ជនជាតិ​ចិន​ម្នាក់​ស្លាប់​ក្រោយ​ធ្លាក់​ពីលើ​អគារ

ដោយ សេក បណ្ឌិត
2024.06.13
RFA

ជនជាតិ​ចិន​ម្នាក់​ស្លាប់​ក្រោយ​ធ្លាក់​ពីលើ​អគារ

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា។ រូប៖ ហ្វេសប៊ុកលោក សំ វិច្ឆិកា


ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ក្រោយ​ធ្លាក់​ពី​លើ​អគារ​ពាណិជ្ជកម្ម ឬ​អគារ​អាផាតមិន (Apartment) មួយ​ឈ្មោះ ស្កាយ ៣១ (Sky31) កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មិថុនា ដែល​ស្ថិត​ក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ។

អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា បញ្ជាក់​ប្រាប់​វិទ្យុ​អាស៊ីសេរី​យ៉ាង​ខ្លី​តាម​បណ្ដាញ​សង្គម​តេលេក្រាម (Telegram) នៅ​ថ្ងៃទី​១២ ខែ​មិថុនា​ថា ជនជាតិ​ចិន​ដែល​ស្លាប់​នោះ​គឺជា​ភ្ញៀវ​ទេសចរ មិនមែន​ជា​ពាណិជ្ជករ ឬ​បុគ្គលិក​បម្រើការ​ក្រុមហ៊ុន​ណាមួយ​នោះ​ទេ​។ លោក​អះអាង​ថា សមត្ថកិច្ច​កំពុង​បើក​ការ​ស្រាវជ្រាវ​ករណី​នេះ។

ទោះជា​យ៉ាងណា នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១២ ខែ​មិថុនា ថា ករណី​មាន​មនុស្ស​ស្លាប់ ឬ​លោត​ពីលើ​អគារ​សមត្ថកិច្ច​ជំនាញ​មាន​កាតព្វកិច្ច​ស៊ើបអង្កេត​ស្វែងរក​ការពិត ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជនរងគ្រោះ។

លោក អំ សំអាត៖ «ចំណុច​នេះ ហើយ​ដែល​យើង​ឃើញ​មាន​អង្គការ​អន្តរជាតិ សហគមន៍​អន្តរជាតិ​សម្ដែង​ការ​ព្រួយបារម្ភ និង​លើកឡើង​ថា ករណី​លោត​សម្លាប់​ខ្លួន ឬ​ធ្លាក់​ពីលើ​អគារ​នេះ អាច​ជាប់​ព័ន្ធ​ករណី​ផ្សេង​ដូចជា ការ​បង្ខំ​ឱ្យធ្វើ​ការងារ ឬ​ការ​បង្ខាំង​ទុកជា​ដើម​។ អ៊ីចឹង ដើម្បី​ជៀសវាង​ការ​ចោទប្រកាន់​ទាំងឡាយ​នេះ​អាជ្ញាធរ​ដែល​ពាក់ព័ន្ធ​ត្រូវតែ​ស៊ើបអង្កេត​ដោយ​ម៉ត់ចត់ ដោយ​តម្លាភាព និង​ស្វែងរក​ការពិត និង​យុត្តិធម៌​ក្នុង​រឿង​នេះ​។ ការ​ធ្វើ​អត្តឃាត ឬ​ការ​ធ្លាក់​ពីលើ​អគារ​នៃ​ជនជាតិ​បរទេស​នេះ អាច​នឹង​កើតមាន​ជា​បន្ត​ទៅ​ទៀត ព្រោះ​មើល​ក្នុង​រយៈពេល​ចុងក្រោយ​នេះ ហាក់ដូច​ជា​មាន​ជា​បន្តបន្ទាប់​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​ដែរ»។

ជារឿយៗ នៅ​តាម​អគារ​ខុន​ដូរ កាស៊ីណូ និង​អគារ​ពាណិជ្ជកម្ម​ខ្ពស់ៗ​មួយចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​ព្រះសីហនុ ស្វាយរៀង និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ជាដើម តែងតែ​ត្រូវ​បាន​គេ​ឃើញ​ជនបរទេស​ដែល​ភាគច្រើន​ជា​ជន​ជាតិចិន​ធ្វើ​អត្តឃាត​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ ហើយ​រឿងរ៉ាវ​នៅ​ក្រោយ​នៃ​ការ​ស្លាប់​របស់​ជនបរទេស​ទាំងនោះ មិន​ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​របាយការណ៍​ទូលំទូលាយ​នោះ​ទេ។

ទោះជា​យ៉ាងណា កន្លងមក​ធ្លាប់​មាន​សេចក្ដីរាយការណ៍​ថា ជនជាតិ​ចិន ឬ​ជនបរទេស​ផ្សេងទៀត​ដែល​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ​មួយចំនួន គឺ​ជាប់​ពាក់ព័ន្ធ​ករណី​ថៅកែ​បង្ខាំង​បង្ខំ​ឱ្យធ្វើ​ការងារ​ខុសច្បាប់ និង​រង​ការ​ធ្វើ​ទារុណកម្ម​ដែល​មិន​អាច​ទ្រាំទ្រ​បាន និង​បញ្ចប់​ជីវិត​តាមរយៈ​ការ​លោត​សម្លាប់​ខ្លួន​ពីលើ​អគារ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles