កម្ពុជា
09/06/2024 – 07:22
ដោយ៖ អ៊ឹង ប៊ុនថន
RFI
តំណាងប្រព័ន្ធផ្សព្វផ្សាយកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសចិន បានប្តេជ្ញាចិត្តរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដើម្បីចូលរួមថែរក្សាឲ្យបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងការពារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី៩ខែមិថុនា។ ការប្តេជ្ញាចិត្តនេះធ្វើឡើងនៅអំឡុងពេលនៃជំនួបរវាងរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤។

បើតាមរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា ព័ត៌មានក្លែងក្លាយដែលត្រូវបាន និងកំពុងបង្កើតឡើងនិងចរាចរណ៍ក្នុងបណ្តាញទំនាក់ទំនងសង្គម និងបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម ដោយសារងាយស្រួលបង្កើត និងងាយស្រួលផ្សព្វផ្សាយ។
នៅក្នុងពេលបើកសម្ពោធកម្មវិធីសំឡេងបេតិកភណ្ឌ «ដើរកម្សាន្តនៅយូណាន ទៅទស្សនានៅអង្គរ» លោក នេត្រ ភក្ត្រា បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជននៃប្រទេសទាំងពីរចូលរួមសហការគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ។ លោកចាត់ទុកថា ក្នុងសម័យឌីជីថលនេះ ព័ត៌មានក្លែងក្លាយជាច្រើនត្រូវបានបង្កើតឡើង និងផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងសង្គមបង្កបដោយរបៀបវារៈទុច្ចរិត បង្កើតឱ្យមានការយល់ច្រឡំ និងមានទិសដៅបំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា និងចិន លើការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ការវិនិយោគ និងសកម្មភាពមនុស្សធម៌ផ្សេងៗ។
សូមបញ្ជាក់ថា ក្រសួងព័ត៌មានបានបង្កើតគណៈកម្មាធិការប្រឆាំងព័ត៌មានក្លែងក្លាយដោយមានការចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ។ ជាលទ្ធផល ក្នុងឆ្នាំ២០២៣ កន្លងទៅនេះ ព័ត៌មានក្លែងក្លាយជាង៣ពាន់ត្រូវបានកត់ត្រា ហើយករណីខ្លះត្រូវបានចាត់វិធានការតាមនីតិវិធីច្បាប់។
លោក នេត្រ ភក្ត្រា អំពាវនាវដល់ពលរដ្ឋកម្ពុជា និងចិន កុំជឿលើការផ្សព្វផ្សាយព័ត៌មានមិនពិតនៅលើបណ្តាញទំនាក់ទំនងសង្គមដែលគ្មានប្រភពពិតប្រាកដ និងត្រូវជឿជាក់លើការផ្សព្វផ្សាយព័ត៌មានវិជ្ជាជីវៈនៃប្រព័ន្ធផ្សព្វផ្សាយផ្លូវការ។ លោកបានប្រាប់ភាគីចិនថាក្រសួងព័ត៌មានគ្រោងនឹងដឹកនាំធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនាពេលខាងមុខ និងមានបំណងពង្រីកយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះ ក្នុងក្របខណ្ឌទូលំទូលាយ។
បើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP លោកស្រីជឹង យៀន សមាជិកអចិន្ត្រៃយ៍និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនខេត្តយូណាន គាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា និងសន្យាសហការ ជាមួយកម្ពុជាលើកិច្ចការនេះ៕