សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដោយ​ភ្ជាប់​ពួកគេ​ជា​មួយ​លោក អាឡិច

ដោយ សុជីវី
2024.06.11
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សាលា​ដំបូង​រាជធានី​ភ្នំពេញ​បន្ត​សាកសួរ​សកម្មជន​ចលនា​មាតា​ធម្មជាតិ ដោយ​ភ្ជាប់​ពួកគេ​ជា​មួយ​លោក អាឡិច

សកម្មជន​ចលនា​មាតា​ធម្មជាតិ ទាំង ៥រូប ដើរចេញ​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់សវនាការ​លើក​ទី៣ នៅ​ល្ងាច​ថ្ងៃ​ទី១១ ខែមិថុនា ឆ្នាំ២០២៤។ រូប៖ ពីពលរដ្ឋ


តុលាការ​ក្រុង​ភ្នំពេញ​បន្ត​សាកសួរ​សកម្មជន​ការពារ​បរិស្ថាន​ដោយ​ភ្ជាប់​សកម្មភាព​របស់​ពួក​គេ​ជាមួយ​សកម្មជន​បរិស្ថាន​ជន​ជាតិ​អេស្ប៉ាញ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន (Alejandro Gonzalez Davidson) ថា ជា​មេខ្លោង​ធ្វើ​សកម្មភាព​ផ្ដួល​រំលំ​រដ្ឋាភិបាល។ ទោះ​ជា​យ៉ាង​ណា​ក្ដី សកម្មជន​ការពារ​បរិស្ថាន​ច្រាល​ចោល​ការ​ចោទ​ប្រកាន់​នេះ ហើយ​ពួកគេ​ថា សកម្មភាព​ការ​ពារ​បរិស្ថាន​កន្លង​មក គឺ​បាន​បង្ហាញ​ភាព​ស្អាតស្អំ​ជា​សាធារណៈ។


សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១១ មិថុនា បាន​បន្ត​បើក​សវនាការ​ជំនុំ​ជម្រះ​ទៅ​លើ​សកម្មជន​ការពារ​បរិស្ថាន​ចំនួន ១០នាក់ ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់»

មុន​ចូល​សវនាការ​សកម្មជន​ការពារ​បរិស្ថាន ដែល​មាន​វត្តមាន​ទាំង ៥នាក់​រួមមាន​កញ្ញា ឡុង គន្ធា លោក យីម លាងហ៊ី លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង​លោក លី ចាន់ដារ៉ាវុត បាន​លើក​បដា និង​ពិភាក្សា​ផ្សាយ​ផ្ទាល់​នៅមុខ​តុលាការ លើ​បណ្ដាញ​សង្គម​ពី​សកម្មភាព​ដែល​ពួកគេ​ធ្លាប់​ធ្វើ​កន្លងមក ដូចជា ការ​ដង្ហែ​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​សុំ​អន្តរាគមន៍​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ លុប​បឹង ជីក​រ៉ែ លក់​ខ្សាច់ និង​ការ​បង្ហូរទឹក​កខ្វក់​ចូល​ទន្លេ​និង​សមុទ្រ​ជាដើម​។ ចំណែក​នៅ​ខាង​ក្រៅ​របង​តុលាការ អាជ្ញាធរ​បាន​រឹត​បន្តឹង​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ចូល​ក្នុង​តុលាការ​ផង​ដែរ។


សវនាការ​បាន​ចាប់​ផ្ដើម​ដោយ​ចៅក្រម​បាន​ឱ្យ​ក្រឡាបញ្ជី​អាន​កំណត់​ហេតុ​សួរ​ចម្លើយ ក្នុង​ដំណាក់​កាល​នគរបាល​ ដំណាក់​កាល​អយ្យការ និង​ដំណាក់​កាល​ចៅក្រម​ស៊ើបសួរ​របស់​កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា និង​កញ្ញា ឡុង គន្ធា។ បន្ទាប់​មក ព្រះរាជអាជ្ញា និង​ចៅក្រម​បាន​សួរ​ពួក​គេ​បន្ថែម ដោយ​ភ្ជាប់​នឹង​ទំនាក់​ទំនង​ជា​មួយ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​បណ្ដេញ​ចេញ និង​កញ្ញា ស៊ុន រដ្ឋា។ តុលាការ​លើក​ឡើង​តិច​តួច​ពី​សកម្មជន​បរិស្ថាន ៣នាក់​ទៀត រួម​មាន លោក ពក ខឿយ លោក ប៉ិញ ពិសិដ្ឋ និង​លោកស្រី រ៉ី រក្សា។

សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា ភួន កែវរស្មី ឆ្លើយ​នៅ​ក្នុង​រង្វង់​ក្រចក​សេះ​ក្រោយ​ស្ដាប់​កំណត់​ហេតុ​របស់​ខ្លួន​ថា កញ្ញា​សុំ​មិន​ឆ្លើយ​ពាក់​ព័ន្ធ​នឹង​សកម្មភាព ឬ​ទស្សនៈ​លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន ដែល​បាន​និយាយ​ជា​មួយ​វិទ្យុ​អាស៊ី​សេរី ឬ​វិទ្យុ​បរទេស ព្រោះ​ថា សកម្មភាព​របស់​ចលនា​មាតា​ធម្មជាតិ​មិន​បាន​ជាប់​ពាក់​ព័ន្ធ​ជា​មួយ លោក អាឡិច នោះ​ទេ។

កញ្ញា ភួន កែវរស្មី បញ្ជាក់​ក្នុង​អង្គ​សវនាការ​ថា កញ្ញា​ផ្ទាល់ គឺ​ជា​និស្សិត ដែល​បាន​ចូលរួម​ស្ម័គ្រចិត្ត ក្នុង​ក្រុម​ចលនា​មាតា​ធម្មជាតិ​នេះ ហើយ​យុវជន​ផ្សេង​ទៀត ក៏​ចូល​រួម​ធ្វើ​សកម្មភាព​ការពារ​បរិស្ថាន​ដោយ​មិន​ទទួល​បាន​ប្រាក់​ខែ​អ្វី​នោះ​ដែរ។ កញ្ញា​សំណូមពរ​តុលាការ​អនុញ្ញាត​ឱ្យ​លោក អាឡិច បាន​ឆ្លើយ​សំណួរ ហើយ​តុលាការ​មិន​គួរ​ភ្ជាប់​សកម្មភាព​លោក អាឡិច ជា​មួយ​កញ្ញា ឬ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ផ្សេង​ទៀត​នោះ​ទេ។

កញ្ញា ភួន កែវរស្មី លើក​ឡើង​ក្នុង​សវនាការ​ថា៖«ខ្ញុំ​ចង់​ចូលរួម​ការពារ​ធន​ធាន​ធម្មជាតិ គឺ​នៅ​ពេល​ដែល​ខ្ញុំ​បាន​ទៅ​លេង​កោះ​កុង​ក្រៅ​លើក​ដំបូង ខ្ញុំ​ឃើញ​ធម្មជាតិ មាន​ភ្នំ មាន​ព្រៃឈើ មាន​ទេសភាព​ស្រស់​ស្អាត ដែល​ខុស​ពី​ស្រុក​កំណើត​របស់​ខ្ញុំ​នៅ​ខេត្តស្វាយរៀង ដូច្នេះ ខ្ញុំ​ចាប់​ផ្ដើម​ជា​សកម្មជន​នេះ​គឺ​ដើម្បី​ការពារ​ធនធាន​ធម្មជាតិ​ដល់​មនុស្ស​ជំនាន់​ក្រោយ»

សកម្មជន​ចលនា​មាតា​ធម្មជាតិ លោក លី ចាន់ដារ៉ាវុត ថា លោក​បាន​ស្គាល់​លោក អាឡិច នៅ​ឆ្នាំ២០១៤ តាម​រយៈ​សកម្មភាព​ការពារ​បរិស្ថាន​របស់​លោក​នៅ​លើ​បណ្ដាញ​សង្គម។ លោក​បញ្ជាក់​ថា អង្គការ​ចលនា​មាតា​ធម្មជាតិ ដែល​មាន​លោក អាឡិច ជា​ស្ថាបនិក​នោះ ត្រូវ​បាន​រំលាយ​ដោយ​ក្រសួង​មហាផ្ទៃ ចាប់​តាំង​ពី​ឆ្នាំ២០១៨ ដូច្នេះ​សកម្មភាព​របស់​ចលនា​មាតា​ធម្មជាតិ​មិន​បាន​ពាក់​ព័ន្ធ​ជា​មួយ​លោក អាឡិច ទៀត​នោះ​ទេ។

លោក លី ចាន់ដារ៉ាវុត បញ្ជាក់​ទៀត​ថា ការ​ដែល​តុលាការ​លួច​យក​វីដេអូ​ពី​កម្មវិធី​ប្រជុំ (Zoom) ដែល​លោក និង​សកម្មជន​ផ្សេង​ជជែក​គ្នា មក​ធ្វើ​ការ​ចោទ​ប្រកាន់ គឺ​មិន​សម​ស្រប​តាម​ផ្លូវ​ច្បាប់​នោះ​ទេ។

លោក លី ចាន់ដារ៉ាវុត៖ «មិន​មាន​ការ​ជជែក​អំពី​ផែន​ការណ៍​អ្វី​នោះ​ដែរ ការ​ដេញដោល​ពី​ការ​ប្រជុំ Zoom នេះ គឺ​ខ្ញុំ​បាន​បញ្ជាក់​រួច​មក​ហើយ​ថា យើង​ជជែក​អំពី​បរិស្ថាន​ទេ ហើយ​ការ​ងារ​ជា​ផ្លូវ​ការ​របស់​ចលនា​មាតា​ធម្មជាតិ ក៏​មាន​នៅ​លើ​ផេក (Page) ចលនា​មាតា​ធម្មជាតិ​ហើយ ហើយ​បង្ហោះ​តែ​ពី​រឿង​បរិស្ថាន​ទេ។ ដូច្នេះ ការ​ទៅ​ថត Zoom ដោយ​មិន​មាន​ការ​អនុញ្ញាត​ហ្នឹង​ហើយ ក៏​ជា​រឿង​ខុស​ច្បាប់​ដែរ។ យើង​មិន​អាច​ទៅ​ថត​ការ​សន្ទនា ដែល​បិទ​ជិត​មិន​មែន​ជា​ការ​សន្ទនា​ជា​សាធារណៈ​មក​ធ្វើ​ជា​ភស្តុតាង​នៅ​ក្នុង​សវនាការ​អ៊ីចឹង​ទេ»

ប្រធាន​ចៅក្រម​ជំនុំជម្រះ អ្នកស្រី អ៊ុក រ៉េតគន្ធា សម្រេច​បន្ត​សវនាការ នៅ​ថ្ងៃ​ទី១៧ ខែមិថុនា។ សវនាការ​នេះ ក៏​មាន​មន្ត្រី​តំណាង​ទូត​សហភាព​អឺរ៉ុប អាមេរិក មន្ត្រី​តំណាង​អង្គការ​សហប្រជាជាតិ សង្គម​ស៊ីវិល និង​យុវជន​ចូលរួម​ឃ្លាំ​មើល​ផង​ដែរ។

អតីត​ស្ថាបនិក​អង្គការ​មាតា​ធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់សាឡេស ដេវិតសុន លើក​ឡើង​ថា តុលាការ​គ្មាន​ភស្តុតាង​ជាក់​លាក់​ណា​មួយ ដើម្បី​ចោទ​មក​លើ​សកម្មជន​បរិស្ថាន​ទាំង​នេះ​ទេ ហើយ​លោក​ថា តុលាការ​គួរ​អនុញ្ញាត​ឱ្យ​លោក​បាន​ឆ្លើយ​តប​នៅ​ក្នុង​សវនាការ​ផង​ដែរ។ លោក​យល់​ថា តុលាការ​គួរ​ទម្លាក់​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ ព្រោះ​ថា ពលរដ្ឋ​ខ្មែរ​បាន​ដឹង​ថា សកម្មជន​ទាំង​នេះ​មិន​មាន​កំហុស​នោះ​ឡើយ។

លោក អាឡិច៖ «អ៊ីចឹង ទោះ​បី​ជា​អ្នក​ឯង​ថ្ងៃ​នេះ​ដើរ​តួ​ជា​ព្រះរាជអាជ្ញា ចៅក្រម ហើយ​សប្បាយ​ហើយ​ទទួល​លុយ ហើយ​ទទួល​សក្ការ​ពី​អ្នក​នយោបាយ​ក៏​ដោយ កុំ​ភ្លេច​ថា អនាគត នៅ​ពេល​ដែល​កម្ពុជា​មាន​ជា​ប្រទេស​ត្រឹមត្រូវ ជា​ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​ហ្នឹង នៅ​ពេល​ដែល​តុលាការ​ឯករាជ្យ មាន​ចៅក្រម​ពិត​ប្រាកដ ចៅក្រម ជា​មួយ​ព្រះរាជអាជ្ញា​អាច​នឹង​លែង​អង្គុយ​នៅ​កៅអី​ចៅក្រម ព្រះរាជអាជ្ញា​ហើយ គេ​នឹង​អង្គុយ​លើ​កៅអី​ជន​ត្រូវ​ចោទ​ហ្នឹង ជា​ឧក្រិដ្ឋជន​ដូច​អ្វី ដែល​ប្រទេស​មួយ​ចំនួន​បាន​ឆ្លង​កាត់»

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ដែល​បាន​ឃ្លាំមើល​ក្នុង​សវនាការ​មាន​ប្រសាសន៍​ថា ការ​សាកសួរ​ទៅ​លើ​សកម្មជន​បរិស្ថាន​នៅ​ថ្ងៃ​នេះ មិន​ទាន់​បាន​បង្ហាញ​ពី​ភស្តុតាង​ជាក់លាក់​ណា​មួយ​ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ «ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ និង​រួម​គំនិត​ក្បត់»នៅ​ឡើយ​ទេ។ លោក​ថា មន្ត្រី​សិទ្ធិ​​​មនុស្សជាតិ និង​អន្តរជាតិ​នៅ​តែ​ស្នើ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​នានា​ទៅ​លើ​សកម្មជន​ទាំង​នេះ ដើម្បី​ឱ្យ​ពួក​គេ​បន្ត​ចូល​រួម​ការ​ពារ​បរិស្ថាន។

លោក អំ សំអាត៖ «តែ​បើ​យើង​បក​ទៅ​កន្លង​មក​វិញ ឃើញ​ថា មាន​ការ​រិះគន់​ជា​ច្រើន​ពី​សហគមន៍​អន្តរជាតិ ក៏​ដូច​ជា​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ​ទៅ​លើ​ការ​ចាប់ និង​ការ​ឃុំ​ខ្លួន​ទៅ​លើ​សកម្មជន​បរិស្ថាន​ទាំង​អស់​ជា​ការ​រំលោភ​ទៅ​លើ​សេរីភាព​មូលដ្ឋាន​របស់​ពលរដ្ឋ»

ចំណែក​អង្គការ រ៉ាយឡាយលីហ៊ូត (Right Livelihood) នៅ​ប្រទេស​ស៊ុយអែត (Sweden) ដែល​ធ្លាប់​បាន​ផ្ដល់​ពាន​រង្វាន់​បរិស្ថាន​ដល់​សកម្មជន​ចលនា​មាតា​ធម្មជាតិ បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​អ៊ិក្ស (X) កាល​ពី​ថ្ងៃ​ទី១០ ខែមិថុនា ដោយ​ចាត់​ទុក​សវនាការ​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ គឺ​ជា​រឿង​អាម៉ាស់ ដោយសារ​តែ​សកម្មភាព​ការពារ​បរិស្ថាន​របស់​ពួក​គេ​បែរ​ជា​ត្រូវ​ប្រឈម​នឹង​ការ​ផ្ដន្ទាទោស​ពី ៥ ទៅ ១៥ឆ្នាំ​ទៅ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles