ក្រុម​យុវជន ជិះកង់​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​តំណាងរាស្ត្រ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​បឹង​តាមោក

ដោយ ប្រាជ្ញ ចេវ
2024.05.27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ក្រុម​យុវជន ជិះកង់​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​ស្នើ​ឲ្យ​តំណាងរាស្ត្រ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​បឹង​តាមោក

 រូបពីពលរដ្ឋ


ក្រុម​យុវជន​ជិះកង់​ដាក់​ញត្តិ​នៅ​រដ្ឋសភា ដើម្បី​ស្នើ​សុំ​ឲ្យ​តំណាងរាស្ត្រ​នីតិកាល​ទី៧ ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក។

ក្រុម​យុវជន​ជាង​ ២០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី២៧ ខែ​ឧសភា បាន​ជិះកង់​ទៅ​ជួបជុំ​គ្នា​នៅ​តំបន់​បឹង​តាមោក ហើយ​នៅ​ពេល​រសៀល ​ពួកគេ​បាន​ជិះ​កង់​ទៅ​កាន់​រដ្ឋសភា ដើម្បី​ដាក់​ញត្តិ​ ស្នើសុំ​ដំណោះស្រាយ​សមរម្យ សម្រាប់​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក ដែល​រង​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ដោយ​បង្ខំ។

ក្រុម​យុវជនឲ្យ​ដឹង​ថា ការ​ដាក់​ញត្តិ​នេះ ធ្វើឡើង​ក្រោយ​ពី​ពួកគេ​បាន​សង្កេត​ឃើញ​ថា តំណាង​រាស្ត្រ និង​រដ្ឋសភា នីតិកាល​ទី៧​នេះ នៅ​មិន​ទាន់​បំពេញ​តួនាទី ក្នុង​ភាព​ជា​តំណាង​របស់​ពលរដ្ឋ​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​ឡើយ​ទេ ដែល​បណ្ដែត​បណ្ដោយ​ឲ្យ​ម្ចាស់​ឆ្នោត​បន្ត​រង​អំពើ​អយុត្តិធម៌ ដូច​ករណី​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក​ជាដើម។


យុវជន​ម្នាក់ ដែល​ចូលរួម​ជិះកង់​ដាក់​ញត្តិ គឺ​កញ្ញា កាត់ ស៊ីណាត ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា គោលបំណង នៃ​ការ​ជិះកង់​ដាក់​ញត្តិ​នៅ​រដ្ឋសភា​នេះ ដើម្បី​ស្នើ​ដល់​តំណាងរាស្ត្រ​ឲ្យ​បំពេញ​តួនាទី​របស់​ពួកគាត់​ឲ្យ​បាន​ល្អ និង​លើក​យក​បញ្ហា​នានា​របស់​ពលរដ្ឋ​ទៅ​ជជែក​ដេញដោល​ក្នុង​រដ្ឋសភា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ។

កញ្ញា កាត់ ស៊ីណាត៖ «សូម​ឲ្យ​គាត់​ជួយ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ដែល​ប្រជាពលរដ្ឋ​ជួបប្រទះ​ជាពិសេស​បញ្ហា​ដីធ្លី បញ្ហា​បរិស្ថាន និង​រឿង​ផ្សេងៗ ទៀត ជាពិសេស​គឺ​រឿង​បឹង​តាមោក ហ្នឹង​តែ​ម្ដង​សូម​ឲ្យ​គាត់​ជួយ​ពិនិត្យ​មើល​ឡើង​វិញ កុំ​ឲ្យ​ពលរដ្ឋ​ គាត់​រង​ទុក​ដោយសារ​តែ​អ្នក​មាន​អំណាច លុប​បឹង​តាមោក​ហ្នឹង​ហើយ​ចុងក្រោយ​អត់​មាន​ដំណោះស្រាយ​ទាំង​ដែល​ប្រជាពលរដ្ឋ​គាត់​សាមគ្គី​គ្នា​ក្នុង​ការ​ចង់​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស គឺ​រដ្ឋសភា​ហ្នឹង​ចូលរួម​ដោះស្រាយ និង​ផ្ដល់​ជា​សំណង ឬ​អ្វី​មួយ​ឲ្យ​បាន​សមរម្យ​ព្រោះ​ពួកគាត់​រស់នៅ​ទី​នោះ​ជា​យូរ​ណាស់​មក​ហើយ»

ការ​ដាក់​ញត្តិ​នេះ មន្ត្រី​ប្រចាំការ​នៅ​រដ្ឋសភា បាន​ចេញ​មក​ជួប​ក្រុម​យុវជន ប៉ុន្តែ​មន្ត្រី​រូប​នេះ បដិសេធ​ទទួល​ញត្តិ​របស់​ពួកគេ ដោយហេតុ​ថា ខ្វះ​ឯកសារ​យោង​មួយ​ចំនួន។

តំណាង​ពលរដ្ឋ​នៅ​តំបន់​បឹង​តាមោក លោកស្រី ស៊ា ដាវី ដែល​បាន​ចូលរួម​ជិះកង់​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ ឲ្យ​ដឹង​ថា ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការ​លុប​បឹង​តាមោក ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ ការ​ដាក់​ឱសានវាទ​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ ជា​កត្តា​ជំរុញ​ឲ្យ​លោក​ស្រី​យក​ញត្តិ​មក​ដាក់​នៅ​រដ្ឋសភា ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ដីធ្លី​នៅ​តំបន់​បឹង​តាមោក ។

លោកស្រី ស៊ា ដាវី៖ «យើង​បើ​រង​ការ​បណ្ដេញ​ចេញ​ពី​ទី​នេះ គឺ​យើង​ត្រូវ​ទៅ​តាំង​ទីលំនៅ​នៅ​កន្លែង​ថ្មី វា​ពិបាក​ណាស់​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ដែល​រស់នៅ​កន្លែង​មួយ​ទម្រាំ​តែ​ស្គាល់​មនុស្ស​ម្នា ទម្រាំ​តែ​ក​វែក​ក​ឆ្នាំង​ចាប់​ផ្ដើម​ជីវិត​សាជាថ្មី​ដូច​ពី​បាត​ដៃ​ទទេ​អីចឹង ចេញ​រក​ស៊ី​ជីវិត​សាជាថ្មី​គឺ​វេទនា​ណាស់​មិន​មែន​ស្រួល​ទេ​ចា៎»

វិទ្យុ​អាស៊ី​សេរី នៅ​មិន​ទាន់​អាច​ទាក់ទង​ប្រធាន​រដ្ឋសភា អ្នកស្រី ឃួន សុដារី ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២៧ ខែឧសភា។

យុវជន និង​សហគមន៍ នៅ​តែ​ស្នើ​ដល់​តំណាងរាស្ត្រ​នីតិកាល​ទី៧ ចុះ​ជួប​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដែល​កំពុង​រង​ភាព​អយុត្តិធម៌​ដូច​ករណី​ពលរដ្ឋ​នៅ​បឹង​តាមោក ដើម្បី​ស្វែងយល់​ពី​ស្ថានភាព​រស់នៅ​ និង​ដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ម្ចាស់​ឆ្នោត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment