គ.ជ.ប ​អះអាង​ថា អង្គ​បោះឆ្នោត​ជិត​១០០%​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៤

ដោយ សុជីវី
2024.05.28
RFA

គ.ជ.ប​អះអាង​ថា អង្គ​បោះឆ្នោត​ជិត​១០០%​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៤

សកម្មភាពការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ កាលពីថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកគ.ជ.ប


អង្គ​បោះឆ្នោត​បាន​ចេញ​ទៅ​បោះឆ្នោត​មាន​ចំនួន​ច្រើន​គឺ​ជិត​១០០% (៩៩,៧៩%) សម្រាប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ ដែល​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​២៦ ខែឧសភា។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) អះអាង​ថា អ្នក​ដែល​បាន​ចេញ​ទៅ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ស្រុក ខណ្ឌ មាន​ចំនួន សរុប ១​ម៉ឺន ១​ពាន់ ៥​រយ ៩៨ នាក់ (១១ ៥៩៨) ស្មើនឹង ៩៩,៧៩ % នៃ​អ្នក​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​សរុប ១​ម៉ឺន ១​ពាន់ ៦​រយ ២២ នាក់ (១១ ៦២២) ដែល​សុទ្ធតែ​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ក្នុង​តំណែង។

ជាមួយ​គ្នា​នេះ គ.ជ.ប អះអាង​ថា ដំណើរការ​បោះឆ្នោត​អសកល​នេះ​មាន​សណ្ដាប់ធ្នាប់ និង​មាន​សន្តិសុខ​ល្អ។

បើ​ទោះ​ជា​យ៉ាងណា គណបក្សប្រឆាំង ដែល​ចូលរួម​ការបោះឆ្នោត​អះអាង​ថា ការ​បោះឆ្នោត​នេះ​ស្ថិត​ក្រោម​បរិយាកាស​មិន​សេរី មិន​យុត្តិធម៌ មិន​ស្មើភាព ព្រោះ​អង្គ​បោះឆ្នោត​មកពី​គណបក្សប្រឆាំង​រង​ការ​គំរាមកំហែង ទិញ​ទឹកចិត្ត ជាប់​បណ្ដឹង​នៅ​តុលាការ និង​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ ជាដើម។

ការបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ នេះ មាន​តំណែង​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​សរុប ៥៥៩ តំណែង និង​តំណែង​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ សរុប ៣.៦៤១ តំណែង ត្រូវ​ដណ្តើម​យក​។ គណបក្ស​ចំនួន​៥​បាន​ចូលរួម​ប្រកួតប្រជែង គឺ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ឆន្ទៈ​ខ្មែរ គណបក្ស​កម្លាំង​ជាតិ គណបក្សហ៊្វុនស៊ិនប៉ិច និង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​។ គ​.​ជ​.​ប គ្រោង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការបោះឆ្នោត​នេះ យ៉ាង​យូរ​បំផុត​ត្រឹម​ថ្ងៃទី​៨ ខែ​មិថុនា។

គណបក្ស​ឆន្ទៈ​ខ្មែរ​អះអាង​ថា ខ្លួន​អាច​បាន​អាសនៈ​ក្រុមប្រឹក្សា រាជធានី ខេត្ត យ៉ាងហោចណាស់​ជាង​៥០ និង​ក្រុមប្រឹក្សា ក្រុង​ស្រុក ខណ្ឌ ជាង ៣០០ អាសនៈ។ ចំណែក​គណបក្ស​កម្លាំង​ជាតិ​វិញ គណបក្ស​នេះ អាច​ទទួល​បាន​អាសនៈ​ក្រុមប្រឹក្សា រាជធានី ខេត្ត ចំនួន ៨ អាសនៈ និង​ក្រុមប្រឹក្សា ក្រុង​ស្រុក ខណ្ឌ ៧៦ អាសនៈ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment