ដោយ មាន ឫទ្ធិ
2024.06.11
RFA

រូប៖ ហ្វេសប៊ុកលោក នេត្រ ភក្ត្រា
អ្នកជំនាញប្រព័ន្ធផ្សព្វផ្សាយព្រួយបារម្ភថា ចំណាត់ការរបស់រដ្ឋាភិបាលអះអាងអំពីការទប់ស្កាត់ និងបង្ក្រាបព័ត៌មានក្លែងក្លាយ គឺជាលេសសម្រាប់ឈានដល់ការបង្ក្រាបក្រុមអ្នកសារព័ត៌មានឯករាជ្យដែលបំពេញការងារស្របតាមវិជ្ជាជីវៈ និងមាននិន្នាការមិនគាំទ្ររដ្ឋាភិបាល។ ការព្រួយបារម្ភនេះ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយចិន ប្ដេជ្ញាពីការទប់ស្កាត់ និងបង្ក្រាបព័ត៌មានក្លែងក្លាយគ្រប់ទម្រង់ ដែលពួកគេចាត់ទុកថា រារាំងដល់ការអភិវឌ្ឍសង្គមជាតិ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា (CamboJa) លោក ណុប វី មានប្រសាសន៍ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែមិថុនាថា ការចាត់វិធានការលើព័ត៌មានក្លែងក្លាយគួរតែមានការចូលរួមពីភាគីពាក់ព័ន្ធ ដើម្បីធានាលើតម្លាភាព ក្នុងការលុបបំបាត់ព័ត៌មានក្លែងក្លាយ។ លោកមើលឃើញថា ការដាក់គោលដៅរបស់រដ្ឋាភិបាលប្រឆាំងព័ត៌មានក្លែងក្លាយកន្លងមកនេះ ជាគឺហេតុផលមួយ ដែលអាជ្ញាធរតែងតែប្រើដើម្បីរឹតត្បិតក្រុមអ្នកសារព័ត៌មានឯករាជ្យដែលធ្វើការស្របតាមវិជ្ជាជីវៈ និងរាយការណ៍អំពីព័ត៌មានពិតក្នុងសង្គម។
លោក ណុប វី៖«ព័ត៌មានក្លែងក្លាយនេះគឺជាចំណុចមួយល្អដែលគួរតែមានការរួមគ្នា និងគួរតែផ្សព្វផ្សាយ ដើម្បីឱ្យសាធារណជនគាត់បានយល់ដឹងអំពីព័ត៌មានក្លែងក្លាយហ្នឹង។ ក៏ប៉ុន្តែ ប្រសិនជាយើងមិនមានតម្លាភាពទេ វានាំឱ្យមានផលប៉ះពាល់ដល់ការរឹតត្បិតលំហសេរីភាពសារព័ត៌មានមួយចំនួនដែលយើងឃើញថា កន្លងមក មានការលើកឡើងអំពីព័ត៌មានក្លែងក្លាយនេះ គឺជាហេតុផលមួយ ដើម្បីឈានដល់ការបង្ក្រាបលើសារព័ត៌មានឯករាជ្យ ឬអ្នកមាននិន្នាការរិះគន់លើរដ្ឋាភិបាលជាដើម»។
ក្នុងជំនួបទ្វេភាគីរវាងប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការគណបក្សកុម្មុយនិស្តចិនប្រចាំខេត្តយូណាន (Yunnan) កាលពីថ្ងៃទី៧ ខែមិថុនា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានស្នើដល់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងឯកជននៃប្រទេសទាំងពីរសហការរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ ដែលលោកចោទថា បង្កប់ន័យទុច្ចរិត បង្កើតឱ្យមានការយល់ច្រឡំ និង បំផ្លិចបំផ្លាញកិច្ចខិតខំប្រឹងប្រែងលើទំនាក់ទំនងកម្ពុជា-ចិនលើសក្ដានុពលទេសចរណ៍ ការវិនិយោគ និងមនុស្សធម៌ជាដើម។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា និងអ្នកនាំពាក្យក្រសួងព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បីសាកសួរបន្ថែមជុំវិញរឿងនេះបានទេនៅថ្ងៃទី៩ ខែមិថុនា។
ទោះបីជាយ៉ាងណា ការដាក់ចេញយុទ្ធនាការរបស់រដ្ឋាភិបាលក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយកន្លងមកនេះ ត្រូវបានអ្នកជំនាញវាយតម្លៃថា មានលក្ខណៈរឹតត្បិតលើក្រុមអ្នកសារព័ត៌មានឯករាជ្យដែលហ៊ានសរសេរពីបញ្ហាសង្គម និងបញ្ហានយោបាយរសើប រហូតដល់មានការចាប់អ្នកសារព័ត៌មានឯករាជ្យកាត់ទោសដាក់ពន្ធនាគារក៏មាន។
អង្គការអ្នកកាសែតគ្មានព្រំដែន (Reporters Without Borders) បានចេញផ្សាយរបាយការណ៍ស្ដីពីសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកសម្រាប់ឆ្នាំ២០២៤ ដោយដាក់ចំណាត់ថ្នាក់កម្ពុជាក្នុងលេខរៀងទី១៥១ ក្នុងចំណោមប្រទេស១៨០ ដែលមានន័យថា ស្ថានភាពនៃសេរីភាពសារព័ត៌មាននៅតែមានស្ថានភាពអាក្រក់ ដោយសារតែរដ្ឋាភិបាល លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត នៅតែការបន្តបង្ក្រាបលើសេរីភាពសារព័ត៌មាន និងដាក់គោលដៅលុបបំបាត់ព័ត៌មានឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។