ក្រសួងយុត្តិធម៌កំពុងសិក្សាធ្វើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម

កម្ពុជា
កម្ពុជា-សង្គម
28/05/2024 – 09:42
ដោយ៖ សាំ ឧត្តម
RFI

តាមសំណើរបស់ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្រសួងយុត្តិធម៌កំពុងពិនិត្យសិក្សាលើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់វត្តមានអំពើប្រល័យពូជសាសន៍នៅកម្ពុជា។ នេះជាការប្រាប់ឱ្យដឹងរបស់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌នៅថ្ងៃទី២៨ ខែឧសភា។ តែអ្នកនាំពាក្យរូបនេះនៅមិនទាន់អាចបញ្ជាក់បានទេថា តើក្រសួងយុត្តិធម៌នឹងត្រូវបង្កើតច្បាប់ថ្មី ឬធ្វើវិសោធនកម្មលើច្បាប់ចាស់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមដែលរដ្ឋសភាបានអនុម័តកាលពីឆ្នាំ២០១៣។ 

ក្រសួងយុត្តិធម៌កំពុងសិក្សាធ្វើច្បាប់ដាក់ទោសអ្នកដែលមិនទទួលស្គាល់របបខ្មែរក្រហម


លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឱ្យដឹងថា ក្រសួងកំពុងពិនិត្យសិក្សាលើការងារនេះ ហើយក្រសួងនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតនៅក្រោយពេលពិនិត្យសិក្សាចប់។ តាមលោកជិន ម៉ាលីន នេះជាការងារដែលមានសារៈសំខាន់មួយ។

គួរជ្រាបថា ការពិនិត្យសិក្សាច្បាប់លើកនេះធ្វើឡើង បន្ទាប់ពីលោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកសំណើកាលពីថ្ងៃទី២២ ឧសភានៅចំពោះមុខរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ រួមនឹងបណ្តាអង្គទូតសំខាន់ៗឱ្យអ្នកច្បាប់ពិចារណារៀបចំច្បាប់ផ្តន្ទាទោសជនទាំងឡាយណាដែលហ៊ាននិយាយថា កម្ពុជាមិនមានអំពើប្រល័យពូជសាសន៍។ 

នៅក្នុងពិធីបិទសន្និសីទលើកទី១ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ លោក ហ៊ុន សែន ចាត់ទុកការតាក់តែងច្បាប់ដាក់ទោសនេះមិនមែនជាការំលោភបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិអ្វីទេ តែជាការបិទបញ្ចប់ល្បែងនយោបាយរបស់អ្នកនយោបាយខូចមួយចំនួន។ 

ទោះយ៉ាងណា សំណើឱ្យមានច្បាប់មួយនេះរបស់លោក ហ៊ុន សែន ហាក់ស្រដៀងគ្នានឹងច្បាប់ប្រឆាំងនឹងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៧ មិថុនា ឆ្នាំ ២០១៣។

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង © Phnom Penh Post

ច្បាប់កាលពីជាង ១០ឆ្នាំមុនមួយនេះកាលណោះក៏ជាសំណើរបស់លោក ហ៊ុន សែន ក្នុងនាមលោកជានាយករដ្ឋមន្រ្តី។ មួយវិញទៀត ការអនុម័តច្បាប់នៅពេលនោះបានធ្វើឡើង បន្ទាប់ពីលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិបាននិយាយថា គ្មានការកាប់សម្លាប់ក្នុងគុកទួលស្លែង។

​យ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន នៅមិនទាន់អាចបញ្ជាក់បានទេថា តើច្បាប់ចាស់កាលពីជាង១០ឆ្នាំមុន និងច្បាប់ដែលលោកហ៊ុនសែនបានស្នើឱ្យតាក់តែងថ្មីពេលនេះនឹងមានភាពខុសគ្នានៅត្រង់កន្លែងណាខ្លះទេ។ តែអ្នកវិភាគខ្លះយល់ថា ច្បាប់ដែលលោកហ៊ុន សែនពេលនេះគ្រាន់តែចង់គំរាមដល់ក្រុមប្រឆាំងប៉ុណ្ណោះ។

លោក អ៊ំ សំអាន មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្គ្រោះជាតិចាត់ទុកច្បាប់ផ្តន្ទាទោសអ្នកមិនទទួលស្គាល់របបប្រល័យពូជសាសន៍ថាគ្មានប្រយោជន៍សម្រាប់ជាតិ និងថា ការណ៍ដែលលោក ហ៊ុន សែន បញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិនិត្យច្បាប់នេះ គឺខុសនឹងតួនាទីបច្ចុប្បន្ន។ អ្វីដែលលោក អ៊ំ សំអាន ចង់និយាយត្រង់ចំណុចនេះគឺថា លោក ហ៊ុន សែន លែងកាន់តំណែងជានាយករដ្ឋមន្រ្តីទៀតឡើយ។

សូមរំឭកថា ច្បាប់ដែលបានអនុម័តកាលពីឆ្នាំ២០១៣មានចំនួន៥មាត្រា និងផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែដល់២ឆ្នាំ រួមនឹងពិន័យជាប្រាក់ពី១លាន ដល់៤លានរៀលចំពោះជនណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម៕

What Next?

Recent Articles