មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ណែនាំ​សាធារណជន​ឱ្យ​យល់​ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​មនុស្ស​ចាស់

ដោយ សុ ជីវី
2024.06.10
RFA

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ណែនាំ​សាធារណជន​ឱ្យ​យល់​ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​មនុស្ស​ចាស់

ក្រប​ប័ណ្ណ​ព័ត៌មាន​​ស្ដី​អំពី​សុខភាព​ផ្លូវចិត្ត​មនុស្ស​ចាស់ ដែល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ២០២៤។ រូប៖ ហ្វេសប៊ុក CCHR


មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​សហការ​ជាមួយ​មជ្ឈមណ្ឌល​ស្នេហា ណែនាំ​សាធារណជន​ឱ្យ​យល់​ដឹង​អំពី​សុខភាព​ផ្លូវចិត្ត​មនុស្ស​ចាស់ ដោយ​ប្រកាន់​យក​សារ​សំខាន់​ថា «គ្រប់គ្នា​មាន​សុខភាព​ផ្លូវចិត្ត​ល្អ​ប្រសើរ គ្រួសារ​មាន​សុភមង្គល សហគមន៍​រីក​ចម្រើន»

នៅ​ក្នុង ​ប័ណ្ណ​ព័ត៌មាន​អំពី​សុខភាព​ផ្លូវចិត្ត​មនុស្ស​ចាស់ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១០ ខែមិថុនា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​លើក​មក​បង្ហាញ​ពី​សញ្ញា​នៃ​ជំងឺ​ផ្លូវចិត្ត ឬ​វិបត្តិ​ផ្លូវចិត្ត ផល​ប៉ះពាល់​នៃ​វិបត្តិ​នេះ និង​វិធី​ដោះស្រាយ ព្រមទាំង​ការ​គាំទ្រ​ពី​កូនៗ គ្រួសារ និង​សង្គម។

សញ្ញា​នៃ​វិបត្តិ​ផ្លូវ​ចិត្ត​របស់​មនុស្ស​ចាស់​មាន​បី​ផ្នែក​សំខាន់ រួមមាន សញ្ញា​ផ្នែក​ផ្លូវ​អារម្មណ៍ ផ្នែក​ពុទ្ធិ និង​ផ្នែក​រាងកាយ។

សញ្ញា​ផ្នែក​ផ្លូវ​អារម្មណ៍​រួម​មាន អារម្មណ៍​ប្រែប្រួល​ប្លែក​ខុស​ពី​មនុស្ស​ធម្មតា ព្រួយ​ច្រើន គិត​អវិជ្ជមាន ឆាប់​ខឹង មួម៉ៅ ឆេវឆាវ សោកសៅ ឯកោ នឿយហត់ អាច​មើល​ឃើញ ស្ដាប់ឮ ឬ​មាន​អារម្មណ៍ ចំពោះ​របស់ ដែល​អ្នក​ផ្សេង​មើល​មិន​ឃើញ ស្ដាប់​មិន​ឮ ឬ​គ្មាន​អារម្មណ៍​ដូច​គាត់។

សញ្ញា​ផ្នែក​ពុទ្ធិ​រួម​មាន ពិបាក​ផ្ដោត​អារម្មណ៍ គិត​រឿង​ដដែលៗ មាន​គំនិត​ចង់​ធ្វើ​សកម្មភាព ដែល​អាច​បណ្ដាល​ឱ្យ​ប៉ះពាល់​ដល់​អ្នក​នៅ​ជុំវិញ​ខ្លួន។

ចំណែក​សញ្ញា​ផ្នែក​រាងកាយ​វិញ រួមមាន ពិបាក​សម្រាន្ត ឬ​សម្រាន្ត​ច្រើន​ជ្រុល បាត់បង់​ចំណង់​អាហារ ឬ​ពិសា​ជ្រុល ឈឺ​ក្បាល ឬ​ផ្នែក​ផ្សេង​នៃ​រាងកាយ​ជា​ប្រចាំ មាន​បញ្ហា​ក្រពះ ឬ​ប្រព័ន្ធ​រម្លាយ​អាហារ ចាប់​ផ្ដើម​ប្រើ​គ្រឿង​ស្រវឹង ឬ​ថ្នាំ សារធាតុ​ញៀន ធ្វើ​សកម្មភាព ដែល​អាច​នាំ​ឱ្យ​គ្រោះថ្នាក់​ដល់​ខ្លួន​ឯង និង​អ្នក​នៅ​ជុំវិញ​ខ្លួន រអ៊ូរ​ទាំ​ច្រើន ទើស​ច្រើន មិន​ងាយ​ត្រូវ​ចិត្ត និយាយ​ច្រើន ឬ​ចាយ​ប្រាក់​ច្រើន​ខុស​ប្រក្រតី ដោយ​មិន​ចាំបាច់ ខ្លាច ឬ​ប្រយ័ត្ន​ជ្រុល ឬ​មិន​អាច​បង្ហាញ​ការ​ស្រឡាញ់។

ក្នុង​ករណី​លោក​អ្នក​ឃើញ​សមាជិក​គ្រួសារ ឬ​មនុស្ស​ជិតស្និទ្ធ​មាន​បញ្ហា ដែល​ទាក់ទង​នឹង​វិបត្តិ​ផ្លូវចិត្ត​ទាំង​នេះ សូម​ស្វែងរក​អ្នក​ជំនាញ​ផ្លូវ​ចិត្ត ដើម្បី​បញ្ជាក់​ថា ពួក​គាត់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ពិត​ប្រាកដ ឬ​ទេ។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ណែនាំ​ទៀត​ថា មនុស្ស​ចាស់​មាន​វិបត្តិ​ផ្លូវចិត្ត ត្រូវការ​ឱ្យ​មាន​ការ​គាំទ្រ​ពី​កូនៗ និង​គ្រួសារ ដែល​រួមមាន ស្ដាប់​បញ្ហា​របស់​គាត់ ដោយ​យក​ចិត្ត​ទុក​ដាក់ អត់ធ្មត់ និង​ព្យាយាម​យល់ ជំរុញ​លើក​ទឹកចិត្ត បង្កើន​ទំនាក់ទំនង បង្កើត​ឱកាស​ធ្វើ​លំហាត់​ប្រាណ ឬ​សមាធិ ញាំ​អាហារ​សុខភាព កុំ​ទុក​គាត់​ចោល និង​ចូល​ក្រុម​អ្នក​ថែទាំ​សុខភាព​ផ្លូវ​ចិត្ត។ ជាមួយ​គ្នា​នេះ ការ​គាំទ្រ​ពី​សង្គម ក៏​ជា​ចំណុច​សំខាន់ ដែល​អាច​ជួយ​ដល់​ពួក​គាត់​ដែរ។

អង្គការ​សុខភាព​ពិភពលោក​រក​ឃើញ​ថា មនុស្ស​ចាស់ ដែល​មាន​អាយុ​លើស​ពី ៦០ឆ្នាំ ចំនួន​ប្រហែល ១៤នាក់ ក្នុងចំណោម ១០០នាក់ នៅ​លើ​ពិភពលោក រស់នៅ​ជាមួយ​បញ្ហា​ផ្លូវចិត្ត។ បញ្ហា​ផ្លូវចិត្ត​អាច​បណ្ដាល​មក​ពី​បញ្ហា​មូលហេតុ​ជា​ច្រើន ដែល​រួមមាន ភាពឯកា និង​ការ​ផ្ដាច់​ខ្លួន​ពី​សង្គម ទទួល​រង​អំពើ​ហិង្សា​គ្រប់​ទម្រង់ (ផ្លូវកាយ ពាក្យសម្ដី ឬ​ជេរស្ដី ផ្នែក​ហិរញ្ញវត្ថុ) ការ​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់ បទ​ពិសោធន៍​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ពី​មុន (សង្គ្រាម អំពើ​ហិង្សា​ក្នុង​គ្រួសារ សាលារៀន) មាន​ជំងឺ​ផ្លូវកាយ​ធ្ងន់ធ្ងរ ឬ​រ៉ាំរ៉ៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles