កម្ពុជា
កម្ពុជា-ច្បាប់
12/06/2024 – 09:35
ដោយ៖ អោ ស្រីពេជ្រ
RFI
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យជូនមេដាយមាសការងារឱ្យបុគ្គល៣រូបដែលបានស្វែងរកយុត្តិធម៌ដោយជោគជ័យជូនមន្ត្រីរាជការខ្មែរ។ ក្នុងអនុក្រឹត្យចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ដែលវិទ្យុបារាំងអន្តរជាតិ RFI ទើបទទួលបាន បុគ្គល៣រូបនោះរួមមានមេធាវីអាមេរិក ២រូប និងលេខាធិការទី២នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ បុគ្គលទាំង ៣នាក់នេះបានជួយរំដោះលោក គ្រី ម៉ះផល ដែលជាប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៅក្រសួងកសិកម្មពីសំណាញ់ច្បាប់អាមេរិកក្នុងបទចោទប្រកាន់សំណុំរឿងសមគំនិតរត់ពន្ធសត្វស្វាក្ដាមចូលសហរដ្ឋអាមេរិក និងដែលលោកបានមកដល់កម្ពុជាវិញកាលពីខែមីនា ឆ្នាំ២០២៤។
រដ្ឋាភិបាលកម្ពុជាបំពាក់មេដាយមាសឱ្យបុគ្គលដែលរំដោះលោក គ្រី ម៉ះផល ពីសំណាញ់ច្បាប់អាមេរិក
លេខាធិការទី២នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក លោក ហន ឧសភា និងមេធាវីអាមេរិក ២រូប គឺលោក Mark J.McDougall និងលោកស្រី Stacey H.Mitchell ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចបំពាក់ឪ្យនូវមេដាយ «មាសការងារ»។ តាមអនុក្រឹត្យចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ការសម្រេចបំពាក់មេដាយមាសការងារឱ្យបុគ្គលទាំង ៣រូបដោយសារតែពួកគេបានស្វែងរកយុត្តិធម៌ដោយជោគជ័យជូនមន្ត្រីរាជការខ្មែរ។ រដ្ឋាភិបាលកម្ពុជាតាមរយៈអ្នកនាំពាក្យលោក ប៉ែន បូណា បានពន្យល់បន្ថែមដោយយោងតាមព្រះរាជក្រឹត្យកម្ពុជាថា ការបំពាក់មេដាយការងាររបស់រដ្ឋាភិបាលធ្វើឡើងសម្រាប់បុគ្គលដែលមានថ្វីដៃក្នុងការងាររដ្ឋបាល ឬក្នុងវិស័យឯកជន និងថា មេដាយការងាររបស់រដ្ឋាភិបាលមាន៣ថ្នាក់ គឺមាស ប្រាក់ និងសំរិទ្ធដែលផ្តល់ជូនដោយមិនកំណត់ជាតិសាសន៍របស់បុគ្គលឡើយ។
លោក Mark J.McDougall និងលោកស្រី Stacey H.Mitchell ដែលជាមេធាវីអាមេរិកជាអ្នកបម្រើការឱ្យក្រុមហ៊ុនផ្តល់សេវាច្បាប់ក្រៅស្រុកមួយឈ្មោះ Akin។ មេធាវីអាមេរិកទាំង ២រូបនេះជាបុគ្គលសំខាន់ដែលបានចូលរួមតតាំងក្តីឱ្យលោក គ្រី ម៉ះផល ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះនៅក្រសួងកសិកម្មកម្ពុជាដែលអាមេរិកបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមបទចោទប្រកាន់ក្នុងសំណុំរឿងសមគំនិតរត់ពន្ធសត្វស្វាក្ដាមទៅកាន់សហរដ្ឋអាមេរិក។ បន្ទាប់ពីបានតតាំងក្តីជាង១ឆ្នាំ តុលាការអាមេរិកក្នុងរដ្ឋហ្លូរីដាសម្រេចក្នុងថ្ងៃទី២២ មីនា ឆ្នាំ ២០២៤ ឱ្យលោក គ្រី ម៉ះផល រួចពីការចោទប្រកាន់ ដោះលែងឱ្យមានសេរីភាព និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី២៥ មីនា។

សូមរំព្ញកថា ការដែលតុលាការអាមេរិកបានសម្រេចលើកលែងការចោទប្រកាន់លើលោក គ្រី ម៉ះផល ក្នុងបទជួញដូរស្វាក្តាមដោយសារតែតុលាការមិនបានរកឃើញភស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលោកគ្រី ម៉ះផល។ តែអង្គការអន្តរជាតិ PETA ដែលបានតានដានរឿងក្តីនេះបានលើកឡើងថា ដ្បិតគ្មានភស្តុតាងដាក់បន្ទុកលើលោក គ្រី ម៉ះផលក៏ដោយក៏តុលាការអាមេរិកមានភស្តុតាងច្រើនដែលបានលាតត្រដាងពីអំពើពុករលួយជាប្រព័ន្ធរបស់មន្ត្រីខ្មែរដែលឃុបឃិតជាមួយមន្ទីរពិសោធន៍ក្នុងការរត់ពន្ធស្វាក្ដាមខុសច្បាប់ចេញពីកម្ពុជា៕