អាជីវករ​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ជំរុញ​ដល់​រដ្ឋាភិបាល​ជួយ​ស្ដារ​ជីវភាព​ពួកគាត់​ឱ្យ​ប្រសើរ​ឡើង

2024.05.28
RFA

អាជីវករ​ប្រកប​របរ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ជំរុញ​ដល់​រដ្ឋាភិបាល​ជួយ​ស្ដារ​ជីវភាព​ពួកគាត់​ឱ្យ​ប្រសើរ​ឡើង

អាជីវករ​លក់​អីវ៉ាន់​តាម​ផ្សារ​ជាប់ដងផ្លូវ នៅ​រាជធានីភ្នំពេញ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ក្រុម​អាជីវករ​ប្រកប​មុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយចំនួន​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ពី​ជីវភាព​របស់​ពួកគាត់ ដើម្បី​ធានា​ដល់​ការរស់នៅ​សមរម្យ និង​ទទួល​បានការ​គាំពារ​ផ្នែក​សុខភាព​។ ការ​ស្នើ​សុំ​នេះ​គឺ​ដោយសារតែ រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត ធ្លាប់​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្ដីពី​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពី​ឆ្នាំ​២០២៣ ដល់​ឆ្នាំ​២០២៨ ដើម្បី​ជួយ​លើកកម្ពស់​ជីវភាព​ពលរដ្ឋ ប៉ុន្តែ​គិត​មក​ទល់​ពេល​នេះ​ក្រុម​អាជីវករ​នៅតែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ដដែល។

អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​មួយចំនួន ត្អូញត្អែរ​ពី​ជីវភាព​ខ្វះខាត និង​កាត់បន្ថយ​ការ​ហូបចុក ដោយសារ​ពួកគាត់​ថា រដ្ឋាភិបាល​មិនបាន​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពួកគាត់​ឡើយ ខណៈ​ពលរដ្ឋ​ដែល​ប្រកប​របរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ត្រូវ​រដ្ឋ​ទុក​ពួកគាត់​ចោល​មិន​អើពើ។

អាជីវករ​លក់​ខោអាវ​ជជុះ​នៅ​ខេត្ត​កណ្ដាល លោក តុន និមល ឱ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា បច្ចុប្បន្ន​លោក​លក់ដូរ​មិនសូវ​ដាច់​នោះ​ទេ ដែល​ធ្វើ​ឱ្យ​លោក​កាត់បន្ថយ​អាហារ​ហូបចុក និង​ចាយវាយ​ត្បិតត្បៀត​ជាង​មុន​។ លោក​បន្ត​ថា ក្រៅពី​សេដ្ឋកិច្ច​ធ្លាក់ចុះ​ពិបាក​រក​ប្រាក់​ចំណូល​ហើយ​នោះ រដ្ឋាភិបាល​បាន​កាត់​លុយ​ឧបត្ថម្ភ​តាមរយៈ​ប័ណ្ណ​ក្រី​ក្រ​ពី ១៤​ម៉ឺន​រៀល មក​សល់​ត្រឹមតែ ៣​ម៉ឺន ៥​ពាន់​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ។

លោក តុន និមល៖ «គឺថា​យើង​ហូបចុក​ត្បិតត្បៀត​យើង​មិន​ហ៊ាន​ចាយ​ដូច​សេដ្ឋកិច្ច​នៅ​ដើរ យើង​ត្បិតត្បៀត​ក្នុង​ការ​ហូបចុក ត្បិតត្បៀត​ក្នុង​ការ​ដើរហើរ​។ សូម្បីតែ​កូន​ទៅ​រៀន​ជួនកាល​ងើប​ពី​យប់​ដាំបាយ​ដាក់​ប្រអប់​ឱ្យ​កូន​ទៅ​រៀន​ដក​លុយ​កូន​ទៅ​រៀន​ខ្លះ​ពីមុន​ឱ្យ​វា​ចាយ​ក្នុង​មួយថ្ងៃ​ទៅ​រៀន​គួរ​ទៅ​រៀន​ហ្នឹង ៥​ពាន់​ឥឡូវ​ហ្នឹង​បានតែ​៣​ពាន់​រៀល​ទេ ត្បិតត្បៀត​មែនទែន»។

ចំណែក​តំណាង​អាជីវករ​នៅ​ខណ្ឌ​សែនសុខ លោកស្រី មាន សាវឿន ថ្លែង​ថា រយៈពេល​២​ឆ្នាំ​មកនេះ អាជីវករ​លក់ដូរ​តាម​ចិញ្ចឹម​ផ្លូវ​មួយ​ចំនួន​បាន​បោះបង់​មុខរបរ​ចោល ដោយ​ងាក​ទៅ​ស៊ីឈ្នួល​ឱ្យ​គេ និង​ចំណាកស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស ដើម្បី​ដោះស្រាយ​ជីវភាព​វិញ ដោយសារ​លក់ដូរ​មិន​ដាច់​។ លោកស្រី​បន្ត​ថា បើទោះ​ជា​អាជីវករ​ប្រឈម​នឹង​ទុក្ខ​លំបាក កូន​បោះបង់​ការសិក្សា​ចោល​ក្ដី ក៏​លោកស្រី​មិន​ដែល​ឃើញ​រដ្ឋាភិបាល​ចេញ​មុខ​ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួកគាត់ និង​ផ្ដល់​ជំនួយ​សង្គម​ដល់​ពួកគាត់​ដែរ។

លោកស្រី មាន សាវឿន៖ «ទំនិញ​ឡើងថ្លៃ​គ្រប់មុខ​ទំនិញ​អ៊ីចឹង​យើង​មិនដឹង​ត្រូវ​រក​អ្វី ដូច​ថា​វ័យ​យើង​ចាស់​ហើយ​គឺ​គេ​លេង​ទទួល​ការងារ ដូច​ថា​យើង​ចង់​ធ្វើ​រោងចក្រ​មួយ​យើង​អាយុ​ច្រើន​។ យើង​អត់​ដឹងខ្លួន​យើង​ចង់​ធ្វើ​អី​គេ គេ​អត់​ទទួល​អ៊ីចឹង​យើង​មានតែ​ការ​រកស៊ី​ហើយ​បើ​ការ​រកស៊ី​របស់​យើង​ទំនិញ​ឡើងថ្លៃ​ហើយ​យើង​លក់​អត់​ដាច់​អ៊ីចឹង​ប្រឈមមុខ​ខាត​រាល់ថ្ងៃ»។

ក្រៅពី​អាជីវករ​មួយចំនួន​មាន​ជីវភាព​លំបាក​ហើយ​នោះ នៅ​មាន​បុគ្គលិក​បម្រើការ​ផ្នែក​សេវា​កម្សាន្ត អ្នក​ប្រមូល​សំរាម កសិករ កម្មករ​សំណង់ កម្មករ​ឡឥដ្ឋ អ្នកបម្រើ​តាម​ផ្ទះ និង​អ្នក​រត់​កង់​បី​ជាដើម ក៏​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ផង​ដែរ ពីព្រោះ​របរ​របស់​ពួកគាត់​គឺ ទទួល​បាន​ប្រាក់ចំណូល​មិន​ស្ថិតស្ថេរ និង​ពុំ​មាន​លក្ខខណ្ឌ​ការងារ​សមរម្យ ព្រមទាំង​មិន​ទទួល​បាន​កិច្ច​គាំពារ​សង្គម​ដូច​មន្ត្រី​ធ្វើការ​ក្នុង​ស្ថាប័នរដ្ឋ​ឡើយ​។ ជាង​នេះ​ទៅទៀត​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ​ស្ទើរ​គ្រប់មុខ ជាពិសេស​តម្លៃ​ប្រេងសាំង​ដែល​បញ្ហា​នេះ​ឱ្យធ្វើ​អ្នក​រត់​កង់​បី​ខ្លះ​បង្ខំ​ចិត្ត​រត់​ដល់​យប់​គ្មាន​ពេល​សម្រាក​គ្រប់គ្រាន់។

អ្នក​រត់​កង់​បី​នៅ​រាជធានី​ភ្នំពេញ លោក ប៉ោ ចាន់ផល ត្អូញត្អែរ​ថា សព្វថ្ងៃ​លោក​រត់​កង់​បី​រក​ភ្ញៀវ​ទាំងយប់ ទាំង​ថ្ងៃ​បាន​ប្រាក់ចំណូល​បន្តិចបន្តួច គ្រាន់​ទិញ​ម្ហូបអាហារ​ហូបចុក ហើយ​ពេល​ខ្លះ​ទៀត​រកលុយ​ចាក់​សាំង​ស្ទើរតែ​មិន​គ្រប់​។ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត គិតគូរ​ពី​ក្រុម​អ្នក​រកស៊ី​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ដូចជា​រូបលោក​ផង ពីព្រោះ​រាល់ថ្ងៃ​នេះ លោក​សឹងតែ​គ្មាន​ប្រាក់​ទិញ​អាហារ​ហូបចុក។

លោក ប៉ោ ចាន់ផល៖ «រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ​គឺ​លោក ហ៊ុន ម៉ាណែត ដែល​គាត់​បាន​កាន់​ជា​រដ្ឋាភិបាល​គួរ​មាន​គំនិត​គិតគូរ​ឱ្យ​វែងឆ្ងាយ​សម្រាប់​ប្រជាពលរដ្ឋ​កំពុងតែ​ជួប​នៅ​ផលវិបាក​បញ្ហា​នៃ​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ម្នាក់ៗ​គឺ​ធ្លាក់​ចំពាក់​បំណុល​ទៅ​លើ​ធនាគារ​ទាំងស្រុង​ហើយ​បំណុល​នេះ​មិនមែន​បំណុល​ហើយ​សង​ហើយ​ទេ គឺ​បំណុល​កើន»។

ទាក់ទង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក មាស សុខសេនសាន សុំ​មិន​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ឡើយ ដោយ​លោក​អះអាង​ថា ក្រសួង​ឧស្សាហកម្ម​ជា​អ្នក​ទទួល​បន្ទុក​រឿង​នេះ។ វិទ្យុ​អាស៊ីសេរី​ក៏​មិន​អាច​ទាក់ទង​ប្រធាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ លោក ហេង សុខគង់ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ជុំវិញ​បញ្ហា​នេះ​បាន​ដែរ​នៅ​ថ្ងៃទី​២៧ ខែ​ឧសភា។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) លោក វន់ ពៅ សង្កេត​ឃើញ​ថា ទោះជា​រដ្ឋាភិបាល​ដាក់​ចេញ​នូវ​គោលនយោបាយ​ជួយ​គាំពារ​ដល់​ពលរដ្ឋ​ដែល​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ​យ៉ាងណាក្ដី ក៏​លោក​កត់​សំគាល់​ថា រដ្ឋាភិបាល​មិន​អនុវត្ត​តាម​គោលនយោបាយ​នោះ​ឡើយ​។ លោក​បញ្ជាក់​ថា ពលរដ្ឋ​ដែល​រស់​ពឹង​ផ្អែកលើ​ការ​ប្រកប​មុខរបរ​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន​ប្រមាណ ៧​លាន​នាក់ ហើយ​បើ​រដ្ឋាភិបាល​នៅតែ​មិន​ផ្ដល់​សេវា​គាំពារ​ដល់​ពួកគាត់​ទេ​នោះ វិបត្តិ​សង្គម​នឹង​បន្ត​កើនឡើង។

លោក វន់ ពៅ៖ «​សម្រាប់​អ្នក​ប្រកបមុខរបរ​ក្រៅ​ប្រព័ន្ធ​ឱ្យ​មាន​កន្លែង​លក់ដូរ​សមរម្យ​កន្លែង​ប្រកបមុខរបរ​អាជីវកម្ម​ច្បាស់លាស់ ចៀសវាង​ការ​ដេញ​ពី​កន្លែង​មួយ​ទៅ​កន្លែង​ដែល​គ្មាន​ការ​ទទួលខុសត្រូវ​។ ទី​៣​ចង់​ឃើញ​រដ្ឋាភិបាល​មាន​កញ្ចប់​ថវិកា​ក្នុង​ការ​ឧបត្ថម្ភ​ដល់​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទាំងអស់​ដែល​មុខរបរ​កំពុងតែ​ធ្លាក់ចុះ និង​កំពុងតែ​ដួល​រលំ។ ទី​៤​ចង់​ឃើញ​រដ្ឋាភិបាល​រៀបចំ​ផ្នែក​ហិរញ្ញវត្ថុ​ណាមួយ​ជា​កញ្ចប់​សម្រាប់​ពលរដ្ឋ​ខ្ចី​ពង្រីក​អាជីវកម្ម​ក្នុង​ការ​ប្រាក់​ទាប​បំផុត​ដែល​អាច​ទទួល​យក​បាន»។

កាលពី​ឆ្នាំ​២០២២ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) រក​ឃើញ​ថា ការងារ​នៅ​កម្ពុ​ជាជាង ៩០ ភាគរយ ជា​ការ​ងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ប៉ុន្តែ កម្មករ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ត្រូវ​គេ​មើល​រំលង ឬ​មើល​មិន​ឃើញ និង​បន្ត​ស្ថិត​ក្នុង​ភាព​ក្រីក្រ​ដដែល។

អ្នក​ប្រកបមុខរបរ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទទូច​ដល់​រដ្ឋាភិបាល យកចិត្តទុកដាក់​ជួយ​ស្ដារ​មុខរបរ និង​អាជីវកម្ម​ពួកគាត់​ឱ្យ​ប្រសើរ​ឡើងវិញ តាមរយៈ​ការ​ផ្ដល់​សេវា​គាំពារ​សង្គម និង​កំណត់​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​ឱ្យ​មាន​តម្លៃ​សមរម្យ​ដើម្បី​ធានា​ដល់​ការ​ប្រកប​របរ​ចិញ្ចឹមជីវិត​របស់​ពួកគាត់​។ ពួកគាត់​ព្រួយបារម្ភ​ថា បើ​បញ្ហា​ទាំងនេះ រដ្ឋាភិបាល​នៅតែ​មិន​ដោះស្រាយ​ឱ្យ​ទាន់​ពេលវេលា​នោះ​ទេ ពលរដ្ឋ​នឹង​រង​ទុក្ខ​លំបាក​បន្ថែម​ទៀត ដូចជា​ប្រឈម​នឹង​ការ​ធ្វើ​ចំណាកស្រុក កុមារ​បោះបង់​ការសិក្សា និង​ការ​រំលោភបំពាន​សិទ្ធិ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment