យុវជន​ចលនា​មាតាធម្មជាតិ​ស្លៀក​ស​ពាក់​ស​ចូល​រួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

ដោយ ថា ថៃ
2024.05.29
RFA

យុវជន​ចលនា​មាតាធម្មជាតិ​ស្លៀក​ស​ពាក់​ស​ចូល​រួម​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ

យុវជនចលនាមាតាធម្មជាតិ​ ក្នុងសំលៀកបំពាក់​ស ដើរក្បួនមកចូលរួមសវនាការនៅសាលាដំបូង​រាជធានីភ្នំពេញ នៅថ្ងៃទី២៩ ឧសភា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ

សកម្មជន​ចលនា​មាតា​ធម្មជាតិ​អះអាង​ក្នុង​សវនាការ​ថា ពួក​គេ​មិន​បាន​ធ្វើ​សកម្មភាព​ប្រមាថ​អង្គ​ព្រះមហាក្សត្រ ឬ​ប្រឆាំង​រដ្ឋាភិបាល ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​នា​ពេល​កន្លង​មក​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​ថា សកម្មភាព​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​មិន​មាន​កំហុស និង​ជា​ការ​អនុវត្ត​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥នាក់ ក្នុង​ចំណោម ១០នាក់ នៅ​ថ្ងៃ​ទី២៩ ខែឧសភា បាន​ឡើង​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​រង លោក សេង ហៀង ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់»។

សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង ៥នាក់ រួម​មាន កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​លោក លី ចាន់ដារ៉ាវុត។ ក្នុង​ពេល​ឡើង​សវនាការ​នោះ ពួក​គេ​បាន​ស្លៀក​សំលៀក​បំពាក់​មួយ​ឆុត​សរ​ក្នុង​ន័យ ដើម្បី​បង្ហាញ​ពី​សោកនាដកម្ម នៃ​ប្រព័ន្ធ​យុត្តិធម៌​ខ្មែរ។ លើស​ពី​នេះ លោក ថុន ថុនរដ្ឋា និង​លោក យីម លាងហ៊ី បាន​កោរសក់ ដើម្បី​បង្ហាញ​ពី​ការ​លះបង់​របស់​ពួក​គេ ដើម្បី​ការងារ​សង្គម និង​ដើរ​កាន់​ផ្កា​ឈូក ដើម្បី​សម្ដែង​នូវ​អហោសិកម្ម ឬ​មិន​មាន​គំនុំ​គុំកួន​ជា​មួយ​បុគ្គល​ណា​ម្នាក់​ជា​ដើម។ ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា ស៊ុន រដ្ឋា លោក ពក ខឿយ លោក ប៉ិញ ពិសិដ្ឋ លោកស្រី រ៉ី រក្សា និង​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) បាន​អវត្តមាន​ក្នុង​សវនាការ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ស្ថាបនិក​អតីត​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ជនជាតិ​អេស្ប៉ាញ (Spanish) ត្រូវ​បាន​រដ្ឋាភិបាល​បណ្ដេញ​ចេញ និង​ហាម​ឃាត់​មិន​ឱ្យ​ចូល​ប្រទេស​កម្ពុជា​តាំង​ពី​ឆ្នាំ២០១៥។

Mother_Nature_go_to_court_052924_1.jpg
សកម្មជន​ចលនា​មាតា​ធម្មជាតិ​ចំនួន ៥នាក់ ក្នុង​ចំណោម ១០នាក់ នៅ​ថ្ងៃ​ទី២៩ ខែឧសភា បាន​ឡើង​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​រង លោក សេង ហៀង ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់»។ រូបពីពលរដ្ឋ

សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​ជា​ប្រធាន​ស្ដី​ទី​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក យីម លាងហ៊ី លើក​ឡើង​ថា តុលាការ​បាន​សាក​សួរ​សំណួរ​ជា​ទូទៅ​ពាក់​ព័ន្ធ​នឹង​សកម្មជន​ម្នាក់ៗ និង​ក្រោយ​មក​តុលាការ​បាន​សួរ​ទៅ​កាន់​លោក​តែ​ម្នាក់​ពាក់​ព័ន្ធ​នឹង​សកម្មភាព​របស់​លោក​ជា​មួយ​ក្រុម​ចលនា​មាតា​ធម្មជាតិ នា​ពេល​កន្លង​មក។ លោក​បាន​អះអាង​ថា សកម្មភាព​របស់​លោក និង​សកម្មភាព​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផ្សេង​ទៀត ដែល​បាន​ធ្វើ​កន្លង​មក គឺ​ដើម្បី​ការ​ពារ​ធនធាន​ធម្មជាតិ និង​បរិស្ថាន​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។

លោក យីម លាងហ៊ី បាន​បញ្ជាក់​ក្នុង​សវនាការ​ថា សកម្មជន​ចលនា​មាតា​ធម្មជាតិ​មិន ដែល​ប្រព្រឹត្ត​សកម្មភាព​ណា​មួយ​ប្រមាថ​ទៅ​លើ​អង្គ​ព្រះមហាក្សត្រ ឬ​ប្រឆាំង​រដ្ឋាភិបាល​ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​កន្លង​មក​នោះ​ទេ។

លោក យីម លាងហ៊ី៖ «ជា​ភស្តុតាង​អាច​លើក​ឡើង​វិញ អំពី​កិច្ចប្រជុំ​កន្លង​មក ប៉ុន្តែ មិន​ជា​ធ្ងន់ធ្ងរ​ទេ ពី​ព្រោះ​ដូច​បញ្ជាក់​ឡើង​វិញ អ៊ីចឹង​គ្រប់​ការងារ​របស់​មាតា​ធម្មជាតិ​ធ្វើ​ក្នុង​គោល​បំណង​ការពារ​បរិស្ថាន​តែ​ប៉ុណ្ណឹង គឺ​អត់​មាន​ទៅ​កៀរគរ​រក​ប្រមូល​ប្រជាពលរដ្ឋ ចង់​ផ្ដួល​រំលំ​រដ្ឋាភិបាល ឬ​ក៏​ចង់​ឱ្យ​ស្អប់​នរណា សូម្បី​តែ​ស្អប់ ក៏​ចលនា​មាតា​ធម្មជាតិ​មិន​មាន​គោលការណ៍​ណា​ឱ្យ​បុគ្គល​ណា​ម្នាក់​ស្អប់​បុគ្គល​ណា​ម្នាក់​ដែរ»។

ប្រធាន​ចៅក្រម​ជំនុំ​ជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា បិទ​បញ្ចប់​ការ​សាកសួរ​ត្រឹម​លោក យីម លាងហ៊ី នឹង​សម្រេច​បន្ត​សវនាការ នៅ​ថ្ងៃ​ទី៥ ខែមិថុនា ។ សវនាការ​នេះ ក៏​មាន​មន្ត្រី​តំណាង​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ និង​សង្គម​ស៊ីវិល​ចូលរួម​ឃ្លាំមើល​ផង​ដែរ។

នៅ​ខាង​ក្រៅ​សវនាការ​វិញ​ ប្រពន្ធ​សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក ថុន រដ្ឋា គឺ​លោកស្រី ប៉ាត់ រស្មី ដែល​បាន​បី​កូន​អាយុ ៥ខែ​មក​គាំទ្រ​ប្ដី​ថ្លែង​ថា លោកស្រី នៅ​តែ​បារម្ភ​ថា តុលាការ​អាច​នឹង​ចាប់​ខ្លួន​ប្ដី​លោក​ស្រី​ម្ដង​ទៀត បើ​ទោះ​ជា​លោក​ស្រី​ដឹង​ថា សកម្មភាព​របស់​ប្ដី​លោក​ស្រី​កន្លង​មក មិន​បាន​ប្រព្រឹត្ត​ទង្វើ​ខុស​ច្បាប់​ក៏​ដោយ។

លោកស្រី ប៉ាត់ រស្មី៖ «និយាយ​ទៅ​ខ្ញុំ​ស្នើ​សុំ​ឱ្យ​តុលាការ​ទម្លាក់​រាល់​បទ​ចោទ​ប្រកាន់​លើ​រូប​ពួក​គាត់​ទាំង​អស់​គ្នា ព្រោះ​ពួក​គាត់​សុទ្ធ​តែ​អ្នក​ស្រឡាញ់​ធនធាន​ធម្មជាតិ អ្នក​ការពារ​ធនធាន​ធម្មជាតិ ដើម្បី​បន្សល់​ទុក​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​នឹង​បាន​ឃើញ ហើយ​បាន​នៅ​គង់វង្ស»។

ពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ពី​បឹង​តាមោក​ យុវជន និង​ព្រះសង្ឃ​ជាង ១០អង្គ/នាក់ បាន​មក​គាំទ្រ និង​លើក​បដា ដែល​មាន​អត្ថន័យ​ថា «ពួក​យើង​គាំទ្រ​មាតា​ធម្មជាតិ» ឬ «ការងារ​ការ​ពារ​បរិស្ថាន​មិន​មែន​ជា​រឿង​ខុស​ច្បាប់» ជា​ដើម។


និស្សិត​សាកលវិទ្យាល័យ​មួយ​ក្នុង​រាជធានី​ភ្នំពេញ កញ្ញា រៀម ស្រីពេជ្យរតនា ឱ្យ​ដឹង​ថា កញ្ញា​មក​ចូល​រួម​គាំទ្រ ដោយសារ​តែ​កញ្ញា​យល់​ថា បទ​ចោទ​របស់​តុលាការ​នេះ​ផ្ទុយ​នឹង​សកម្មភាព​ជាក់​ស្ដែង​របស់​ចលនា​មាតា​ធម្មជាតិ ដែល​បាន​ធ្វើ ដើម្បី​បរិស្ថាន និង​ពលរដ្ឋ​ខ្មែរ។

កញ្ញា រៀម ស្រីពេជ្យរតនា៖ «ពួក​យើង​ឃើញ​សកម្មភាព​មួយ ដែល​ពួក​គាត់​ធ្វើ ហើយ​ពួក​យើង​យក​ជា​គំរូ​ភាព ពួក​យើង​គោរព​ពួក​គាត់។ ប៉ុន្តែ ហេតុ​អី​ពេល​យើង​ទទួល​បាន​ដំណឹង​ថា ពួក​គាត់​ជាប់​បទ​ចោទ​ប្រមាថ​ព្រះមហាក្សត្រ ក៏​ដូច​ជា បទ​ចោទ​រួម​គំនិត​ក្បត់​ពួក​យើង​ចាប់​ផ្ដើម​មាន​អារម្មណ៍​មួយ​ថា ពួក​យើង​ប្រសិន​អត់​បាន​មក​លើក​ទឹក​ចិត្ត​ដល់​ពួក​គាត់ ឬ​មក​បង្ហាញ​ពី​ភាព​ស្អាតស្អំ​របស់​ពួកគាត់​ទេ ពួក​យើង​ប្រហែល​ជា​មនុស្ស​អាត្មានិយម»។


សកម្មជន​ចលនា​មាតា​ធម្មជាតិ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​អន្តរជាតិ​ចំនួន​ពីរ គឺ​ពានរង្វាន់​អ្នក​ការពារ​ជួរ​មុខ ពី​អង្គការ Front Line Defenders និង​ពានរង្វាន់ រ៉ាយឡាយលីហ៊ូត (Right Livelihood) ពី​ប្រទេស​ស៊ុយអែត (Sweden) ចំពោះ​ភាព​ក្លាហាន និង​ការ​ហ៊ាន​ប្រថុយ​គ្រោះថ្នាក់ ដើម្បី​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី​មិនទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ នៅ​ថ្ងៃ​ទី២៩ ខែឧសភា។

នាយក​ទទួល​បន្ទុក​កិច្ច​ការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត​ ដែល​បាន​ឃ្លាំ​មើល​ក្នុង​សវនាការ​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​សវនាការ​ទើប​នឹង​បន្ត​សាកសួរ​ជា​ថ្មី​ក្ដី ប៉ុន្តែ​អង្គការ​ជាតិ និង​អន្តរជាតិ​បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់ និង​ឃុំ​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នា​ពេល​កន្លង​មក​ថា ជា​ការ​រំលោភ​សិទ្ធិ​មូលដ្ឋាន​របស់​ពលរដ្ឋ។

លោក អំ សំអាត៖ «គេ​ចាត់​ទុក​ថា ការ​ឃុំ​ខ្លួន និង​ការ​ចោទ​ប្រកាន់​ហ្នឹង វា​ជា​រឿង​រំលោភ​ទៅ​លើ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ ជា​ពិសេស ពួក​គាត់ ដែល​ជា​យុវជន​នៅ​ក្នុង​ការ​ចូល​រួម​សកម្ម​នៅ​ក្នុង​កិច្ច​ការ​ធនធាន​ធម្មជាតិ បរិស្ថាន​នេះ គួរ​ត្រូវ​បាន​លើក​ទឹក និង​មិន​គួរ​ត្រូវ​បាន​ចោទ​ប្រកាន់»។

ក្នុង​ចំណោម​សកម្មជន ដែល​តុលាការ​កោះហៅ​នៅ​ពេល​នេះ មាន ៣នាក់ ធ្លាប់​ជាប់​ពន្ធនាគារ​ជាង ១ឆ្នាំ ក្រោម​បទ​ប្រកាន់ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» រួមមាន លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​កញ្ញា ឡុង គន្ធា ហើយ​តុលាការ​បាន​បន្ថែម​បទ​ចោទ «រួម​គំនិត​ក្បត់» មួយ​ករណី​ទៀត ពេល​អ្នក​ទាំង៣ កំពុង​ជាប់​ពន្ធនាគារ។

ចំណែក​កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី លោក លី ចាន់ដារ៉ាវុត និង​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ «រួមគំនិតក្បត់» និង «ប្រមាថ​អង្គ​ព្រះមហាក្សត្រ» ក្នុង​នោះ​កញ្ញា ស៊ុន រដ្ឋា លោក យីម លាងហ៊ី និងលោក លី ចាន់ដារ៉ាវុត ត្រូវ​បាន​តុលាការ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​អស់​រយៈពេល ៥ខែ។ តុលាការ​បាន​ដោះលែង​ពួក​គេ​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាល​ពី​ខែវិច្ឆិកា ឆ្នាំ២០២១៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment