ចិន​ហៅ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ថា ជា​គំរូ​នៃ​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី ខណៈ​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​រក្សា​ជំហរ​អព្យាក្រឹត្យ

ដោយ ខាន់ លក្ខិណា
2024.05.28
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ចិន​ហៅ​ទំនាក់ទំនង​ជាមួយ​កម្ពុជា​ថា ជា​គំរូ​នៃ​ទំនាក់ទំនង​អន្តរជាតិ​បែប​ថ្មី ខណៈ​អ្នក​ឃ្លាំមើល​ជំរុញ​ឱ្យ​កម្ពុជា​រក្សា​ជំហរ​អព្យាក្រឹត្យ

(ឆ្វេង) លោក លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា និង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុង​ពិធី​សម្ពោធ​ជា​និមិត្តរូប ប្រសិទ្ធិនាម​កំណាត់​ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ទី៣ ជា «មហាវិថី ស៊ី ជីនពីង» នៅ​ថ្ងៃ​ទី២៨ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត និង ហ៊ុន ម៉ានី


ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​លោក វ៉ាង វិនធាន (Wang Wentian) លើក​ឡើង​ថា ប្រទេស​កម្ពុជា គឺ​ជា​ប្រទេស​អាទិភាព និង​ជា​មិត្ត​ប្រពៃណី​និង​មិត្ត​ដែក​ថែប ហើយ​ចិន​ប្ដេជ្ញា​សហការ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ។ ការ​អះអាង​របស់​មេ​ស្ថាន​ទូត​ចិន​នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ខណៈ​អ្នក​ឃ្លាំមើល ជំរុញ​ឱ្យ​កម្ពុជា​រក្សា​ជំហរ​អព្យាក្រឹត្យ ជា​ជាង​លម្អៀង​ទៅ​ប្រទេស​ចិន ដែល​ធ្វើ​ឱ្យ​បាត់​បង់​ប្រយោជន៍​ពី​ប្រទេស​លោក​សេរី។

ស្រប​ពេល​ដែល​ដំណឹង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) គ្រោង​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​នៅ​ដើម​ខែមិថុនា ខាង​មុខ​នេះ ឯក​អគ្គ​រដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​ប្រាប់​ទៅ​លោក ហ៊ុន សែន ថា ចិន​មាន​ មោទកភាព​បំផុត ដែល​នៅ​ឆ្នាំ២០១៩ ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា​មុន​គេ​បង្អស់ លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដីពី​កិច្ច​ព្រមព្រៀង​ជា​ឯកច្ឆន្ទ ក្នុង​ការ​កសាង​សហគមន៍​ជោគ​វាសនា​រួម​ចិន-កម្ពុជា នៅ​ក្នុង​យុគសម័យ​ថ្មី ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​កម្រិត​ខ្ពស់ និង​ស្តង់ដារ​ខ្ពស់។

លោក វ៉ាង វិនធាន ចាត់​ទុក​ទំនាក់ទំនង​ជាមួយ​កម្ពុជា-ចិន គឺ​ជា​គំរូ​នៃ​ទំនាក់ទំនង អន្តរជាតិ​បែប​ថ្មី ហើយ​ថា​កម្ពុជា ជា​ប្រទេស​អាទិភាព ដែល​ចិន​ប្ដេជ្ញា​សហការ ក្នុង​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ដើម្បី​ផល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក។

ការ​អះអាង​របស់​លោក វ៉ាង វិនធាន នេះ ធ្វើ​ឡើង​ក្នុង​ជំនួប​ជាមួយ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២៧ ខែឧសភា។ ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​កាល​ពី​ថ្ងៃ​ទី២៧ ខែឧសភា ដោយ​ថ្លែង​អំណរគុណ​រដ្ឋាភិបាល​ចិន ដែល​ផ្ដល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា ដែល​លោក​ថា ជំនួយ​នេះ មិន​ត្រឹម​តែ​ជួយ​អភិវឌុ្ឍ​សង្គម-សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​ពង្រឹង​ឯករាជ្យ​ភាព​ខាង នយោបាយ​របស់​កម្ពុជា​ទៀត​ផង។

លោក​បញ្ជាក់​ថា ទោះបី​ជា​កម្ពុជា ផ្លាស់​ប្ដូរ​នាយករដ្ឋមន្ត្រី និង​គណៈរដ្ឋមន្ត្រី​ក៏​ដោយ ក៏​ពុំ​មាន​ការ​ផ្លាស់ប្ដូរ​គោល​ជំហរ ក្នុង​ទំនាក់ទំនង​កម្ពុជា​ជាមួយ​ចិន​នោះ​ឡើយ ហើយ​មិត្តភាព​កម្ពុជា-ចិន គឺ​ស្ថិត​ស្ថេរ​ជា​អមតៈ។

ក្រៅ​ពី​ជួប​ជាមួយ​លោក ហ៊ុន សែន ហើយ​នោះ នៅ​ថ្ងៃ​ទី២៨ ខែឧសភា លោក វ៉ាង វិនធាន ក៏​បាន​ជួប​ជាមួយ​លោក ហ៊ុន ម៉ាណែត ដែរ។ លោក ហ៊ុន ម៉ាណែត បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក នៅ​ថ្ងៃ​ទី២៨ ខែឧសភា​ថា ទំនាក់ទំនង​កម្ពុជា-ចិន គឺ​ជា​ទំនាក់ទំនង​ប្រវត្តិ​សាស្ត្រ​យូរ​អង្វែង និង​បាន​រីក​ចម្រើន​រហូត​ដល់​កម្រិត​មួយ​ ដែល​មិន​អាច​បំបែក​បាន។

លោក​ថា តាម​រយៈ​កិច្ច​សហប្រតិបត្តិការ​ខ្សែ​ក្រវាត់ និង​ផ្លូវ (BRI) ចិន-កម្ពុជា បាន​រួម​ចំណែក​យ៉ាង​ច្រើន​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច-សង្គម​កម្ពុជា។ លោក​ថា តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា មិត្ត​ចិន​បាន​ឯកភាព​ក្នុង​ការ​ប្រសិទ្ធ​នាម «ផ្លូវ​ក្រវាត់​ក្រុង​ទី៣» ដែល​តភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ១ ទៅ​ផ្លូវ​ជាតិ​លេខ៤ ជា «មហាវិថី ស៊ី ជីនពីង»។ លោក ហ៊ុន ម៉ាណែត ថា ការ​ប្រសិទ្ធ​នាម «ផ្លូវ​ក្រវាត់​ក្រុង​ទី៣» មាន​អត្ថន័យ​ធំ​ធេង សម្រាប់​ចំណង​មិត្តភាព​ដែក​ថែប​កម្ពុជា-ចិន ។

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​សិក្សា​ស្រាវជ្រាវ លោក សេក សុជាតិ លើក​ឡើង​ថា ទំនាក់ទំនង​ស្អិតល្មួត​រវាង​កម្ពុជា​ជាមួយ​ចិន​នេះ ជា​កង្វល់​របស់​សហគមន៍​អន្តរជាតិ ក្នុង​ភូមិ​សាស្ត្រ​នយោបាយ​តំបន់​អាស៊ី​អាគ្នេយ៍ និង​ជះឥទ្ធិពល​នយោបាយ​នៅ​ក្នុង​តំបន់​ផង​ដែរ។

លោក​យល់​ថា ការ​ប្រកាស​របស់​ចិន និង​មេ​ដឹក​នាំ​កម្ពុជា អំពី​ចំណង​មិត្តភាព​ដែក​ ថែប​នេះ ស្រប​ពេល​រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋអាមេរិក នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា។

លោក សេក សុជាតិ យល់​ថា កម្ពុជា​មិន​ហ៊ាន​ដក​ខ្លួន​ចេញ​ពី​ចិន ហើយ​ងាយ​ទៅ​ចាប់​ប្រទេស​លោក​សេរី​ឡើយ ពីព្រោះ​ស្ថានភាព​បច្ចុប្បន្ន កម្ពុជា​ត្រូវ​ការ​ធនធាន និង​ហិរញ្ញវត្ថុ ដើម្បី​ទ្រទ្រង់​សកម្មភាព​រដ្ឋាភិបាល បន្ទាប់​ពី​កម្ពុជា​បាន​ដើរ​ច្រាស់​ចាក​ ពី​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស ដោយ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពលរដ្ឋ និង​អ្នក​នយោបាយ​ជា​ដើម។

លោក សេក សុជាតិ៖ «ដូច្នេះ ក្នុង​ស្ថានភាព​នេះ គឺ​មាន​តែ​ប្រើប្រាស់​ឥទ្ធិពល និង​អំណាច​ប្រមូល​ផ្ដុំ ក៏ដូចជា អំណាច​ដែល​មាន​ការ​គាំទ្រ​មួយ ដែល​អាច​ធានា​និរន្តរភាព​រយៈពេល​មួយ សម្រាប់​ឈរ​ ក្នុង​ការ​ប្រជែង​អំណាច​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៅ​ពេល​ខាង​មុខ​ហ្នឹង»

ចំណែក​អ្នក​ជំនាញ​ផ្នែក​វិទ្យា​សាស្ត្រ​នយោបាយ និង​កិច្ច​ការ​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា សាទរ​នៅ​ពេល​កម្ពុជា-ចិន​ផ្ដល់​តម្លៃ​ដល់​ទំនាក់ទំនង​និង​កិច្ច សហប្រតិបត្តិការ​ត្បូង​ពេជ្រ​រវាង​ប្រទេស​ទាំង​ពីរ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​នេះ នៅ​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ​នៅ​ឡើយ។ លោក​ថា បើ​កម្ពុជា​មាន​ទំនាក់ទំនង​ តែ​ជា​មួយ​ចិន ហើយ​ខ្វះ​កិច្ច​សហប្រតិបត្តិការ​ពី​បណ្ដា​ប្រទេស​លោក​សេរី​កម្ពុជា នឹង​បាត់​បង់​ផល​ប្រយោជន៍​ច្រើន។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​ក៏​ត្រូវ​បាន​អ្នក​ឃ្លាំមើល និង​អង្កេត​ការណ៍​មើល​ឃើញ ​ពី​ភាព​លម្អៀង​ទៅ​រក​ចិន ទោះបី​ជា​រដ្ឋាភិបាល​ពន្យារ​យាម​ការពារ​ថា ខ្លួន​អព្យាក្រឹត្យ​ក៏​ដោយ បន្ទាប់​ពី​កម្ពុជា​ធ្វើ​សម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​យុទ្ធ​យោធា​ជាមួយ​ចិន ហើយ​លុប​ចោល​សម​យុទ្ធ​យោធា​ជាមួយ​អាមេរិក​និង​អូស្ត្រាលី​តាំង​ពីឆ្នាំ ២០១៧មក។

លោក ឯម សុវណ្ណារ៉ា៖«កម្ពុជា​យើង​មាន​ផល​ប្រយោជន៍​ពី​លោក​ខាង​លិច​នាំ​ទំនិញ​ទៅ​ទី​ផ្សារ​សហរដ្ឋ​អាមេរិក​ខ្ទង់ ៨ ទៅ ៩ពាន់​លាន​ដុល្លារ។យើង​ចំណេញ​ពី​សហរដ្ឋ​អាមេរិក​។ ដោយ​ឡែក​អាមេរិក​នាំ​មក​យើង​តិច​ទេ អ៊ីចឹង​យើង​ចំណេញ​ច្រើន។ ដោយ​ឡែក ចិន​នាំ​មក​កម្ពុជា ហើយ​កម្ពុជា​នាំ​ទៅ​ចិន​តិច។ អ៊ីចឹង ១ម៉ឺន​លាន​ដុល្លារ​មែន ប៉ុន្តែ​កម្ពុជា​នាំ​ទៅ​ចិន​បាន​តែ​ជាង ១លាន ទៅ ២លាន​ដុល្លារ​ហ្នឹង។ អ៊ីចឹង​យើង​ជំពាក់​ចិន​ច្រើន។ អ៊ីចឹង​បើ​យើង​និយាយ​ពី​ផល​ប្រយោជន៍ នៅ​តែ​លោក​ខាង​លិច​មាន​ប្រយោជន៍​ជាង​ទាំង​វិស័យ​សេដ្ឋកិច្ច​ ទាំង​វិស័យ​ការ​ទូត ការ​បរទេស។ អ៊ីចឹង​កម្ពុជា​គួរ​រក្សា​ជំហរ​អព្យាក្រឹត្យ ទើប​ជា​កិច្ចការ​ប្រសើរ សម្រាប់​កសាង​កម្ពុជា​ឱ្យ​មាន​ការ​រីក​ចម្រើន និង​កាត់​បន្ថយ​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​អនាគត»

វិទ្យុ​អាស៊ី​សេរី មិន​អាច​សុំ​ការ​អធិប្បាយ​បញ្ហា​នេះ ពី​ប្រធាន​អង្គភាព​អ្នក​នាំ​ពាក្យ​ រដ្ឋាភិបាល​លោក ប៉ែន បូណា បាន​ទេ នៅ​ថ្ងៃ​ទី២៨ ខែឧសភា ដោយ​ទូរស័ព្ទ​ ចូល​តែ​គ្មាន​អ្នក​ទទួល។

កម្ពុជា និង​ចិន បាន​ចាត់​ទុក​ឆ្នាំ២០២៤ នេះ​ថា ជា​ឆ្នាំ​នៃ​ការ​ផ្លាស់ប្ដូរ​ប្រជាជន​ចិន និង​ប្រជាជន​កម្ពុជា ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហប្រតិបត្តិការ​ត្បូង​ពេជ្រ ដើម្បី​ជំរុញ​ វិស័យ​ទេសចរណ៍​កម្ពុជា និង​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ឱ្យ​កាន់​តែ​ស៊ី​ជម្រៅ ក្នុង​ការ​កសាង​ជោគ​វាសនា​រួម​គ្នា។

ទោះជា​យ៉ាង​ណា​ក្ដី ក្រុម​អ្នក​ឃ្លាំមើល លើក​ឡើង​ថា ទំនាក់ទំនង​នេះ កម្ពុជា​ទទួល​ផល​ចំណេញ​តិច​តួច​ពី​ចិន បើ​ប្រៀបធៀប​នឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​លោក​សេរី ខណៈ​ឆ្នាំ២០២៣ គម្រោង​វិនិយោគ​ប្រមាណ ៦៦ភាគរយ ក្នុង​ទំហំ​វិនិយោគ​សរុប​ជាង ៤ពាន់ ៩រយ​លាន​ដុល្លារ​នៅ​កម្ពុជា គឺ​សុទ្ធ​តែ​ជា​គម្រោង​វិនិយោគ​របស់​ក្រុមហ៊ុន​ចិន។

ជាង​នេះ​ទៅ​ទៀត កម្ពុជា​អាច​ធ្លាក់​ចូល​អន្ទាក់​ភូមិ​សាស្ត្រ​បម្រើ​មហិច្ឆតា​ នយោបាយ​ចិន​និង​ធ្វើអ្វីៗ​តាម​ដែល​ចិន​ចង់​បាន ដើម្បី​ប្រជែង​ឥទ្ធិពល​ជាមួយ​ ប្រទេស​មហា​អំណាច​លោក​សេរី ប្រសិន​បើ​កម្ពុជា​នៅ​តែ​គ្មាន​សមត្ថភាព​កសាង​ប្រទេស​ពង្រឹង​សេដ្ឋកិច្ច​ដោយ​ខ្លួន​ឯង និង​រង់​ចាំ​តែ​ទទួល​ជំនួយ​និង​កម្ចី​ពី​ប្រទេស​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles