អ្នកវិភាគ៖លោក ហ៊ុន សែន មិនឱ្យតំណាងកម្ពុជាទៅសន្និសីទសន្តិភាពអ៊ុយក្រែនដោយសារបំណុលរុស្ស៊ី

កម្ពុជា
កម្ពុជា-ភូមិសាស្ត្រនយោបាយ
10/06/2024 – 10:02
ដោយ៖ អោ ស្រីពេជ្រ
RFI

នៅក្នុងជំនួបជាមួយតំណាងទូតរុស្ស៊ីប្រចាំនៅកម្ពុជាថ្មីៗនេះ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជាពិតជាចង់ដោះស្រាយឱ្យបានឆាប់នូវបំណុលដែលកម្ពុជាជំពាក់រុស្ស៊ីអំឡុងសម័យសង្គ្រាម។ លោក ហ៊ុន សែន បានចាត់ទុករុស្ស៊ីជាមិត្តយូរអង្វែងរស់នៅជាមួយកម្ពុជាក្នុងគ្រាលំបាក និងថា រុស្ស៊ីមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។ ជំនួបជាមួយតំណាងទូតរុស្ស៊ីប្រចាំកម្ពុជាធ្វើឡើង មួយថ្ងៃមុនលោក ហ៊ុន សែន ប្រកាសតាមទំព័រហ្វេសប៊ុករបស់លោកថា កម្ពុជានឹងមិនចូលរួមនៅក្នុងសន្និសីទសន្តិភាពអ៊ុយក្រែននាពេលខាងមុខទេ។ ការសម្រេចចិត្តរបស់លោក ហ៊ុន សែន ដូចនេះត្រូវបានអ្នកវិភាគយល់ឃើញថា គឺដោយសារបំណុលរុស្ស៊ី។

អ្នកវិភាគ៖លោក ហ៊ុន សែន មិនឱ្យតំណាងកម្ពុជាទៅសន្និសីទសន្តិភាពអ៊ុយក្រែនដោយសារបំណុលរុស្ស៊ី


នៅក្នុងជំនួបជាមួយលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៦មិថុនាកន្លងទៅ លោក ហ៊ុន សែន បានថ្លែងដឹងគុណរុស្ស៊ីចំពោះការផ្តល់ជំនួយគ្រប់សព្វបែបយ៉ាងនៅពេលដែលកម្ពុជាទើបរំដោះបានពីរបបខ្មែរក្រហម។ កាលពីទសវត្សរ៍៨០ កម្ពុជាបានខ្ចីលុយរុស្ស៊ី ចំនួន១ ៥០០លានដុល្លារអាមេរិកដើម្បីទិញអាវុធ និងដោះស្រាយបញ្ហាសេដ្ឋកិច្ចនាពេលនោះ។ ក្រោយមកក្នុងឆ្នាំ ២០០៩ រុស្ស៊ីបានសម្រេចលុបចោលបំណុល ៧០ភាគរយ។ ដូច្នេះបំណុលដែលកម្ពុជានៅជំពាក់រុស្ស៊ីគឺសល់ចំនួន៣០ភាគរយ ឬស្មើ ៤៥០លានដុល្លារ។ លោក ហ៊ុន សែន បានប្រាប់តំណាងទូតរុស្ស៊ីថា រដ្ឋាភិបាលកម្ពុជាពិតជាចង់ដោះស្រាយបំណុលដែលកម្ពុជានៅជំពាក់រុស្ស៊ីអំឡុងសម័យសង្គ្រាមនេះ​ឱ្យបានរួសរាន់។

ចំណែកតំណាងទូតរុស្ស៊ីបានប្រាប់លោក ហ៊ុន សែន វិញថា ការចរចាបញ្ហាបំណុលជាមួយរដ្ឋាភិបាលកម្ពុជាមានជំហានទៅមុខជាវិជ្ជមាន។ សម្រាប់លោក ហ៊ុន សែន រុស្ស៊ីជាកល្យាណមិត្តដ៏យូរអង្វែងរបស់កម្ពុជា និងថា រុស្ស៊ីនឹងមិនជ្រៀតជ្រែកលើកិច្ចការផ្ទៃក្នុងរបស់កម្ពុជាឡើយ។ ជំនួបរវាងលោក ហ៊ុន សែន និងលោកអាណាតូលី បូរ៉ូវីកធ្វើឡើង មួយថ្ងៃមុនលោក ហ៊ុន សែន បានប្រកាសលើទំព័រហ្វេសប៊ុករបស់លោកក្នុងថ្ងៃទី៧ មិថុនាថា កម្ពុជានឹងមិនចូលរួមសន្និសីទសន្តិភាពរបស់អ៊ុយក្រែននៅប្រទេសស្វីសពីថ្ងៃទី១៥ដល់១៦ មិថុនាខាងមុខទេ។ មិនចូលរួមព្រោះបើតាមលោក ហ៊ុន សែន កម្ពុជាមើលឃើញពីភាពមិនជោគជ័យនៅក្នុងសន្និសីទនោះ។

អ្នកវិភាគ៖លោកហ៊ុន សែនមិនឱ្យតំណាងកម្ពុជាទៅសន្និសីទសន្តិភាពអ៊ុយក្រែនដោយសារបំណុលរុស្ស៊ី
អ្នកវិភាគ៖លោកហ៊ុន សែនមិនឱ្យតំណាងកម្ពុជាទៅសន្និសីទសន្តិភាពអ៊ុយក្រែនដោយសារបំណុលរុស្ស៊ី © SHS

ជាការកត់សម្គាល់ ជំហរដូចនេះរបស់លោក ហ៊ុន សែន គឺដូចគ្នានឹងជំហរចិនដែលបដិសេធមិនចូលរួមតាមការអញ្ជើញដោយសារតែគ្មានអ្នកតំណាងរុស្ស៊ីនៅក្នុងសន្និសីទនោះ។ ទោះជាយ៉ាងណា  អ្នកវិភាគ​នយោបាយអន្តរជាតិលោក មាជ សុវណ្ណារ៉ា មើលឃើញថា ក្រៅពីរងឥទ្ធិពលរបស់ចិន ការជាប់បំណុលរុស្ស៊ីអាចជាហេតុផលមួយដែលលោកហ៊ុន សែនសម្រេចចិត្តមិនឱ្យតំណាងកម្ពុជាទៅចូលរួមសន្និសីទសន្តិភាពរបស់អ៊ុយក្រែននៅក្នុងប្រទេសស្វីស។ គួររំព្ញកថា ក្រោយរុស្ស៊ីលើកទ័ពចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ប្រទេសកម្ពុជាបានបោះឆ្នោតថ្កោលទោសរុស្ស៊ីចំនួន២ដង ក្នុងនោះកម្ពុជាក៏បានចូលរួមជាប្រទេសគាំទ្រការផ្តួចផ្តើមសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ (co-sponsors) ទៀតផង។ ក្រៅពីនេះ កម្ពុជាក៏បានបោះឆ្នោតអនុបវាទចំពោះសំណើរបស់សហរដ្ឋអាមេរិកសុំព្យួររុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ៕

What Next?

Recent Articles

Leave a Reply

Submit Comment