ដោយ ខាន់ លក្ខិណា
2024.06.11
RFA

(កណ្ដាល) លោក គា វិសាល សកម្មជនគណបក្សកម្លាំងជាតិ ពេលអាជ្ញាធរនាំមកចូលរួមសវនាការស្ដីពីការសុំនៅក្រៅឃុំរបស់លោក នៅតុលាការកំពូល ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤។ រូប៖ ពីពលរដ្ឋ
តុលាការកំពូលច្រានចោលបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីគណបក្សកម្លាំង ជាតិលោក គា វិសាល ក្រោមហេតុផលថា រក្សាជនត្រូវចោទ ដើម្បីបន្តនីតិវិធីតុលាការ។ គ្រួសាររបស់លោក គា វិសាល ចាត់ទុកការសម្រេចនេះថា ជារឿងអយុត្តិធម៌ និងហាក់បង្ហាញពីការរើសអើងនយោបាយ។
ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលលោក គង់ ស្រ៊ីម នៅថ្ងៃទី១០ ខែមិថុនា បានបដិសេធបណ្ដឹងសុំនៅក្រៅឃុំរបស់មន្ត្រីគណបក្សកម្លាំងជាតិ ខេត្តកំពង់ចាម លោក គា វិសាល ដោយសំអាងថា សំណុំរឿងនេះ កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត។
ប្រពន្ធរបស់លោក គា វិសាល គឺលោកស្រី ញ៉ែ សុខឿន ចាត់ទុកការសម្រេច សេចក្ដីរបស់តុលាការកំពូលបន្តឃុំខ្លួនប្ដីរបស់គាត់ថា ជារឿងអយុត្តិធម៌។ លោកស្រីសង្ឃឹមថា តុលាការនឹងពិចារណាឡើងវិញ ហើយទម្លាក់បទចោទប្រកាន់ និងដោះលែងប្ដីរបស់លោកស្រី រួមទាំងអ្នកទោសមនសិការផ្សេងឱ្យមានសេរីភាព វិញ។
លោកស្រី ញ៉ែ សុខឿន៖ «ខ្ញុំយល់ថា តុលាការធ្វើអ៊ីចឹង វាធ្វើឱ្យប៉ះពាល់ដល់គ្រួសារខ្ញុំ ដែលធ្វើឱ្យពួកខ្ញុំជាអ្នករងគ្រោះហ្នឹង ទទួលយកអត់បានទេ ហាក់ដូចជា មានប្រកាន់រើសអើងចំពោះពួកខ្ញុំយ៉ាងម៉េច។ខ្ញុំអត់យល់ទេកន្លែងហ្នឹង»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ដែលចូលរួមស្ដាប់ការប្រកាសសាលដីកាលោក គា វិសាល ប្រាប់វិទ្យុអាស៊ីសេរីថា សំណុំរឿងលោក គា វិសាល និងអ្នកផ្សេងទៀត ត្រូវបានសហគមន៍ជាតិ និងអន្តរជាតិចាត់ទុកថា ជារឿងនយោបាយ ច្រើនជាងការអនុវត្តច្បាប់ ខណៈសំណើសុំនៅក្រៅឃុំរបស់ពួកគាត់ តែងតែត្រូវបានច្រានចោល បើទោះជាពួកគាត់អះអាងនៅចំពោះមុខចៅក្រមថា នឹងសហការជាមួយតុលាការគ្រប់ដំណើរការនីតិវិធីក៏ដោយ។
លោកយល់ថា ការបន្តឃុំខ្លួនសកម្មជននយោបាយនេះ នឹងធ្វើឱ្យកម្ពុជាទទួលរងការរិះគន់ពីសហគមន៍អន្តរជាតិ ហើយអាចនឹងបាត់បង់ប្រព័ន្ធអនុគ្រោះ EBA របស់សហភាពអឺរ៉ុបបន្ថែមទៀត ស្របពេលប្រព័ន្ធអនុគ្រោះពន្ធ GSP របស់ សហរដ្ឋអាមេរិកនៅមិនទាន់សម្រេច ថានឹងបន្តឱ្យវិញនៅឡើយ។
លោក រ៉ុង ឈុន៖ «យើងឃើញថា រឿងទាំងអស់នេះ វាជារឿងមួយអយុត្តិធម៌ សម្រាប់លោក គា វិសាល។ បើយើងមើលអង្គហេតុ អង្គច្បាប់វាមិនត្រូវចាប់ឃុំខ្លួននោះទេ គ្រាន់តែប៉ះពាល់ពាក្យសម្ដីអាចសម្របសម្រួលគ្នានៅក្រៅប្រព័ន្ធតុលាការបាន»។
វិទ្យុអាស៊ីសេរី មិនអាចសុំការអត្ថាធិប្បាយបញ្ហានេះ ពីអ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា បានទេ នៅថ្ងៃទី១០ ខែមិថុនា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អាជ្ញាធរក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត បានចាប់ខ្លួនអនុប្រធានក្រុម ការងារបណ្ដោះអាសន្នរបស់គណបក្សកម្លាំងជាតិខេត្តកំពង់ចាម និងជាបេក្ខជន ក្រុមប្រឹក្សាខេត្តលេខរៀងទី១ គឺលោក គា វិសាល នៅឃុំកោះមិត្ត ស្រុកកំពង់សៀម ហើយបានបញ្ជូនទៅឃុំខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែមីនា។
តុលាការក្រុងភ្នំពេញបានចោទប្រកាន់មន្ត្រីគណបក្សកម្លាំងជាតិរូបនេះ ពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងបរិហារកេរ្តិ៍ជាសាធារណៈ» តាមបណ្ដឹងរបស់លោក ម៉ៃ ហុងស្រៀង ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែ លោក គា វិសាល ច្រានចោលការប្រកាន់របស់តុលាការនោះ ថាធ្វើឡើងមិនត្រឹមត្រូវ និងសម្រេចក្រោមហេតុផលនយោបាយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។