ពីរ​ឆ្នាំ​ក្រោយ​ធ្វើ​ទំនើបកម្ម៖ កំពង់ផែ​រាម​ក្លាយ​ជា​យ៉ាងណា?

ដោយ មាន ឫទ្ធិ
2024.06.10
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ពីរ​ឆ្នាំ​ក្រោយ​ធ្វើ​ទំនើបកម្ម៖ កំពង់ផែ​រាម​ក្លាយ​ជា​យ៉ាងណា?

គណៈប្រតិភូ​ចិន ដឹកនាំ​ដោយ​ឯកអគ្គរដ្ឋ​ទូតចិន​ប្រចាំ​កម្ពុជា គឺ​​លោក វ៉ាង វិនធាន (Wang Wentian) និង​ភាគី​កម្ពុជា ដឹកនាំដោយ​​លោក ទៀ បាញ់​ រដ្ឋមន្ត្រី​ការពារ​ជាតិ ​រួម​គ្នា​ចុះបឋមសិលា​បើក​ការដ្ឋាន​សាងសង់​រោង​ជាង​ជួស​ជុល​នាវា​ ផែ​សំចត ​និង​ស្តារ​ឃ្លង​ កំពង់​ផែកង​ទ័ពជើង​ទឹក​រាម ខេត្តព្រះសីហនុ ក្រោម​ជំនួយ​ឥត​សំណង​របស់​ចិន នៅ​ថ្ងៃ​ទី៨ ខែ​មិថុនា ឆ្នាំ២០២២។ រូបភាពពីទំព័រហ្វេសប៊ុកលោក ទៀ បាញ់



រឿងរ៉ាវ​ចំនួន​៥ សំខាន់ៗ ដែល​ប្រិយមិត្ត​គួរ​ដឹង​ពី​កំពង់ផែ​រាម ពីរ​ឆ្នាំ​ក្រោយ​ធ្វើ​ទំនើបកម្ម៖

១) ស្ថាប័ន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​អាមេរិក CSIS បាន​វិភាគ​រូបភាព​ថត​បាន​តាម​ផ្កាយ​រណប​ជាច្រើន​សន្លឹក ដែល​បង្ហាញ​ពី​ការវិវត្តន៍​ជា​ច្រើន​នៅ​កំពង់ផែ​រាម​នា​រយៈពេល​ចុងក្រោយ​នេះ បន្ថែម​ពី​លើ​ការសាងសង់​ផែ​សំចត​ថ្មី។ នៅ​ភាគ​និរតី​នៃ​កំពង់ផែ​រាម គេ​ឃើញ​មាន​លេច​ចេញ​ជា​រូបរាង​នូវ​រោងជាង​ជួសជុល​នាវា​ថ្មី​មួយ។ នៅ​ភាគ​ឧត្តរ និង​ពាយព្យ​ឯណោះ​វិញ មាន​ការសាងសង់​ឃ្លាំង អគារ​រដ្ឋបាល និង​ទំនងជា​មាន​អគារ​ស្នាក់នៅ​ដែល​មាន​ទំហំ​ប៉ុន​តារាង​បាល់​បោះ​ចំនួន៤។ រីឯ នៅ​តាម​បណ្ដោយ​ឆ្នេរ​​នៅ​ភាគ​ពាយព្យ គេ​ឃើញ​មាន​ការ​ចាក់​ក្រាល​បេតុង ដោយមាន​របង និង​ប៉ម​ឃ្លាំមើល​ចំនួន​ពីរ ត្រូវ​គេ​សាងសង់​នៅ​ព្រំប្រទល់​ភាគ​ឥសាន្ត​នៃ​កំពង់ផែ​រាម។ ដោយឡែក នៅ​ភាគ​និរតី​វិញ គេឃើញ​មាន​ការឈូសឆាយ​ដី​ទំហំ​ប្រមាណ​២៥​ហិកតា សម្រាប់​ការសាងសង់​សំណង់​ថ្មី។ 


២) នាវា​ចម្បាំង​ចិន​២គ្រឿង​​បាន​ចត​នៅ​កំពង់ផែ​រាម​ជាង​៦ខែ​ក្រោម​ហេតុផល​ត្រៀម​ចូលរួម​ធ្វើ​សមយុទ្ធ​ «នាគមាស» ​លើកទី៦ ខណៈ​នាវា​ចម្បាំង​ចិន​បី​គ្រឿង​ទៀត​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុង​ព្រះសីហនុ។ អ្នកជំនាញ​អាមេរិក​ថា នេះ​ជា​សញ្ញាណ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការ​ចាប់ផ្តើម​មាន​វត្តមាន​យោធា​ចិន​ «ជា​អចិន្ត្រៃយ៍»​ នៅ​កំពង់ផែ​រាម និង​ថា ចិន​អាច​ប្រើប្រាស់​កំពង់ផែ​រាម​ដើម្បី​ឈ្លប​យក​ការណ៍ និង​ប្រមូល​ព័ត៌មាន​សម្ងាត់​ពី​ប្រទេស​នានា​នៅ​ក្នុង​តំបន់​ក្នុង​ករណី​ចិន​ធ្វើ​សង្គ្រាម​ដណ្តើម​យក​កោះ​តៃវ៉ាន់។

៣) ការិយាល័យ​ប្រធាន​កិច្ចការ​សម្ងាត់​អាមេរិកាំង (ODNI) បន្ត​លើកឡើង​ក្នុង​របាយការណ៍​វាយតម្លៃ​ពី​ហានិភ័យ​ប្រចាំ​ឆ្នាំ​២០២៤​របស់​ខ្លួន កាលពី​ដើម​ខែ​កុម្ភៈ ថា ចិន​បាន​បង្កើន​មហិច្ឆតា​យោធា​របស់​ខ្លួន រួម​ទាំង​ការសាងសង់​មូលដ្ឋាន​ទ័ព​ថ្មីៗ ក្នុងនោះ​មាន​ការធ្វើ​ទំនើបកម្ម​នៅ​មូលដ្ឋាន​ទ័ព​រាម ដើម្បី​គាំទ្រ​ដល់​វត្តមាន​កាន់តែ​កើន​ឡើង​របស់​ក្រុង​ប៉េកាំង (Beijing) ​នៅ​លើ​លម្ហ​សមុទ្រ។ កម្ពុជា​គឺជា​ផ្នែកមួយ​​នៃ​ «គម្រោង១៤១» ​ដែល​ត្រូវបាន​កងទ័ព​រំដោះ​ប្រជាជន​ចិន​ (PLA) ជ្រើសរើស​យក​តាមរយៈ​កិច្ចព្រមព្រៀង​យោធា​សម្ងាត់​ដើម្បី​បង្កើត​ជា​ប៉ុស្តិ៍​ជួរមុខ​សម្រាប់​បម្រើ​ឱ្យ​កងទ័ព​ជើងទឹក​របស់​ចិន។

៤) មន្ត្រី​ជាន់ខ្ពស់​អាមេរិកាំង ក្នុង​នោះ​មាន​អនុប្រធាន​គណៈកម្មាធិការ​ការពារ​ជាតិ​នៃ​រដ្ឋសភា​អាមេរិក (House Armed Services Committee) លោក រ៉ប់ វ៉ីតត៍មេន (Rep. Rob Wittman, R-VA) និង​អតីត​អ្នក​ការទូត​អាមេរិក លោក ក្រេក សីងហ្គលថុន (Craig Singleton) លើកឡើង​ថា​រដ្ឋាភិបាល​អាមេរិក «គួរ​ចាត់​វិធានការ» ​ឆ្លើយតប​ដ៏​ស្វាហាប់​មួយ​ប្រឆាំង​នឹង​សកម្មភាព​យោធា​ចិន​នៅ​កំពង់ផែ​កងទ័ព​ជើងទឹក​រាម និង​ត្រូវ​វាយតម្លៃ​ដោយ​​ពិនិត្យពិច័យ​ថា​តើ​ការ​ដាក់​​ទីតាំង​យោធា​របស់​ចិន​​ចុងក្រោយ​នេះ អាច​កែប្រែ​តុល្យភាព​អំណាច​ជា​សាកល និង​ធ្វើ​ឱ្យ​ស្មុគស្មាញ​ដល់​ស្ថានភាព​យោធា​របស់​អាមេរិក​នៅ​ក្នុង​តំបន់​សំខាន់ៗ​យ៉ាងណា​ខ្លះ។ កន្លងទៅ មេបញ្ជាការ​ជាន់ខ្ពស់​យោធា​អាមេរិកាំង បាន​វាយតម្លៃ​ថា ក្រុង​ប៉េកាំង (Beijing) ​ដាក់​គោលដៅ​ឈ្លានពាន​​ដណ្តើម​យក​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​ត្រឹម​ឆ្នាំ២០២៧។


៥) កាសែត​អាមេរិកាំង​ល្បី​ឈ្មោះ ឌឹ វ៉ល ស្ទ្រីត ជរណល (The Wall Street Journal) លាតត្រដាង​ថា ចិន​ចូល​មក​ធ្វើ​ទំនើបកម្ម​នៅ​កំពង់ផែ​រាម​នេះ ចំពេល​បង្កើន​ការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំងក្លា​នៅ​មូលដ្ឋាន​ទ័ព​ធំៗ​ពីរ​របស់​ខ្លួន​នៅ​លើ​កោះ​ហៃណាន់ នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន នៅ​សមុទ្រ​ចិន​ខាង​ត្បូង អាច​បង្កើត​បាន​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ «ត្រៀម​ធ្វើ​សង្គ្រាម»​ ដើម្បី​ដណ្តើម​យក​កោះ​តៃវ៉ាន់​មក​គ្រប់គ្រង​នា​ពេល​អនាគត៕ 


កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles