កម្ពុជា​-​ចិន​បញ្ចប់​សមយុទ្ធ​ជើង​ទឹក​ដំបូងបង្អស់​ដោយ​អះអាង​ថា មិនមែន​ជា​«​ការ​គំរាមកំហែង​»​ដល់​ប្រទេស​ណា​ឡើយ

ដោយ មាន ឫទ្ធិ
2024.05.27
RFA

កម្ពុជា​-​ចិន​បញ្ចប់​សមយុទ្ធ​ជើង​ទឹក​ដំបូងបង្អស់​ដោយ​អះអាង​ថា មិនមែន​ជា​«​ការ​គំរាមកំហែង​»​ដល់​ប្រទេស​ណា​ឡើយ

អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ លោក ឥត សារ៉ាត់ (ស្ដាំ) ក្នុងសមយុទ្ធយោធា​ជាមួយ​កងទ័ពចិន។ រូប៖ ហ្វេសប៊ុកក្រសួង​ការពារជាតិ


កម្ពុជា និង​ចិន​បិទ​បញ្ចប់​ការ​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​រួមគ្នា​លើក​ទី​១​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​លើ​លម្ហ​សមុទ្រ​កម្ពុជា ដោយ​អះអាង​ថា ការ​ធ្វើ​សមយុទ្ធ​ជើង​ទឹក​នេះ មិនមែន​ជា​ «​ការ​គំរាមកំហែង​» ​ដល់​ប្រទេស​ណាមួយ​ឡើយ។

អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ លោក ឥត សារ៉ាត់ ថ្លែង​ក្នុង​ពិធី​បិទ​សមយុទ្ធ​ជើង​ទឹក​រួមគ្នា​ជាមួយ​ចិន កាលពី​ថ្ងៃទី​២៧ ខែ​ឧសភា ថា ការ​ធ្វើ​សមយុទ្ធ​នេះ​គឺ​ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍​ទៅវិញ​ទៅមក ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​រវាង​កងទ័ព​ទាំងពីរ ជាពិសេស គឺ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​តាម​លម្ហ​សមុទ្រ​។ លោក​គូសបញ្ជាក់​ថា សមយុទ្ធ​ជើង​ទឹក​នេះ​មិន​មាន ​«​ការ​គំរាមកំហែង​»​ ដល់​ប្រទេស​ណា​ឡើយ។

សមយុទ្ធ​កងទ័ពជើងទឹក​នេះ ធ្វើឡើង​រយៈពេល​១២​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២៧ ខែ​ឧសភា នៅ​លើ​តំបន់​ច្រក​ចន្លោះ​កោះតាង និង​កោះរ៉ុង​សន្លឹម ខេត្ត​ព្រះសីហនុ ក្រោម​ប្រធានបទ «​ប្រតិបត្តិ​ការ​រំដោះ​ចំណាប់ខ្មាំង​ពី​ក្រុម​ភេរវករ​ចាប់ជំរិត​នាវា​ដឹកទំនិញ​។ សមយុទ្ធ​ជើង​ទឹក​នេះ មានការ​ចូលរួម​ពី​កងទ័ពជើងទឹក​កម្ពុជា​និង​ចិន សរុប ៧៨២​នាក់ មាន​នាវា​កងទ័ពជើងទឹក​១៤​គ្រឿង និង​ឧទ្ធម្ភាគចក្រ​២​គ្រឿង​។ សមយុទ្ធ​នេះ​គឺជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​ «​នាគ​មាស​»​ កម្ពុជា​-​ចិន លើក​ទី​៦ ទ្រង់ទ្រាយ​ធំ ដែល​គ្រោង​នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែ​ឧសភា ខាងមុខ​។​

កម្ពុជា​រង​ការ​រិះគន់​ថា កំពុង​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​យោធា​ជាមួយ​ចិន​កាន់តែ​ខ្លាំង​ឡើងៗ ខណៈ​ចិន​កំពុង​ជួយ​អភិវឌ្ឍន៍​កំពង់ផែ​កងទ័ពជើងទឹក​រាម​ដែល​ត្រូវ​សហរដ្ឋអាមេរិក​សង្ស័យ​ជា​យូរ​មក​ហើយ​ថា អាច​ជា​មូលដ្ឋាន​កងទ័ព​ចិន​ទី​ពីរ​នៅ​ក្រៅ​ប្រទេស​។ នៅ​ទន្ទឹម​ពេល​នឹង​ការ​ធ្វើ​សមយុទ្ធ​កងទ័ពជើងទឹក​ជាមួយ​ចិន​នៅ​លើ​លម្ហ​សមុទ្រ​កម្ពុជា​នេះ នៅ​ឯ​ច្រក​សមុទ្រ​តៃវ៉ាន់​ឯណោះ​វិញ ចិន​ក៏បាន​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​រយៈពេល​២​ថ្ងៃ​កាលពី​ចុង​សប្ដាហ៍​មុន ដោយ​បាន​បញ្ជូន​យន្តហោះ​ចម្បាំង​១១១​គ្រឿង និង​នាវាចម្បាំង​៤៦​គ្រឿង មកកាន់​តំបន់​ជុំវិញ​កោះ​តៃវ៉ាន់​។ ការ​ធ្វើ​សមយុទ្ធ​របស់​ចិន​នេះ គឺជា​ការ​ឆ្លើយតប​នឹង​ការ​ឡើង​កាន់​តំណែង​របស់​ប្រធានាធិបតី​ថ្មី​តៃវ៉ាន់​ដែល​មាន​ជំហរ​ប្រឆាំង​ចិន។

អ្នកជំនាញ​អាមេរិកាំង ព្រមាន​ថា នាវាចម្បាំង​ចិន​ចូល​ចត​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​ជា​សញ្ញាណ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់ផ្តើម​មាន​វត្តមាន​យោធា​ចិន​ «​ជា​អចិន្ត្រៃយ៍​» ​នៅ​កំពង់ផែ​រាម​។ ទន្ទឹម​នឹង​នោះ ចិន​ក៏​អាច​ប្រើប្រាស់​កំពង់ផែ​រាម​ដើម្បី​ឈ្លប​យកការណ៍ និង​ប្រមូល​ព័ត៌មាន​សម្ងាត់​ពី​ប្រទេស​នានា​នៅក្នុង​តំបន់ ក្នុង​ករណី​មាន​សង្គ្រាម​ដណ្តើម​យក​កោះ​តៃវ៉ាន់​នា​ពេល​អនាគត។

នៅ​ចំពោះមុខ​ការ​កើនឡើង​ឥទ្ធិពល​របស់​ចិន​នៅ​កម្ពុជា​នេះ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡូយដ៍ អូស្ទីន (Lloyd Austin) ក៏​គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​៤ ខែមិថុនា ជា​ផ្នែក​មួយ​នៃ​ការចូលរួម​សន្និសីទ​កំពូល​សន្តិសុខ​ប្រចាំឆ្នាំ ឬ​កិច្ច​សន្ទនា សាំង​ហ្គ្រី​ឡា (Shangri-La Dialogue) នៅ​ប្រទេស​សិង្ហ​បុរី (Singapore)៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles