2024.06.12
RFA
(រូបឯកសារ) លោក ហ៊ុន សែន ថ្លែងសន្ទរកថា ក្នុងពិធីមួយ នៅឆ្នាំ២០២០ កាលលោកនៅជានាយករដ្ឋមន្ត្រី។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើល ចាត់ទុកផែនការរបស់លោក ហ៊ុន សែន ដែលបន្តកម្ទេចកម្លាំងគណបក្សប្រឆាំងពីលើដល់ក្រោមនោះ គឺជាអំពើខុសច្បាប់។ ការលើកឡើងនេះ គឺបន្ទាប់ពីមានសារសំឡេងបែកធ្លាយរបស់លោក ហ៊ុន សែន បញ្ជាឲ្យមនុស្សរបស់លោក បន្តយុទ្ធនាការអូសទាញមន្ត្រីបក្សប្រឆាំង និងបង្ក្រាបអ្នកណា ដែលនៅតែមិនព្រមចុះចូលជាមួយបក្សកាន់អំណាច។
មន្ត្រីគណបក្សប្រឆាំង និងអ្នកឃ្លាំមើល លើកឡើងថា សារសំឡេងបែកធ្លាយរបស់ លោក ហ៊ុន សែន ដែលបញ្ជាឲ្យដៃជើងរបស់លោក កម្ទេចកម្លាំងគណបក្សប្រឆាំង គឺជាភស្តុតាងថ្មីមួយទៀត ដែលបញ្ជាក់ថា ការបោះឆ្នោតកន្លងមកគ្មានសេរី យុត្តិធម៌ ត្រឹមត្រូវ និងបញ្ជាក់ថា បុរសខ្លាំងរូបនេះ គឺជាមេខ្លោងនៅពីក្រោយអំពើហិង្សានិង ឃាតកម្មនយោបាយ។
ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិប្រចាំប្រទេសអូស្ត្រាលី លោក អ៊ិន ហេមរ៉ាថ្លែងថា ជារឿងសោកស្ដាយសម្រាប់ពលរដ្ឋកម្ពុជា ដែលមានលោក ហ៊ុន សែន ជាមេដឹកនាំប្រទេស ប៉ុន្តែមានចរិតកោងកាចព្រៃផ្សៃ។
លោក អ៊ិន ហេមរ៉ា៖ «នេះ គឺជាអំពើខុសច្បាប់។ បើសិនជានៅប្រទេសអូស្ត្រាលីវិញ ទង្វើ ឬក៏សារបែបនេះ នឹងត្រូវផ្ដន្ទាទោសទៅតាមច្បាប់។ សម្រាប់លោក ហ៊ុន សែន នេះ គាត់បន្សល់ទុកមរតកនយោបាយព្រៃផ្សៃនេះ ប្រវត្តិសាស្ត្រនឹងកត់ទុក»។
ប្រតិកម្មរបស់មន្ត្រីគណបក្សប្រឆាំងនេះ ធ្វើឡើងក្រោយពីមានសារសំឡេងរបស់លោក ហ៊ុន សែន រយៈពេលជាង១០នាទី បានផ្ញើទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រ ជាជនកម្ពុជាគ្រប់រាជធានី-ខេត្ត ឲ្យធ្វើការសហការជាមួយក្រុមការងារថ្មីមួយដែល មានជំនាញខាងបំផ្លាញកម្លាំងគណបក្សប្រឆាំងនៅតាមមូលដ្ឋានដើម្បីកុំឲ្យមានលទ្ធភាពកសាងកម្លាំង សម្រាប់ចូលរួមការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២៧។នៅក្នុងសារសំឡេង បែកធ្លាយដែលត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) ចែកចាយព្រោងព្រាតនោះ មេដឹកនាំគណបក្សកាន់អំណាចរូបនេះ ដាក់បទបញ្ជាឲ្យមន្ត្រីបក្សរបស់លោក និងក្រុមអតីតសកម្មជនបក្សប្រឆាំង ដែលលោកទិញទឹកចិត្តបានថា ត្រូវចុះទៅមូលដ្ឋាន ដើម្បីវាយកម្ទេចកម្លាំងគណបក្សប្រឆាំង កុំឲ្យនៅទើសមុខទើសមាត់លោកតទៅទៀត ចាប់ពីពេលនេះទៅ។ ទន្ទឹមនឹងការកម្ទេចកម្លាំងគណបក្សប្រឆាំងនេះ លោក ហ៊ុន សែន ក៏បញ្ជាឲ្យដៃជើងរបស់លោកថា ត្រូវអូសទាញកម្លាំងគណបក្សប្រឆាំងនោះមកគ្រប់គ្រង និងប្រើប្រាស់តាមរយៈការផ្ដល់តំណែងតួនាទី។ លោក ហ៊ុន សែន បញ្ជាក់ថា ក្រុមការងារ ដែលមានជំនាញកម្ទេចកម្លាំងគណបក្សប្រឆាំងនេះ មានកញ្ចប់លុយពិសេស ក្រោមការចាត់ចែងដឹកនាំដោយលោក យូ សិរីវុឌ្ឍ និងលោក ភឺន ផល្លា ដែលជាជំនួយការរបស់លោក។
លោក ហ៊ុន សែន៖ «បំផ្លាញកម្លាំងពួកប្រឆាំង កុំឲ្យពួកប្រឆាំងមានកម្លាំងប្រើ។ បើហ្អែងប្រឆាំង ងើបមួយវៃមួយ ហើយចូលទាញមួយ ទាញមួយហើយទាញបានមួយហ្នឹង គឺថា ឲ្យអ្នកហ្នឹងទៅទាញបន្តទៀត តាមវិធីយកលលកទាក់លលក។ កុំយកដំរីទាក់កូនខ្លា ឬយកដំរីទាក់លលក យកនាគរាជទាក់លលក វាអត់ត្រូវទេ។ អ៊ីចឹង សូមឲ្យយកចិត្តទុកដាក់ធ្វើកិច្ចការនេះឲ្យបានល្អបំផុត។សង្ឃឹមថា ឯកឧត្តម លោកជំទាវធ្វើកិច្ចការងារនេះ ដោយហ្មត់ចត់ហើយនៅមានយន្តការមួយចំនួន គឺជំនាញខាងរកមុខសញ្ញា ដើម្បីវៃហ្មង។ មុខសញ្ញាណារឹង គឺចុះវៃហ្មង»។
នៅមុនសារសំឡេងនេះ បែកធ្លាយ អតីតកម្មាភិបាលខ្មែរក្រហមរូបនេះ បានចេញ សេចក្ដីសម្រេចមួយស្តីពីការចាត់តាំងក្រុមស្នូលដើម្បីទប់ស្កាត់ចរន្តជ្រុលនិយម។សមាសភាពក្រុមការងារនេះ គឺជាអតីតសកម្មជនបក្សប្រឆាំងរួមមានលោក ម៉ៃ ហុងស្រៀង ជាប្រធាន និងលោក សាន សាង ជាអនុប្រធាន។កន្លងមកក្រុមមនុស្សដែលលក់ខ្លួនឲ្យលោក ហ៊ុន សែន ទាំងនេះហើយដែលតែងតែដើរគំរាមកំហែង និងអូសទាញសកម្មជននិងមន្ត្រីបក្សប្រឆាំងផ្សេងទៀត ឲ្យលក់ឧត្ដមគតិដូចពួកគេដែរ។
អ្នកឃ្លាំមើលសិទ្ធិមនុស្ស និងសង្គម លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា សារសំឡេងរបស់លោក ហ៊ុន សែន នេះ គឺជាការគំរាមកំហែង និងជាការរំលោភច្បាប់ ធ្ងន់ធ្ងរ ព្រោះកម្ពុជា ជាប្រទេសប្រកាន់ប្រជាធិបតេយ្យ សេរី ពហុបក្សដែលធានាថា ពលរដ្ឋគ្រប់រូប មានសិទ្ធិសេរីភាពធ្វើនយោបាយដោយគ្មានការគំរាមកំហែង និងការបង្ខិតបង្ខំ។លើសពីនេះ លោក ចាត់ទុកថា សារសំឡេងហ៊ុន សែន គឺជាភស្តុតាងបញ្ជាក់ថា ការបោះឆ្នោតកន្លងមក គ្មានសេរី និងយុត្តិធម៌ ហើយលោក ហ៊ុន សែន គឺជាអ្នកបញ្ជាឲ្យមានអំពើហិង្សាលើអ្នករិះគន់និងសកម្មជនបក្សប្រឆាំងជាហូរហែ។
លោក ស៊ឹង សែនករុណា៖ «សារនេះសបញ្ជាក់ថា គឺជាការបញ្ជា ឬក៏ថា ហាក់ដូចជាដឹងមុខសញ្ញាអ្នកបញ្ជាអ្នកពីក្រោយខ្នង ដែលបានប្រព្រឹត្តទៅលើសកម្មជន បក្សប្រឆាំងនាពេលកន្លងមកនេះហើយ។ នេះគឺជាភស្តុតាង ដែលស្ថាប័នមានសមត្ថកិច្ច គប្បីមានការបើកការស៊ើបអង្កេត ឲ្យបានច្បាស់លាស់ ហើយធ្វើការចាត់វិធានការតាមផ្លូវច្បាប់។ប៉ុន្តែ យើងដឹងហើយថា នៅក្នុងប្រទេសកម្ពុជាយើង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ គឺឋិតនៅក្រោមអំណាចរបស់អតីតនាយករដ្ឋមន្ត្រី»។
មន្ត្រីបក្សប្រឆាំង និងអ្នកឃ្លាំមើលយល់ថា ទោះបីជាពេលនេះ លោក ហ៊ុន សែន កំពុងកាន់អំណាច អាចគេចផុតពីសំណាញ់ច្បាប់ក្ដី ក៏លោក នៅតែជាប់ឈ្មោះជាមេដឹកនាំអាក្រក់ក្នុងប្រវត្តិសាស្ត្រ និងមិនអាចយកបេះដូងប្រជាពលរដ្ឋបានឡើយដោយសារតែកម្ពុជា ក្រោមការដឹកនាំរបស់លោក និងកូនប្រុស គឺលោក ហ៊ុន ម៉ាណែត នៅតែពោរពេញដោយអំពើពុករលួយ អយុត្តិធម៌សង្គម ការរំលោភសិទ្ធិមនុស្ស ការបំផ្លាញលទ្ធិប្រជាធិបតេយ្យ ការបំផ្លាញធនធានធម្មជាតិ បញ្ហាធ្លាក់ចុះសេដ្ឋកិច្ច និងបញ្ហាអសន្តិសុខសង្គមជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។