អ្នកឃ្លាំមើល​រិះគន់ លោក ហ៊ុន ម៉ាណែត ដែល​ចាត់ទុក​មតិយោបល់​អ្នក​រិះគន់​គ្រាន់តែ​ជា​ការ​សើច​កម្សាន្ត

ដោយ សេក បណ្ឌិត
2024.06.08
RFA

អ្នកឃ្លាំមើល​រិះគន់ លោក ហ៊ុន ម៉ាណែត ដែល​ចាត់ទុក​មតិយោបល់​អ្នក​រិះគន់​គ្រាន់តែ​ជា​ការ​សើច​កម្សាន្ត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


អ្នកឃ្លាំមើល​ថា ហួសចិត្ត​ចំពោះ​លោក ហ៊ុន ម៉ាណែត ដែល​ចាត់ទុក​ការ​បញ្ចេញ​មតិយោបល់ អ្នក​នៅ​ក្រៅ​ប្រទេស​គ្រាន់តែ​ជា​ការ​សើច​កម្សាន្ត​របស់​លោក គឺ​មិន​អាច​ដឹកនាំ​ប្រទេស​ទៅ​រក​ការ​រីកចម្រើន​នោះ​ទេ​។ ពួកគាត់​ថា លោក ហ៊ុន ម៉ា​ណែ​ត គួរតែ​រៀន​ទទួលស្គាល់​កំហុស ដើម្បី​ទើប សមជា​មេដឹកនាំ​ល្អ។

អ្នកឃ្លាំមើល​រិះគន់​ថា ការដឹកនាំ​ដោយ លោក ហ៊ុន ម៉ាណែត មិន​ខុសពី​ឪពុក​លោក​នោះ​ទេ តែងតែ​ចាក់​ទុក​អ្នក​រិះគន់​ថា ជា​ក្រុមប្រឆាំង ជាស​ត្រូវ និង គ្មាន​ប្រយោជន៍ ក្នុង​ក្រសែភ្នែក​របស់​លោក។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា​នៅ​ប្រទេស​ន័រវែស (Norway) លោក ម៉ែន ណាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​០៧ ខែមិថុនា​ថា ការណ៍​ដែល​លោក ហ៊ុន ម៉ាណែត ចាត់ទុក​ការ​បញ្ចេញ​មតិយោបល់​របស់​អ្នក​រិះគន់​គ្រាន់តែ​ជា​ការ​សើច​កម្សាន្ត ឬ ថា​ជា​ក្រុមប្រឆាំង​នេះ ពុំ​មែន​ជា​រឿង​ថ្មី​នោះ​ទេ ព្រោះ​លោក ហ៊ុន ម៉ាណែត កំពុង​ដឹកនាំ​ប្រទេស​តាមរបៀប​ជន​ផ្ដាច់ការ​។ លោក​សង្កេត​ឃើញ​ថា ការដឹកនាំ​បែប​នេះ ពុំ​អាច​ធ្វើ​ឱ្យ​ប្រទេសជាតិ​រីកចម្រើន​នោះ​ឡើយ។

លោក ម៉ែន ណាត៖ «នៅ​ប្រទេស​ប្រជាធិបតេយ្យ គេ​ឱ្យ​តម្លៃ គេ​កោតសរសើរ​ដល់​អ្នកផ្ដល់​យោបល់ ជាពិសេស​ពួក ប្រជាពលរដ្ឋ ពួក​អ្នកវិភាគ​។ អ្នក​រិះគន់ ទាំងឡាយ​នឹង ពួកគាត់​ផ្ដល់​យោបល់ ជុំវិញ​វិធីសាស្ត្រ ក្នុង​ការ​ដឹកនាំ​ជាតិ ពីព្រោះ អ្នក​គ្រប់គ្នា​ហ្នឹង គ្មាន​នរណា​គេ​ចង់​រិះគន់​ជាន់ពន្លិច​អី​នោះ​ទេ»។

ការ​លើកឡើង​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃ​ទី៦ ខែមិថុនា ថ្លែង​ថា លោក​មិនដែល​ផ្ដល់​តម្លៃ​ដល់​មតិយោបល់​រិះគន់​របស់​អ្នកវិភាគ ឬ​អ្នកប្រឆាំង​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​។ លោក​ថ្លែង​ក្នុង​ពិធី​សម្ពោធ កំពង់ផែ​ពហុ​បំណង​កំពត ដែល​ស្ថិតនៅ​ខេត្ត​កំពត​ថា សម្ដី​របស់​អ្នក​រិះគន់ នៅ​ក្រៅ​ប្រទេស​គ្រាន់តែ​ជា ការ​កម្សាន្ត​សប្បាយ ដើម្បី​កំដរ​ពេល​អផ្សុក​របស់​លោក​ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ាណែត៖ «អ្នកខ្លះ​និយាយ​ឱ្យ​ខ្ញុំ​ឈឺ បរាជ័យ​ហើយ ព្រោះ​ខ្ញុំ​ឥឡូវ​អផ្សុក អ៊ីចឹង ពេលខ្លះ​យក អា​គេ​វាយ ប្រហារ​ដើម្បី​សើច​កម្សាន្ត ព្រោះ ប្រសិនបើ គេ​វាយ​ឱ្យ​យើង​ឈឺ ហើយ​យើង​ឈឺ យើង​ចាញ់​គេ​ហើយ​។ គេ​ដុត​ឱ្យ​យើង​ក្ដៅ បើ​យើង​ក្ដៅ យើង​ចាញ់ហើយ ឱ្យ​ក្ដៅ​តែ​ខ្លួនឯង​ចុះ ខ្ញុំ​ត្រជាក់​ល្ហឹម»។

អ្នកឃ្លាំមើល​រិះគន់​ថា ការ​លើកឡើង​របស់ លោក ហ៊ុន ម៉ាណែត បែប​នេះ ពុំ​សមជា​មេដឹកនាំ​នោះ​ទេ​។ ពួកគាត់ យល់​ឃើញ​ថា មេដឹកនាំ​ត្រូវ​ស្តាប់ និង​ទទួល​យក​មតិយោបល់​ចម្រុះ​ពី​គ្រប់​ភាគី ពោល​គឺ​មិនមែន​ទាត់​ចោល​ការរិះគន់ ហើយ​ស្ដាប់​តែ​ពាក្យ​លើកជើង​ពី​មន្ត្រី ឬ​មនុស្ស​អែបអប​នោះ​ទេ។

ពួក​គាត់​ថា នៅពេល​មេដឹកនាំ​មិន​ចេះ​ស្ដាប់ មតិយោបល់​អ្នក​រិះគន់​បែបនេះ គឺ​ការដឹកនាំ​នឹង​បង្កើត​បញ្ហា​ជាច្រើន​ដល់​ប្រទេសជាតិ ដូច​ស្ដែង ឲ្យ​ឃើញ​ដូច​សព្វថ្ងៃ រាប់​ចាប់តាំងពី​បញ្ហា​គ្រឿងញៀន បញ្ហា​ជួញដូរ​មនុស្ស បញ្ហា​អសន្តិសុខ​សង្គម បញ្ហា​អំពើពុករលួយ និង​បញ្ហា​អយុត្តិធម៌​សង្គម ។ ធ្ងន់ធ្ងរ​ជាង​នេះ ករណី​ដែល​លោក ហ៊ុន ម៉ាណែត មិន​ព្រម​ស្ដារ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​តាម​ការ​ស្នើសុំ​ពី​សហគមន៍​ជាតិ និង​អន្តរជាតិ​នេះ ជាហេតុ​ធ្វើ​ឲ្យ​កម្ពុជា​មាន កេរ្តិ៍ឈ្មោះ​អាក្រក់​លើ​ឆាក​អន្តរជាតិ និង​ថែមទាំង​ទទួលរង​សម្ពាធ​សេដ្ឋកិច្ច​ពី​សហគមន៍ អន្តរជាតិ​ជា​បន្តបន្ទាប់។

អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់គំនិត និង​ការស្រាវជ្រាវ បណ្ឌិត សេក សុជាតិ ប្រាប់​វិទ្យុ​អាស៊ីសេរី លើកឡើង​ថា ការណ៍​ដែល​មេដឹកនាំ ចាត់ទុក​អ្នក​រិះគន់​គ្រាន់តែ​ជា ការ​លេង​សើច​នោះ ពុំ​មែន​ជា​រឿង​ល្អ​នោះ​ទេ​។ លោក​បន្ត​ថា អ្នក​រិះគន់ ឬ អ្នកផ្ដល់​អនុសាសន៍ គឺ​ពួកគាត់ ចង់បាន​មេដឹកនាំ ដែល​ចេះ​កែ​កំហុស ដើម្បី​ឆ្ពោះ​ទៅ​រក​ការ​ដឹកនាំ មួយ​ដែល​គិត​ផលប្រយោជន៍​ជាតិ​ជាធំ។

បណ្ឌិត សេក សុជាតិ៖ «មនុស្ស​ដែល​ដឹង​កំហុស​ហើយ​កែ ជា​មនុស្ស​ល្អ​។ រឿង​ដែល​យើង​ចាំបាច់​ជាងគេ យើង​ដឹង​ហើយ​ថា ប្រសិនបើ គេ​រិះគន់​យើង ក្នុង​នាម​យើង​ជា​អ្នកដឹកនាំ យើង​ត្រូវ​ដឹង​ថា តើ​យើង​មាន​កំហុស​ហ្នឹង​មែន​អត់ ហើយ​ប្រសិនបើ​យើង​មិន​ទទួល​កំហុស ហើយ​ទៅ​ដាក់ទោស​អ្នក​រិះគន់​យើង​វិញ នោះ​គឺជា​កំហុស​មួយ​ដ៏​ធំ​របស់​មេដឹកនាំ»។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) បាន​របាយការណ៍​ប្រចាំឆ្នាំ​២០២៣ រក​ឃើញ​ថា កម្ពុជា​នៅតែ​បន្ត​ធ្លាក់ចុះ សេរីភាព​សារព័ត៌មាន និង​សេរីភាព បញ្ចេញមតិ ដោយសារតែ ការ​ធ្វើ​ទុក្ខបុកម្នេញ​មក​លើ​សកម្មជន​បក្ស​ប្រឆាំង សកម្មជន​ដីធ្លី និង​ការ​បិទ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សារព័ត៌មាន​ជា​បន្តបន្ទាប់​។ ករណី នេះ​ត្រូវ​បាន​អង្គការ​ជាតិ និង​អន្តរជាតិ វាយតម្លៃ​ថា កម្ពុជា​កំពុង​ដឹកនាំ​ទៅ​រក​លំនាំ​របប​ផ្ដាច់ការ។

អ្នកឃ្លាំមើល និង​ប្រជាពលរដ្ឋ ចង់​ឃើញ​លោក ហ៊ុន ម៉ាណែត ចាត់ទុក​អ្នក​រិះគន់ ឬ​អ្នកមាន​មតិផ្ទុយ គឺជា​ភ្នែក​ច្រមុះ ដើម្បី​យក​មក​ឆ្លុះបញ្ចាំង កំហុស​របស់​ខ្លួន​។ ពួកគាត់​ថា ប្រសិនបើ​មេដឹកនាំ​ចាត់ទុក​អ្នក​រិះគន់ គឺជា​សត្រូវ ធ្វើ​ឱ្យ​ប្រទេសជាតិ​សម្បូរ​ដោយ​ជន​ពុករលួយ ពូកែ​អែបអប និង​លើកជើង​។ រីឯ បញ្ហា​សង្គម មិន​ត្រូវ​បាន​លើកឡើង ដើម្បី​ដោះស្រាយ​នោះ​ទេ ព្រោះតែ​ខ្លាច​បាត់បង់​បុណ្យស័ក្ដិ និង​ប្រយោជន៍​ផ្ទាល់ខ្លួន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

Leave a Reply

Submit Comment