កម្ពុជា
27/05/2024 – 11:03
ដោយ៖ អ៊ឹង ប៊ុនថន
RFI
ប្រទេសចិនបានបញ្ជាក់ពីការគាំទ្រគម្រោងអភិវឌ្ឍន៍ជាច្រើននៅកម្ពុជា ក្នុងនោះមានទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ» ដែលចិនចាត់ទុកថា មានសារសំខាន់ជាយុទ្ធសាស្ត្រ។ ជាយុទ្ធសាស្រ្តដោយចិនអះអាងថាខ្លួនមានបទពិសោធន៍ជោគជ័យជាយូរមកហើយលើវិស័យនេះ។ ការបញ្ជាក់ពីការគាំទ្ររបស់ចិនបែបនេះធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាស្តីពីទស្សនកិច្ចរបស់ប្រមុខការទូតកម្ពុជាទៅកាន់ប្រទេសចិនពីថ្ងៃទី២៣ដល់ទី២៥ ខែឧសភាឆ្នាំ២០២៤។
ចិនបញ្ជាក់ពីការគាំទ្រលើការគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ»
នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក សុខ ចិន្តាសោភា និងប្រមុខការទូតចិន លោក វ៉ាង យី សមភាគីចិនបានឆ្លើយតបនឹងសំណើរបស់កម្ពុជាដែលស្នើឲ្យចិនបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីបន្ថែមនៅកម្ពុជា ផ្តល់ការបណ្តុះបណ្តាលជំនាញសំដៅបង្កើនកម្លាំងពលកម្ម គាំទ្រគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ រួមមាន វិស័យដឹកជញ្ជូន ឡូជីស្ទិក ប្រព័ន្ធធារាសាស្ត្រ រួមទាំងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះ «ហ្វូណនតេជោ»។ គម្រោងស្តារព្រែកជីកដែលដាក់ឈ្មោះថា «ហ្វូណនតេជោ» ត្រូវបានរដ្ឋាភិបាលកម្ពុជាប្រកាសថាអាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤នេះ។
គម្រោងមួយនេះដែលត្រូវការទឹកប្រាក់១៧០០លានដុល្លារនៅក្រោមរូបមន្ត សាងសង់ ប្រតិបត្តិការ និងផ្ទេរ (BOT) ត្រូវបានគេរាយការណ៍ថា នឹងអនុវត្តដោយក្រុមហ៊ុនសំណង់ស្ពានថ្នល់ចិន។ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានចេញមកបដិសេធថា ការបើកការដ្ឋានសាសង់ព្រែកជីកហ្វូណនមិនធ្វើនៅថ្ងៃទី១២ខែមិថុនាឆ្នាំ២០២៤ ដូចការលើកឡើងពីមជ្ឈដ្ឋានមួយចំនួននោះទេ។ បើតាមអតីតនាយករដ្ឋមន្ត្រីរូបនេះ ការបើកការដ្ឋានសាងសង់នៅពេលណាជាសិទ្ធិផ្តាច់មុខរបស់នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោក ហ៊ុន ម៉ាណែត ធ្លាប់បានប្រកាសកន្លងមកថា គម្រោងព្រែកជីកនេះអាចបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥។

គួរបញ្ជាក់ថា គម្រោងស្តារព្រែកជីកជាប្រវត្តិសាស្ត្រមួយនេះត្រូវបានគាំទ្រដោយពលរដ្ឋកម្ពុជាភាគច្រើន ខណៈដែលភាគីវៀតណាមប៉ុនប៉ងប្រឆាំងក្រោមលេសប៉ះពាល់បរិស្ថាន និងលំហូរទឹកទន្លេមេគង្គ។ ចំណែកលោក សម រង្ស៊ី ប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិដែលនិរទេសខ្លួននៅក្រៅប្រទេសបានចាត់ទុកគម្រោងនេះថាជាយុទ្ធសាស្ត្ររបស់ចិនដើម្បីប្រើប្រាស់ភ្ជាប់នឹងមូលដ្ឋានទ័ពចិននៅសមុទ្ររាម៕