ដោយ ហ៊ុំ ចំរើន
2024.06.08
RFA

ទិដ្ឋភាពសិស្សសាលាជក់បារីអគ្គិសនី ក្នុងហាងកាហ្វេមួយកន្លែង នៅក្រុងសៀមរាប កាលពីថ្ងៃទី ០៧ មិថុនា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
សិស្សសាលារៀនរដ្ឋនិងឯកជនមួយចំនួនក្នុងក្រុងសៀមរាបប្រើប្រាស់បារី អគ្គិសនីនៅតាមហាងកាហ្វេ និងទីសាធារណៈដែលរដ្ឋាភិបាលនៅមិនទាន់មានវិធានការទប់ស្កាត់ឱ្យជាក់លាក់នៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលសង្កេតឃើញថា រដ្ឋាភិបាលហាក់មើលរំលងដោះស្រាយបញ្ហានេះបង្កប៉ះពាល់សុខភាពសិស្សានុសិស្ស និងគុណភាពអប់រំរយៈពេលវែង។
ភ្ញៀវទេសចរដែលធ្វើដំណើរទៅកម្សាន្ត ក្នុងតំបន់ទេសចរប្រវត្តិសាស្ត្រខេត្តសៀមរាបហើយហួសទៅ ទិញកាហ្វេ ក្នុងហាងមួយចំនួនក្នុងក្រុងសៀមរាប គេអាចនឹងប្រទះឃើញក្មេងជំទង់និងសិស្សសាលាមួយចំនួន តែងតែអង្គុយជាក្រុមៗ ជក់បារីអគ្គិសនី ឬហៅថា បារីអេឡិចត្រូនិច (E-cigarette)។
ក្រុមក្មេងស្ទាវទាំងនោះអង្គុយបង្ហុយផ្សេងបារីអគ្គិសនី តាមតុកាហ្វេកាន់ទូរស័ព្ទដៃលេងហ្គេមស្ទើរក្លាយជាទម្លាប់ទៅហើយ ក្នុងហាងកាហ្វេ។ កាយវិការទាំងនេះទំនងជាពួកគាត់មួយចំនួន អាចនឹងគេចពីសាលារៀន ហើយលួចមកអង្គុយសម្ងំ នៅតាមហាងកាហ្វេជាច្រើនម៉ោង ទើបត្រឡប់ទៅផ្ទះវិញ។
និស្សិតសិក្សានៅសកលវិទ្យាល័យមួយក្នុងក្រុងសៀមរាប កញ្ញា វិន សុតី សង្កេតឃើញថា អត្រាក្មេងរៀននៅវិទ្យាល័យជក់បារីអគ្គិសនីកើនឡើងច្រើន នៅតាមទីសាធារណៈ និងតាមហាងកាហ្វេ។ កញ្ញាបារម្ភថា ប្រសិនបើបញ្ហានេះ មិនត្រូវបានដោះស្រាយទេនឹងបណ្តាលឲ្យប៉ះពាល់សុខភាពមនុស្ស អាចឈានដល់ការបាត់បង់ជីវិត ជះឥទ្ធិពលអវិជ្ជមានដល់វិស័យអប់រំ។
កញ្ញា វិន សុតី៖ «ក្មេងៗមួយចំនួនគាត់នៅតែប្រព្រឹត្តដដែល ជាពិសេសនៅតាមហាងកាហ្វេមួយចំនួន នៅតាមសាលាក៏គាត់លួចជក់ដែរ។ គាត់យកតាមកាបូប វាស្រួលទេអាហ្នឹង ដាក់តាមកាប៉ាវអាវខោក៏បានដែរ។ ភាគច្រើនជក់អាហ្នឹង គាត់រៀនតាមអនុវិទ្យាល័យ ឬថ្នាក់វិទ្យាល័យ»។
សិស្សរៀនថ្នាក់ទី១១ នៃវិទ្យាល័យ ១០ មករា ខេត្តសៀមរាប ដែលកំពុងអង្គុយជក់បារីអគ្គិសនីក្នុងកាហ្វេមួយកន្លែង ក្នុងក្រុងសៀមរាប គឺកញ្ញា រីម ធីតា។ កញ្ញាប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៧ មិថុនាថា មូលហេតុដែលកញ្ញាជក់បារី ដោយសារមានអារម្មណ៍ធុញថប់ហើយនៅពេលស្រូបផ្សែងបារីចូលធ្វើឱ្យធូរស្បើយភាពតានតឹង។
កញ្ញា រីម ធីតា៖ «ជក់ម្តងហើយ បន្ទាប់មកខ្ញុំឈប់ ខ្ញុំមិនមែនជក់ដល់ថ្នាក់ឈប់អត់បាន។ ខ្ញុំអត់បានជក់ច្រើនទេ ខ្ញុំជក់តែម្តងៗទេ»។
អ្នកលក់កាហ្វេក្នុងហាងមួយកន្លែង ក្នុងក្រុងសៀមរាប កញ្ញា ធីម សារ៉ាត់ ឱ្យដឹងថា ម្ចាស់ហាងតែងតែណែនាំ និងដាក់បម្រាមហាមមិនឱ្យជក់បារីអគ្គិសនី ក្នុងហាងក៏ប៉ុន្តែពួកគាត់តែងតែលួចជក់ដោយលួចលាក់។
កញ្ញាបន្ថែមថា មិនដែលឃើញអាជ្ញាធរមានសមត្ថកិច្ចចុះហាមឃាត់ និងអប់រំណែនាំពីផលប៉ះពាល់សុខភាព នៅតាមហាងកាហ្វេ និងតាមទីប្រជុំជននោះទេ ប្រការនេះហើយដែលធ្វើឱ្យក្មេងៗជំទង់មិនខ្លាច។
កញ្ញា ធីម សារ៉ាត់៖ «អត់អាចហាមឃាត់គាត់បានទេ ពេលខ្លះយើងធ្វើការខាងក្នុង គាត់នៅខាងក្រៅប្រើ។ មិនមែនតែសិស្សសាលាទាំងអស់ទេ អ្នកធ្វើការក៏គាត់ប្រើដែរ។ អ្នកខ្លះគាត់ប្រើជាប្រចាំ»។
កន្លងទៅ ក្រសួងសុខាភិបាល បានប្រកាសហាមឃាត់ពីការប្រើប្រាស់ និងការធ្វើអាជីវកម្មលក់ចែកចាយបារីអេឡិចត្រូនិកនិងចេញសេចក្តីប្រកាសណែនាំបន្ថែម ពីគ្រោះថ្នាក់នៃការប្រើប្រាស់បារីនេះ (E-cigarette)បន្ទាប់ពីមានការកើនឡើងនៃអ្នកប្រើប្រាស់ ជាពិសេស យុវជនក្មេងៗ និងសិស្សនៅតាមសាលារៀនរដ្ឋ និងឯកជន។
ក្រសួងអំពាវនាវឱ្យយុវជននិងពលរដ្ឋបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-cigarette) ជាបន្ទាន់។
គ្រូបង្រៀនវិទ្យាល័យ ១០ មករា ថ្លែងសុំមិនបញ្ចេញឈ្មោះ ព្រោះបារម្ភពីសុវត្ថិភាពប្រាប់វិទ្យុអាស៊ីសេរីថា ថ្នាក់ដឹកនាំសាលា តែងតែហាមឃាត់ និងដាក់បម្រាមមិនឱ្យសិស្សប្រើប្រាស់បារីប្រភេទនេះ ក្នុងសាលារៀននោះទេ។ លោកថា ក្រុមប្រឹក្សាវិន័យរបស់សាលាតែងតែឆែកឆេរមិនអនុញ្ញាតឱ្យសិស្សលួចយកឧបករណ៍ប្រភេទនេះមកជក់ក្នុងបរិវេណសាលាជាដាច់ខាត។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទង សុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យក្រសួងអប់រំយុវជននិងកីឡា លោក កាន់ ពុទ្ធី បាននៅឡើយទេ នៅថ្ងៃទី៧ មិថុនា ដោយទូរស័ព្ទហៅចូលច្រើនដងតែគ្មានអ្នកលើក។ រីឯស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត និងអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ក៏មិនទាន់អាចទាក់ទងសុំការអធិប្បាយជុំវិញបញ្ហានេះបានដែរ។
ជុំវិញរឿងនេះ ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ អ្នកស្រី អ៊ុក ឆាយ៉ាវី ស្នើឱ្យរដ្ឋាភិបាលចាត់ទុកវិធានការលើកអ្នកលក់ដូរឧបករណ៍ជក់បារីអគ្គិសនី និងពង្រីកការអប់រំផ្សព្វផ្សាយតាមសាលារដ្ឋ និងឯកជន។
អ្នកស្រីបារម្ភថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនចាប់អារម្មណ៍ដោះស្រាយបញ្ហានេះ នឹងបង្កប៉ះពាល់វិស័យអប់រំរយៈពេលវែង និងសុខភាពមនុស្សកាន់តែធ្ងន់ធ្ងរនៅពេលអនាគត។
អ្នកស្រី អ៊ុក ឆាយាវី៖ «ហាក់បីដូចជា គ្រាន់តែធ្វើលំៗ ខ្ញុំគិតថា យុវជនជំនាន់ក្រោយ នឹងជួបហានិភ័យខ្ពស់។ សូមរដ្ឋាភិបាលពិនិត្យមើលមែនទែនទាំងអស់នេះ យុវជនសុទ្ធតែសសរទ្រូងនៃប្រទេសជាតិហើយ»។
របាយការណ៍ស្រាវជ្រាវថ្មី របស់អង្គការសុខភាពពិភពលោក (WTH) បង្ហាញពីលទ្ធផលសិក្សាលើប្រេវ៉ាឡង់ (Prevalence) ជក់បារីចន្លោះឆ្នាំ២០០០ដល់ឆ្នាំ២០៣០ឱ្យដឹងថា ការជក់បារីមាននិន្នាការថយចុះក្នុងប្រទេសចំនួន ១៥០ នៅលើពិភពលោក ក៏ប៉ុន្តែការប្រើប្រាស់បារីអេឡិចត្រូនិកបែរជាកើនឡើងនៅទូទាំងពិភពលោក។
របាយការណ៍បន្ថែមថា ១០%នៃក្មេងអាយុពីចន្លោះ ១៣ ទៅ ១៥ឆ្នាំ នៅលើពិភពលោកជក់បារីប្រភេទថ្មីនេះពោលគឺមានក្មេងយ៉ាងហោច ៣៧លាននាក់ ជាអ្នកជក់បារី ក្នុងនោះ ១២លាននាក់ប្រើផលិតផលបារីអេឡិចត្រូនិច។
ជាមួយគ្នានេះដែរ ក្នុងមួយឆ្នាំៗ បារីឬថ្នាំជក់ បានសម្លាប់មនុស្សអស់ជាង៨លាននាក់ ក្នុងនោះជាង១លាន បីសែននាក់ ជាអ្នកស្រូបផ្សែងបារីពីគេ។ គេត្រូវការពេលវេលា ៣០ឆ្នាំដើម្បីចាត់វិធានការប្រឆាំងនឹងថ្នាំជក់ និងបារី ទើបរកឃើញចំនួនមនុស្សស្លាប់ដោយសារបារីមានការធ្លាក់ចុះ។
អង្គការសុខភាពពិភពលោកបន្ថែមថា តួលេខនេះទាបជាងការពិតជាក់ស្តែងឆ្ងាយណាស់ ព្រោះជាង៧០ប្រទេសមិនបានផ្តល់ទិន្នន័យអ្វីទាំងអស់។
អ្នកជំនាញផ្នែកសុខាភិបាលពន្យល់ថា បារីអេឡិចត្រូនិច (E-cigarette) មានដាក់សារធាតុគីមី និងជាតិនីកូទីន (Nicotine) នៅពេលអ្នកប្រើប្រាស់ បឺតស្រូបជាតិផ្សែងចូលទៅក្នុងរាងកាយ គឺវាចូលទៅក្នុងខួរក្បាលរបស់អ្នកជក់។ បញ្ហានេះវាបង្កឲ្យកើតជំងឺសួតរ៉ាំរ៉ៃ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល (Strokes) និងជំងឺគាំងបេះដូង (Heart attacks) ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។