កម្ពុជា
09/06/2024 – 13:24
ដោយ៖ ម៉ុន ចាន់
RFI
នៅព្រឹកថ្ងៃទី៩ ខែមិថុនានេះ សមាគមខ្មែរកម្ពុជាក្រោមបានរំឮកខួប៧៥ឆ្នាំ ដែលបារាំងផ្ទេរទឹកដីកម្ពុជាក្រោមរបស់ខ្មែរទៅឲ្យរដ្ឋអំណាចវៀតណាមគ្រប់គ្រងមកដល់សព្វថ្ងៃនេះ។ ពិធីផ្លូវការនេះធ្វើឡើងនៅ វត្តសាមគ្គីរង្សី រាជធានីភ្នំពេញ នៅក្រោមវត្តមានឧត្តមទីប្រឹក្សាព្រះមហាក្សត្រ គឺលោក សឺន ស៊ប៊ែរ្តិ៍។
ខ្មែរកម្ពុជាក្រោមអំពាវនាវឲ្យប្រើយុទ្ធនាការឆ្ពោះទៅកាន់កម្ពុជាក្រោម
បើតាមសុន្ទកថា ការប្រារព្ធពិធីនេះ ដើម្បីបង្ហាញនូវបំណងចង់ឱ្យ ខ្មែរគ្រប់រូបបានប្រើ យុទ្ធនាការដំណោះស្រាយឆ្ពោះទៅកាន់ទឹកដីខ្មែរកម្ពុជាក្រោមឲ្យបានមួយដងក្នុងមួយឆាកជីវិត។
យុទ្ធនាការនេះសំដៅទៅដល់ អ្នកដែលមានដើមកំណើតនៅកម្ពុជាក្រោម ហើយសព្វថ្ងៃពួកគេរស់នៅឯក្រៅប្រទេសក្ដី និងនៅកម្ពុជាក្តី ដែលហៅថា “មាតុភូមិនិវត្តន៍” ។ រីឯ ជនរួមជាតិដែលមិនបានកើតនៅកម្ពុជាក្រោម ដូចជា អ្នកនៅកម្ពុជា ឬនៅក្រៅប្រទេស ហៅថា “ធម្មយាត្រាទៅកាន់កម្ពុជាក្រោម” និង ជនរួមជាតិខ្មែរ ឬជនបរទេស ហៅថា “ដំណើរទស្សនាចរទៅកាន់កម្ពុជាក្រោម” ដើម្បីចុះទៅធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ ឬទេសចរ ។
ជាការគត់សម្គាល់នៅក្នុងពិធីរំឮកខួប៧៥ឆ្នាំនេះ គឺមានការចេញសាររំឭកអំពីអនុស្សាវរីយ៍ដ៏គួរឲ្យសោកស្ដាយ ពីសំណាក់ព្រះបរមរាជវាំង ព្រះសង្ឃ ប្រជារាស្ដ្រទាំងក្នុង និងក្រៅប្រទេសដោយព្រមៗគ្នា តាមរយៈបណ្ដាសង្គម ។ សកម្មភាពនេះជាការស្ដែងចេញនូវឆន្ទៈដ៏មុះមុតប្រាប់ដល់ពិភពលោកថា ព្រះសង្ឃ និងប្រជារាស្ដ្រខ្មែរមានការឈឺចាប់យ៉ាងខ្លាំង ហើយចងចាំជានិច្ច មិនអាចបំភ្លេចបានចំពោះទង្វើឃុបឃិតគ្នាដ៏អយុត្តិធម៌រវាង បារាំង-វៀតណាម ដើម្បីផ្លាស់ប្ដូរវេនគ្នាយកទឹកដីកម្ពុជាក្រោមមកត្រួតត្រាបន្ត។ នេះជាការគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍។
សូមរំលឹកជូនថា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៤៨ បារាំងបានប្រកាសសេចក្តីថ្លែងការណ៍រួមមួយជាផ្លូវការ ដែលបានចុះហត្ថលេខា កាលពីចុងឆ្នាំ១៩៤៧ រវាងលោក បូឡាអែរត៍ និង ស្តេច បាវ ដាយ ដោយសេចក្តីថ្លែងការណ៍នោះ បានទទួលស្គាល់ឯករាជ្យរបស់វៀតណាម ប៉ុន្តែដោយមានលក្ខខណ្ឌ វៀតណាមត្រូវតែគោរពសិទ្ធិ ផលប្រយោជន៍បារាំង ។ ប៉ុន្តែនៅថ្ងៃទី១៨ ខែ ឆ្នាំដដែលនោះ សម្តេច ព្រះនរោត្តម សីហនុ បានធ្វើការតវ៉ាតាមរយៈព្រះរាជសារមួយជូនចំពោះបារាំង ដោយព្រះអង្គបានចាត់ទុកសេចក្តីថ្លែងការណ៍នោះជាមោឃៈ។

តែនៅថ្ងៃទី៤ ខែមិថុនាឆ្នាំ១៩៤៩ អាណានិគមបារាំង បានផ្ទេរសិទ្ធិគ្រប់គ្រងខេត្តសរុបចំនួន២១នៅកម្ពុជាក្រោម ទៅឲ្យវៀតណាមគ្រប់គ្រងមកដល់សព្វថ្ងៃ។
បើតាមសមាគមខ្មែរកម្ពុជាក្រោម ជនជាតិដើមខ្មែរក្រោម បានតស៊ូ និងធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារទឹកដី វប្បធម៌ និងជំនឿសាសនារបស់ខ្លួន នៅដែនដីកម្ពុជាក្រោម បើទោះបីជាមានការគាបសង្កត់ពីសំណាក់អាជ្ញាធរវៀតណាមបែបណាក្តី ខណៈអង្គការសហប្រជាជាតិតែងតែប្រាប់ឲ្យវៀតណាមគោរសិទ្ធិពលរដ្ឋខ្មែរជាជនជាតិដើម៕