ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១១​ស្ថាប័ន រួមគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​បរិស្ថាន

2024.06.12
RFA

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១១​ស្ថាប័ន រួមគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​បរិស្ថាន

វេទិការទិវាបរិស្ថានពិភពលោកដែលរៀបចំរួមគ្នាក្រោមប្រធានបទ “សុខុមាលភាពពិភពលោកគឺជាទំនួលខុសត្រូវរបស់យើង” រៀបចំដោយសមាគម​បណ្ដាញ​យុវជន​កម្ពុជា។ រូប៖ ហ្វេសប៊ុក CYN


ក្រុម​អង្គការ​សង្គម​ស៊ីវិល ចំនួន​១១​ស្ថាប័ន រួមគ្នា​ទាមទារ​ឲ្យ​រដ្ឋាភិបាល ដោះស្រាយ​បញ្ហា​បរិស្ថាន​។ ការ​ទាមទារ​នេះ ធ្វើឡើង​នៅក្នុង​របាយការណ៍​រួម​របស់​ក្រុម​អង្គការក្រៅរដ្ឋាភិបាល ដែល​បង្ហាញ​ពី​ការ​បំផ្លិចបំផ្លាញ​ធនធាន​ធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​លុប​បឹង​ធម្មជាតិ និង​ការប្រែប្រួល​អាកាសធាតុ​ជាដើម។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​១១​ស្ថាប័ន រួមមាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (CYN) និង​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ជា​វន្ត​ខ្មែរ (KSILA) ជាដើម នៅ​ថ្ងៃទី ១០ ខែមិថុនា បាន​ចេញ​របាយការណ៍​រួម​ស្ដីពី​ទិវា​បរិស្ថាន​ពិភពលោក ដើម្បី​អំពាវនាវ​ដល់​រដ្ឋាភិបាល ឲ្យ​ដោះស្រាយ​បញ្ហា​បរិស្ថាន និង​បម្រែបម្រួល​អាកាសធាតុ។

សេចក្ដីថ្លែងការណ៍​រួម​នេះ ធ្វើឡើង​បន្ទាប់ពី​ក្រុម​អង្គការ​សង្គម​ស៊ីវិល សហជីព យុវជន​ជាង​២​រយ​នាក់ (២២៤) មកពី​១១​ស្ថាប័ន បាន​ប្រារព្ធ​ទិវា​បរិស្ថាន​ពិភពលោក ឆ្នាំ​២០២៤ ក្រោម​មូលបទ​ស្ដីពី សុខុមាលភាព​ពិភពលោក ជា​ការ​ទទួលខុសត្រូវ​របស់​យើង កាលពី​ថ្ងៃទី២ ខែមិថុនា កន្លង​ទៅ។

របាយការណ៍​នោះ បាន​បង្ហាញ​ក្ដី​ព្រួយបារម្ភ​ចំពោះ​ការបាត់បង់​ធនធានធម្មជាតិ ការប្រែប្រួល​អាកាសធាតុ និង​កង្វះខាត​ការអនុវត្ត​គោលនយោបាយ​ការពារ​បរិស្ថាន​របស់​រដ្ឋាភិបាល​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ រួម​ទាំង​ការ​ខកខាន​ពុំបាន​យកចិត្តទុកដាក់​ដោះស្រាយ​សំណូមពរ​នានា ដែល​បាន​លើកឡើង​ពី​បញ្ហា​បរិស្ថាន​នា​ពេល​កន្លង​ទៅ។

របាយការណ៍​ដដែល​នោះ ក៏​បារម្ភ​ពី​ការបាត់បង់​គម្រប​ព្រៃឈើ​នៅ​កម្ពុជា បន្ទាប់ពី​មានការ​កាប់​បំផ្លាញ​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​ការពារ​មួយចំនួន រួមមាន​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ដែនជម្រកសត្វព្រៃ​ព្រៃ​ព្រះ​រកា ព្រៃកោងកាង និង​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​ដោយ​ខុសច្បាប់​ជាដើម នៅក្នុង​រយៈពេល​ពីរ​ទសវត្ស​ចុង​ក្រោយ​នេះ។

ប្រភព​ដដែល​បារម្ភ​ថា ការ​បន្ត​លុប​បឹង​ធម្មជាតិ ការ​បង្ហូរ​កាកសំណល់​ចូលក្នុង​ប្រភព​ទឹក ការសាងសង់​សំណង់​រឹង និង​ចាក់​ដី​ចូល​ទន្លេ បាន​ប៉ះពាល់​ដល់​ចរន្តទឹក​ហូរ គុណភាព​ទឹក ច្រាំងទន្លេ បម្រែបម្រួល​ប្រព័ន្ធ​អេកូឡូស៊ី និង​ធនធាន​ជលផល​ជាដើម។

ក្រៅពី​បញ្ហា​ខាងលើ​នេះ របាយការណ៍​ដដែល ឲ្យ​ដឹង​ដែរ​ថា វិបត្តិ នៃ​ការគ្រប់គ្រង​កាកសំណល់ និង​ប្លាស្ទិក មិន​បាន​ត្រឹមត្រូវ រួមមាន​ការ​បោះ​ចោល​សំរាម​នៅ​តាម​ទី​សាធារណៈ ការបែងចែក​សំរាម​តាម​ប្រភេទ​នីមួយៗ ការ​ដឹកជញ្ជូន និង​កែច្នៃ​សំរាម​ឡើងវិញ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សោភ័ណភាព និង​បង្ក​ជា​ជំងឺ​នានា​ដល់​ពលរដ្ឋ។

ទន្ទឹម​នឹង​នេះ របាយការណ៍ ក៏បាន​បង្ហាញ​ពី​ផល​ប៉ះពាល់​ដល់​សហគមន៍​មូលដ្ឋាន និង​ប្រព័ន្ធ​អេកូឡូស៊ី ដែល​បណ្ដាលមកពី​ការ​ធ្វើ​អាជីវកម្ម​រ៉ែ​ខុសច្បាប់ និង​ការ​រឹតត្បិត​សហគមន៍ និង​សកម្មជន​បរិស្ថាន មិន​ឲ្យ​អនុវត្ត​សិទ្ធិ​សេរីភាព​របស់​ពួកគេ​បាន​ពេញលេញ​នោះ​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ឲ្យ​បង្កើត​សួន​សាធារណៈ និង​ឧទ្យាន​ជាតិ​ធំៗ​នៅ​តាម​រាជធានី​-​ខេត្ត​នានា ដើម្បី​ទប់ទល់​នឹង​ការប្រែប្រួល​អាកាស​អាកាសធាតុ។ ពួកគេ ក៏​ស្នើ​ដល់​រដ្ឋាភិបាល ចាត់​ឲ្យ​មាន​ក្រុម​អធិការកិច្ច​ចុះ​ពិនិត្យ​ការងារ​របស់​មន្ត្រី​ឧទ្យានុរក្ស និង​រដ្ឋបាល​ព្រៃឈើ​និង​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ទៀត​ទាក់ទង​នឹង​បរិស្ថាន។

វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា ដើម្បី​សុំ​ការ​ឆ្លើយ​តប​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១១ ខែ​មិថុនា។

ប្រធាន​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គីមហុង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​១១ ខែ​មិថុនា​ថា បញ្ហា​អាទិភាព ដែល​រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​រួមមាន​បញ្ហា​ព្រៃឈើ សំរាម អាជីវកម្ម​រ៉ែ​ខុសច្បាប់ ការ​បង្ហូរ​ទឹក​កខ្វក់​ចូល​ប្រភព​ទឹក និង​ការ​លុប​បឹង​ធម្មជាតិ​ជាដើម​។ លោក​ថា ប្រសិនបើ​រដ្ឋាភិបាល មិន​ដោះស្រាយ​បញ្ហា​ទាំងនេះ ឲ្យ​បាន​ឆាប់​នោះ​ទេ វា​នឹង​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ និង​ពិបាក​ស្ដារ​ឡើង​វិញ។

លោក ហេង គឹមហុង៖ «ដោយសារតែ​បញ្ហា​ទាំងនោះ​កំពុង​ប្រឈម​ជាក់ស្ដែង​ជាមួយនឹង​ស្ថានភាព​សង្គម ដែល​យើង​ត្រូវការ​ឲ្យ​មានការ​ដោះស្រាយ ប្រសិនបើ​ការ​ដោះស្រាយ​បញ្ហា​ទាំងអស់​នោះ​មាន​ភាព​យឺតយ៉ាវ និង​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជាច្រើន​ចំពោះមុខ​សង្គម ជាពិសេស​គឺ​ការ​កាប់​បំផ្លាញ​ព្រៃឈើ ការ​បង្ហូរ​សារធាតុ​គីមី​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ប្រព័ន្ធ​ទឹក ការ​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ខុសច្បាប់​ជាដើម​ហ្នឹង វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​យើង​បាត់បង់​នូវ​និរន្តរភាព​ធនធានធម្មជាតិ និង​ធនធាន​រ៉ែ​ប៉ុណ្ណោះ​ទេ វា​ក៏​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​ប្រព័ន្ធ​អេកូឡូស៊ី ហើយ​បាន​បង្ក​ជា​ផល​អវិជ្ជមាន​ទៅដល់​វិបត្តិ​បម្រែបម្រួល​អាកាសធាតុ​ផង»។

ប្រធាន​សមាគម​រូប​នេះ ក៏​ទទូច​ដល់​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​បើក​លំហ​សិទ្ធិ​សេរីភាព​ឲ្យ​សហគមន៍ សកម្មជន យុវជន និង​អ្នក​ពាក់ព័ន្ធ​អាច​ចូលរួម​ការពារ​បរិស្ថាន ដោយ​គ្មាន​ការ​រឹតត្បិត។សម្រាប់​ទិវា​បរិស្ថាន​ពិភពលោក​ក្នុង​ឆ្នាំ​២០២៤​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល ជាង​១០​ស្ថាប័ន បាន​រៀបចំ​ព្រឹត្តិការណ៍​មួយចំនួន ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​លើក​កំពស់ និង​ការពារ​បរិស្ថាន​។ សកម្មភាព​ទាំងនោះ រួមមាន ការ​ជិះ​កង់​១​ពាន់​គីឡូម៉ែត្រ​ពី​ខេត្ត​រតនគិរី​ទៅ​កាន់​ខេត្ត​កំពត ដើម្បី​បរិស្ថាន ការ​ដាំ​កូនឈើ​នៅ​តាម​សហគមន៍​មួយចំនួន ការរៀបចំ​កិច្ចពិភាក្សា​ដេញដោល​ជាមួយ​គណបក្ស​នយោបាយ​ពី​កិច្ច​ការពារ​បរិស្ថាន និង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ការពារ​បរិស្ថាន​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles