ខ្មែរក្រោមនៅកម្ពុជាប្រារព្ធខួបទិវា០៤មិថុនា ជំរុញឱ្យកូនខ្មែរបន្តបេសកកម្មទាមទារសិទ្ធិសេរីភាពសម្រាប់ខ្មែរក្រោម

ដោយ ទីន ហ្សាការីយ៉ា
2024.06.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ខ្មែរក្រោមនៅកម្ពុជាប្រារព្ធខួបទិវា០៤មិថុនា ជំរុញឱ្យកូនខ្មែរបន្តបេសកកម្មទាមទារសិទ្ធិសេរីភាពសម្រាប់ខ្មែរក្រោម

ពលរដ្ឋខ្មែរ និងខ្មែរក្រោម ប្រារព្ធខួបលើកទី៧៥ឆ្នាំ ដែលបារាំងផ្ទេរការត្រួតត្រាទឹកដីកម្ពុជាក្រោមទៅឱ្យវៀតណាម នៅវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។ រូប៖ ពលរដ្ឋ


អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម ពលរដ្ឋ​ខ្មែរ និង​ខ្មែរ​ក្រោម​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី០៩ មិថុនា ប្រារព្ធ​ខួប​លើក​ទី​៧៥ឆ្នាំ​ ទិវា០៤មិថុនា ដែល​បារាំង​ផ្ទេរ​ការ​ត្រួតត្រា​ទឹក​ដី​កម្ពុជា​ក្រោម​ទៅ​ឱ្យ​វៀតណាម​គ្រប់គ្រង​បន្ត​កាល​ពី​ឆ្នាំ​១៩៤៩។ ថ្នាក់​ដឹក​នាំ​អង្គការ​ និង​សមាគម​ខ្មែរ​កម្ពុជា​ក្រោម អំពាវនាវ​ដល់​កូន​ខ្មែរ​គ្រប់​រូប​បន្ត​បេសកកម្ម​ពី​ដូនតា​ទាមទារ​សិទ្ធិ​សេរីភាព​ពី​រដ្ឋាភិបាល​វៀតណាម​មក​វិញ។

ពិធី​រំឭក​ខួប​ទី​៧៥​ឆ្នាំ​នៅ​ឆ្នាំ​នេះ ​ត្រូវ​បាន​អង្គការ​ សមាគម​ខ្មែរ​កម្ពុជា​ក្រោម​រៀប​ចំ​ឡើង នៅ​វត្ត​សាមគ្គីរង្សី ហៅ​វត្ត​កម្ពុជា​ក្រោម ស្ថិត​នៅ​ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយ​មាន​អ្នក​ចូល​រួម​ជាង​៥រយ​នាក់។

ថ្លែង​ទៅ​កាន់​អង្គ​ពិធី មន្ត្រី​សម្រប​សម្រួល​លេខាធិការដ្ឋាន នៃ​អង្គការ​សមាគមខ្មែរកម្ពុជាក្រោម លោក គឹម ស៊ីសំណា បាន​រំឭក​ថា ការ​បាត់បង់​ការ​គ្រប់គ្រង​ទឹកដី​កម្ពុជា​ក្រោម គឺ​ក្រោយ​ពី​អណ្ណាម​បាន​ខ្ចី​ដី​នៅ​កម្ពុជា​ក្រោម​ដើម្បី​តតាំង​ជា​មួយ​ប្រទេស​ចិន​នៅ​ដើម​សតវត្សរ៍​ទី១៧។


លោក គឹម ស៊ីសំណា បាន​រំឭក​ទៀត​ថា រដ្ឋាភិបាល​ប្រទេស​វៀតណាម​ដែល​មាន​ឈ្មោះ​ដើម​ថា​អណ្ណាម​មិន​ដែល​សង​ទឹក​ដី​កម្ពុជា​ក្រោម​មក​ប្រទេស​កម្ពុជា​វិញនោះ​ទេ ប៉ុន្តែ​រដ្ឋាភិបាល​អណ្ណាម​បែរ​ជា​បញ្ជូន​ជនជាតិ​យួន​មក​រស់​នៅ​កាន់​តែ​ច្រើន​ទៅ​វិញ។ លោក​ថា ក្រោយ​មក​ប្រធានាធិបតី​បារាំង និង​រដ្ឋាភិបាល​វៀតណាម​បាន​គប់គិត​គ្នា​ចុះ​កិច្ច​ព្រមព្រៀង​កាត់​ទឹកដី​កម្ពុជា​ក្រោម​ឱ្យ​ប្រទេស​វៀតណាម​នៅ​ក្នុង​នៅ​ថ្ងៃទី ៤ មិថុនា ១៩៤៩​ដោយ​គ្មាន​ការ​យល់​ព្រម​ពី​ប្រទេស​កម្ពុជា​នោះ​ឡើយ។

ទោះ​ជា​យ៉ាងណា លោក  គឹម ស៊ីសំណា ថា ព្រះមហាក្សត្រ ព្រះសង្ឃ និង​ពលរដ្ឋខ្មែរ​មិន​ដែល​បោះបង់​នូវ​សេចក្ដី​ព្យាយាម​ក្នុង​ការ​ទាមទារ​ទឹកដី និង​សិទ្ធិពលរដ្ឋ​ខ្មែរ​ក្រោម បើ​ទោះ​ជា​បាន​ពលី​ជីវិត​យ៉ាង​ណា​ក្ដី​។

លោក គឹម ស៊ីសំណា៖ «​ហើយ​មិន​អនុញ្ញាត​រៀន​អក្សរខ្មែរ​​ជា​ពិសេស​គឺ​ភូមិវិទ្យា​ ប្រវត្តិវិទ្យា​​របស់​ខ្មែរ​ គឺ​មិន​ឱ្យ​រៀន​ និង​មិន​ឱ្យ​អាន​ជា​ដាច់​ខាត​ទង្វើ​ទាំង​នេះ​បាន​ធ្វើ​ឱ្យ​កូន​ខ្មែរ​​​អ្នក​ដែល​មាន​មនសិការ​ស្នេហា​ជាតិ​ ឧត្ដមគតិ​ជាតិ​​មិន​អាច​ស៊ូ​ទ្រាំ​​ និង​​នៅ​ស្ងៀម​ចំពោះ​​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នេះ​បាន​ ក៏​សម្រេច​ចិត្ត​ធ្វើ​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​ជា​បន្ត​បន្ទាប់​​​​»។ 

តំណាង​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម លោក តាំង សារៈ មាន​ប្រសាសន៍​ថា ក្រោយ​ពី​មាន​ការ​ផ្ទេរ​សិទ្ធិ​ឱ្យ​ប្រទេស​វៀតណាម​គ្រប់គ្រង​ទឹកដី​កម្ពុជាក្រោម ក្នុង​រយៈ​ពេល​ប្រាំពីរ​ទសវត្សរ៍​កន្លះ​មក​នេះ ខ្មែរ​ក្រោម​រស់​នៅ​ក្រោម​នឹម​អាណានិគម​របស់​រដ្ឋាភិបាល​វៀតណាម បាន​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន​ដែល​មិន​នឹក​ស្មាន​ដល់​ដូចជា ត្រូវ​របប​ក្រុង​ហាណូយ​ជិះជាន់ រំលោភ​បំពាន​សិទ្ធិ រំលាយ​វប្បធម៌​ បំផ្លាញ​សាសនា គំរាមកំហែង និង​បំបិទ​សំឡេង​មិន​ឱ្យ​ពលរដ្ឋខ្មែរ​ក្រោម​បញ្ចេញមតិ​ដោយ​សេរីឡើយ។

លោក តាំង សារៈ ថា បញ្ហា​ប្រឈម​ទាំងនេះ បាន​ធ្វើ​ឱ្យ​ខ្មែរ​ក្រោម​គ្រប់រូប​ ក្រោក​ឡើង​ធ្វើ​ការ​តស៊ូ​មតិ និង​អនុវត្ត​នូវ​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្លួន​ជា​ជនជាតិដើម​ជាប់​មិន​ដាច់​ដើម្បី​បាន​ទទួល «សិទ្ធិ​សម្រេច​វាសនា​ខ្លួន​ដោយ​ខ្លួន​ឯង»។ លោក​បន្ត​ថា​សហគមន៍​អន្តរជាតិ​ត្រូវ​ទាមទារ​ឱ្យ​ប្រទេស​វៀតណាម​ដែល​ជា​សមាជិក​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ ត្រូវ​តែ​គោរព​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន និង​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ខ្មែរ​ក្រោម​តាម​សន្ធិសញ្ញា​​នានា​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា។

លោក តាំង សារៈ៖ «យើង​សូម​អំពាវ​នាវ​ដល់​សហគមន៍​អន្តរជាតិ​ឱ្យ​ទទួល​ខុស​ត្រូវ​ចំពោះ ​អំពើ​ផ្តាច់ការ​នៃ​របប​អាណា​និគម​យួន និង​ធានា​នូវ​យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ក្រោម​របស់​យើង​»។

ឧត្តម​ទី​ប្រឹក្សា​ព្រះ​មហាក្សត្រ និង​ជា​អ្នក​មាន​ឈាមជ័រ​ខ្មែរ​ក្រោម  លោក សឺន សូប៊ែរ្តិ៍ ថ្លែង​ថា ក្នុង​ថ្ងៃ​រំឭក​ខួប​ទី ៧៥ ឆ្នាំ​ ដែល​បារាំង​ផ្ទេរ​ទឹកដី​កម្ពុជា​ក្រោម​ឱ្យ​វៀតណាម​គ្រប់គ្រង​ក៏​ជា​ថ្ងៃ​រឭក​ដល់​គុណូបការៈ​របស់​ព្រះមហាក្សត្រ ព្រះសង្ឃ និង​ដូនតា​ខ្មែរ​គ្រប់​ជំនាន់​ដែល​បាន​តស៊ូ​ក្នុង​រយៈ​ពេល​កន្លង​មក ហើយ​កូន​ខ្មែរ​គ្រប់រូប​ត្រូវ​បន្ត​សកម្មភាព​ទាមទារ​សិទ្ធិ និង​ទឹកដី​កម្ពុជា​ក្រោម​បន្ត​ពី​ពួក​គាត់។

លោក សឺន សូប៊ែរ្តិ៍៖ «យើង​ត្រូវ​រំក​គុណ​​ដល់​ព្រះ​ថេរៈ​ សមណៈ ដល់​វីរបុរស​ វីរនារី​ខ្មែរ​​ស្នេហា​ជាតិ​​ទាំង​ឡាយ​​ដែល​បាន​​ពលីកម្ម​ជីវិត​ដើម្បី​ការពារ​​ រក្សា​ព្រលឹង​ខ្មែរ​ក្រោម​​»។ 

ក្នុង​ពិធី​នេះ ក្រៅ​តែ​ពី​ឧត្តម​ទី​ប្រឹក្សា​ព្រះមហាក្សត្រ​ ក៏​មាន​ការ​ចូល​រួម​របស់​អ្នក​នយោបាយ​មក​ពី​បក្ស​ក្រៅ​រដ្ឋាភិបាល​ដែរ ដូច​ជា​ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន អនុ​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក សាម ស៊ុនឌឿន និង​សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​លោក ស្រ៊ុន ស្រ៊ន។ ចំណែក​ខាង​គណបក្ស​កាន់​អំណាច​មិន​ឃើញ​ចូលរួម​នោះ​ឡើយ។  

សកម្មជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស លោក ស្រ៊ុន ស្រ៊ន លើក​ឡើង​ថា បើ​ខ្មែរ​កណ្ដាល ឬ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ប្រទេស​រឹងមាំ​ និង​មាន​ប្រជាធិបតេយ្យ​ពេញលេញ នោះ​ការ​ទាមទារ​សិទ្ធិ​សេរីភាព​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​នឹង​អាច​ធ្វើ​ទៅ​បាន​ដោយ​គ្មាន​ឧបសគ្គ។ លោក​ជំរុញ​ឱ្យ​ពលរដ្ឋ​សិក្សា​ខ្លឹមសារ​ច្បាប់​ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល​អនុវត្ត​តាម​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។

លោក ស្រ៊ុន ស្រ៊ន៖ «មុន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​​​​មុន​១៩៩១ មាន​​បក្ស​ណា​បើក​ បើក​រលាយៗ​ ត្រូវ​បាន​កម្ទេច​ចោល​កុំ​ថា​ឡើយ​បើក​បក្ស​​ មាន​តែ​ចលនា​ក៏​គេ​មិន​ឱ្យ​បង្កើត​ផង​ ប៉ុន្តែ​ឥឡូវ​នេះ​ចង់​បង្កើត​បក្ស​ក៏​បាន​ បើ​ទោះ​ជា​មាន​ការ​អនុវត្ត​ច្បាប់​មិន​ប្រក្រតី​​ ម៉េច​ក៏​ថា​កិច្ច​ព្រមព្រៀង​សន្តិភាព​ទី​ក្រុង​ប៉ារីស​គ្មាន​គោលការណ៍​គ្រឹះ​​សម្រាប់​ជួយ​ខ្មែរ​ក្រោម​អ៊ីចឹង​ ​​ការ​ពារ​ខ្មែរ​កណ្ដាល​បាន​ មិន​ការ​ពារ​ខ្មែរ​ក្រោម​ ការ​ពារ​​ឫស​បាន​ ដើម​បាន​ក៏​ត្រូវ​ការ​ពារ​ដើម​បាន​»។

វិទ្យុអាស៊ីសេរី​មិន​ទាន់​អាច​សុំ​ការ​ឆ្លើយ​តប​រឿង​នេះ​ពី​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា និង​អ្នក​នាំ​ពាក្យ​នាយក​រដ្ឋ​មន្ត្រី​លោក មាស សោភ័ណ្ឌ បានទេ  នៅ​ថ្ងៃ​ទី ០៩ ខែ​មិថុនា។ ក្រៅ​ពី​នៅ​កម្ពុជា នៅថ្ងៃទី៩ មិថុនា នេះ​សហព័ន្ធ​ខ្មែរ​កម្ពុជាក្រោម​នៅ​សហរដ្ឋអាមេរិក​ក៏​គ្រោង​ជួប​ជុំ​ប្រារព្ធទិវា ៤ មិថុនា នៅ​រដ្ឋកាលីហ្វ័រញ៉ា (California) និង​រដ្ឋវ៉ាស៊ីនតុន (Washington State) ផង​ដែរ៕ 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។ 

What Next?

Recent Articles