បទល្មើស​នេសាទ​បន្ត​កើន​ឡើង​តាម​ដង​ទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង​នៅ​រដូវ​បិទ​នេសាទ

ដោយ មាន ឫទ្ធិ
2024.05.27
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

បទល្មើស​នេសាទ​បន្ត​កើន​ឡើង​តាម​ដង​ទន្លេ​មេគង្គ​ខេត្ត​ស្ទឹងត្រែង​នៅ​រដូវ​បិទ​នេសាទ

​​ត្រីធំៗ​ ដែល​គេ​ដាក់លក់ នៅ​ក្នុង​ផ្សារ​សាមគ្គី​ ខេត្តស្ទឹងត្រែង ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ


ប្រជា​សហគមន៍​នេសាទ និង​មន្ត្រី​សង្គម​ស៊ីវិល​ព្រួយ​បារម្ភ អំពី​ការ​ថមថយ​ផល​ត្រី ដោយ​សារ​ឈ្មួញ​ធំៗ និង​ជន​ខិលខូច​ប្រើប្រាស់​ឧបករណ៍​ល្មើស​ច្បាប់ ចាប់ត្រី​តាម​ដង​ទន្លេ​មេគង្គ​ ក្នុង​រដូវ​បិទ​នេសាទ ដោយ​មិន​មាន​សមត្ថកិច្ច​ណា​បង្ក្រាប​ឡើយ។ 

រីឯ​ការ​តាំង​លក់​ត្រីធំៗ​ ពង​កូន នៅ​រដូវ​បិទ​នេសាទ ក្នុង​ផ្សារ​សាមគ្គី​ខេត្តស្ទឹងត្រែង​ ក៏​កំពុង​កើត​មាន​ច្រើន​ដែរ។

បើ​ទោះ​បី​ជា​អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​ផ្សព្វផ្សាយ​ច្បាប់​ជលផល​ និង​ហាម​ពលរដ្ឋ​មិន​ឱ្យ​នេសាទ ក្នុង​រដូវ​បិទ​នេសាទ​ក្តី ក៏​ប៉ុន្តែ​ប្រជា​សហគមន៍​នេសាទ​សង្កេត​ឃើញ​ថា អ្នកនេសាទ​ជា​ច្រើន នៅ​តែ​ប្រើ​ទូក ពង្រាយ​មង​រាំង​ខ្ទប់​ដំណើរ​របស់​ត្រីរក​កន្លែង​ពងកូន​ ក្នុង​រដូវ​បិទ​នេសាទ​នេះ​ ផ្ទុយពី​បម្រាម​របស់​រដ្ឋាភិបាល។

រីឯ​ជន​ខិលខូច​មួយ​ចំនួន​នៅ​តែ​លួចលាក់​ធ្វើ​សកម្មភាព​ នេសាទ​ខុសច្បាប់ ដូច​ជា​ឆក់ក្តៅ​និង​ឆក់​ត្រជាក់ គប់​គ្រាប់​បែក និងលួច​ដាក់មង​ ក្នុង​អន្លង់​អភិរក្ស​ត្រី​មេពូជ​ជាដើម។

ប្រជា​សហគមន៍​នេសាទ​អះអាង​ថា ត្រី​មេ​ពូជ​ជា​ច្រើន​ប្រភេទ​ដែល​ច្រាល​ឡើង​នៅ​ខែវស្សា​ឆ្នាំនេះ នឹង​មិន​អាច​រក​កន្លែង​មាន​សុវត្ថិភាព ដើម្បី​ពង​កូន​បង្ក​កំណើត​បាន​ឡើយ ព្រោះ​អ្នក​នេសាទ​ជាច្រើន​កំពុង​ពង្រាយ​មង​រាំង​ខ្ទម​ការ​ចរាចរ​របស់​ត្រី នៅ​អាង​ទន្លេ​មេគង្គ​ក្នុង​ក្រុង​ស្ទឹងត្រែង​ ស្រុក​ថាឡាបរិវ៉ាត់ និង​ស្រុក​សៀមរាប តំបន់​កោះស្រឡាយ។

ប្រជា​សហគមន៍​នេសាទ​ភូមិថ្មី សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង លោក លី វិចិត្រ ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ត​គិតគូរ​ឱ្យ​បាន​ហ្មត់ចត់ ក្នុង​ការ​ទប់ស្កាត់​បទល្មើស​នេសាទ និង​រឹត​បន្តឹង​ការអនុវត្ត​ច្បាប់​ បើ​ពុំ​ដូច្នេះ​ទេ ធនធាន​ជលផល​កាន់​តែ​ថយ​ចុះ  ប៉ះពាល់​ជីវភាព​ពលរដ្ឋ។ 

លោក​ថា ការ​តាំង​លក់​ត្រី​ពង​កូនធំៗ នៅ​តាម​ទីផ្សារ​ និង​នាំចេញ​ទៅ​ខេត្ត​ផ្សេង​ទៀត​នៅ​រដូវ​បិទ​នេសាទ នៅ​តែ​កើត​មាន​ច្រើន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ត្រី​ធំៗ​ មិន​អាច​បន្ត​ពូជ​បាន។

លោក លី វិចិត្រ៖ «ការ​បិទ​នៅ​មិន​ទាន់​បាន​ពេញលេញ​នៅ​រដូវ​បិទ​នេសាទ​ វា​ចេះ​តែ​លួច​នេសាទ​នៅ​ពេល​យប់ ព្រោះ​ទន្លេ​យើង​មាន​វិសាលភាព​ច្រើន​ ក្នុង​ខេត្ត​ស្ទឹងត្រែង​យើង មាន​ដល់​ទៅ ៤ ទន្លេ»

Fish_selling_in_market_052724VY_2.jpg
​​ត្រីធំៗ​ ដែល​គេ​ដាក់លក់ នៅ​ក្នុង​ផ្សារ​សាមគ្គី​ ខេត្តស្ទឹងត្រែង ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២៤។ រូបពីពលរដ្ឋ

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្ត​ស្ទឹងត្រែង អ្នកស្រី សំ វិចិត្រ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ២៧ ឧសភា។

ចំណែក​អ្នក​នាំ​ពាក្យ​សាលា​ខេត្តស្ទឹងត្រែង លោក ម៉ែន គុង ក៏​វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

អាជ្ញាធរ​ខេត្តស្ទឹងត្រែង​បាន​ប្រកាស​បិទ​ដែន​នេសាទ​ចាប់ពី​ថ្ងៃ​ទី​១ ឧសភា ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ដើម្បី​ការពារ​ត្រី​មេពូជ​អំឡុង​ពេល​ពងកូន។

ក្នុង​អំឡុង​ពេល​បិទ​នេសាទ​នេះ មិន​អនុញ្ញាត​ឱ្យ​មាន​ការ​នេសាទ ដោយ​ឧបករណ៍​មង​គ្រប់​ប្រភេទ​ដើម្បី​ការពារ​ត្រី​មេពូជ កំពុង​បង្ក​កំណើត។ ចំណែក ឧបករណ៍  អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ អាជ្ញាធរ​មិន​អនុញ្ញាត​ឱ្យ​ប្រើ​ក្នុង​រដូវ​បិទ​នេសាទ​ឡើយ​។

ប្រធាន​ខណ្ឌ​ជល​ផល​ខេត្ត​ស្ទឹងត្រែង អ្នកស្រី សំ វិចិត្រ បាន​ថ្លែង​ក្នុង​សេចក្តី​ជូន​ដំណឹង​ថា រដូវ​ត្រី​ពង​កូន អ្នក​នេសាទ​ត្រូវ​មាន​ឆន្ទៈ​ស្រឡាញ់​មច្ឆាជាតិ ចៀសវាង​ប្រើ​ឧបករណ៍​នេសាទ​ ដែល​ច្បាប់​ហាមឃាត់   ឬ​លួច​ចូល​ទៅ​ធ្វើ​នេសាទ​ក្នុង​អន្លង់​អភិរក្ស បង្ក​ផល​ប៉ះពាល់​ត្រី​ពងកូន ។ 

អ្នកស្រី​ស្នើ​ឱ្យ​អ្នក​នេសាទ​អនុវត្តន៍​សេចក្តី​ជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្ត​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ និង​រួមគ្នា​ទប់ស្កាត់​បទល្មើស​ផ្សេងៗ។

ជុំវិញ​រឿង​នេះ នាយក​អង្គការ​បណ្តាញ​ការពារ​ទន្លេបី លោក លាង ប៊ុនលាភ យល់​ថា បទល្មើស​នេសាទ​គឺ​ជា​រឿង​មួយ ដែល​អាជ្ញាធរ​គួរតែ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​ មិន​គួរ​ផ្តល់​ឱកាស​ឱ្យ​ជន​ខិលខូច​បំផ្លាញ​ធនធាន​របស់​ជាតិ​នោះ​ឡើយ។

លោក​បារម្ភ​ថា ត្រី​មេ​ពូជ​ជា​ច្រើន នឹង​ច្រាល​ឡើង​រក​កន្លែង​ពង​កូន ក្នុង​ខែវស្សា​នេះ​នឹង​ជួប​គ្រោះថ្នាក់ ដោយសារ​បទល្មើស​នេសាទ។

លោក លាង ប៊ុនលាភ៖ «រឿង​នេះ​យើង​គួរ​រួមគ្នា​ដោះស្រាយ​ជា​បន្ទាន់ ដើម្បី​ឱ្យ​ការ​ចែក​ចាយ​ផល​នេសាទ ដល់​ពលរដ្ឋ​ទូទៅ​បាន​ផល​ស្មើៗ គ្នា ដើម្បី​ជា​ប្រជា​អាហារូបត្ថម្ភ និង​ជីវភាព​រស់​នៅ របស់​ពលរដ្ឋ​ទូទៅ»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​បន្ថែម​ថា លក្ខណៈ​ជីវសាស្ត្រ​របស់​ត្រី​មេ​ពូជ តែង​សម្ងំ​ក្នុង​អន្លង់​អភិរក្ស​ទឹកជ្រៅ និង​រូង​ថ្ម ហើយ​នៅ​ពេល​រដូវ​ពង​កូន​វា​ច្រាល​មក​តំបន់​ព្រៃ​លិច​ទឹក និង​ឫស​ឈើ​ជាដើម ដើម្បី​រក​កន្លែង​កាច់​សំបុក​ពង​កូន​បង្ក​កំណើត។ ជា​មួយ​គ្នា​នេះ នៅ​ពេល​ដែល​ត្រី​ច្រាល​ឡើង រក​កន្លែង​ពង​កូន ពេល​ធ្លាក់​ភ្លៀង អ្នកស្រុក​មួយ​ចំនួន នឹង​សម្រុក​ចាប់​ត្រី​ទាំង​នោះ ធ្វើ​ឱ្យ​ប៉ះពាល់​ទិន្នផល​ត្រី។

រីឯ​រដ្ឋបាល​ជល​ផល នៃ​ក្រសួង​កសិកម្ម ចេញ​សេចក្ដី​បិទ​នេសាទ​ ក្នុង​ដែន​នេសាទ​ទឹក​សាប ចាប់​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ដល់​ថ្ងៃ​ទី៣០ ខែកញ្ញា ចំពោះ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង​មួយ​ផ្នែក​នៃ​រាជ​ធានី​ភ្នំពេញ និង​ខេត្តកណ្ដាល ដែល​ស្ថិត​នៅ​ខាង​ជើង​ខ្សែ​ស្រប​ទន្លេ​ចតុមុខ។

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ ២០២៣ បណ្ដាញ​យុវជន​កម្ពុជា (CYN)បាន​ផ្សាយ​របាយការណ៍​ស្រាវជ្រាវ​ថ្មី​មួយ រក​ឃើញ​ថា​ កត្តា​អាជ្ញាធរ​មិន​យកចិត្តទុកដាក់​ការប្រព្រឹត្ត​អំពើពុករលួយ និង​កង្វះ​សម្ភារៈ​ទំនើប​ប្រើប្រាស់​ដើម្បី​ទប់​ស្កាត់​បទល្មើស​នេសាទ បាន​ក្លាយ​ជា​ក្តី​បារម្ភ​ធ្ងន់ធ្ងរ​មួយ​សម្រាប់​កិច្ចការ​អភិរក្ស​ក្នុង​តំបន់​ទន្លេ​មេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment