើ​ឱ្យ​រាំង​ស្ទះ​ដល់​ដំណើរការ​បោះ​ឆ្នោត​ឡើយ ​ដែល​យើង​អាច​ចាត់​ទុក​ថា​ ការ​បោះ​ឆ្នោត​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹម​ត្រូវ​ យុត្តិធម៌ ​និង​ទទួល​បាន​លទ្ធផល​ជោគ​ជ័យ​គួរ​ជាទី​មោទនៈ»។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ ​គ.ជ.ប​ ចេញ​ផ្សាយ​ កាល​ពី​ថ្ងៃ​អាទិត្យ។​

អង្គ​បោះ​ឆ្នោត​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ខេត្ត​ក្រុង​ស្រុក​ខណ្ឌ​ជាក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់​ដែល​មាន​ប្រមាណ​ ១២.០០០​ នាក់ ​ដែល​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​បោះ​ឆ្នោត​ឱ្យ​កាល​ពី​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាល​ពី​ឆ្នាំ​ ២០២២។​

កាល​ពី​ឆ្នាំ​ ២០២២ ​គណ​បក្ស​ភ្លើងទៀន​ឈ្នះ​បាន​អាសនៈ​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ប្រមាណ ​២.២០០។​ ចំណែក​គណ​បក្ស​កាន់​អំណាច​ទទួល​បាន ​៩.៤០០ ​អាសនៈ។​

ក្រៅ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​ គណបក្ស​កម្លាំង​ជាតិ​ គណ​បក្ស​ហ៊្វុនស៊ិនប៉ិច ​និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ក៏​ចូលរួម​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​នេះ​ដែរ។​

ការ​បោះ​ឆ្នោត​ដែល​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្តង​មាន​អាសនៈ​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ​ក្រុង ​ស្រុក​ និង​ខណ្ឌ​សរុប​ចំនួន ​៤.២០០ ​នៅ​ទូទាំង​ ២៥ ​ខេត្ត​រាជធានី។ ​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង​ ស្រុក ​ខណ្ឌ​នីមួយៗ​ត្រូវ​ធ្វើ​ជា​តំណាង ​និង​ធ្វើ​សកម្ម​ភាព​ក្នុង​នាម​ប្រជា​ពលរដ្ឋ​ទាំង​អស់​ដែល​រស់​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ​ដោយ​ត្រូវ​បង្កើត​ ជំរុញ​ ​និង​ធ្វើ​ឱ្យ​មាន​ចីរភាព​ដល់​ការ​អភិវឌ្ឍ​តាម​បែប​ប្រជា​ធិបតេយ្យ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។ ​ក្រុម​ប្រឹក្សា​មាន​សិទ្ធិ​អំណាច​ធ្វើ​សេចក្តី​សម្រេច​ខាង​បញ្ញត្តិ ​និង​សេចក្តី​សម្រេច​ខាង​ប្រតិបត្តិ ​ហើយ​សិទ្ធិ​ពិសេស​មួយ​ទៀត​របស់​ក្រុម​ប្រឹក្សា ​គឺ​ធ្វើ​សំណើ​ទៅ​រដ្ឋាភិបាល​ក្នុង​ការ​ដក​ហូត​តំណែង​គណៈ​អភិបាល​ជាដើម៕

What Next?

Recent Articles

Leave a Reply

Submit Comment