ដោយ សុជីវី
2024.06.12
RFA
អតីតកម្មការិនីរោងចក្រដេរ វ៉ាយ អេន ដាប់បែលយូ (Y&W) ដែលមានផ្ទៃពោះ។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ
អតីតកម្មការិនីរោងចក្រកាត់ដេរ វ៉ាយ អេន ដាប់បែលយូ (Y&W) ដែលមានផ្ទៃពោះ ជិតដល់ខែ សម្រាលកូនខ្លះ មានជីវភាពខ្វះខាត ក្រោយពីរោងចក្រពួកគាត់ ធ្វើការបានបិទទ្វារ។ ពួកគាត់ថា ចាប់តាំង ពីរោងចក្របានក្ស័យធនមក ពួកគាត់គ្មានលុយកាក់ ដើម្បីត្រៀមចំណាយលើការសម្រាលកូន និងការចាយវាយប្រចាំថ្ងៃនោះឡើយ។
ចាប់តាំងពីក្រុមហ៊ុនរោងចក្រ វ៉ាយ អេន ដាប់បែលយូ (Y&W Garment) បានក្ស័យធន ជិត៣ខែ មកធ្វើឱ្យកម្មករ និងកម្មការិនី រាប់ពាន់នាក់ គ្មានការងារធ្វើ។ បញ្ហានេះបានជះឥទ្ធិពលអវិជ្ជមាន ដល់ កម្មការិនីដែលកំពុងមានផ្ទះពោះ ប្រមាណ៥០០នាក់ មានជីវភាពខ្វះខាត ហើយពួកគាត់ទទូចឱ្យរដ្ឋាភិបាលជួយផ្ដល់អាហារូបត្ថម្ភ និងសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យ ដោយឥតគិតថ្លៃ។
អតីតកម្មការិនី រោងចក្រ វ៉ាយ អេន ដាប់បែលយូ រស់នៅខេត្តកណ្ដាល លោកស្រី ខន សារ៉ាន់ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី១០ ខែមិថុនា ថា ក្រោយពីរោងចក្រ បានបិទទ្វារមក លោកស្រីគ្មាន លុយកាក់សម្រាប់ចំណាយលើការសម្រាលកូន នៅចុងខែមិថុនានេះទេ។ រីឯ ប្ដីលោកស្រីធ្វើការងារ សំណង់ ដោយទទួលបានកម្រៃបន្តិចបន្តូច គ្រាន់តែចំណាយលើការហូបចុកប្រចាំថ្ងៃប៉ុណ្ណោះ។
លោកស្រី ខន សារ៉ាន់៖ «ឥឡូវមានឧបសគ្គដោយអត់លុយ អត់មានការងារធ្វើ ហើយណាមួយជំពាក់លុយគេ។ ភ័យបារម្ភត្រង់ថា ខ្លាចអត់អាចប្រើប.ស.សអត់បាន»។
អតីតកម្មការិនីរូបនេះ បានធ្វើការនៅក្រុមហ៊ុន រោងចក្រកាត់ដេរ វ៉ាយ អេន ដាប់បែលយូ បាន៧ឆ្នាំ ក៏ប៉ុន្តែ នៅដើមខែមីនា កន្លងទៅក្រុមហ៊ុននេះ ក៏បានប្រកាសក្ស័យធន។ ការក្ស័យធននេះបានធ្វើឱ្យ ប៉ះពាល់ដល់កម្មករនិយោជិកជិត ៥ពាន់នាក់ (៤.៨៤៩ នាក់) ក្នុងនោះស្ត្រីមានផ្ទៃពោះ ជិត ៥រយនាក់ អត់ការងារធ្វើ។
ក្រោយពីក្រុមហ៊ុននេះ បានក្ស័យធនមក មានកម្មករខ្លះបានទៅរកការងារកន្លែងថ្មី។ ដោយឡែក សម្រាប់កម្មការិនី ដែលមានផ្ទៃពោះពួកគាត់ពុំអាចរកការងារថ្មី ធ្វើបាននោះទេ ព្រោះក្រុមហ៊ុនថ្មី គេមិនទទួលយក ព្រោះខ្លាចប៉ះពាល់កូនក្នុងផ្ទៃ។
អតីតកម្មការិនីរោងចក្រដេរ វ៉ាយ អេន ដាប់បែលយូ ម្នាក់ទៀត លោកស្រី ប្រាក់ អ៊ីវ៉ា រស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដែលកំពុងមានផ្ទៃពោះ ដែរនោះ ក៏ព្រួយបារម្ភពីជីវភាពខ្វះខាត ព្រោះរាល់ថ្ងៃ លោកស្ត្រីគ្មានចំណូលដូចមុន រីឯការចំណាយប្រចាំថ្ងៃក៏ច្រើន។ ជាក់ស្ដែង លោកស្រី ត្រូវសងបំណុលធនាគារផង និងចំណាយលើថ្លៃផ្ទះជួលផង ក្នុង ១ខែជាង ២០០ដុល្លារ។
លោកស្រី ប្រាក់ អ៊ីវ៉ា៖ «ស្នើសុំរដ្ឋាភិបាលដើម្បីឱ្យជួយ ដើម្បីអាចប្រើប្រាស់ប័ណ្ឌប.ស.ស បាន ព្រោះអីយើងរំពឹងលើអាហ្នឹង សម្រាប់អ្នកពោះធំ ព្រោះថាយើងអត់មានអីទេ។ អ្នកពោះធំ យើងអត់អាចទៅធ្វើការអីបានទេ អំឡុងពេលយើងធ្វើការនៅ Y & w យើងដឹងតែទទួលបានពីប័ណ្ណប.ស.ស។ តែពេលឥឡូវយើងឈប់មក យើងលែងរំពឹងហើយ មានតែស្នើឱ្យរដ្ឋាភិបាលជួយ»។
លោកស្រី ប្រាក់ អ៊ីវ៉ា នឹងគ្រប់ខែ សម្រាលកូននៅចុងខែមិថុនានេះ។ ចំណែកការចំណាយលើការសម្រាលកូន លោកស្រី ពឹងទាំងស្រុងលើប្រាក់ខែប្ដី ដោយទទួលបានបន្តិចបន្តូច។ កន្លងទៅ ប្ដីលោកស្រី ក៏ធ្លាប់ធ្វើការនៅរោងចក្រដេរ វ៉ាយ អេន ដាប់បែលយូ (Y & W) ដែរ។ តែក្រោយពីក្រុមហ៊ុននេះក្ស័យធន ប្ដីលោកស្រីក៏បានទៅរកការងារនៅកន្លែងថ្មី ដើម្បីរកចំណូលដោះស្រាយជីវភាព។
តាំងពី ក្រុមហ៊ុន វ៉ាយ អេន ដាប់បែលយូ (Y&W) បានក្ស័យធន កម្មការិនីដែលមានផ្ទៃពោះ អាចនៅប្រើប្រាស់ប័ណ្ណបេឡាជាតិសន្តិសុខសង្គម ឬហៅថា ប័ណ្ណប.ស.ស ដើម្បីទៅពិនិត្យសុខភាព នៅមន្ទីរពេទ្យដោយឥតគិតថ្លៃ។ ក៏ប៉ុន្តែ សុពលភាពប័ណ្ណប.ស.ស នេះនឹងផុតកំណត់ក្នុងខែមិថុនា។ពួកគាត់ព្រួយបារម្ភលើការ ចំណាយថវិកាផ្ទាល់ខ្លួនច្រើន ពេលប័ណ្ណប.ស.ស.ផុតកំណត់។ កម្មការិនីទាំងនោះស្នើឱ្យរដ្ឋាភិបាលជួយផ្ដល់អាហារូបត្ថម្ភដល់ពួកគាត់។
ទាក់ទិនរឿងនេះ វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន ប៉ូណា និង អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន បានទេនៅថ្ងៃទី១១ ខែមិថុនា ដោយហៅទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកទទួល។
កាលសីហា ឆ្នាំ២០២៣ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ ផ្ដល់ប្រាក់ឧបត្ថម្ភជូនកម្មការិនីមានផ្ទៃពោះ ដោយទទួលបានប្រាក់ឧបត្ថម្ភ៤លើក ក្នុង១លើក ទទួលបានប្រាក់ ៨ម៉ឺន (៨០.០០០) រៀលមុនសម្រាលកូន និងអំឡុងពេល សម្រាល បាន៨០ម៉ឺន (៨០០.០០០) រៀល សម្រាប់កូនមួយ។ រីឯករណីកូនភ្លោះពីរនាក់នឹងទទួលបានប្រាក់១លាន២សែនរៀល ហើយកូនភ្លោះបីនាក់នឹងទទួលបាន ១លាន ៦សែនរៀល។
ទាក់ទិនរឿងនេះ ប្រធានគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ ប្រាប់វិទ្យុអាស៊ីសេរីថា គោលនយោបាយ គាំពារសង្គម សម្រាប់កម្មការិនីដែលមានផ្ទៃពោះ របស់រដ្ឋាភិបាល ពុំមានវិសាលភាពទូលំទូលាយនោះទេ។ ជាក់ស្ដែង លោកសង្កេតឃើញថា ចំពោះកម្មការិនីដែលមានផ្ទៃពោះ ហើយបាត់បង់ការងារពួកគាត់ នៅតែប្រឈមហានិភ័យខ្ពស់ គ្មានប្រាក់ចំណូល ហើយពុំមានកិច្ចគាំពារសង្គម ពីរដ្ឋាភិបាល ដែលធ្វើឱ្យជីវភាពពួកគាត់កាន់តែលំបាក។
លោក ឃុន ថារ៉ូ៖ «ការចំណាយផ្សេងៗ ដូចអំឡុងពេល គាត់សម្រាកមាតុភាពហ្នឹង ជាការចំណាយចាំបាច់ អាហ្នឹង គួរតែជាគោលនយោបាយ អត្ថិភាព ដែលរដ្ឋគួរតែពិចារណា បន្ថែមទៀតលើករណីនេះ ដើម្បីពិនិត្យមើលកំណែទម្រង់គោលនយោបាយបេឡាជាតិរបរសន្តិសុខសង្គម ដើម្បីកំណត់វិសាលភាពគ្របដណ្ដប់ដល់កម្មករនិយោជិក»។
រោងចក្រវ៉ាយ អែនដាប់បែលយូ (Y&W Garment) មានទីតាំងស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយមានកម្មករនិយោជិត ជិត ៥ ពាន់នាក់ (៤.៨៤៩ នាក់) ក្នុងនោះស្ត្រីមានផ្ទៃពោះមានជិត៥រយនាក់។ បច្ចុប្បន្ន រោងចក្រនេះបានផ្អាកដំណើរដោយសារតែក្ស័យធន។
ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកការពារសិទ្ធិកម្មករចង់ឃើញរដ្ឋាភិបាល រៀបចំ គោលនយោបាយជាអត្ថិភាពដល់កម្មការិនី ដែលមានផ្ទៃពោះ ឱ្យទទួលបានសេវាគាំពារសង្គមផ្នែកថែទាំសុខភាព និងសម្រាលកូនដោយឥតគិតថ្លៃ ទាំងអំឡុងពេលមានការងារ និងក្រោយពេលគ្មានការងារ។ ពួកគាត់ថា ការធ្វើបែបនេះ ដើម្បីកាត់បន្ថយការលំបាករបស់កម្មការិនីមានផ្ទៃពោះផង និង អត្រាមរណមាតា និងទារក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។