គណបក្សជំទាស់ទទួលយកលទ្ធផលបោះឆ្នោត តែលើកពីភាពមិនប្រក្រតីខ្លះ

កម្ពុជា
10/06/2024 – 08:39
ដោយ៖ អ៊ឹង ប៊ុនថន
RFI

នៅ​ថ្ងៃទី​១០ មិថុនា​ គណបក្សជំទាស់បានរៀបចំសន្និសីទដោយទទួលស្គាល់លទ្ធផល  និងលើកឡើងពីភាពមិនប្រក្រតីមួយចំនួន​ទាក់ទងនឹងការបោះឆ្នោត ក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៤។

គណបក្សជំទាស់ទទួលយកលទ្ធផលបោះឆ្នោត តែលើកពីភាពមិនប្រក្រតីខ្លះ


ការចាប់ខ្លួនសមាជិកបក្សប្រឆាំងជាបន្តបន្ទាប់​ និងការមិនព្រមផ្លាស់ប្តូរក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សភ្លើងទៀនឲ្យទាន់ពេលវេលា​ គឺជាដើមហេតុដែលគណបក្សឆន្ទៈខ្មែរអះអាងពីការធ្វើឲ្យខ្លួនរបួតអាសនៈក្រុមប្រឹក្សាស្ទើរតែពាក់កណ្តាលនៅអាណត្តិទី៤នេះ។ ទោះជា​យ៉ាងណា លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរចាត់ទុកលទ្ធផលដែលទទួលបានថាជាការចាប់ផ្តើមឡើងវិញនៃ​ «ពន្លកប្រជាធិបតេយ្យ» នៅថ្នាក់ក្រោមជាតិ បន្ទាប់ពី អាសនៈរបស់គណបក្សប្រឆាំងត្រូវបានបាត់​បង់ទាំងស្រុងតាំងពីក្រោយពេលរំលាយគណបក្ស​សង្គ្រោះជាតិកាលពីចុង​ឆ្នាំ២០១៧។​

តាមលទ្ធផលបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដែលចេញកាលពីថ្ងៃទី៤​ ខែមិថុនាដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានគណបក្សនយោបាយ​ចំនួន​៣ដែលទទួលបានអាសនៈច្រើននៅក្នុងការបោះឆ្នោតអសកលនេះ។ គណបក្ស​ហ្វ៊ុនស៊ិនប៉ិចទទួលបានក្រុមប្រឹក្សាចំនួន២អាសនៈនៅស្រុកប្រាសាទសំបូរ ខេត្ត​កំពង់ធំ និងអតីតគណបក្សបងប្អូនគ្នា គឺគណបក្សខ្មែររួបរួមជាតិទទួលបានតែ​១អាសនៈ​នៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចទទួលអាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត សរុប៥០៤ អាសនៈ និងកាន់កាប់មុខតំណែងជាប្រធានក្រុមប្រឹក្សាទាំង២៥រាជធានី ខេត្ត។ ចំណែកគណបក្សឆន្ទៈខ្មែរដែលឈរឈ្មោះជំនួសឲ្យគណបក្សភ្លើងទៀនទទួលបាន អាសនៈក្រុមប្រឹក្សារាជធានី-ខេត្ត សរុបចំនួនតែ៤៧អាសនៈប៉ុណ្ណោះ ហើយគណបក្សកម្លាំងជាតិដែលបែកចេញពីគណបក្សភ្លើងទៀន និងដែលគ្មានអង្គបោះឆ្នោតទាល់​តែសោះបែរជាទទួលបានចំនួន៨អាសនៈ។

ការបោះឆ្នោត(រូបតំណាង)
ការបោះឆ្នោត(រូបតំណាង) © Internet

ដោយឡែក គណបក្សប្រជាជនកម្ពុជាទទួលបានអាសន:ក្រុមប្រឹក្សា ក្រុង ស្រុក ខណ្ឌសរុប ចំនួន៣២៥៧អាសនៈ និងកាន់កាប់តំណែងជាប្រធានក្រុមប្រឹក្សាទាំងអស់។ ចំណែក គណបក្សឆន្ទៈខ្មែរដែលជាគណបក្សលំដាប់ទី២ទទួលបានចំនួន៣១២អាសនៈ ខណៈគណបក្សកម្លាំងជាតិដែលជាប់លំដាប់ទី៣ ទទួលបានចំនួន​៦៩អាសនៈ។

គណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី៣ ខែមិថុនាដោយទទួល​យកលទ្ធផលផ្លូវការ​ និងចាត់ទុកការបោះឆ្នោតអសកលមួយនេះថាបានប្រព្រឹត្តទៅយ៉ាងល្អប្រសើរនៅក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អ។ សេចក្តីថ្លែងការណ៍ដដែលថែមទាំងបានចាត់ទុកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប)ថាបានអនុវត្តភារកិច្ចរបស់ខ្លួនយ៉ាងសកម្មប្រកបដោយឯករាជ្យ និងអព្យាក្រឹត។ ចំណែក គជប​ ក៏បានវាយតម្លៃការបោះឆ្នោតកាលពីថ្ងៃទី២៦​ ខែឧសភា​ ឆ្នាំ២០២៤ថាបានប្រព្រឹត្តទៅក្នុងបរិយាកាសស្ងប់ស្ងាត់ សន្តិសុខ សុវត្ថិភាព និងមានសណ្តាប់ធ្នាប់ល្អផងដែរ៕

What Next?

Recent Articles