កម្ពុជា
08/06/2024 – 12:50
ដោយ៖ ម៉ុន ចាន់
RFI
ក្រុមយុវជនបរិស្ថានប្រមាណ១០អង្គ-នាក់ បាននាំគ្នាមកដាក់ញាតិនៅក្រសួងបរិស្ថាននៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីទាមទារឱ្យស្ដារឡើងវិញនូវតំបន់ការពារដែនជម្រកសត្វព្រៃពាមក្រសោប។ ការចេញទាមទារ ដោយពួកគេយល់ឃើញថា រដ្ឋបាលខេត្តកោះកុងយកដែនជម្រកសត្វព្រៃនោះ ជាទីលានចាក់សំរាម ។
ក្រុមយុវជន ព្រួយបារម្ភដែនជម្រកសត្វព្រៃក្លាយជាទីលានចាក់សំរាម ប៉ះពាល់ដល់ជីវចម្រុះ
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថានបានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី៨ ខែ មិថុនាថា ក្រសួងបរិស្ថានបានទទួលញ្ញតិរបស់ក្រុមមាតាធម្មជាតិរួចហើយ និងកំពុងពិភាក្សាទៅលើបញ្ហានេះ។ តែបើតាមអ្នកនាំពាក្យរូបនេះ ការស្នើរបស់យុវជនបរិស្ថាន គឺគ្រាន់តែជាលេសដើម្បីវាយប្រហារដ្ឋាភិបាលប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ នៅពេលដើរក្បួនទៅកាន់ក្រសួងបរិស្ថាន ក្រុមចលនាមាតាធម្មជាតិ បានលើកបដា ដែលសរសេរថា«ដែនជម្រកសត្វព្រៃ មិនមែនជាដែនជម្រកសំរាម»ទេ។
សកម្មជនបរិស្ថានទាំងនេះ បានបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់ជាច្រើន ក្រោយពេលរដ្ឋបាលខេត្តកោះកុង អនុញ្ញាត និងបន្តដំណើរការឱ្យមានទីលានចាក់សំរាម ក្នុងដែនជម្រកសត្វព្រៃពាមក្រសោបដោយស្របច្បាប់។

រដ្ឋបាលខេត្តកោះធ្លាប់ចេញមកបញ្ជាក់ថា ទីលានចាក់សំរាមថ្មីស្ថិតក្នុងភូមិសាស្រ្តឃុំទួលគគីរ ស្រុកមណ្ឌលសីមាពុំស្ថិតនៅក្នុងតំបន់ការពារធម្មជាតិរបស់ក្រសួងបរិស្ថានទេ តែក្រុមយុវជនបរិស្ថាននៅតែអះអាងថា តំបន់ចាក់សំរាមនេះជាតំបន់ដែនជម្រកសត្វព្រៃ៕