បក្ស​ប្រឆាំង​ទទួល​យក​លទ្ធផល​បោះឆ្នោត​ក្រុម​ប្រឹក្សា តែ​ខកចិត្ត​រឿង​បាត់បង់​អាសនៈ​ច្រើន

១០ មិថុនា ២០២៤
លាស់ លីបលីប
វីអូអេខ្មែរ

ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ លោក លី សុធារ៉ាយុត្តិ (ឆ្វេង) លោក ទា វណ្ណុល (កណ្តាល) និងលោក គង់ មុនីកា (ស្តាំ) ថ្លែងនៅក្នុងសិទ្នសីទសារព័ត៌មានមួយ នៅស្នាក់ការគណបក្សឆន្ទៈខ្មែរ ភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
ថ្នាក់ដឹកនាំគណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ លោក លី សុធារ៉ាយុត្តិ (ឆ្វេង) លោក ទា វណ្ណុល (កណ្តាល) និងលោក គង់ មុនីកា (ស្តាំ) ថ្លែងនៅក្នុងសិទ្នសីទសារព័ត៌មានមួយ នៅស្នាក់ការគណបក្សឆន្ទៈខ្មែរ ភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

ភ្នំពេញ — គណ​បក្ស​ជំទាស់ ព្រម​ទទួល​យក​លទ្ធផល​សម្រាប់​តំណែងក្រុម​ប្រឹក្សា​អាណត្តិ​ទី ៤​ដែល​ទទួល​បាន​ជាង ​៣៥០ ​អាសនៈ​ ប៉ុន្តែ​ខកចិត្ត​ចំពោះ​ការ​ជាប់​គាំង​នៃការ​ផ្លាស់​ប្តូរ​អង្គ​បោះ​ឆ្នោត​ចំនួន ​១៦៥ ​នាក់ និង​បញ្ហា​ប្រឈម​មួយ​ចំនួន​ទៀត ​ដែល​ធ្វើឱ្យ​គណបក្ស​បាត់​បង់​អាសនៈ​ជិត​ពាក់​កណ្តាល ​បើ​ធៀបអង្គបោះ​ឆ្នោត​របស់​ខ្លួន។

នេះ​បើ​តាម​តំណាង​គណ​បក្ស​ភ្លើង​ទៀន និង​គណ​បក្ស​ឆន្ទៈ​ខ្មែរ ​ដែល​ធ្វើ​សន្និ​សីទ​សារ​ព័ត៌​មាន​រួម​គ្នាស្តីពី​ «​ដំណើរការ​នៃការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​» ​នា​ថ្ងៃ​ចន្ទ​នេះ ​នៅ​ទីស្នាក់​ការ​កណ្តាល​គណបក្ស​ឆន្ទៈខ្មែរ ​ស្ថិត​ក្នុង​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​រាជ​ធានីភ្នំពេញ​។


គណ​បក្ស​ប្រឆាំង ក៏​ទាមទារ​ឱ្យ​ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ពន្លឿន​ការ​ផ្លាស់ប្តូរ​អង្គ​បោះ​ឆ្នោត​ទាំង​នោះ ​បើ​ទោះ​បីជា​ការ​បោះឆ្នោត​អស​កល​បាន​បញ្ចប់​ហើយ​ក្តី​។ ​

គណបក្ស​ប្រឆាំង​ថា​ ការ​ទទួល​យក​លទ្ធ​ផល​បោះឆ្នោត​អសកល​នាពេល​នេះ​ គឺ​សម្រាប់​ធ្វើ​ជា​ទុន​នយោ​បាយ ​និង​ធ្វើ​ជា​តំណាង​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​។ ​

លោក លី សុធារ៉ាយុត្តិ ​អគ្គ​លេខា​ធិការ​គណ​បក្ស​ភ្លើង​ទៀន ​បាន​លើក​ឡើង​ក្នុងសន្និ​សីទ​សារ​ព័ត៌​មាន​នោះ​ថា​៖ ​«​នេះគឺជា​ការ​ចាប់ផ្តើមមួយ​របស់​គណបក្ស​ឆន្ទៈ[ខ្មែរ​] គណ​បក្ស​ភ្លើង​ទៀន ​ដែល​មាន​តំណាង​របស់​ខ្លួន​នៅ​ថ្នាក់​ក្រោម​ជាតិ​នេះ ព្រោះ​យើង​អត់​មាន​សមាជិក​រដ្ឋសភា​ទេ យើង​មានតែ​ព្រឹទ្ធ​សភា​ ៣ ​រូប យើង​មាន​តែ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ ​២.១៩៨​។ ឥឡូវ​យើង​ថែម ​៣៥៩ ​ទៀត​ បាន​ន័យ​ថា​យើង​មាន​ទុន​នយោ​បាយ​។ ក្រៅពី​ទុន​នយោ​បាយ​នេះ​ យើង​មាន​តំណាង​របស់​យើង​នៅ​ថ្នាក់​ក្រោម​ជាតិ​បំរើ​ការពារ​ផល​ប្រយោជន៍​ឱ្យ​ពលរដ្ឋ​នៅ​ក្នុងមូល​ដ្ឋាន​របស់​គាត់»​

គណ​បក្សជំទាស់​ សម្តែង​ការខកចិត្ត​ចំពោះ​លទ្ធផល​បោះឆ្នោត​អសកល​មួយ​នេះ​ ដោយសារ​គណបក្ស​បាត់បង់សំឡេង​ជិត​ពាក់​កណ្តាល​នៃអង្គ​បោះឆ្នោត​របស់ខ្លួន ដោយបញ្ហា​ប្រឈម​មួយ​ចំនួន​។

បើ​តាមលោក ​លី ​សុធារ៉ា​យុត្តិ ​គណ​បក្ស​ឆន្ទៈ​ខ្មែរ​ដែល​តំណាង​ឱ្យ​គណបក្ស​សម្ពន្ធ​ភាព​ឆ្ពោះ​ទៅ​អនាគត ​ទទួល​បានតែ​ ៥៩% ប៉ុណ្ណោះ​នៃ​ចំនួន​អង្គ​បោះ​ឆ្នោត​សរុប២១៩៨នាក់។

លោក លី សុធារ៉ាយុតិ្ត អគ្គលេខាធិការគណបក្សភ្លើងទៀន នៅក្នុងសិទ្នសីទសារព័ត៌មានមួយ នៅស្នាក់ការគណបក្សឆន្ទៈខ្មែរ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក លី សុធារ៉ាយុតិ្ត អគ្គលេខាធិការគណបក្សភ្លើងទៀន នៅក្នុងសិទ្នសីទសារព័ត៌មានមួយ នៅស្នាក់ការគណបក្សឆន្ទៈខ្មែរ ក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា ថ្លែងនៅក្នុងសិទ្នសីទសារព័ត៌មានមួយ នៅស្នាក់ការគណបក្សឆន្ទៈខ្មែរ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)
លោក គង់ មុនីកា អគ្គលេខាធិការគណបក្សឆន្ទៈខ្មែរ និងជាសមាជិកព្រឹទ្ធសភា ថ្លែងនៅក្នុងសិទ្នសីទសារព័ត៌មានមួយ នៅស្នាក់ការគណបក្សឆន្ទៈខ្មែរ រាជធានីភ្នំពេញ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤។ (លាស់ លីបលីប/វីអូអេ)

អគ្គ​លេខា​ធិការ​គណ​បក្ស​ភ្លើង​ទៀន​រូបនេះ​បញ្ជាក់​ថា បញ្ហាប្រឈម​ដែលធ្វើឱ្យ​បាត់​បង់​សំឡេង​ឆ្នោត​ ​គឺ​ដោយ​សារតែ​មុន​ការ​បោះ​ឆ្នោត ​គណបក្ស​មិនអាច​ដោះដូរ​អង្គ​បោះ​ឆ្នោត​ចំនួន​ ១៦៥​នា ក់​បាន ​បូករួមបញ្ហាផ្សេងទៀត ដូចជាអង្គ​បោះ​ឆ្នោត​គណ​បក្ស​ភ្លើង​ទៀន​មួយ​ចំនួន​រង​ការ​បំភិត​បំភ័យពី​អ្នក​មាន​អំណាច ​និង​ការកោះហៅ​ទៅ​សួរ​នាំ និងការ​ចាប់​ខ្លួន​សមាជិក​គណ​បក្ស​ភ្លើង​ទៀន​ ដែល​រាប់​ចាប់​តាំងពី​ខែ​មករា ដល់ខែឧសភា​មាន​ចំនួន​ ១៨​ នាក់ ​ដែល​រូបភាព​ទាំង​នេះ ​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​សិទ្ធិ​គណ​បក្ស​នយោ​បាយ ​ប៉ះ​ពាល់​សតិ​អារម្មណ៍​អង្គ​បោះ​ឆ្នោត ធ្វើឱ្យ​អង្គ​បោះ​ឆ្នោតព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​របស់​ពួក​គេ និង​សមាជិក​មួយ​ចំនួន​បាន​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ជាដើម។ ​

លោក ​លី ​សុធារ៉ា​យុត្តិ ​សង្ឃឹម​ថា​ ក្រសួង​មហាផ្ទៃ និង​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ ​នឹង​ពន្លឿន​និតីវិធី​នៃការ​ផ្លាស់ប្តូរ​អង្គ​បោះ​ឆ្នោត​ទាំង​នោះ ឱ្យ​ស្រប​តាម​ច្បាប់​ស្តីពី​គណ​បក្ស​នយោ​បាយ ​និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​ឃុំ​សង្កាត់​។

ក្រៅពីនេះ ​គណបក្ស​ភ្លើង​ទៀន នឹង​ស្វះ​ស្វែងដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ខ្លួន ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​គណ​បក្ស​ភ្លើងទៀន ​អាច​ឈរ​ឈ្មោះ​ចូល​រួមប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​បាន ​សម្រាប់​ឆ្នាំ ២០២៧ ​និង​ឆ្នាំ​ ២០២៨​។ នេះ​បើតាម​លោក ​លី ​សុធារ៉ា​យុត្តិ។

ជាមួយ​គ្នា​នេះលោក​ គង់ មុនីកា ​អគ្គ​លេខាធិការ​គណបក្ស​ឆន្ទៈ​ខ្មែរ ​លើក​ឡើង​ក្នុង​សន្និសីទ​សារព័ត៌​មាន​នោះ​ថា​ អង្គ​បោះឆ្នោត​មួយ​ចំនួន ​បាន​ប្រឈម​បញ្ហាមួយ​ចំនួន ដូចជា​អត្តសញ្ញាណ​បណ្ណ​ផុត​កំណត់​សុពលភាព​ដែលមិនអាច​យក​ទៅ​បោះ​ឆ្នោត​បាន​ និង​ខ្លះ​ទៀត​មិន​ទទួល​បាន​បណ្ណ​សម្គាល់​សម្រាប់បោះឆ្នោត​ជាដើម​។ ​

​ទោះជា​យ៉ាងណា​ លោក​ថា​ គណបក្ស​ឆន្ទៈខ្មែរ​ ក៏ព្រម​ទទួល​យក​លទ្ធផល​នេះ ​ហើយ​សមាជិក​ក្រុមប្រឹក្សា​ដែល​ជាប់ឆ្នោត​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ​ជាង ​៣៥០​ នាក់នោះ​ នឹង​ទៅ​ធ្វើ​ជា​តំណាង​របស់​ប្រជា​ពលរដ្ឋ​ ដើម្បី​ពាំនាំ​ទុក្ខលំបាក ​និងបញ្ហា​ប្រឈម​របស់​ប្រជា​ពលរដ្ឋ​ យក​មក​ដាក់​លើតុ ​ដើម្បី​ពិភាក្សា​ដោះ​ស្រាយ​ និង​អភិវឌ្ឍ​នៅ​មូលដ្ឋាន​តាម​បែប​ប្រជាធិបតេយ្យ​។​

លោក​ថ្លែងថា​៖ ​«បើទោះ​បីជា​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​របស់​គណបក្ស​ឆន្ទៈ​ខ្មែរ មានចំនួន​តិចតួច ​នៅតាម​ស្រុក​នីមួយ​ៗក៏ដោយ ក៏​ប៉ុន្តែ​ពួក​គាត់​ត្រូវ​តែដើរ​តួនាទី​ជា​សំឡេង​មួយ​ជួស​មុខ​ឱ្យ​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​ជួប​ប្រទះបញ្ហា​នៅ​ក្នុង​មូល​ដ្ឋាន ​ក្នុង​ដែន​សមត្ថ​កិច្ច​របស់​គាត់»

លោកបន្ថែម ក្នុងនាម​លោក​ជា​សមាជិក​ព្រឹទ្ធសភាមួយ​រូប​ លោក​នឹង​យក​បញ្ហា​ដែល​ប្រឈម​ទាំង​អស់​នេះ ​ទៅជជែក​ស្វែង​រក​ដំណោះ​ស្រាយ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​បន្ថែម​ទៀត​។

លោក ​ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ គ.ជ.ប ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ចន្ទនេះ​ថា ស្ថាប័ន ​គ.ជ.ប តែងតែ​សម្រប​សម្រួល​ដោះស្រាយ​បញ្ហាជាមួយ​គណ​បក្ស​នយោ​បាយ​ទាំង​អស់​ ដូច្នេះ​ដំណើរ​ការបោះ​ឆ្នោត​អសកល​មួយ​នេះ​ ​បាន​ប្រព្រឹត្ត​ទៅដោយ​សេរី ​ត្រឹមត្រូវ និងយុត្តិ​ធម៌​។ ​

លោកថា៖ ​«បើ​សិន​ជាការ​ដោះ​ដូរ​មន្ត្រី​របស់​ខ្លួន ​អង្គបោះ​ឆ្នោត​របស់​ខ្លួន ​ហេតុអ្វី​មិនធ្វើឱ្យ​ហើយ​ទៅ​ ហើយ​ទុកចាំ​ដល់​កៀក​ថ្ងៃ​បាន​ធ្វើ ​ហើយ​តាំង​ធ្វើ​មិន​ទាន់​»

លោក ទូច សុខៈ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ ​លើកឡើងថាការ​បាត់​បង់​សំឡេង​ឆ្នោត​របស់​គណ​បក្ស​ប្រឆាំង គឺ​ដោយ​សារ​ការបែក​បាក់​ផ្ទៃ​ក្នុង​បក្ស​ និង​សមាជិក​ខ្លះ​ទៅបង្កើត​គណ​បក្សថ្មី​ ដែលនាំ​ឱ្យ​មាន​បញ្ហា​នៃ​ផ្លាស់ប្តូរ​អង្គបោះ​ឆ្នោត​នេះ​។ លោក​បន្ត​ថា ​ការ​លើក​ឡើង​អំពី​បញ្ហា​ប្រឈម​របស់​គណ​បក្សប្រឆាំង ​គឺ​ជា​លេស​តែ​ប៉ុណ្ណោះ​។​

លោក​ប្រាប់​វីអូអេ​នៅថ្ងៃ​ចន្ទនេះ​ថា៖ ​«ហើយ​ចំពោះ​ដែល​ថា​មាន​ការ​បំភិត​បំភ័យ មុន​ការ​បោះ​ឆ្នោត​ហូរហែ​ទាំង​អស់​ហ្នឹង ​វា​ដដែល​ជា​ដដែល ​គឺ​ជា​លេស ​ឬ​របៀប​វីរៈ​នយោ​បាយ​របស់​គណ​បក្ស​នយោ​បាយ ដែល​បាត់​បង់​សំឡេង ឬដែល​មិនឈ្នះ​ឆ្នោតនៅ​ក្នុង​ការ​បោះឆ្នោត​»​។​

គួរ​បញ្ជាក់​ថា ​កាល​ពី​ថ្ងៃ​ទី ៤ ​ខែ​មិថុនា ​ឆ្នាំ ​២០២៤ ​ស្ថាប័ន​រៀបចំការ​បោះឆ្នោត (គ.ជ.ប) បានប្រកាស​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ​ជាផ្លូវការ​ ដោយ​ក្នុងនោះ​សម្រាប់​តំណែងក្រុម​ប្រឹក្សា​រាជ​ធានី​ខេត្ត ដែល​មាន​អាសនៈ​សរុប​ចំនួន៥៥៩ គឺ​គណ​បក្ស​ប្រជាជន​កម្ពុជា​ទទួលបានចំនួន៥០៤​អាសនៈ គណ​បក្ស​ឆន្ទៈ​ខ្មែរ​ទទួល​៤៧​អាសនៈ ​និង​គណបក្ស​កម្លាំងជាតិ​ទទួល​បាន៨ ​អាសនៈ។

ចំណែក​អាសនៈ​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ​ខណ្ឌ​នៅ​ទូទាំង​ប្រទេស ដែល​មាន​សរុប​ ៣.៦៤១ ​អាសនៈ​ គឺ​គណ​បក្ស​ប្រជាជនកម្ពុជា​ទទួល​បាន​ចំនួន ​៣.២​៥៧​ អាសនៈ​ គណ​បក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​ចំនួ​ន ៣១២ ​អាសនៈ ​គណបក្ស​ហ្វ៊ុន​ស៊ិនប៉ិចបាន​ទទួល​បាន​ចំនួ​ន​ ២ ​អាសនៈ ​គណ​បក្ស​កម្លាំងជាតិ​ទទួល​បាន​ចំនួន​ ៦៩ ​អាសនៈ​ និង​គណ​បក្ស​ខ្មែរ​រួបរួមជាតិ​ ទទួល​បាន​ចំនួ​ន​ ១ ​អាសនៈ​៕

What Next?

Recent Articles

Leave a Reply

Submit Comment