បក្ស​កម្លាំង​ជាតិ​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ទប់ស្កាត់​ការ​ដក​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់

ដោយ ច័ន្ទ ដារ៉ូ
2024.05.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បក្ស​កម្លាំង​ជាតិ​អំពាវនាវ​ដល់​អាជ្ញាធរ​ឱ្យ​ទប់ស្កាត់​ការ​ដក​តំណែង​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ថ្លែងក្នុង​កិច្ចប្រជុំគណបក្សកម្លាំងជាតិ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ជួយ​ទប់ស្កាត់​ការ​ដកហូត​មុខតំណែង​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​នៅ​ក្រោយ​ការ​បោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​។ ការ​អំពាវនាវ​នេះ​ធ្វើឡើង​បន្ទាប់ពី​ថ្នាក់ដឹកនាំ​បក្ស​ភ្លើងទៀន​បញ្ចប់​តួនាទី​សមាជិក​ក្នុង​បក្ស និង​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់​របស់​ខ្លួន​មួយចំនួន​ដោយ​ដាក់​ជំនួស​អ្នកថ្មី ខណៈ​អ្នកខ្លះ​ត្រូវ​រង​បណ្តឹង​ព្រហ្មទណ្ឌ។

បន្ទាប់​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិ​ទី​៤ គណបក្ស​កម្លាំង​ជាតិ នៅ​ថ្ងៃទី​២៧ ខែ​ឧសភា ប្រកាស​ជំហរ​ទទួល​យក​ការ​សម្រេចចិត្ត​របស់​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ជាង​ពីរ​ពាន់​(២១៩៨) មក​ពី​បក្ស​ជំទាស់ និង​ក្រុមប្រឹក្សា​ទើប​ជាប់ឆ្នោត​ថ្មី ដើម្បី​បន្ត​ការ​តស៊ូ​នយោបាយ​តាម​បែប​ប្រជាធិបតេយ្យ ការ​គោរ​សិទ្ធិមនុស្ស​ក្នុង​ទិសដៅ​រួម​គឺ​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន​។​

ទន្ទឹម​នឹង​នេះ​គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​ដល់​គ្រប់​គណបក្ស​នយោបាយ​ត្រូវ​គោរព​ការសម្រេចចិត្ត​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ដែល​ជា​អង្គ​បោះឆ្នោត និង​ស្នើ​ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត រួម​ទាំង​ក្រសួងមហាផ្ទៃ ឱ្យ​ការពារ​ការសម្ងាត់​របស់​អង្គ​បោះឆ្នោត​ដោយ​ចៀសវាង​ការ​ដក និង​ដោះដូរ​នូវ​តួនាទី​សមាជិក​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ដោយហេតុ​ផល​មិន​បោះឆ្នោត​តាម​ការ​ចង្អុល​បង្ហាញ​របស់​គណបក្ស​ខ្លួន។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា ការ​សម្រេច​របស់​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​នៅ​ថ្ងៃ​បោះឆ្នោត​ជា​សិទ្ធិ​សេរីភាព​ស្របច្បាប់​ដោយ​មិន​ត្រូវ​រង​ការ​គំរាមកំហែង​ដក​តំណែង​ពួកគេ​នោះ​ឡើយ។ លោក​បញ្ជាក់​មូលហេតុ​ដែល​គណបក្ស​កម្លាំង​ជាតិ​អំពាវនាវ​នៅ​ពេល​នេះ ដោយសារ​ក្រោយ​ការបោះឆ្នោត​ព្រឹទ្ធសភា​កន្លងទៅ​មាន​អង្គ​បោះឆ្នោត​នៅ​តាម​បណ្តាល​ខេត្ត​មួយចំនួន​ដូចជា​ខេត្ត​សៀមរាប​ជាដើម ត្រូវ​គណបក្ស​សាមី​លុបឈ្មោះ ឬ​ផ្លាស់ប្ដូរ​ចេញ​ពី​តួនាទី​ក្រុមប្រឹក្សា​ដោយ​អយុត្តិធម៌។

លោក រ៉ុង ឈុន៖ «ហើយ​បើសិន​រឿងហេតុ​ផល​មិន​បោះឆ្នោត​ឱ្យ ហើយ​ត្រូវ​ដក​គាត់​(​ក្រុមប្រឹក្សាឃុំ​)​ទីណាត់ទីណែង វា​ជា​រឿង​អយុត្តិធម៌​ពីព្រោះ​គណបក្ស​ភ្លើងទៀន​មិន​មាន​ឈ្មោះ​នៅ​លើ​សន្លឹកឆ្នោត​ទេ អ៊ីចឹង​គួរ​ផ្តល់​សេរីភាព​ឱ្យ​គាត់​ជ្រើសរើស​តាម​ហ្នឹង​ទៅ យើង​ចៀសវាង​ការ​ដក ឬ​បញ្ឈប់​តួនាទី​គាត់​នោះ​បាទ»។

កន្លងទៅ មន្ត្រី​គណបក្ស​ភ្លើងទៀន​តាម​រាជធានី ខេត្ត​ស្ទើរ​ទូទាំង​ប្រទេស​បាន លុបឈ្មោះ​សមាជិក​ជា​ក្រុមប្រឹក្សាឃុំ និង​ស្នើ​អាជ្ញាធរ​ផ្លាស់ប្ដូរ​សមាសភាព​ថ្មី​មក​ជំនួស​ជា​បន្តបន្ទាប់​។ ករណី​ទាំងនេះ​កើតឡើង​នៅមុន​ការបោះឆ្នោត​ក្រុមប្រឹក្សា​ថ្នាក់ក្រោម​ជាតិ​កាល​ថ្ងៃទី​២៦ ខែឧសភា។ ជាក់ស្តែង​ប្រធាន​ប្រប​ត្តិ​បក្ស​ភ្លើងទៀន​នៅ​ខេត្តបន្ទាយមានជ័យ​ចេញ​លិខិត​លុបឈ្មោះ​កូនស្រី​លោក ចៅ វាសនា គឺ​អ្នកស្រី ចៅ រតនៈ ចេញពី​សមាជិក​បក្ស និង​ដក​តួនាទី​ជា​ចៅ​សង្កាត់រង​ទី​២ នៅ​សង្កាត់​ប៉ោយប៉ែត រួម​ជាមួយ​ក្រុម​ប្រឹក្សាឃុំ​-​សង្កាត់​ជាច្រើន​នាក់​ទៀត។

ប្រធាន​ចលនា​យុវជន​គណបក្ស​ភ្លើងទៀន​នៅ​ខេត្តសៀមរាប និង​ជា​ចៅ​សង្កាត់​រង​ទី​២​នៃ​សង្កាត់​សាលា​កំរើក​លោក នង ធារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា មកដល់ពេលនេះ​ប្រធាន​ប្រតិបត្តិ​ដែល​ថ្នាក់​ជាតិ​សម្រេច​តែងតាំង​ថ្មី​គឺ​អ្នកស្រី យឹម ផល្លី បាន​លុបឈ្មោះ​លោក និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​បក្ស​ភ្លើងទៀន​នៅ​ខេត្តសៀមរាប​ជាង​៦០​នាក់​ចេញ​ពី​បក្ស ហើយ​ជំនួស​អ្នកថ្មី​ដោយ​មិន​បាន​សួរនាំ ឬ​បញ្ជាក់​ពី​មូលហេតុ​ច្បាស់លាស់​នោះ​ឡើយ។

ជាង​នេះ​ទៅ​ទៀត​ប៉ូលិស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បាន​កោះហៅ​លោក និង​សមាជិក​ពីរ​នាក់​ទៀត​ឱ្យទៅ​បំភ្លឺ​នៅ​ថ្ងៃទី​២៨ ខែឧសភា​តាម​បណ្តឹង​របស់​អ្នកស្រី យឹម ផល្លី ចោទ​ថា ពួក​លោក​គំរាមកំហែង និង​រំលោភ​លើ​លំនៅឋាន​។ យ៉ាង​ណា​ក្តី​លោក​បញ្ជាក់​ថា រឿងរ៉ាវ​ដែល​ក្រុម​ប្រឹក្សាឃុំ​ចេញ​តវ៉ា​កន្លង​មក គឺ​ដោយសារតែ​ចង់​ស្វែង​ដំណោះស្រាយ និង​មិន​បាន​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់​ដូច​ការ​ចោទប្រកាន់​នោះ​ទេ។

លោក នង ធារ៉ា៖ «គេ​ដក​តែ​អ្នកតស៊ូ​ស្មោះត្រង់​ជាមួយ​អ្នក​ប្រជាធិបតេយ្យ អ្នកបម្រើ​គណបក្ស អ្នកបម្រើ​ជាតិ នេះ​ព្យាយាម​ដក​បំផ្លាញ​អ្នកតស៊ូ​នៅ​មូលដ្ឋាន​ដែល​និយម​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ វា​គួរ​ឱ្យ​សង្វេគ​ណាស់​ដែល​យើង​ជា​អ្នក​ប្រជាធិបតេយ្យ​ជាប់ឆ្នោត​ដោយ​ពលរដ្ឋ​ត្រូវ​អ្នកស្រី យឹម ផល្លី ដក​ទាំង​ទទឹងទិស​ទីមួយ ហើយ​ទីពីរ​អ្នកស្រី យឹម ផល្លី ប្តឹង​ពួក​ខ្ញុំ​ទៅ​ស្នងការ​ទៀត»។

កាល​ពី​ពេល​ថ្មី​នេះ​សកម្មជន​បក្ស​ភ្លើងទៀន​នៅ​ស្រុក​ប្រាសាទបាគង​លោក វ៉ា ឃីម ត្រូវ​បាន​តុលាការ​ខេត្ត​សៀមរាប​សម្រេច​ឃុំខ្លួន​នៅ​ពន្ធនាគារ​តាម​បណ្តឹង​របស់​លោក​ស្រី យឹម ផល្លី ទាក់​រឿង​តវ៉ា​ដក​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​នេះ​ដែរ។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​ប្រធាន​គណបក្ស​ភ្លើងទៀន​លោក ទាវ វណ្ណុល ដើម្បី​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​នៅ​ថ្ងៃទី​២៧ ខែ​ឧសភា។ ចំណែក​អគ្គលេខាធិការ​បក្ស​ភ្លើងទៀន​លោក លី សុធារ៉ាយុត្ត មិន​ឆ្លើយ​សំណួរ​របស់​វិទ្យុ​អាស៊ីសេរី ដោយ​លោក​បញ្ជាក់​ថា នឹង​ឆ្លើយ​បំភ្លឺ​ករណី​ទាំងនេះ​នៅ​ថ្ងៃទី​២៩ ខែ​ឧសភា។

ទាក់ទង​រឿង​នេះ អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត លើកឡើង​ថា ការប្រើ​ឥទ្ធិពល​គណបក្ស​ទៅ​ដក​ឬ​ដាក់​សមាសភាព​ក្រុមប្រឹក្សាឃុំ​ដែល​កើត​ចេញ​ពី​ឆន្ទៈ​របស់​ពលរដ្ឋ​នោះ​គឺជា​ការបំពាន​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​មិន​ឱ្យ​តម្លៃ​លើ​ការសម្រេច​របស់​ពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​បង្ហាញ​ឱ្យ​ឃើញ​ថា​អ្នកនយោបាយ​ខ្វះ​ការ​យល់ដឹង​អំពី​ប្រព័ន្ធ​បែប​ប្រជាធិបតេយ្យ។

លោក វ៉ន ចាន់ឡូត៖ «បើសិន​សមាជិក​បក្ស​ខ្លួនឯង​ជាប់ឆ្នោត​ជា​ក្រុមប្រឹក្សា​ពី​ឆន្ទៈ​របស់​ពលរដ្ឋ ហើយ​អ្នក​ទាំងនោះ​កំពុង​ដឹកនាំ​កិច្ចការ​ក្នុងនាម​តំណាង​ឱ្យ​ពលរដ្ឋ​គួរ​បញ្ឈប់​ការ​ដក ការ​ដាក់​តាម​អំពើ​ចិត្ត​ដែល​វា​ប្រាសចាក​ពី​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ និង​មួយទៀត​គណបក្ស​ក្រៅ​រដ្ឋាភិបាល​គួរតែ​ស្វែងរក​យន្តការ​ដើម្បី​សហការ​គ្នា​តាមរយៈ​ការ​បែងចែក​មណ្ឌល​គ្នា​ឈរ ឬ​តាមរយៈ​ការ​សហការ​ក្នុង​រូបភាព​ណា​ដែល​អាច​យក​ឈ្នះ អាច​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​អាណត្តិ​បន្តបន្ទាប់»។

ក្រោយ​ពេល​អាជ្ញាធរ​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន រាំង​ខ្ទប់​គណបក្ស​ភ្លើងទៀន​មិន​ឱ្យ​ចូលរួម​ការ​បោះឆ្នោត​កាលពី​ខែ​កក្កដា ឆ្នាំ​២០២៣ មក មេដឹកនាំ​បក្ស​នេះ​មួយ​ចំនួន​បាន​សម្រេច​បង្កើត​សម្ព័ន្ធភាព​ឆ្ពោះទៅ​អនាគត​ដោយ​ជ្រើស​រើស​យក​បក្ស​ឆន្ទៈ​ខ្មែរ​ចូលរួម​ការបោះឆ្នោត​។ បន្ទាប់មក​ថ្នាក់ដឹកនាំ​បក្ស​ភ្លើងទៀន បាន​ប្រកាស​លុបឈ្មោះ​សមាជិក​រូប​ណា មិន​គាំទ្រ​ការ​សម្រេច​នោះ ឬ​បង្ហាញ​និន្នាការ​គាំទ្រ​គណបក្ស​កម្លាំង​ជាតិ។

សកម្មជន​បក្ស​ប្រឆាំង និង​អ្នកឃ្លាំមើល​លើកឡើង​ថា បើសិន​ថ្នាក់ដឹកនាំ​គណបក្ស​ភ្លើងទៀន​មិន​បញ្ឈប់​ការ​គំរាមកំហែង​ដក​តួនាទី​របស់​សមាជិក​គណបក្ស​និង​ផ្ដល់​តួនាទី​ឱ្យ​ពួកគេ ឬ​កែប្រែ​របៀប​ធ្វើ​នយោបាយ​ឡើងវិញ​ទេ​នោះ កម្លាំង​អ្នក​ប្រជាធិបតេយ្យ​នឹង​ចុះ​ខ្សោយ ហើយ​អ្នក​ដែល​ទទួលផល​ចំ​ពេញ​ក្នុង​រឿង​នេះ​គឺ​គណបក្ស​កាន់អំណាច៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment