ដោយ សុជីវី
2024.06.12
RFA

អគ្គនាយកក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធា (ឆ្វេង) ពេលផ្ដល់អំណោយដល់ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១។ រូប៖ គេហទំព័រស្នងការនគរបាលខេត្តស្វាយរៀង
ពលរដ្ឋរងគ្រោះពីការចាញ់បោកក្រុមហ៊ុនភូមិខ្មែរគ្រុបរបស់លោក សោម សុធា នៅខេត្តស្វាយរៀង ស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍ជួយក្នុងរឿងនេះ បន្ទាប់ពីពួកគាត់បានប្រមូលផ្ដុំគ្នាប្រមាណ ១០០នាក់ ដាក់ញត្តិទៅសាលាខេត្តស្វាយរៀង ជាលើកទី២ កាលពីថ្ងៃទី១០ ខែមិថុនា ដោយពួកគាត់ហាក់គ្មានសង្ឃឹមទេ។
ពលរដ្ឋម្នាក់ ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបារម្ភពីសុវត្ថិភាព ប្រាប់វិទ្យុអាស៊ីសេរី ថា នៅពេលយកញត្តិទៅដាក់មន្ត្រីសាលាខេត្ត បានហៅតំណាងពលរដ្ឋទៅជួបពិភាក្សា ដោយមន្ត្រីសាលាខេត្តប្រាប់ថា នឹងបង្កើតគណៈកម្មការ ដើម្បីដោះស្រាយជូនពលរដ្ឋ។ លោកបន្តថា នៅពេលដែលពលរដ្ឋសួរនាំទៅមន្ត្រីសាលាខេត្ត អំពីការតម្កល់ពាក្យបណ្ដឹងរបស់ពួកគាត់ មិនចាត់ការ កាលពីឆ្នាំ២០២២ ពេលនោះមន្ត្រីសាលាខេត្ត ឆ្លើយថា ដោយសារកាលនោះពាក្យបណ្ដឹងពលរដ្ឋមានចំនួនតិចពេក។
ពលរដ្ឋថ្លែងលាក់ឈ្មោះ៖ «កាលណាលូកដៃទៅវាប៉ះពាល់ ដល់ពេលអ៊ីចឹងទៅ គេមិនចង់លូកទេ។ ម្នាក់ៗធម្មតា តាមខ្ញុំស្មានមើល តាមថ្នាក់ខេត្តដោះស្រាយរឿងប៉ុណ្ណឹង អាចមិនហ៊ានដោះទេ ព្រោះមើលតាមភាពជាក់ស្ដែង គឺថាមានខ្នងឬខ្សែរយៈហ្នឹងហើយ។ អ៊ីចឹងហើយបានជាខ្ញុំមិនសង្ឃឹមទេ ត្រឹមខេត្តដោះស្រាយនោះ បើបញ្ជាពីថ្នាក់ដឹកនាំខាងកំពូលមក នោះខ្ញុំនឹងសង្ឃឹម»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យសាលាខេត្តស្វាយរៀង លោក រស់ សុផារិទ្ធិ ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី១១ ខែមិថុនា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកលើក។
យ៉ាងណាក៏ដោយចុះ ពលរដ្ឋអះអាងថា ពួកគាត់ហាក់គ្មានការជឿជាក់លើមន្ត្រីថ្នាក់ខេត្តនេះនោះទេ ដោយសារស្ថាប័នមួយនេះ មិនបង្ហាញពីគោលជំហរជាក់លាក់ ក្នុងការដោះស្រាយរឿងនេះឡើយ។ ម្យ៉ាងវិញទៀត ពួកគាត់សង្កេតឃើញថា ម្ចាស់ក្រុមហ៊ុនភូមិខ្មែរគ្រុប លោក សោម សុធា មានជំនួយការលោក ហ៊ុន សែន គឺជាលោក ដួង តារា ជាអ្នកនៅពីក្រោយ និងមានទំនាក់ទំនងជិតស្និទ្ធ ជាមួយអភិបាលខេត្តស្វាយរៀង ទាំងចាស់ទាំងថ្មី ហើយជាញឹកញាប់ពលរដ្ឋចោទទៀតថា លោក សោម សុធា តែងផ្ដល់លុយដល់រដ្ឋបាលខេត្ត ទោះបីក្រុមហ៊ុនរបស់លោក ជួបវិបត្តិសេដ្ឋកិច្ច និងមិនបានសង់ផ្ទះល្វែង ឬផ្ដល់ភាគលាភ ដល់អតិថិជនយ៉ាងណាក្ដី។
លោក សោម សុធា បានបង្កើតក្រុមហ៊ុនភូមិខ្មែរគ្រុប កាលពីឆ្នាំ២០១៦ ដោយវិនិយោគលើវិស័យកសិកម្ម ភោជនីយដ្ឋាន គម្រោងដីឡូត៍ និងផ្ទះល្វែង ដែលកំពុងឈរជើងនៅខេត្តស្វាយរៀង។ ក្រុមហ៊ុននេះ មានបុត្រសម្ព័ន្ធជាច្រើនទៀត រួមមាន ភូមិពងទាខ្មែរ ភូមិកាហ្វេ និងភូមិមរតក ដែល ជាវិស័យអចលនទ្រព្យ។
ទោះជាយ៉ាងណា ក្រោយដំណើរការ បានប្រហែល ៥ឆ្នាំ ក្រុមហ៊ុនមួយនេះ បានជួបប្រទះបញ្ហាសេដ្ឋកិច្ច ក្រោយវិបត្តិជំងឺកូវីដ១៩។ លុះក្រោយមកក្រុមហ៊ុនភូមិខ្មែរគ្រុប បានពង្រីកគម្រោងវិនិយោគមួយបន្ថែមទៀត កាលពីឆ្នាំ២០២១ ដោយគឺជាគម្រោងវិនិយោគផ្ដល់ផលចំណេញ ឬការប្រាក់ ៤ភាគរយក្នុងមួយខែ ពោលគឺអ្នកដាក់លុយវិនិយោគ ១ម៉ឺនដុល្លារ នឹងទទួលបានប្រាក់ចំណេញ ៤រយដុល្លារក្នុងមួយខែ។ ក៏ប៉ុន្តែ គម្រោងទាំងចាស់ទាំងថ្មីនោះ គឺជាការបោកប្រាស់ ដោយក្រុមហ៊ុនភូមិខ្មែរគ្រុប មិនបានផ្ដល់ការប្រាក់ និងសាងសង់ផ្ទះឱ្យអតិថិជន តាមកិច្ចសន្យានោះឡើយ។
យ៉ាងហោចណាស់ មានប្រជាពលរដ្ឋប្រមាណជាង ១០០នាក់ បានចាញ់បោកគម្រោងដាក់លុយវិនិយោគ ទទួលបានការប្រាក់ និងជាង ៤០០នាក់ផ្សេងទៀត រងគ្រោះដោយសារទិញដីឡូត៍ និងផ្ទះល្វែងខ្យល់ របស់ក្រុមហ៊ុនភូមិខ្មែរគ្រុបនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។