ដោយ សុជីវី
2024.06.08
RFA
លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ។ រូប៖ ហ្វេសប៊ុកលោក រ៉ុង ឈុន
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៧ ខែមិថុនា ថា គណបក្សកម្លាំងជាតិនឹងចាត់ថ្នាក់ដឹកនាំជួបពិភាក្សា និងមន្ត្រីសាលារាជធានីភ្នំពេញ ជុំវិញផែនការជួបជុំសមាជិកគណបក្សកម្លាំងជាតិយ៉ាងតិច១៥០នាក់ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ។ លោកបញ្ជាក់ថា ទោះបីជាលទ្ធផលនៃកិច្ចពិភាក្សាជាមួយរដ្ឋបាលរាជធានីភ្នំពេញយ៉ាងណាក្ដី ក៏ គណបក្សកម្លាំងជាតិនឹងនៅតែរក្សាគោលជំហរជួបជុំគ្នានៅថ្ងៃទី១៦ ខែមិថុនា តាមការគ្រោងទុកដដែល។
លោក រ៉ុង ឈុន៖ «ជំហររបស់គណបក្ស យើងនៅតែប្រកាន់ជំហរថា នឹងធ្វើ ទោះបីអនុញ្ញាត ឬមិនអនុញ្ញាតត្រូវតែធ្វើ ពីព្រោះនៅក្នុងច្បាប់មិនរង់ចាំការអនុញ្ញាតនោះទេ»។
រដ្ឋបាលរាជធានីបានចេញលិខិតអញ្ជើញអនុប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី ឱ្យចូលពិភាក្សាជុំវិញការជូនដំណឹងរបស់គណបក្សកម្លាំងជាតិ អំពីផែនការជួបជុំសមាជិក នៅទីលានប្រជាធិបតេយ្យ ដើម្បីទាមទារឱ្យដោះលែងប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតដូចជា លោក អ៊ំ វីរៈរដ្ឋ និងលោក មី សេងហ៊ ហៅលោក គា វិសាល ជាដើម។ គណបក្សកម្លាំងជាតិ ចាត់ទុកការឃុំខ្លួនមន្ត្រីគណបក្សរបស់ខ្លួនទាំងនេះថា គឺជារឿងអយុត្តិធម៌ និងធ្វើឡើងក្នុងហេតុផលនយោបាយតែប៉ុណ្ណោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។