សហជីព​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​គិតអំពី​សុវត្ថិភាព​ដឹក​ជញ្ជូន​កម្មករ ខណៈ​កម្មករ​បន្ត​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

ដោយ សុជីវី
2024.05.28
RFA

សហជីព​ទទូច​ដល់​រដ្ឋាភិបាល​ឱ្យ​គិតអំពី​សុវត្ថិភាព​ដឹក​ជញ្ជូន​កម្មករ ខណៈ​កម្មករ​បន្ត​រងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍

កម្មករ​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ជញ្ជូន​កម្មករ ​២គ្រឿង​​បុក​គ្នា នៅ​លើ​ផ្លូវជាតិ​លេខ៥ ក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង កាល​ពី​រសៀល​ថ្ងៃ​ទី២៧ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក FTUWKC


សហជីពទទូច​ដល់​រដ្ឋាភិបាល ឲ្យ​គិតគូរ​ពី​សុវត្ថិភាព​ដឹក​ជញ្ជូន​កម្មករ​រោងចក្រ ខណៈ​កម្មករ​ក្នុង​វិស័យ​មួយ​នេះ នៅ​តែ​បន្ត​រងគ្រោះ ដោយសារ​គ្រោះ​ថ្នាក់​ចរាចរណ៍។ អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍​លើកឡើង​ថា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករ រដ្ឋាភិបាល និង​អាជ្ញាធរ​គួរតែ​បង្កើន​ការ​អប់រំ​ពលរដ្ឋ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍។

សហជីព​មូលដ្ឋាន បារម្ភ​ថា នៅ​ពេល​អាជ្ញាធរ​ខកខាន​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត និង​ប័ណ្ណ​បើកបរ របស់​អ្នក​បើក​រថយន្ត​ដឹក​ជញ្ជូន​កម្មករ​រោងចក្រ កំពុង​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​ដង​ផ្លូវ។

ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​ខេន ស្ព័ត ស៊ូ (Can sport shoes) ខេត្តកំពង់ឆ្នាំង លោក កាន សុខវី ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី២៨ ឧសភា​ថា លោក​សង្កេត​ឃើញ​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​ចំនួន គឺ​កើត​ឡើង​ដោយសារ​ការ​ធ្វេសប្រហែស​របស់​អ្នក​បើកបរ ស្រប​ពេល​កម្មករ​ក្នុង​មួយ​ឡាន​មាន​គ្នា​ចន្លោះ​ពី ៥០ ដល់ ៦០នាក់ បាន​ផ្ញើ​ជីវិត​នៅ​លើ​អ្នក​បើកបរ។ លោក​ស្នើ​ដល់​អាជ្ញាធរ​ឱ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ និង​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត​ដឹក​ជញ្ជូន​កម្មករ ដើម្បី​ការពារ​សុវត្ថិភាព​កម្មករ។

លោក កាន សុខវី៖ «ពូ​អាជ្ញាធរ​សូម​ឲ្យ​គាត់​ឆែក​សួរ​រាល់​តៃកុង​ឡាន​ទាំងអស់ តើ​មាន​ប័ណ្ណ​បើកបរ​ត្រឹមត្រូវ​ទេតើ​គាត់​មាន​បាន​ចូល​សាលា​រៀន​បើកបរ​ទេមុន​ពេល​គាត់​បើក​ហ្នឹង។ អ្នកខ្លះ​ចេះ​បន្ត​គ្នា ធ្វើ​តែ​ប័ណ្ណ​បើកបរ​យក​អ៊ីចឹង គាត់​អត់​មាន​បទពិសោធន៍ គាត់​អត់​បាន​ចូល​សាលារៀន​អំពី​ច្បាប់​ចរាចរណ៍​ទេ អ៊ីចឹង​កាត់​អត់​យល់​ទេ ត្រូវ​វ៉ា គឺ​វ៉ា​ភ្លាម។ ត្រូវ​ស្រា​បន្តិច​ត្រូវ​វ៉ា គឺ​វ៉ា​ភ្លាម។ អ៊ីចឹង​ទៅ កម្មករ​ដែល​ជិះ​លើ​ឡាន​គាត់ គឺ​ហានិភ័យ»

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ជញ្ជូន​កម្មករ​២គ្រឿង​បាន​បុក​គ្នា កាល​ពី​រសៀល​ថ្ងៃ​ទី២៧ ឧសភា នៅ​លើ​ផ្លូវជាតិ​លេខ៥ ក្នុង​ស្រុក​សាមគ្គីមានជ័យ ខេត្ត​កំពង់ឆ្នាំង ដែល​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន ៦៦នាក់​រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​នោះ​មាន​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ រង​របួស​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បញ្ជូន​ទៅ​វះកាត់​នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​សង្គ្រោះ​ម្ដាយ និង​ទារក។

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ បាន​ថ្លែង​នៅ​ចំពោះ​មុខ​កម្មករ​ជិត ២ម៉ឺន​នាក់ នៅ​ខេត្ត​កំពង់ស្ពឺ​កាល​ពី​ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅ​ថា ក្រសួង​ការងារ​កំពុង​គិតគូរ​បញ្ហា​ចំនួន៤ រួមមាន ការ​បង្កើត​ទារកដ្ឋាន និង​មត្តេយ្យ​សហគមន៍​នៅ​តំបន់​ក្បែរ​រោងចក្រ ការ​កែលំអ​កន្លែង​ហូបបាយ ឬ​អាហារដ្ឋាន​នៅ​តាម​រោងចក្រ ការ​ធ្វើតេស្ដ​ទទួល​ស្គាល់​ជំនាញ និង​ការ​ផ្លាស់ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ​របស់​កម្មករ ក្នុង​រយៈ​ពេល ២ឆ្នាំ។

លោក ហេង សួរ៖ «សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​សិក្សា​យន្តការ​គាំទ្រ និង​លើកទឹកចិត្ត​ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​បណ្ដើរៗ នូវ​មធ្យោបាយ​ដឹក​ជញ្ជូន​កម្មករ​និយោជិក ដែល​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស និង​ផាសុកភាព​ជាង​មុន​ត្រឹម​ឆ្នាំ២០២៧»

ទោះ​ជា​យ៉ាង​ណា គេ​សង្កេត​ឃើញ​ថា កត្តា ដែល​នាំឲ្យ​កម្មករ​រង​របួស​ច្រើន​គ្នា​នៅ​ពេល​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ម្តងៗ គឺ​ដោយសារ​រថយន្ត​ដឹក​ជញ្ជូន​កម្មករ​ច្រើន​ហួសហេតុ និង​ឈរ​តម្រៀប​គ្នា​ណែន​ក្ដន់​នៅ​លើ​ឡាន។

អ្នក​ជំនាញ​ផ្នែក​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍ លោក គង់ រតនៈ ប្រាប់​វិទ្យុ​អាស៊ី​សេរី​តាម​បណ្ដាញ​សង្គម​តេឡេក្រាម (Telegram) ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ដឹក​ជញ្ជូន​កម្មករ​រោងចក្រ គឺ​មិនមែន​ជា​រឿង​ថ្មី​ឡើយ។ លោក​ថា ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​របស់​កម្មករ និង​ពលរដ្ឋ​នៅ​លើ​ដង​ផ្លូវ រដ្ឋាភិបាល និង​ស្ថាប័ន​ពាក់ព័ន្ធ គួរតែ​បង្កើន​ការ​អប់រំ​ដល់​ពលរដ្ឋ ដែល​ប្រើប្រាស់​ផ្លូវ រៀបចំ​វិស្វកម្ម​ផ្លូវ​ថ្នល់ និង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍។ លោក ក៏​រំលឹក​ដល់​ពលរដ្ឋ និង​កម្មករ ឲ្យ​ចូល​រួម​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍ តាមរយៈ​ការ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ត្រឹមត្រូវ និង​ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ​ប្រកប​ដោយ​សុវត្ថិភាព។

របាយការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ឆ្នាំ២០២៣ របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បង្ហាញ​ថា អត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ២០២៣ បាន​កើន​ឡើង ១១ភាគ​រយ ច្រើន​ជាង​ឆ្នាំ២០២២ ដោយ​ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ជិត ៤ពាន់​ដង ក្នុង​នោះ​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ជាង ១ពាន់ ៥រយនាក់ (១.៥៩០) និង​របួស​ជាង ៤ពាន់ ៥រយ​នាក់ (៤.៥១៥)។

សហជីព និង​អ្នក​ជំនាញ​សុវត្ថិភាព​ចរាចរណ៍ ស្នើ​ដល់​អាជ្ញាធរ​ឲ្យ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ និង​ត្រួតពិនិត្យ​បច្ចេកទេស​យានយន្ត និង​អ្នក​បើកបរ​យានយន្ត ដើម្បី​សុវត្ថិភាព​កម្មករ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment