មុន​សវនាការ សកម្មជន​ចលនា​មាតា​ធម្មជាតិ​សុំ​តុលាការ​ទម្លាក់​បទ​ចោទ​រឿង ​«រួម​គំនិត​ក្បត់»

២៨ ឧសភា ២០២៤
ស៊ន់ លីនដា
វីអូអេខ្មែរ

រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសដើរល្បាតនៅខាងក្រៅបរិវេណសាលាដំបូងរាជធានីភ្នំពេញ រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០២២។

ភ្នំពេញ — ខណៈ​នឹង​ត្រូវ​ចូល​បំភ្លឺ​ក្នុង​សវនាការ​ជំនុំ​ជម្រះ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ពុធ ទី​ ២៩ ខែ​ឧសភា សកម្ម​ជន​មាតា​ធម្មជាតិ​បាន​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​នៅ​ក្នុង​សំណុំ​រឿង ​«រួម​គំនិត​ក្បត់» ​និង «ប្រមាថ​ព្រះ​មហាក្សត្រ»។ ពួកគេ​អះអាង​ថាមិន​បាន​ប្រព្រឹត្ត​សកម្មភាព​ខុស​ច្បាប់ ដូច​ការ​ចោទ​ប្រកាន់​របស់​អាជ្ញាធរ និង​តុលាការ​ឡើយ។

កាល​ពី​ខែ​មិថុនា ឆ្នាំ​ ២០២១ សកម្មជន​មាតា​ធម្មជាតិ​ចំនួន​៦​នាក់ រួម​មាន​ លោក ថុន រដ្ឋា កញ្ញា ភួន កែវ​រស្មី​ លោក យីម លាង​ហ៊ី​ កញ្ញា ឡុង គន្ធា​ លោក លី ចាន់ដារ៉ាវុត និង​កញ្ញា ស៊ុន រដ្ឋា ត្រូវ​បាន​តុ​លា​ការ​ចោទ​ប្រកាន់​ពី​បទ «រួម​គំនិត​ក្បត់» និង​ «ប្រមាថ​ព្រះ​មហាក្សត្រ» ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​របស់​ពួក​គេ​នៅ​ក្នុង​វីដេអូ​មួយ​នៅ​ក្នុង​កិច្ច​ប្រជុំ​របស់​ពួកគេ។ នេះ​ជា​បទ​ចោទ​ដាច់​ដោយ​ឡែក​ផ្សេង​ទៀត​លើ​សកម្មជន​មាតា​ធម្មជាតិ​មួយ​ចំនួន ដែល​ធ្លាប់​ត្រូវ​បាន​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង «ញុះ​ញង់» ហើយ​ពួកគេ​ត្រូវ​បាន​តុលាការ​កាត់​ទោស​រួច​មក​ហើយ។


ក្រៅ​ពី​សកម្មជន​ទាំង​៦​នាក់ លោក អាឡិច​ហ្សង់ដ្រូ ហ្គន់សាឡេស ដេវិតសិន (Alex Gonzalez-Davidson) ដែល​ជា​ស្ថាបនិក​ចលនា​មាតា​ធម្មជាតិ ត្រូវ​បាន​បណ្តេញ​ចេញ​ពី​កម្ពុជា ក៏​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​«រួម​គំនិត​ក្បត់» និង ​«ប្រមាថ​ព្រះ​មហាក្សត្រ» ដែរ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា ថ្លែង​ថា​ ចំណាត់​ការ​របស់​អាជ្ញាធរ និង​តុលាការ​លើ​ពួកគេជា​ការ​បំបិទ​សិទ្ធិ​សេរី​ភាព​របស់​ក្រុម និងយុវជន​ផ្សេង​ទៀត ដើម្បី​កុំ​ឱ្យ​ចូល​រួម​ការពារ​បរិស្ថាន​ក្នុង​ប្រទេស​កម្ពុជា។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា៖ «បើ​យោង​តាម​ច្បាប់​ត្រឹម​ត្រូវ ឬ​ក៏​មាន​នីតិ​រដ្ឋ​ត្រឹម​ត្រូវពួក​យើងមិន​ត្រូវ​បាន​ចោទ​ប្រកាន់​តាំង​ពី​ដំបូង​ទី​ម៉្លេះ​បាទ ប៉ុន្តែ​យើង​ដឹង​ហើយ​ថា ​នៅ​កម្ពុជា​តុលាការ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​នៅ​ក្រោម​ឥទ្ធិពល​នយោបាយ។ អ៊ីចឹងចង់​មិន​ចង់​យើង​បារម្ភ​ពី​ការ​ចាប់​ខ្លួន​ពួក​យើង​ឡើង​វិញ ហើយ​ការ​ចាប់​ខ្លួន​នេះ​មិន​មែន ដើម្បី​ដោយ​សារ​ពួក​យើង​ខុស​ច្បាប់​ទេ គឺ​ដើម្បី​ជា​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​របស់​ពួក​យើង​ច្រើន​ជាង​ដែល​ពួក​យើង​យល់​ឃើញ បាទ»

ទោះជា​យ៉ាង​ណា​ក៏​ដោយ លោក​នៅ​តែ​មាន​ក្តី​សង្ឃឹម​ថា​ តុលាការ​និង​នាយក​រដ្ឋ​មន្ត្រី​ថ្មី​នឹង​ពិចារណា​ទម្លាក់​បទ​ចោទ​មក​លើ​យុវជន​ចលនា​មាតា​ធម្មជាតិ ព្រោះ​សកម្មភាព​ដែល​ក្រុម​លោក​ធ្វើ​ទាំង​ប៉ុន្មាន​មិន​មាន​បំណង​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​បុគ្គល​ណា​ម្នាក់​នោះ​ទេ ដោយ​គ្រាន់​តែ​ធ្វើ​ដើម្បី​កិច្ច​ការពារ និង​ថែរក្សា​ធនធាន​ធម្មជាតិ​តែ​ប៉ុណ្ណោះ។

លោក​ថ្លែង​ថា៖ «អ៊ីចឹងពួក​យើង​សង្ឃឹម​ថា ​តុលាការ​នឹង​ផ្តល់​យុត្តិធម៌​មក​កាន់​ពួក​យើង​តាម​រយៈ​ការ​ទម្លាក់​បទ​ចោទ​ប្រកាន់ ផ្តល់​ភាព​ស្អាត​ស្អំ​ព្រោះ​ពួក​យើង​មិន​បាន​រួម​គំនិត​ក្បត់​ជាមួយ​អ្នក​ណា​ទេ។ អ្វី​ដែល​យើង​ធ្វើ​គឺ​គ្រាន់​តែ​ដើម្បី​ការ​ការពារ​ធនធាន​ធម្មជាតិ​ ជា​ពិសេស​នោះ​យើង​ក៏​សង្ឃឹម​ថា ​រដ្ឋាភិបាល​ថ្មី ឈាម​ថ្មី​ដែល​ជា​ជំនាន់​ក្រោយ​ក៏​នឹង​ស្តារ​លទ្ធិ​ប្រជាធិប​តេយ្យ ក៏​ដូច​ជា​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»

សកម្មជន​ចលនា​មាតា​ធម្មជាតិ​មួយ​រូប​ទៀត​ ដែល​ត្រៀម​នឹង​ចូល​សវនាការ​នា​ថ្ងៃ​ពុធ កញ្ញា ភួន កែវ​រស្មី ប្រាប់​វីអូអេ​ថា​ មក​ទល់​ពេល​នេះ កញ្ញា​នៅ​តែ​មិន​អស់​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ដែល​ថា​ក្រុម​យុវជន ​«រួម​គំនិត​ក្បត់» ​និង «ប្រមាថ​ព្រះ​មហាក្សត្រ»។ កញ្ញា​បន្ត​ថា ​បទ​ចោទ​ប្រកាន់​បែប​នេះ​ធ្ងន់​ធ្ងរ​សម្រាប់​យុវជន​ដែល​ស្រឡាញ់​បរិស្ថាន។

កញ្ញា​បញ្ជាក់​ថា៖ «ហើយ​បើ​តាម​ខ្ញុំ​មើល​ទៅ​លើ​បទ​ហ្នឹង ​វា​ដូច​ជា​អត់​មាន​អី​ពាក់​ព័ន្ធ​ជាមួយ​នឹង​សកម្មភាព​របស់​ចលនាមាតា​ធម្មជាតិ​កន្លង​មក​ទេ ដែល​ពួក​យើង​កន្លង​មក​ទាំង​ពាក្យ​សម្តី​ក៏​ពួក​យើង​ប្រយ័ត្ន​ប្រយែង​ណាស់។ ពួក​យើង​អត់​ចង់​ប្រើ​ពាក្យ​សម្តី​ហិង្សា​ណា​មួយ​ដែល​ជា​គំរូ​មិន​ល្អ​ដល់​យុវជន​ដល់​ប្រជាពលរដ្ឋ​ដែល​គាត់​ចង់​ធ្វើ​ការ​តស៊ូ​មតិ​ទេ ព្រោះ​ពួក​យើង​តែង​តែ​ប្រកាន់​ជំហរ​នៅ​ក្នុង​ការ​តស៊ូ​មតិ​ដោយ​អហិង្សា»។ សកម្មជន​បរិស្ថាន​រូប​នេះ​បាន​អំពាវ​នាវ​ឱ្យ​តុលាការ​សម្រេច​ចិត្ត​ទៅ​តាម​អង្គហេតុ​ពិត​ប្រាកដ ដោយ​មិន​ស្ថិត​ក្រោម​អំណាច ឬ​ការ​គាប​សង្កត់។

អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ប្រាប់​វីអូអេ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​តុលាការ​សម្រេច​ទៅ​លើ​ភស្តុតាង​ សាក្សី​ អង្គហេតុ​និង​អង្គ​ច្បាប់។

លោក​បញ្ជាក់​ថា៖ «យុត្តិធម៌​ មិន​យុត្តិធម៌​ មិន​ផ្អែក​នៅ​លើ​មាត់​គាត់​ថា មាត់​គាត់​និយាយ ឬ​ក៏​ការ​រិះគន់ ការ​ទាម​ទារ​របស់​គាត់​នោះ​ទេ គឺ​ផ្អែក​ទៅ​លើ​ភស្តុតាង​ សាក្សី អង្គហេតុ​និង​អង្គ​ច្បាប់​ដែល​ជា​មូល​ដ្ឋាន​នៃ​ការ​សម្រេច​របស់​តុលាការ»

សវនាការជំនុំ​ជម្រះ​នៅ​ថ្ងៃ​ទី ​២៩ ខែ​ឧសភា ជា​សវនា​ការ​លើក​ទី ១ បន្ទាប់​ពី​ការ​សុំពន្យារ​ពេល​ ៣ ​ដង​មក​ហើយ ដោយ​លើក​ទី ១ ​មេធាវី​ការពារ​ក្តីជាប់​រវល់​ភារ​កិច្ច​ផ្ទាល់​ខ្លួន លើក​ទី ២ ដោយសារ​សកម្ម​ជន​មួយ​ចំនួន​រវល់​ចេញ​ទៅ​ទទួល​ពាន​រង្វាន់​អន្តរ​ជាតិនៅ​ប្រទេស​ស៊ុយ​អ៊ែត និង​លើក​ទី ៣ ដោយ​សារ​សកម្មជន​មួយ​ចំនួន​មិន​ទទួល​បាន​ដីកា​កោះ​ពី​តុលាការ​សម្រាប់​ត្រៀម​ខ្លួន​ទុក​ជា​មុន។ នេះ​បើ​តាម​សកម្ម​ជន​របស់​ចលនា​មាតា​ធម្មជាតិ។

គួរ​បញ្ជាក់​ថា​ សកម្មជន​ចលនា​មាតា​ធម្មជាតិ​មួយ​ចំនួន​ រួម​មាន​លោក​ ថុន រដ្ឋា កញ្ញា​ ឡុង គន្ធា​ និង​កញ្ញា ​ភួន កែវរស្មី ធ្លាប់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន កាល​ពី​ខែ​កញ្ញា ឆ្នាំ​ ២០២០ ចំពោះ​សកម្ម​ភាព​លើ​បណ្តាញ​សង្គម​ដែល​ផ្សព្វផ្សាយ​អំពី​គម្រោង​ដើរ​ថ្មើរ​ជើង​ទៅ​កាន់​គេហ​ដ្ឋាន​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ លោក ហ៊ុន សែន នៅ​ក្បែរ​វិមាន​ឯករាជ្យ ដើម្បី​បង្ហាញ​ក្តី​កង្វល់ ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​ថ្មីៗ​នៅ​តំបន់​បឹង​តាមោក។ ពួក​គេ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ ​«ញុះញង់​ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»

What Next?

Recent Articles

Leave a Reply

Submit Comment