លោក កង សារ៉ន ដែល​ជាប់​ពន្ធនាគារ​រឿង​រិះគន់​បក្ស​កាន់​អំណាច ស្នើ​តុលាការ​កំពូល​ឱ្យ​ពន្លឿន​សំណុំរឿង និង​ផ្ដល់​យុត្តិធម៌

ដោយ ច័ន្ទ ដារ៉ូ
2024.05.28
RFA

លោក កង សារ៉ន ដែល​ជាប់​ពន្ធនាគារ​រឿង​រិះគន់​បក្ស​កាន់​អំណាច ស្នើ​តុលាការ​កំពូល​ឱ្យ​ពន្លឿន​សំណុំរឿង និង​ផ្ដល់​យុត្តិធម៌

 រូប៖ ពីពលរដ្ឋ


លោក កង សារ៉ន ស្នើ​ដល់​តុលាការ​កំពូល​ឱ្យ​ពន្លឿន​ការ​ជំនុំជម្រះ​ក្តី និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​លើ​រូប​លោក ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយ​អយុត្តិធម៌ ដោយសារ​រឿង​បញ្ចេញ​មតិ​រិះគន់​គណបក្ស​ប្រជាជន​កម្ពុជា​អសមត្ថភាព​ទប់ស្កាត់​រំហូរ​ពលរដ្ឋ​វៀតណាម​នៅ​កម្ពុជា​ខុស​ច្បាប់​កន្លង​មក។ មន្ត្រី​សិទ្ធិមនុស្ស​ចង់​ឃើញ​តុលាការ​ថ្នាក់​លើ​ពិចារណា​ដោះ​លែង​លោក កង សារ៉ន ឱ្យ​មាន​សេរីភាព​នៅ​ពេល​សវនាការ​ខាង​មុខ។

រហូត​មក​ដល់​ពេល​នេះ លោក កង សារ៉ន ដែល​រិះគន់​ភាព​អសកម្ម​របស់​មេ​ដឹកនាំ​បក្ស​កាន់​អំណាច បាន​ជាប់​ពន្ធនាគារ​រយៈ​ជាង ៦ខែ​មក​ហើយ ក្រោយ​ពេល​សាលា​ដំបូង​ខេត្តបន្ទាយមានជ័យ រហូត​ដល់​សាលា​ឧទ្ធរណ៍​បាត់ដំបង​បាន​កាត់​ទោស​លោក​ឱ្យ​ជាប់​ពន្ធនាគារ ៣ឆ្នាំ។ ទោះ​ជា​យ៉ាង​ណា​ក្ដី លោក សង្ឃឹម​ថា តុលាការ​កំពូល​យក​សំណុំរឿង​នេះ​ទៅ​ជំនុំជម្រះ​ឱ្យ​បាន​ឆាប់​រហ័ស និង​សម្រេច​ក្តី​ដោយ​សុភវិនិច្ឆ័យ​នៅ​ពេល​ខាង​មុខ។

ប្រពន្ធ​របស់​លោក កង សារ៉ន គឺ​លោកស្រី ហង្ស ត្រឹប ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៨ ខែឧសភា​ក្រោយ​ចូល​សួរ​សុខ​ទុក្ខ​ប្ដី​នៅ​ក្នុង​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​ថា ប្ដី​លោកស្រី​មាន​ជំងឺ​លើស​ឈាម តែ​ស្មារតី និង​ឆន្ទៈ​នៅតែ​រឹងមាំ​ជា​ធម្មតា​ដដែល ពីព្រោះ​អ្វី ដែល​គាត់​និយាយ​រិះគន់​បញ្ហា​សង្គម​កន្លង​មក គឺ​ជា​រឿង​ត្រឹមត្រូវ ជួយ​កែ​លម្អ​សង្គម ដោយ​មិន​បាន​ប្រព្រឹត្ត​កំហុស​នោះ​ទេ។ ម្យ៉ាង​ទៀត លោក កង សារ៉ន ប្រាប់​លោកស្រី​ឱ្យ​ថែទាំ​សុខភាព និង​បន្ត​តស៊ូ បើ​ទោះ​បី​ជា​ពេល​នេះ គាត់​កំពុង​ជាប់​ពន្ធនាគារ​ព្រាត់ប្រាស​គ្រួសារ​ទាំង​អយុត្តិធម៌​ក្ដី។

ចំណែក​ស្ថានភាព​គ្រួសារ​លោក កង សារ៉ន នៅ​ក្រៅ​ពន្ធនាគារ​វិញ លោកស្រី ហង្ស ត្រឹប រៀបរាប់​ថា រយៈ​ពេល​ចុង​ក្រោយ​នេះ លោកស្រី​ពុំ​សូវ​បាន​ទៅ​សួរ​សុខទុក្ខ ឬ​ផ្ញើ​ចំណី​អាហារ ប្រាក់កាស​ជូន​ឪពុក​ឱ្យ​បាន​ដិតដល់​ដូច​ពី​មុន​ទេ ពីព្រោះ​លោកស្រី​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ជំងឺ​របេង និង​ត្រូវ​ចិញ្ចឹម​កូនស្រី​គ​ថ្លង់​ម្នាក់​ថែម​ទៀត។ លោកស្រី​សង្ឃឹម​ថា ពលរដ្ឋ​ខ្មែរ ដែល​ស្រឡាញ់​យុត្តិធម៌​បន្ត​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​គ្រួសារ​លោកស្រី​ត​ទៀត។

លោក កង សារ៉ន ត្រូវ​បាន​អាជ្ញាធរ​ចោម​រោម​ចាប់ និង​ឃុំ​ខ្លួន​ដាក់​ក្នុង​ពន្ធនាគារ កាល​ពី​ថ្ងៃ​ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់​ពី​តុលាការ​ខេត្តបន្ទាយមានជ័យ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន ៣ឆ្នាំ ពាក់ព័ន្ធ​នឹង​ទស្សនៈ​នយោបាយ​របស់​លោក ដែល​លោក​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​អំឡុង​ពេល​យុទ្ធនាការ​បោះ​ឆ្នោត​ខែកក្កដា ឆ្នាំ២០២៣។ នៅ​ក្នុង​វីដេអូ​ផ្សាយ​ផ្ទាល់​នោះ លោក​បាន​ចោទ​ជា​សំណួរ​ថា តើ​ក្រោយ​ពី​បក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ឆ្នោត នឹង​មាន​វិធានការ​ដេញ​ពលរដ្ឋ​វៀតណាម​ចេញ ឬ​បន្ត​ឱ្យ​ហូរ​ចូល​ដោយ​ខុស​ច្បាប់​បន្ត​ទៀត?

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​អង្គការ​លីកាដូ ខេត្តបន្ទាយមានជ័យ លោក ភុន ឈិន ថ្លែង​ថា ចាប់​តាំង​ពី​មេធាវី​ការពារ​ក្តី​ឱ្យ​លោក កង សារ៉ន ប្ដឹង​ជំទាស់​មក​តុលាការ​កំពូល តុលាការ​ជាន់​ខ្ពស់​មួយ​នេះ​មិន​ទាន់​កំណត់​ថ្ងៃ​បើក​សវនាការ​នៅ​ឡើយ​ទេ។ លោក ភុន ឈិន ដែល​តាម​ឃ្លាំមើល​រឿង​នេះ​ថា ករណី​របស់​លោក កង សារ៉ន ត្រូវ​បាន​សាធារណៈ​មតិ​ចាត់​ទុក​ជា​ការ​អនុវត្ត​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ ហើយ​បញ្ហា​នេះ​ធ្វើ​ឱ្យ​ពលរដ្ឋ​ផ្សេង​ទៀត ភ័យ​ក្នុង​ការ​បញ្ចេញមតិ ឬ​ទស្សនៈ​អំពី​បញ្ហា​សង្គម​ត​ទៅ​ទៀត។

វិទ្យុអាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​តុលាការ​កំពូល អ្នកស្រី ម៉ៅ ធីតា ដើម្បី​សាកសួរ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែឧសភា។

ទោះ​ជា​យ៉ាង​ណា ក្ដី កាល​ពី​ពេល​កន្លង​មក ការ​ចាប់​ឃុំ​ខ្លួន​លោក កង សារ៉ន និង​អ្នក​ហ៊ាន​បញ្ចេញ​មតិ​ដទៃ​ទៀត ត្រូវ​បាន​មន្ត្រី​សិទ្ធិមនុស្ស និង​មជ្ឈដ្ឋាន​ទូទៅ​រិះគន់​អាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ថា បាន​រំលោភ​លើ​សេរីភាព​របស់​ពលរដ្ឋ ធានា​ដោយ​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិ ដែល​កម្ពុជា​ទទួល​ស្គាល់។ ពួក​គេ​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​បញ្ឈប់​យក​ប្រព័ន្ធ​តុលាការ​ធ្វើ​ជា​អាវុធ ដើម្បី​គំរាមកំហែង បំភិតបំភ័យ​លើ​ប្រជាពលរដ្ឋ ហើយ​ដោះ​លែង​អ្នក​ជាប់​ឃុំ ដោយសារ​ការ​អនុវត្ត​សិទ្ធិ​របស់​ខ្លួន​ឱ្យ​មាន​សេរីភាព​វិញ ដោយ​ឥត​លក្ខខ័ណ្ឌ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment