អ្នកវិភាគ៖ ប្រមុខ​ការពារ​ជាតិ​អាមេរិក​មក​កម្ពុជា​ដើម្បី​ទប់​ឥទ្ធិពល​យោធា​ចិន

២៧ ឧសភា ២០២៤
ហាន ណូយ
វីអូអេខ្មែរ

រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin ថ្លែងនៅក្នុង​ជំនួប​មួយ​ នៅក្រសួងការពារជាតិ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។
រដ្ឋមន្ត្រី​ការពារជាតិ​សហរដ្ឋអាមេរិក​លោក Lloyd Austin ថ្លែងនៅក្នុង​ជំនួប​មួយ​ នៅក្រសួងការពារជាតិ​សហរដ្ឋអាមេរិក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។

ភ្នំពេញ — នៅ​គ្រា​ប្រមុខ​ការពារ​ជាតិ​អាមេរិក​នឹង​មក​កម្ពុជា ​នា​សប្តាហ៍​ក្រោយ ​អ្នក​តាមដាន​មើល​ឃើញ​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​គឺ​ដើម្បី​ជជែក​ជាមួយ​កម្ពុជា​ពី​ការ​រីក​ឥទ្ធិពល​យោធា​របស់​ចិន​នៅ​កម្ពុជា។​

លោក ​Lloyd Austin ​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​នឹង​មក​កម្ពុជា ​នៅ​ថ្ងៃទី​ ៤ ​ខែ​មិថុនា ​ឆ្នាំ​ ២០២៤ ​ខាង​មុខ​នេះ។​

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរ​ជាតិ ​លោក​ សេង វណ្ណលី ​លើក​ឡើង​ថា​ ដំណើរ​ទស្សន​កិច្ច​នេះ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាមេរិក​មក​លើ​កម្ពុជា។ លោក​បន្ថែមថា ដំណើរ​ទស្សន​កិច្ច​នេះ​ក៏​ជា​សញ្ញា​នៃ​ការ​ព្រួយ​បារម្ភ​លើ​កំណើន​នៃ​កិច្ច​សហ​ប្រតិបត្តិការ​យោធា ​និង​សន្តិសុខ​រវាង​កម្ពុជា​និង​ចិន។​


លោក​ប្រាប់​វីអូអេ​ថា៖​ «ជា​ជំនួប​មួយ​ដែល​គេ​មើល​ឃើញ​ថា​ សហ​រដ្ឋ​អាមេរិក​យក​ចិត្ត​ទុក​ដាក់​ដោយ​សារ​តែ​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ជិតដិត​បំផុត​ទៅ​លើ​គ្រប់​វិស័យ​ ជា​ពិសេស​វិស័យ​យោធា​ជាមួយ​នឹង​ចិន​ ហើយ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ​ ខ្ញុំ​គិត​ថា​ សហ​រដ្ឋ​អាមេរិក​នឹង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ហ្នឹង​មាន​ភាព​ប្រុង​ប្រយ័ត្ន​ទៅ​លើ​យុទ្ធ​សាស្ត្រ​ផ្នែក​សន្តិសុខ​របស់​ខ្លួន​ ជាពិសេស​នឹង​ជំរុញ​ឱ្យ​កម្ពុជា​ធ្វើ​យ៉ាង​ណា​ដើម្បី​កែ​លម្អ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ក៏ដូច​ជា​ការ​គោរព​សិទ្ធិ​មនុស្ស ​និង​ជំរុញ​ឱ្យ​មាន​ការ​គ្រប់​គ្រង​ប្រកប​ដោយ​នីតិរដ្ឋ។​ អានេះ​ជា​ចំណុច​មួយ​ដែល​រាំង​ស្ទះ​ដល់​ការ​ជំរុញ​ទំនាក់​ទំនង​ និង​ការ​ស្តារ​ទំនាក់​ទំនង​រវាង​កម្ពុជា​និង​សហ​រដ្ឋ​អាមេរិក»។​

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ បញ្ហា​ចិន​គឺ​ជា​រឿង​ដ៏ក្តៅ​មួយ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ខែ​វិច្ឆិកា​ខាង​មុខ​នៅសហរដ្ឋអាមេរិក​។ លោក​ថា ប្រសិន​កិច្ច​សហ​ប្រតិបត្តិ​ការ​រវាង​ចិន​ និង​កម្ពុជា​នៅ​តែ​បន្ត​កើន​ឡើង​ គ្រា​មាន​ភាព​តាន​តឹង​រវាង​ប្រទេស​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ជាមួយ​ចិន​ នោះ​ភាព​ស្អិត​រមួត​របស់​កម្ពុជា​និង​ចិន​កាន់​តែ​ក្តៅ​សម្រាប់​ការ​បោះឆ្នោត​នៅសហរដ្ឋអាមេរិក​ ដែល​លោក​ថា​ ដំណើរ​ទស្សនកិច្ច​នេះ​នឹង​កំណត់​ជោគ​វាសនា​ទំនាក់​ទំនង​កម្ពុជា​ និង​អាមេរិក​ជាមួយ​រដ្ឋបាល​អាមេរិក​ខាង​មុខ។​

លោក​ថ្លែង​ថា៖​ «ប្រសិន​បើ​កម្ពុជា​នៅ​តែ​បន្ត​កិច្ច​សហ​ប្រតិបត្តិ​ការ​យ៉ាង​ស្អិត​ល្មួត​ ហើយ​បន្ត​គាំទ្រ​ចិន​ជា​ពិសេស​សកម្ម​ភាព​នានា​របស់​ចិន​នៅ​ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ នោះ​រដ្ឋាភិបាល​អាណត្តិ​ទី ២ ​របស់​លោក Biden​ នឹង​កាន់​តែ​ដាក់​សម្ពាធ​កម្ពុជា​បន្ថែម​ទៀត​ ហើយ​ខ្ញុំ​គិត​ថា​ ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់​តែ​មាន​ភាព​លំបាក»។​

ដំណើរ​ទស្សន​កិច្ច​នេះ​កើត​ឡើង ​ស្រប​ពេល​ដែល​លោក​រដ្ឋមន្រ្តី​ការពារ​ជាតិ​នឹង​មក​ចូល​រួម​សន្និសីទ​កំពូល​ស្តីពី​សន្តិសុខ​ Shangri-La Dialogue ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រទេស​សិង្ហបុរី។ ​សន្និសីទ​កំពូល​នេះ​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ៣១ ​ខែ​ឧសភា ​ដល់​ថ្ងៃ​ទី ២ ​ខែ​មិថុនា ​ឆ្នាំ ​២០២៤។​

អ្នក​វិភាគ​គោល​នយោបាយ​នៅ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ដែល​ជា​ស្ថាប័ន​របស់​រដ្ឋាភិបាល ​លោក​ ស៊ឺន សម ​ប្រាប់​វីអូអេ​ថា​ ដំណើរ​ទស្សន​កិច្ច​របស់​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​មក​កាន់​កម្ពុជា​កន្លង​មក​ ​ តែងតែ​លើក​ពី​បញ្ហា​ចិន​នៅ​កម្ពុជា​ ដែល​លោក​ថា ​បើ​សិន​ជា​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​រូប​នោះ​មក ​ដើម្បី​តែ​ជជែក​រឿង​ចិន​ជាមួយ​កម្ពុជា​ នោះ​នឹង​មិន​មាន​សារៈ​សំខាន់​អ្វី​ឡើយ។​

លោក​បញ្ជាក់​ថា៖​ «កម្ពុជា​អាមេរិក​គួរតែ​ផ្តោត​ទៅ​លើ​លទ្ធភាព​ជាក់លាក់​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដែល​ប្រទេស​ទាំង​ពីរអាច​ធ្វើ​បាន។​ ខ្ញុំ​គិត​ថា​ អា​នោះ​ជា​រឿង​មួយ​ល្អ​ និង​ជា​រឿង​មួយ​សំខាន់។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ បើ​សិន​ជា​លោក​ Lloyd Austin​ គាត់​ទៅ​ប្រទេស​កម្ពុជា​ហើយ​លើក​យក​តែ​ពី​រឿង​កម្ពុជាចិន ​ឬ​ក៏​ការ​ប្រកួត​ប្រជែង​គ្នា​របស់​ចិនសហ​រដ្ឋ​អាមេរិក​ក្នុង​កិច្ច​ពិភាក្សា​ជាមួយ​កម្ពុជា ខ្ញុំ​គិត​ថា​ រឿង​ខ្លះ ​វា​មិន​បាន​ពាក់ព័ន្ធ​នឹង​កម្ពុជា​ដោយ​ផ្ទាល់»។​

ថ្នាក់ដឹកនាំនិងកងកម្លាំងដើរចិន​និ​កម្ពុជា​ពិនិត្យ​មើលអាវុធដែល​ត្រូវបាន​ដាក់តាំងក្នុងពិធីបើកសមយុទ្ធ «នាគមាស» ដែលធ្វើឡើងក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ (ស៊ុន ណារិន/វីអូអេ)
ថ្នាក់ដឹកនាំនិងកងកម្លាំងដើរចិន​និ​កម្ពុជា​ពិនិត្យ​មើលអាវុធដែល​ត្រូវបាន​ដាក់តាំងក្នុងពិធីបើកសមយុទ្ធ «នាគមាស» ដែលធ្វើឡើងក្នុងខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ។ (ស៊ុន ណារិន/វីអូអេ)

បើ​តាម​អ្នក​វិភាគ​រូប​នេះ​ សហរដ្ឋ​អាមេរិក​គួរ​តែ​ជជែក​គ្នា​ឱ្យ​ច្រើន​ជាមួយ​កម្ពុជា​ពី​បញ្ហា​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ​ដើម្បី​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​ និង​ថា​ ដំណើរ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​រូប​នោះ​ក៏​អាច​សម្រប​សម្រួល​ដើម្បី​ដំណើរការ​ឡើង​វិញ​នូវ​សមយុទ្ធ​យោធា​ដែល​ប្រទេស​ទាំង​ពីរ​ធ្លាប់​ធ្វើ​កន្លង​មក។​

លោក​ថ្លែង​ថា៖​ «អ៊ីចឹង​ទេ ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​ទៅវិញ​ទៅ​មក​គឺ​ពិត​ជា​មាន​ ហើយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​បាន​ គឺ​ទាំង​កម្ពុជា​និង​អាមេរិក​គួរ​តែ​ជួប​គ្នា​ឱ្យ​បាន​ញឹកញយ​ ហើយ​ឱ្យ​មាន​នូវ​កិច្ច​សហ​ប្រតិបត្តិ​ការ​ដោយ​ផ្ទាល់​ ឬ​ក៏​និយាយ​ត្រង់​ទៅ​ត្រង់​មក​ជា​មួយ​គ្នា​ឱ្យ​បាន​យល់​គ្នា​កាន់តែ​ច្បាស់​បន្ថែម​ទៀត»។​

អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ លោក​ ជុំ​ សុន្ទរី ​ប្រាប់​វីអូអេ​ថា ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អាមេរិក​នឹង​មក​បំពេញទស្សន​កិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី ៤ ​ខែ​មិថុនា ​ ហើយ​ថា​ កិច្ច​ប្រជុំ​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ជា​មួយ​មេ​ដឹក​នាំ​កម្ពុជា​កំពុង​ត្រូវ​បាន​រៀបចំ​តាម​សំណើ​របស់​ភាគី​សហ​រដ្ឋ​អាមេរិក។​

បើ​តាម​លោក ​ជុំ សុន្ទរី ​ទំនាក់​ទំនង​ទ្វេភាគី​រវាង​កម្ពុជា​សហរដ្ឋ​អាមេរិក ​ត្រូវ​បាន​លើក​កម្ពស់​ក្នុង​វិស័យ​ផ្សេងៗ ​បើ​ទោះ​បី​ជា​ប្រទេស​ទាំង​ពីរ​នៅ​តែ​មាន​ភាព​ខ្វែង​គំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ក៏​ដោយ។​

លោក​បញ្ជាក់​ថា៖​ «ដំណើរ​ទស្សន​កិច្ច​នេះ​នឹង​ជា​ឱកាស​មួយ​ទៀត​សម្រាប់​ប្រទេស​ទាំងពីរ​ក្នុង​ការ​ជំរុញ​ទំនាក់​ទំនង ​និង​កិច្ច​សហ​ប្រតិបត្តិ​ការ​បន្ថែម​ទៀត​ទាំង​ក្នុង​ក្រប​ខណ្ឌ​ទ្វេភាគី​ និង​ពហុភាគី ​ព្រម​ទាំង​បង្កើន​ការ​យល់​ដឹង​លើ​ទស្សនៈ​ផ្សេង​គ្នា​ដែល​មាន​ស្រាប់​មួយ​ចំនួន»។​

ដំណើរ​ទស្សន​កិច្ច​នេះ​កើត​ឡើង ​ខណៈ​កម្ពុជា​កំពុង​ត្រៀម​ខ្លួន​កាន់​តួនាទី​ជា​អ្នក​សម្រប​សម្រួល​សម្រាប់​កិច្ច​សន្ទនា​អាស៊ាន-អាមេរិក​ក្នុង​ពេល​ឆាប់ៗ​នេះ​ រយៈ​ពេល ​៣ ​ឆ្នាំ​គឺ​ចាប់​ពី​ឆ្នាំ ​២០២៤ ​ដល់​ឆ្នាំ​ ២០២៧។ ​នេះ​បើ​តាម​លោក ​ជុំ សុន្ទរី។​

គួរ​បញ្ជាក់​ថា​ ​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋមន្រ្តី​ការពារ​ជាតិ​អាមេរិក​កើត​ឡើង​បន្ទាប់​ពី​កម្ពុជា ​និង​ចិន​បាន​ធ្វើ​សមយុទ្ធ​ទ្រង់​ទ្រាយ​ធំ​ជាមួយ​គ្នា ​ដែល​គ្រោង​បញ្ចប់​នា​ចុង​ខែ​ឧសភា​នេះ។ ​ដំណើរ​ទស្សន​កិច្ច​នេះ​ក៏​កើត​ឡើង​ ស្រប​ពេល​កង​ទ័ព​ចិន​បាន​ជួយ​កម្ពុជា​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាម ​ក្នុង​ខេត្ត​ព្រះ​សីហនុ ​ដែល​ជា​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ចិន។ ​

ការ​ធ្វើ​ទំនើប​កម្ម​នេះ​ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​បង្ហាញ​ការ​សង្ស័យ​ថា​ អាច​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​កងទ័ព​របស់​ចិន​នា​ពេល​ណា​មួយ ​ដើម្បី​ពង្រីក​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​ទប់​ទល់​នឹង​អាមេរិក ​ប៉ុន្តែ​កម្ពុជា​បាន​បដិសេធ​ជា​បន្ត​បន្ទាប់៕​

What Next?

Recent Articles

Leave a Reply

Submit Comment